ក្រោយពីមិនបានជោគជ័យក្នុងការតវ៉ាផ្លូវច្បាប់ដើម្បីស្វែងរកការពិតជូនម្ចាស់ឆ្នោតចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោតឆ្នាំ២០១៣ នេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានងាកមកចរចាទាមទារយកតំណែងប្រធានរដ្ឋសភាជូនគណបក្សរបស់ខ្លួន ដើម្បីអោយមានតុល្យភាពអំណាចជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាល។
លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ជួបជាមួយអ្នកគាំទ្រប្រមាណ ២ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣។ Photo: RFA |
ដោយ ជី វិតា 2013-10-22
ក្រោយពីមិនបានជោគជ័យក្នុងការតវ៉ាផ្លូវច្បាប់ដើម្បីស្វែងរកការពិតជូនម្ចាស់ឆ្នោតចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោតឆ្នាំ២០១៣ នេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានងាកមកចរចាទាមទារយកតំណែងប្រធានរដ្ឋសភាជូនគណបក្សរបស់ខ្លួន ដើម្បីអោយមានតុល្យភាពអំណាចជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាល។ ប៉ុន្តែការទាមទារនេះ ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ ដោយសំអាងថា វាខុសនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
តើគណបក្សនយោបាយដែលចាញ់ឆ្នោត ហើយបានតំណែងជាប្រធានរដ្ឋសភាជារឿងថ្មីសម្រាប់កម្ពុជាពិតមែនឬ?
នៅក្នុងកិច្ចប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីអាណត្តិទី៥ កាលពីថ្ងៃទី២៥ ខែកញ្ញា ក្រោយការបោះឆ្នោតសភាជាតិ ឆ្នាំ២០១៣ លោក ហ៊ុន សែន បានប្រកាសប្រាប់សមាជិករដ្ឋាភិបាលថ្មីរបស់លោកថា មេដឹកនាំគណបក្សសង្គ្រោះជាតិ ទាមទារយកតំណែងប្រធានរដ្ឋសភា។ លោកថ្លែងថា គ្មានទេក្នុងលោកនេះ គណបក្សដែលមានសំឡេងភាគតិចក្នុងរដ្ឋសភា ត្រូវឡើងមកកាន់ក្បាលម៉ាស៊ីនដឹកនាំអង្គនីតិប្បញ្ញត្តិនោះ។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ៖ «ខ្ញុំថា ឯកឧត្ដម! នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលខ្ញុំបានស្ដាប់ឮ និងបានឃើញបក្សដែលមានសំឡេងភាគតិចធ្វើប្រធានរដ្ឋសភា។ សូមឯកឧត្ដមដើរពិនិត្យមើលប្រទេសលើសកលលោក មានប្រទេសប៉ុន្មាន រួចមកប្រាប់ខ្ញុំផង។ វាមិនដែលមាន! ខ្ញុំនិយាយអំពីរបបប្រជាធិបតេយ្យសភា ដូចជានៅស្រុកយើង ដូចជានៅសិង្ហបុរី ដូចជានៅម៉ាឡេស៊ី ដូចជានៅថៃ អី គឺបក្សណាឈ្នះ បក្សហ្នឹងធ្វើប្រធានសភាហើយ រាប់ទាំងប្រទេសបារាំង ដែលជាប្រទេសពាក់កណ្ដាលប្រធានាធិបតី ពាក់កណ្ដាលសភា អ៊ីចឹងបក្សណាឈ្នះឆ្នោត បក្សហ្នឹងគេធ្វើប្រធានសភាហើយ»។
ប្រហែលជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រវល់តែសម្លឹងទៅរកឆ្ងាយ ភ្លេចមើលក្រោមក្លៀកខ្លួនហើយមើលទៅ បានជាលោករកមិនឃើញ។ តាមពិតមិនបាច់ទៅរកទីណាឆ្ងាយទេ។ រដ្ឋសភាខ្មែរក្នុងរជ្ជកាលព្រះរាជាណាចក្រកម្ពុជា លើកទី២នេះ មានប្រធានរដ្ឋសភាមកពីគណបក្សចាញ់ឆ្នោតបីដងហើយរហូតមកដល់ពេលនេះ។
