Friday, October 25, 2013
អង្គការដើម្បីភាពញញឹមនៃកុមារបើកយុទ្ធនាការប្រមូលប្រាក់ជួយកុមារក្រីក្រ
អង្គការដើម្បីភាពញញឹមនៃកុមារ បើកយុទ្ធនាការមួយដែលមានឈ្មោះថា "អ្នកជាវីរជន" នៅថ្ងៃទី២៤ ខែតុលា។ ការធ្វើយុទ្ធនាការនោះ ក្នុងបំណងផ្សព្វផ្សាយ និងប្រមូលមូលនិធិ ដើម្បីលើកកម្ពស់ការអប់រំសម្រាប់មនុស្សទូទៅនៅកម្ពុជា។
ដោយ ទេព សុរ៉ាវី 2013-10-24
អង្គការដើម្បីភាពញញឹមនៃកុមារ ឬហៅកាត់ជាភាសាបារាំង ថា ប៉េ.អែស.អឺ (PSE) បើកយុទ្ធនាការកៀរគរប្រមូលមូលនិធិពីសប្បុរសជនឲ្យបាន ៣០ម៉ឺនដុល្លារ ដើម្បីជួយកុមារក្រីក្រ និងកុមាររងគ្រោះពីការរំលោភបំពានធ្វើបាប និងការដែលមិនមានការអប់រំ សរុបចំនួន ៥០០នាក់ ដើម្បីឲ្យពួកគេបានចូលរៀនពេញមួយឆ្នាំ។
យុទ្ធនាការដែលមានឈ្មោះថា "អ្នកជាវីរជន" មានរយៈពេល ៦ខែ មានចែកចេញជាបីដំណាក់កាល។ ទី១ គម្រោងនេះធ្វើឡើងតាមរូបភាពផ្សព្វផ្សាយព័ត៌មានស្ដីពីស្ថានភាពបច្ចុប្បន្ន នៃការទទួលបានការអប់រំក្នុងប្រទេស ផ្សព្វផ្សាយពីសារសំខាន់នៃការអប់រំ និងឥទ្ធិពលនៃការអប់រំមកលើការផ្លាស់ប្ដូរជីវិត។ ទី២ ការចាប់ផ្ដើមសកម្មភាពប្រមូលមូលនិធិតាមមធ្យោបាយការជិះកង់ចម្ងាយ ១៤៥គីឡូម៉ែត្រ ពីភ្នំពេញ ទៅកំពត ក្នុងការរៃអង្គាសថវិកាពីសប្បុរសជន ការបង្កើតរាត្រីសប្បុរសធម៌នៅខេត្តសៀមរាប ដែលមានការតាំងពិព័រណ៍ម្ហូបអាហារ ប្រចាំខេត្តក្រុងនៅទូទាំងប្រទេស ការប្រកួតបាល់ទាត់ជាលក្ខណៈសប្បុរសធម៌ ការបរិច្ចាគប្រាក់ក្នុងធុងមូលនិធិរបស់អង្គការ ប៉េ.អែស.អឺ និងកម្មវិធីផ្សេងៗទៀត។ ទី៣ រាល់ឈ្មោះអ្នកដែលបានចូលរួមផ្តល់មូលនិធិជួយកុមារ ៥០០នាក់ ឲ្យមានឱកាសចូលរៀនពេញមួយឆ្នាំ។ អង្គការ ប៉េ.អែស.អឺ នឹងកត់ត្រាឈ្មោះក្នុងសៀវភៅធំបំផុតមួយ ក្នុងចំណោមសៀវភៅធំបំផុតផ្សេងទៀតនៅកម្ពុជា ហើយឈ្មោះរបស់អ្នកចូលរួមទាំងអស់ ត្រូវបង្ហាញនៅក្នុងគេហទំព័ររបស់យុទ្ធនាការនេះ។
នាយកកម្មវិធីនៃអង្គការ ប៉េ.អែស.អឺ លោក ពិន សារពេជ្ញ មានប្រសាសន៍ថា ការអប់រំ គឺជាកាតព្វកិច្ចមិនមែនជាជម្រើសនោះទេ ហើយភាពក្រីក្រក៏មិនមែនជាឧបសគ្គដែលធ្វើឲ្យកុមារមិនអាចចូលរៀនបានដែរ។ លោក ពិន សារពេជ្ញ បញ្ជាក់ថា មានកុមារជាច្រើនដែលមានការលំបាកមិនបានចូលសាលារៀន ដោយសារតែបញ្ហាជីវភាព និងកត្តាផ្សេងៗទៀត។ អង្គការដើម្បីភាពញញឹមនៃកុមារ មានទិសដៅជួយកុមារស្ថិតក្នុងស្ថានភាពក្រីក្រ ដើម្បីឲ្យចូលរៀន និងមានជំនាញកសាងអនាគតរបស់ពួកគេនៅពេលខាងមុខ។
