Friday, October 25, 2013

អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​បើក​យុទ្ធនាការ​ប្រមូល​ប្រាក់​ជួយ​កុមារ​ក្រីក្រ


អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ បើក​យុទ្ធនាការ​មួយ​ដែល​មាន​ឈ្មោះ​ថា "អ្នក​ជា​វីរជន" នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា។ ការ​ធ្វើ​យុទ្ធនាការ​នោះ ក្នុង​បំណង​ផ្សព្វផ្សាយ និង​ប្រមូល​មូលនិធិ ដើម្បី​លើក​កម្ពស់​ការ​អប់រំ​សម្រាប់​មនុស្ស​ទូទៅ​នៅ​កម្ពុជា។

កុមារ​ក្រីក្រ​ដែល​កំពុង​រៀន​នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ថត​រូប​ជាមួយ​ទូត​សុឆន្ទៈ​ក្នុង​យុទ្ធនាការ អ្នក​ជា​វីរជន ដើម្បី​ប្រមូល​មូលនិធិ​ជួយ​កុមារ ៥០០​នាក់ ឲ្យ​បាន​ចូល​សាលា​រៀន នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Tep Soravy

ដោយ ទេព សុរ៉ាវី 2013-10-24

អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ឬ​ហៅ​កាត់​ជា​ភាសា​បារាំង ថា ប៉េ.អែស.អឺ (PSE) បើក​យុទ្ធនាការ​កៀរគរ​ប្រមូល​មូលនិធិ​ពី​សប្បុរសជន​ឲ្យ​បាន ៣០​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​កុមារ​ក្រីក្រ និង​កុមារ​រងគ្រោះ​ពី​ការ​រំលោភ​បំពាន​ធ្វើ​បាប និង​ការ​ដែល​មិន​មាន​ការ​អប់រំ សរុប​ចំនួន ៥០០​នាក់ ដើម្បី​ឲ្យ​ពួក​គេ​បាន​ចូល​រៀន​ពេញ​មួយ​ឆ្នាំ។

យុទ្ធនាការ​ដែល​មាន​ឈ្មោះ​ថា "អ្នក​ជា​វីរជន" មាន​រយៈពេល ៦​ខែ មាន​ចែក​ចេញ​ជា​បី​ដំណាក់​កាល។ ទី​១ គម្រោង​នេះ​ធ្វើ​ឡើង​តាម​រូបភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ស្ដីពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ការ​ទទួល​បាន​ការ​អប់រំ​ក្នុង​ប្រទេស ផ្សព្វផ្សាយ​ពី​សារសំខាន់​នៃ​ការ​អប់រំ និង​ឥទ្ធិពល​នៃ​ការ​អប់រំ​មក​លើ​ការ​ផ្លាស់​ប្ដូរ​ជីវិត។ ទី​២ ការ​ចាប់​ផ្ដើម​សកម្មភាព​ប្រមូល​មូលនិធិ​តាម​មធ្យោបាយ​ការ​ជិះ​កង់​ចម្ងាយ ១៤៥​គីឡូ​ម៉ែត្រ ពី​ភ្នំពេញ ទៅ​កំពត ក្នុង​ការ​រៃអង្គាស​ថវិកា​ពី​សប្បុរសជន ការ​បង្កើត​រាត្រី​សប្បុរសធម៌​នៅ​ខេត្ត​សៀមរាប ដែល​មាន​ការ​តាំង​ពិព័រណ៍​ម្ហូប​អាហារ ប្រចាំ​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស ការ​ប្រកួត​បាល់​ទាត់​ជា​លក្ខណៈ​សប្បុរសធម៌ ការ​បរិច្ចាគ​ប្រាក់​ក្នុង​ធុង​មូលនិធិ​របស់​អង្គការ ប៉េ.អែស.អឺ និង​កម្មវិធី​ផ្សេងៗ​ទៀត។ ទី​៣ រាល់​ឈ្មោះ​អ្នក​ដែល​បាន​ចូល​រួម​ផ្តល់​មូលនិធិ​ជួយ​កុមារ ៥០០​នាក់ ឲ្យ​មាន​ឱកាស​ចូល​រៀន​ពេញ​មួយ​ឆ្នាំ។ អង្គការ ប៉េ.អែស.អឺ នឹង​កត់ត្រា​ឈ្មោះ​ក្នុង​សៀវភៅ​ធំ​បំផុត​មួយ ក្នុង​ចំណោម​សៀវភៅ​ធំ​បំផុត​ផ្សេង​ទៀត​នៅ​កម្ពុជា ហើយ​ឈ្មោះ​របស់​អ្នក​ចូល​រួម​ទាំងអស់ ត្រូវ​បង្ហាញ​នៅ​ក្នុង​គេហទំព័រ​របស់​យុទ្ធនាការ​នេះ។