ទី១ គឺពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ មានលោក ជា ស៊ីម ពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាញ់ឆ្នោតជាប្រធានរដ្ឋសភា។ ការបោះឆ្នោតសភាជាតិនៃនីតិកាលទី១ នាឆ្នាំ១៩៩៣ នោះ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានឈ្នះឆ្នោតលើសលប់។ គណបក្សប្រជាជនកម្ពុជា ដែលចាញ់ឆ្នោត មិនសុខចិត្ត ដោយចោទថា អង្គការសហប្រជាជាតិដែលរៀបចំការបោះឆ្នោតនៅពេលនោះ មានភាពលំអៀង ហើយបានប្រកាសគំរាមប្រើកម្លាំងដើម្បីបំបែករដ្ឋ ដោយបង្កើតតំបន់អបគមន៍នៅត្រើយខាងកើតទន្លេមេគង្គ។
ដោយបារម្ភអំពីការផ្ទុះសង្គ្រាមឡើងវិញ ព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ បានចេញព្រះភ័ក្ត្រសម្របសម្រួលអោយមានការបែងចែកអំណាចគ្នារវាងគណបក្សទាំងពីរ។ ព្រះអង្គបានស្នើអោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនបិច ដែលឈ្នះឆ្នោត ធ្វើជានាយករដ្ឋមន្ត្រីទី១ ហើយលោក ហ៊ុន សែន ពីគណបក្សប្រជាជនកម្ពុជា ដែលចាញ់ឆ្នោត ធ្វើជានាយករដ្ឋមន្ត្រីទី២។
ចំណែកលោក ជា ស៊ីម ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ត្រូវសម្ដេចព្រះ នរោត្តម សីហនុ រកតំណែងអោយបានសមរម្យដែរ គឺប្រធានរដ្ឋសភា។ ការរៀបចំផ្គូផ្គងផ្សំផ្គុំផ្ទុយពីឆន្ទៈរបស់ប្រជារាស្ត្រដែលជាម្ចាស់ឆ្នោតនេះ ត្រូវលោក ហ៊ុន សែន ដែលមិនទាន់ក្លាយជាបុរសខ្លាំងនៅពេលនោះ ប្រកាសទទួលយកភ្លាមៗ។ ចំណែកសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីគណបក្សឈ្នះឆ្នោតនៅពេលនោះ ទទួលយកទាំងបង្ខំចិត្ត។
ប្រធានរដ្ឋសភាមកពីគណបក្សចាញ់ឆ្នោតលើកទី២ គឺនៅឆ្នាំ១៩៩៨ ការបោះឆ្នោតនីតិកាលទី២ នៅពេលនោះ គណបក្សហ៊្វុនស៊ិនប៉ិច ចាញ់ឆ្នោតម្ដង។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលមិនចង់ឃើញគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី ធ្វើជាបក្សប្រឆាំងរួមគ្នា ក៏បានបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើជាប្រធានរដ្ឋសភា ហើយទុកអោយគណបក្ស សម រង្ស៊ី ជាបក្សប្រឆាំងឯកោតែឯង។
ប្រធានរដ្ឋសភាមកពីគណបក្សចាញ់ឆ្នោតលើកទី៣ គឺនៅឆ្នាំ២០០៣ ដល់ឆ្នាំ២០០៨។ លទ្ធផលសន្លឹកឆ្នោតនីតិកាលទី៣ ប្រកាសដោយគណៈកម្មាធិការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតទៀត។ គណបក្សប្រជាជនកម្ពុជា បានប្រើយុទ្ធសាស្ត្រដដែល គឺផ្ដល់តំណែងរដ្ឋសភាដល់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បីទុកអោយគណបក្ស សម រង្ស៊ី ជាបក្សប្រឆាំងនៅតែឯង។ គណបក្សប្រជាជនកម្ពុជា តែងព្រួយបារម្ភអំពីការរួមគ្នា ឬការច្របាច់បញ្ចូលនៃគណបក្សប្រឆាំង។
ដូច្នេះវាមិនមែនជារឿងថ្មីនោះទេ ដែលគណបក្សមានសំឡេងភាគតិចកាន់តំណែងជាប្រធានរដ្ឋសភានោះ ដោយគ្រាន់តែថា ប្រធានរដ្ឋសភាពីបក្សមានសំឡេងភាគតិចទាំង ៣អាណត្តិពេលនោះ មិនបានដើរតួជាបក្សជំទាស់ តែជារដ្ឋសភាដែលស៊ីខ្សែស្របជាមួយគោលនយោបាយរបស់រដ្ឋាភិបាល។
ឥឡូវយើងងាកមកមើលបញ្ហាចម្រូងចម្រាសនៅពេលបច្ចុប្បន្ន ក្រោយការបោះឆ្នោតសភាជាតិកាលពីខែកក្កដា ឆ្នាំ២០១៣ នេះ វិញម្ដង ដោយចាប់ផ្ដើមជាសំណួរថា ហេតុអ្វីបានជាគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សចាញ់ឆ្នោត ហ៊ានទាមទារតំណែងប្រធានរដ្ឋសភា?
បញ្ហាត្រង់ថា គណបក្សសង្គ្រោះជាតិ មិនបានទទួលថា ខ្លួនជាបក្សចាញ់ឆ្នោតនោះទេ។ តាមយន្តការផ្លូវច្បាប់ គណបក្សនេះបានប្រើអស់ហើយ ដើម្បីបញ្ជាក់ថា ខ្លួនជាបក្សឈ្នះឆ្នោត។ ប៉ុន្តែមិនទទួលបានដំណោះស្រាយដែលអាចទទួលយកបាន។ ប្រហែលជាក្រោយពីដឹងខ្លួនថា មិនអាចយកឈ្នះតាមការប្ដឹងផ្ដល់ ដោយសារស្ថាប័នរដ្ឋសម្រាប់រកយុត្តិធម៌ទាំងអស់ស្ថិតក្រោមឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ងាកមកចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដោយទាមទារយកតំណែងប្រធានរដ្ឋសភា ប៉ុន្តែគណបក្សប្រជាជនកម្ពុជា មិនបានយល់ព្រម។ សម្រាប់គណបក្សសង្គ្រោះជាតិ គ្មានជម្រើសទៀតទេ ក្រៅតែពីដឹកនាំបាតុកម្មមហាជនដែលគណបក្សប្រជាជនកម្ពុជា ខ្លាចបំផុតនោះ។
តើការទាមទារយកតំណែងប្រធានរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិនោះ វាសមរម្យដែរទេ?
ការទាមទាររបស់គណបក្សសង្គ្រោះជាតិ មិនមែនគ្មានដើមទុន ឬមិនមែនអត់មូលដ្ឋានស្របច្បាប់នោះទេ។ ភាពស្របច្បាប់ដ៏រឹងមាំរបស់គណបក្សសង្គ្រោះជាតិ ដែលជាទុនសំខាន់ក្នុងការតវ៉ាទាមទារនោះ គឺភាពមិនប្រក្រតីនៃការបោះឆ្នោតដែលគេឯងមើលឃើញគ្រប់គ្នា។ ភាពមិនប្រក្រតីដែលប៉ះពាល់ដល់ការបោះឆ្នោតដោយសេរី យុត្តិធម៌ និងអាចទទួលយកបានទាំងនោះ រួមមាន៖
ទី១ អំឡុងពេលឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានប្រើប្រាស់ធនធានរដ្ឋ និងកម្លាំងមន្ត្រីរាជការ រួមទាំងប៉ូលិស ទាហាន ឃោសនាដើម្បីប្រយោជន៍បក្សរបស់ខ្លួនដែលជាការបំពានច្បាប់បោះឆ្នោត។ ទី២ មុនពេលបោះឆ្នោត អង្គការសង្កេតការណ៍បោះឆ្នោត មានខុមហ្រ្វែល (COMFREL) និចហ្វិក (Nicfec) និងវិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NDI) បានរកឃើញថា មានអ្នកមានសិទ្ធិបោះឆ្នោតចំនួនជាង ១លាននាក់ បានបាត់ឈ្មោះពីបញ្ជីបោះឆ្នោត ហើយព្រមានថា បើមិនដោះស្រាយទេ នឹងជួបវិបត្តិនៅពេលបោះឆ្នោត។
ទី៣ បញ្ហាពិតជាកើតមានមែននៅថ្ងៃបោះឆ្នោត។ ភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត រួមមានមនុស្សជាច្រើនរកឈ្មោះបោះឆ្នោតខ្លួនមិនឃើញ មិនអាចបោះឆ្នោតបាន តែបែរជាមានជនជាតិវៀតណាម មានសិទ្ធិបោះឆ្នោត។ អ្នកខ្លះបោះឆ្នោតច្រើនជាងមួយដង និងបញ្ហាទឹកថ្នាំជ្រលក់ម្រាមដៃលុបជ្រះជាដើម។ ទី៤ ការចោទប្រកាន់អំពីភាពមិនប្រក្រតីទាំងឡាយរបស់បក្សប្រឆាំង និងសង្គមស៊ីវិល ត្រូវបានបញ្ជាក់ថា ពិតជាកើតមានមែន បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាអោយ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព "ក"។ កញ្ចប់សុវត្ថិភាព "ក" ជាកញ្ចប់ដែលដាក់ឯកសារដើមជាច្រើនមកពីការិយាល័យបោះឆ្នោត។ កញ្ចប់សុវត្ថិភាព "ក" ខ្លះ ក្នុងខេត្តចំនួនបួន មានខេត្តក្រចេះ សៀមរាប បាត់ដំបង និងខេត្តកណ្ដាល ត្រូវបានបើកពិនិត្យមើល ហើយប្រទះឃើញមានភាពមិនប្រក្រតីពិតជាកើតមាន រួមមានកញ្ចប់សុវត្ថិភាព "ក" ត្រូវបើកចំហ ដែលខុសពីនីតិវិធីច្បាប់ ហើយខេត្តដែលភាពមិនប្រក្រតីធ្ងន់ជាងគេ គឺខេត្តក្រចេះ និងខេត្តសៀមរាប។
បន្ទាប់ពីរកឃើញភាពមិនប្រក្រតីនៅខេត្តទាំង៤នេះហើយ ក្រុមប្រឹក្សាធម្មនុញ្ញបែរជាប្រកាសបញ្ឈប់ការបើកកញ្ចប់សុវត្ថិភាព "ក" នេះតទៅទៀត ហើយប្រកាសគាំទ្រ ឬតម្កល់សេចក្ដីសម្រេចរបស់ គ.ជ.ប ថាបានការ។ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចដូច្នេះ ដោយលើកហេតុផលថា ភាពមិនប្រក្រតីទាំងនេះ មិនប៉ះពាល់ដល់សន្លឹកឆ្នោត ឬអាសនៈរបស់គណបក្សធំៗទាំង២ទេ។ លើសពីនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានបង្គាប់អោយ គ.ជ.ប បើកសវនាការដាក់ទណ្ឌកម្មមន្ត្រីរៀបចំការបោះឆ្នោតថ្នាក់ក្រោមនៅខេត្តក្រចេះ ដោយចោទថា ជាអ្នកបង្កអោយមានភាពមិនប្រក្រតី ប៉ុន្តែមិនបានបញ្ជាឲ្យគេរាប់សន្លឹកឆ្នោតឡើងវិញ និងមិនបានផ្ដល់ឱកាសអោយមន្ត្រីថ្នាក់ក្រោមទាំងនោះបំភ្លឺបកស្រាយទេ។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតដាក់ការសង្ស័យលើអព្យាក្រឹតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងថាទង្វើនិងសេចក្ដីសម្រេចរបស់ស្ថាប័នកំពូលមួយនេះ គ្រាន់តែធ្វើឡើងអោយល្អមើលក្រោយពីមានសម្ពាធពីមជ្ឈដ្ឋាននានា។
ទី៥ ការប្រកាសទម្លាក់កំហុសរបស់ក្រុមប្រឹក្សាធម្មនុញ្ញទៅលើមន្ត្រីរៀបចំការបោះឆ្នោតថ្នាក់ឃុំនៅខេត្តក្រចេះ ត្រូវមន្ត្រីថ្នាក់ឃុំទាំងនោះឆ្លើយបកមកវិញថា ជារឿងអយុត្តិធម៌ ដែលមិនអាចទទួលយកបានទេ។ មន្ត្រីរៀបចំការបោះឆ្នោតថ្នាក់ឃុំទាំងនោះ បានអោយដឹងថា ប្រការដែលពួកគេទុកកញ្ចប់សុវត្ថិភាព "ក" ចំហនោះ គឺធ្វើតាមបញ្ជារបស់មន្ត្រីរៀបចំការបោះឆ្នោតថ្នាក់លើ។
ដោយសំអាងថា ភាពមិនប្រក្រតី ឬការលួចបន្លំសន្លឹកឆ្នោតប្រាកដជាកើតមាន ហើយ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញមិនអាចរកយុត្តិធម៌ជូនម្ចាស់ឆ្នោតបានគណបក្សសង្គ្រោះជាតិ សុខចិត្តបន្ទន់ឥរិយាបថដោយចរចាទាមទារយកតំណែងដឹកនាំរដ្ឋសភាក្នុងបំណងអោយមានតុល្យភាពអំណាចជាមួយខាងរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជា។
គណបក្សសង្គ្រោះជាតិ និងពលរដ្ឋដែលគាំទ្របក្សនេះ ផ្ដល់ហេតុផលថា ប្រសិនបើទុកអោយគណបក្សប្រជាជនកម្ពុជា ក្ដោបក្ដាប់ទាំងរដ្ឋសភាផង និងរដ្ឋាភិបាលផង។ រដ្ឋសភានេះនឹងនៅតែជារដ្ឋសភាគ្មានអំណាច ជារដ្ឋសភាត្រឹមតែចាំប្រថាប់ត្រាអោយរដ្ឋាភិបាលដដែល។ ហើយក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៥ឆ្នាំទៅមុខទៀត មានន័យថា តុលាការនឹងនៅតែស្ថិតក្រោមសម្ពាធរបស់បក្សប្រជាជនកម្ពុជា អំពើពុករលួយទំនងជានឹងមិនថមថយ ពីព្រោះគណបក្សប្រជាជនកម្ពុជា ប្រាកដជានឹងមិនកែប្រែច្បាប់ប្រឆាំងអំពើពុករលួយដែលលំអៀង និងមាននិន្នាការការពារប្រយោជន៍អ្នកកាន់អំណាចនៅពេលបច្ចុប្បន្ន។
នៅពេលអំពើពុករលួយមិនស្រុតចុះ គ្រូបង្រៀន មន្ត្រីរាជការ និងកងប្រដាប់អាវុធ នឹងនៅតែទទួលប្រាក់ខែក្នុងកម្រិតអន់ថយ ដែលមិនអាចរស់បានសមរម្យ។ នៅពេលប្រាក់ខែតិច គ្រូបង្រៀននឹងបង្ខំចិត្តអោយសិស្សបង់លុយ និងបន្តយកនំចំណីមកលក់ក្នុងសាលាអោយសិស្សខ្លួនទិញ។ រីឯសិស្សក្រីក្រគ្មានលុយបង់នឹងត្រូវឈប់រៀន។ ចំណែកកម្មកររោងចក្រ នឹងនៅតែទទួលប្រាក់ខែតិចតួចរស់ទាំងត្រដរ។ អ្នកជំងឺគ្មានប្រាក់បង់គ្រូពេទ្យរដ្ឋ អាចត្រូវគ្រូពេទ្យទុកអោយស្លាប់បន្តទៀត។ និទណ្ឌភាព ឬអ្នកមានអំណាចល្មើសច្បាប់នៅតែគ្មានទោសទណ្ឌ ដូចជាលោក ឈូក បណ្ឌិត ជាឧទាហរណ៍ អាចនឹងនៅបន្តកើតមាន។
៥ឆ្នាំទៅមុខទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ផ្តាច់មុខ ក៏មានន័យថា ព្រៃឈើខ្មែរដែលនៅសេសសល់ ដូចជាព្រៃឡង់ នឹងត្រូវរលាយរូបសូន្យ ហើយអ្វីដែលប្រាកដនោះ ច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍នឹងមិនត្រូវបានអនុវត្តទៅលើជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅកម្ពុជា ខុសច្បាប់។
មើលឃើញបញ្ហានៅចំពោះមុខ និងការស្លាប់រស់របស់ជាតិដូច្នេះហើយ ទើបធ្វើអោយគណបក្សសង្គ្រោះជាតិ យល់ឃើញថា យ៉ាងហោចណាស់ត្រូវតែទាមទារយកតំណែងប្រធានរដ្ឋសភាអោយបាន ដើម្បីមានលទ្ធភាពត្រួតពិនិត្យសកម្មភាពរបស់រដ្ឋាភិបាលកុំអោយគណបក្សប្រជាជនកម្ពុជា ជិះសេះលែងដៃ ឬធ្វើអ្វីបានតាមចិត្តបន្តទៀត។
ចំណែកអ្នកគាំទ្រគណបក្សនេះ ដែលយល់ច្បាស់អំពីវិបត្តិរបស់ជាតិ ក៏មានការលះបង់ខ្ពស់ ហ៊ានពុះពារជម្នះ ឧបសគ្គនានា មានទឹកជំនន់ជាដើម មកចូលរួមធ្វើបាតុកម្មយ៉ាងសកម្មខ្លាំងក្លាផុសផុល។ បាតុករម្នាក់ធ្វើដំណើរពីទីជនបទបានអោយដឹងថា ទឹកជំនន់ពិតជាបានបង្កការលំបាកដល់លោកក្នុងការធ្វើដំណើរមកចូលរួមបាតុកម្មនៅក្រុងភ្នំពេញ ប៉ុន្តែប្រសិនបើគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស ៥ឆ្នាំទៀត រូបលោកនិងគ្រួសារពិតជារងការលំបាកជាងទឹកជំនន់នេះទៅទៀត។