លោក ពិន សារពេជ្ញ៖ «កុមារដែលយើងចង់ជួយ គឺភាគច្រើន គឺកុមារដែលមានជីវភាពក្រីក្រ ភាគច្រើន គឺគាត់រស់នៅក្រោមបន្ទាត់ក្រីក្រ។ កុមារដែលរងភាពក្រីក្រ រងការជួញដូរ កុមារពិការ កុមារដែលធ្វើការក្នុងលក្ខខណ្ឌមួយចំនួនដែលមិនសមស្របដល់កុមារ។ ឧទាហរណ៍ មានកុមារគាត់ទៅវាយថ្មនៅភ្នំប្រសិទ្ធិ យើងមានកុមារខ្លះដើររើសអេតចាយ។ ការងារទាំងអស់ហ្នឹងមិនមែនជាការងារសម្រាប់កុមារទេ។ ដូច្នេះ យើងចង់យកគាត់ចេញឲ្យអស់ពីកុមារហ្នឹង តំបន់ដែលគាត់ត្រូវធ្វើការ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ហ្នឹង យកចេញមកឲ្យអស់ ដើម្បីឲ្យពួកគាត់អាចប្រឹងប្រែងកសាងអនាគតរបស់គាត់តាមការអប់រំវិញ»។
លោកបានសម្ដែងសុទិដ្ឋិនិយមថា ការប្រមូលមូលនិធិ ៣០ម៉ឺនដុល្លារ ក្នុងរយៈពេល ៦ខែ នឹងអាចធ្វើបានដោយជោគជ័យ។ លោកគិតថា ប្រសិនបើមនុស្សម្នាក់អាចជួយកុមារម្នាក់ទៀត ដែលមិនបានចូលសាលា ឲ្យបានចូលសាលានោះ ជំរុញឲ្យកុមារទាំងអស់មានតម្រិះវិជ្ជាទៅថ្ងៃក្រោយ និងលុបបំបាត់ចោលនូវភាពក្រីក្រនៅកម្ពុជា។
អង្គការដើម្បីភាពញញឹមនៃកុមារ មានគម្រោងប្រគំតន្ត្រីដែលសម្ដែងដោយតារាហិបហប (Hip-Hop) គឺលោក ពូឃ្លាំង ដើម្បីទាក់ទាញការគាំទ្រក្នុងការអង្គាសប្រាក់។
ពូឃ្លាំង ដែលជាទូតសុឆន្ទៈឲ្យអង្គការ ប៉េ.អែស.អឺ រយៈពេល ១ឆ្នាំ បានថ្លែងក្នុងយុទ្ធនាការអ្នកជាវីរជន នៅថ្ងៃទី២៤ ខែតុលា ដោយប្ដេជ្ញាថានឹងប្រឹងឲ្យអស់ពីសមត្ថភាព ជួយរកថវិកាឲ្យកុមារ ៥០០នាក់ បានចូលរៀន។ លោកបញ្ជាក់ថា ការជួយគ្នា ជាពិសេសជួយកុមារឲ្យចេះអក្សរ ជាការងារសប្បាយបំផុត៖ «ឲ្យគាត់យល់ថា ការជួយគ្នា គឺសប្បាយណាស់។ ហើយនេះ គឺជារឿងមួយដែលយើងត្រូវជួយ ហើយសំខាន់បំផុត គឺកុមារហ្នឹងហើយ បើថាទំពាំងស្នងឫស្សីល្អនោះ គឺទំពាំងហ្នឹងហើយ»។
តាមគម្រោង អង្គការ ប៉េ.អែស.អឺ ធ្វើការងារដើម្បីផ្តល់នូវអាហារ ទីជម្រក ការថែទាំសុខភាព ការអប់រំទូទៅ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កុមារទុគ៌ត កុមារដែលរងការធ្វើបាប កុមារដែលរងការរំលោភបំពាន និងកុមារដែលមិនមានការអប់រំ។ បច្ចុប្បន្ន អង្គការ ប៉េ.អែស.អឺ កំពុងផ្តល់ជំនួយដល់កុមារជាង ៦.៥០០នាក់ ឲ្យបានចូលរៀន។ ក្នុងនោះ មានកុមារប្រមាណ ៣០០នាក់ នៅតាមសាលារដ្ឋ ១.៥០០នាក់ នៅក្នុងកម្មវិធីអប់រំការពារ និង ១.៥០០នាក់ កំពុងរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
Subscribe to:
Post Comments (Atom)
1 comment:
បើខ្មែរមិនងើបឈរតស៊ូរប្រឆាំងនឹងរបបផ្ដាច់ការណ៍ទេគ្មាននណា៎ប្រគល់សិទ្ធឲ្យយើងដោយងាយៗទេ ព្រោះឥពួកវាទុកយកប្រយោជន៍ពីរាស្ដ្រស៊ីស្រួលដេកស្រួលតែគ្នាវាហ្នឹង!
រស់គ្មានន័យគង់តែមានថ្ងៃស្លាប់គ្មានន័យ ណ្ហើយចុះតស៊ូរឲ្យជីវិត្តន័យយកជ័យជុំនះលើភាពអយុត្តិធម៌ដល់ទីបំផុត!
Post a Comment