នាយក​កម្មវិធី​នៃ​អង្គការ ប៉េ.អែស.អឺ លោក ពិន សារពេជ្ញ មាន​ប្រសាសន៍​ថា ការ​អប់រំ គឺ​ជា​កាតព្វកិច្ច​មិន​មែន​ជា​ជម្រើស​នោះ​ទេ ហើយ​ភាព​ក្រីក្រ​ក៏​មិន​មែន​ជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​កុមារ​មិន​អាច​ចូល​រៀន​បាន​ដែរ។ លោក ពិន សារពេជ្ញ បញ្ជាក់​ថា មាន​កុមារ​ជាច្រើន​ដែល​មាន​ការ​លំបាក​មិន​បាន​ចូល​សាលា​រៀន ដោយសារ​តែ​បញ្ហា​ជីវភាព និង​កត្តា​ផ្សេងៗ​ទៀត។ អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ មាន​ទិស​ដៅ​ជួយ​កុមារ​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ ដើម្បី​ឲ្យ​ចូល​រៀន និង​មាន​ជំនាញ​កសាង​អនាគត​របស់​ពួក​គេ​នៅ​ពេល​ខាង​មុខ។

លោក ពិន សារពេជ្ញ៖ «កុមារ​ដែល​យើង​ចង់​ជួយ គឺ​ភាគ​ច្រើន គឺ​កុមារ​ដែល​មាន​ជីវភាព​ក្រីក្រ ភាគ​ច្រើន គឺ​គាត់​រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ។ កុមារ​ដែល​រង​ភាព​ក្រីក្រ រង​ការ​ជួញ​ដូរ កុមារ​ពិការ កុមារ​ដែល​ធ្វើ​ការ​ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​មិន​សមស្រប​ដល់​កុមារ។ ឧទាហរណ៍ មាន​កុមារ​គាត់​ទៅ​វាយ​ថ្ម​នៅ​ភ្នំ​ប្រសិទ្ធិ យើង​មាន​កុមារ​ខ្លះ​ដើរ​រើស​អេតចាយ។ ការងារ​ទាំងអស់​ហ្នឹង​មិន​មែន​ជា​ការងារ​សម្រាប់​កុមារ​ទេ។ ដូច្នេះ យើង​ចង់​យក​គាត់​ចេញ​ឲ្យ​អស់​ពី​កុមារ​ហ្នឹង តំបន់​ដែល​គាត់​ត្រូវ​ធ្វើ​ការ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​របស់​ពួក​គាត់​ហ្នឹង យក​ចេញ​មក​ឲ្យ​អស់ ដើម្បី​ឲ្យ​ពួក​គាត់​អាច​ប្រឹងប្រែង​កសាង​អនាគត​របស់​គាត់​តាម​ការ​អប់រំ​វិញ»។

