Thursday, November 21, 2013

កម្មករ​ជាង​៥០​នាក់​ដួល​សន្លប់​ក្រោយ​ពី​ធំ​ក្លិន​មិន​ល្អ​​ក្នុង​រោងចក្រ


កម្មករដួលសន្លប់ ត្រូវបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យ ពេលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍

មុំ គន្ធា ភ្នំពេញ ប៉ុស្តិ៍ 21 NOVEMBER 2013

កណ្តាលៈ កម្មករជាង ៥០ នាក់បានដួលសន្លប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍​នេះ នៅរោងកច្រ ​ឃីងហ្វឺស ២ ដែល​មានទីតាំងនៅ​ស្រុក ​អង្គស្នួល ​ខេត្ត ​កណ្តាល​ ខាងមន្ត្រី​ក្រសួង​កំពុង​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​ករណី​ដួល​សន្លប់​នេះ​។

លោក​ ឃុត​ តូច ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោង​ចក្រ​បាន​និយាយ​កាល​ពី​ព្រឹក​នេះ​ថា កម្មករ​បាន​ដួល​សន្លប់​តៗ​គ្នា​បន្ទាប់​ពី​ធំ​ក្លិន​មិន​ល្អ​ក្នុង​កន្លែង​ធ្វើ​ការ​ អំឡុង​ម៉ោង​ ៧:៣០ ​នាទី​។

លោក​បាន​ថ្លែង​ថា​៖ «យើង​មិន​ទាន់​ដឹង​ថា​ក្លិន​នោះ​ចេញ​មក​ពី​ណា​ទេ​ ក្រុ​ម​ការងារ​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក។ កម្មករ​​ដែល​សន្លប់​នោះ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ឯក​ជន​ និង​រដ្ឋ​ភ្លាម​ៗដើម្បី​ធ្វើ​ការ​ជួយ​សង្រ្គោះ​»។

លោក ​ឃុត តូច ​បាន​និយាយ​ទៀត​ថា​ កាល​ពី​ថ្ងៃ​ពុធទី ​២០ ខែ​វិច្ឆិកា​ ម្សិល​មិញ​នេះ​កម្មករ​ប្រមាណជា​ ១០០ ​នាក់​បាន​រាគ និង​ចុក​ពោះ​ដោយ​មិន​ដឹង​មូល​ហេតុ​ហើយ​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ​ដែរ​។


No comments: