តុលាការខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃច័ន្ទ ទី២១ ខែតុលា បានសម្រេចដោះលែងកម្មកររោងចក្រសាប៊្រីណា (Sabrina) និងបុគ្គលិកសហជីពសេរីកម្មករសរុប ៨នាក់ឲ្យមានសេរីភាពវិញ។
ក្រុមសមត្ថកិច្ចនិងកម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា (Sabrina) នៅខេត្តកំពង់ស្ពឺ ប៉ះទង្គិចគ្នា នៅថ្ងៃទី៣ មិថុនា ឆ្នាំ២០១៣។ IDEA Photo |
អ្នកទាំង ៨នាក់នោះ ត្រូវតុលាការខេត្តកំពង់ស្ពឺ ឃុំខ្លួនក្នុងពន្ធនាគារខេត្តរយៈពេលជាង ៤ខែមកហើយ ក្រោមបទចោទចំនួន ២ គឺទី១ ផ្ដើមគំនិតឲ្យមានអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងទី២ ផ្ដើមគំនិតឲ្យមានការខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌថ្មី។
ប្រធានសហជីពសេរីកម្មករ លោក ជា មុនី បានឲ្យដឹងថា ក្រុមគ្រួសារពួកគាត់បានមកទទួលចេញពីពន្ធនាគារនៅរសៀលថ្ងៃច័ន្ទ ទី២១ តុលា ហើយធ្វើដំណើរមកវត្តត្រពាំងគង ដើម្បីនិមន្តព្រះសង្ឃស្រោចទឹកបណ្តេញឧបទ្រពចង្រៃ។
លោកបន្តថា នេះជាជោគជ័យមួយដែលសហជីពព្យាយាមតវ៉ារកយុត្តិធម៌ និងបញ្ជាក់ថា ពួកគាត់មិនមានទោសដូចការចោទប្រកាន់ពីតុលាការនោះទេ៖ «អាហ្នឹងជាចំណុចទីមួយដែលយើងចង់បានថា បុគ្គលិករបស់យើងអត់មានពាក់ព័ន្ធអំពើហិង្សាអីទេ ហើយគេតែងចោទគាត់ ឥឡូវយើងឲ្យដោះលែង ឥឡូវគេព្រមធ្វើការសម្របសម្រួលដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន»។
ការដោះលែងនេះ បន្ទាប់ពីសហជីពសេរីកម្មករប្រកាសព្រមានធ្វើកូដកម្ម ឬធ្វើពហិការមិនចូលធ្វើការចំនួនពីរថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២២ និងទី២៣ តុលា ស្របពេលនឹងការប្រកាសធ្វើបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិដែរ។ ប៉ុន្តែការប្រកាសនោះ ត្រូវលើកពេលវិញភ្លាមៗ ដោយសារមានការចរចាដោះលែងកម្មករជាប់ឃុំនោះ។
គម្រោងធ្វើកូដកម្មនោះ ដើម្បីទាមទាររកដំណោះស្រាយចំនួន ២ចំណុច ទីមួយឲ្យដោះលែងបុគ្គលិកសហជីព និងកម្មកររោងចក្រ ៨នាក់ ដោយគ្មានលក្ខខណ្ឌ និងទី២ តវ៉ាសុំឲ្យដំឡើងប្រាក់ឈ្នួលឲ្យបាន ៦០ម៉ឺនរៀល ឬ ១៥០ដុល្លារក្នុង១ខែ៕
1 comment:
CAM ON SAMDACH DECHO HUN SEN 3ÔÔÔ!!!
Post a Comment