លោក​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ការ​ប្រមូល​មូលនិធិ ៣០​ម៉ឺន​ដុល្លារ ក្នុង​រយៈពេល ៦​ខែ នឹង​អាច​ធ្វើ​បាន​ដោយ​ជោគជ័យ។ លោក​គិត​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​អាច​ជួយ​កុមារ​ម្នាក់​ទៀត ដែល​មិន​បាន​ចូល​សាលា ឲ្យ​បាន​ចូល​សាលា​នោះ ជំរុញ​ឲ្យ​កុមារ​ទាំងអស់​មាន​តម្រិះ​វិជ្ជា​ទៅ​ថ្ងៃ​ក្រោយ និង​លុប​បំបាត់​ចោល​នូវ​ភាព​ក្រីក្រ​នៅ​កម្ពុជា។

អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ មាន​គម្រោង​ប្រគំ​តន្ត្រី​ដែល​សម្ដែង​ដោយ​តារា​ហិបហប (Hip-Hop) គឺ​លោក ពូ​ឃ្លាំង ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ក្នុង​ការ​អង្គាស​ប្រាក់។

ពូ​ឃ្លាំង ដែល​ជា​ទូត​សុឆន្ទៈ​ឲ្យ​អង្គការ ប៉េ.អែស.អឺ រយៈពេល ១​ឆ្នាំ បាន​ថ្លែង​ក្នុង​យុទ្ធនាការ​អ្នក​ជា​វីរជន នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ដោយ​ប្ដេជ្ញា​ថា​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព ជួយ​រក​ថវិកា​ឲ្យ​កុមារ ៥០០​នាក់ បាន​ចូល​រៀន។ លោក​បញ្ជាក់​ថា ការ​ជួយ​គ្នា ជា​ពិសេស​ជួយ​កុមារ​ឲ្យ​ចេះ​អក្សរ ជា​ការងារ​សប្បាយ​បំផុត៖ «ឲ្យ​គាត់​យល់​ថា ការ​ជួយ​គ្នា គឺ​សប្បាយ​ណាស់។ ហើយ​នេះ គឺ​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ជួយ ហើយ​សំខាន់​បំផុត គឺ​កុមារ​ហ្នឹង​ហើយ បើ​ថា​ទំពាំង​ស្នង​ឫស្សី​ល្អ​នោះ គឺ​ទំពាំង​ហ្នឹង​ហើយ»។

តាម​គម្រោង អង្គការ ប៉េ.អែស.អឺ ធ្វើ​ការងារ​ដើម្បី​ផ្តល់​នូវ​អាហារ ទី​ជម្រក ការ​ថែទាំ​សុខភាព ការ​អប់រំ​ទូទៅ និង​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដល់​កុមារ​ទុគ៌ត កុមារ​ដែល​រង​ការ​ធ្វើ​បាប កុមារ​ដែល​រង​ការ​រំលោភ​បំពាន និង​កុមារ​ដែល​មិន​មាន​ការ​អប់រំ។ បច្ចុប្បន្ន អង្គការ ប៉េ.អែស.អឺ កំពុង​ផ្តល់​ជំនួយ​ដល់​កុមារ​ជាង ៦.៥០០​នាក់ ឲ្យ​បាន​ចូល​រៀន។ ក្នុង​នោះ មាន​កុមារ​ប្រមាណ ៣០០​នាក់ នៅ​តាម​សាលា​រដ្ឋ ១.៥០០​នាក់ នៅ​ក្នុង​កម្មវិធី​អប់រំ​ការពារ និង ១.៥០០​នាក់ កំពុង​រៀន​ក្នុង​កម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ៕

1 comment:

Anonymous said...

បើខ្មែរមិន​ងើបឈរតស៊ូរប្រឆាំងនឹងរបបផ្ដាច់ការណ៍ទេគ្មាននណា៎ប្រគល់សិទ្ធឲ្យយើងដោយងាយៗទេ ព្រោះឥពួកវាទុកយកប្រយោជន៍ពីរាស្ដ្រស៊ីស្រួលដេកស្រួលតែគ្នាវាហ្នឹង!
រស់គ្មានន័យគង់តែមានថ្ងៃស្លាប់គ្មានន័យ ណ្ហើយចុះតស៊ូរឲ្យជីវិត្តន័យយកជ័យជុំនះលើភាពអយុត្តិធម៌ដល់ទីបំផុត!