ពួកគាត់មិនមានជំនឿលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាលទៀតទេ ពីព្រោះជិត ៤អាណត្តិ គឺស្មើនឹងជិត ២០ឆ្នាំ ក្រោមការដឹកនាំផ្ដាច់មុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អយុត្តិធម៌សង្គម និងវិបត្តិជាតិធំៗ កាន់តែមានសភាពធ្ងន់ធ្ងរពីមួយឆ្នាំទៅមួយឆ្នាំ.
ការទាមទារតំណែងប្រធានរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិ គឺដោយសារតែ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលគណបក្សប្រជាជនកម្ពុជា មានឥទ្ធិពលលើនោះ មិនព្រមបោះឆ្នោតឡើងវិញនៅតាមមណ្ឌលបោះឆ្នោតដែលឃើញមានបញ្ហា និងមិនបានបើកកញ្ចប់សុវត្ថិភាព "ក" នៅទីកន្លែងជាច្រើនទៀតដែលគណបក្សសង្គ្រោះជាតិប្ដឹង។
នៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតឡើងវិញ ឬការរាប់សន្លឹកឆ្នោតឡើងវិញ នៅពេលមានពាក្យបណ្ដឹងគួរអោយជឿជាក់ ឬមានការសង្ស័យថា មានភាពមិនប្រក្រតីនោះ ជារឿងធម្មតាទេ។ អ្នកសង្កេតការណ៍បោះឆ្នោតនិយាយថា បើគណបក្សប្រជាជនជាមាសទឹកដប់មិនត្រូវខ្លាចភ្លើងទេ ហើយគួរតែយល់ព្រមបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតរកការពិតនៃលទ្ធផលការបោះឆ្នោត។ ពេលនោះនឹងដឹងថា បក្សណាឈ្នះឆ្នោតពិតប្រាកដ ហើយប្រជារាស្ត្រម្ចាស់ឆ្នោតក៏នឹងអស់ភាពសៅហ្មងក្នុងចិត្តដែរ៕
2 comments:
attention to all protester find out the violent police man family who show up violent to the protester make sure we do the same things to their family as they did to us. kidnap these violent police man family kill them if these police men kill us. do the same thing as they did to us.make sure find our all the hun sen family and their grandchildren kidnap them if we have a chance if hun sen allow their police or their bodyguard to do violent to us make sure find a time to kid nap hun sen family as much as we could.
អាចោរ"ស្ទើរភ្លើង" សម រង្ស៊ី នេះ
អច្ឆរិយៈខាងនិយាយអួត
អត់ក្បាល អត់កន្ទុយ
ឭសូរតែផ្លាស់ប្តូរ!...ផ្លាស់ប្តូរ!...ផ្លាស់ប្តូរ!
....តែមិនដឹង ផ្លាស់ប្តូរស្អី?
ផ្លាស់ប្តូរ ម៉ែវាស្អី?........អារន្ទះបាញ់!
Post a Comment