Wednesday, November 20, 2013

ក្រសួង​សុខាភិបាល​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន


ក្រសួង​សុខាភិបាល មិន​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​ថ្នាក់​ក្រោម​របស់​ខ្លួន ដែល​ម្ចាស់​ជំនួយ​បរទេស​រក​ឃើញ​ឡើយ។ ប្រតិកម្ម​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​របាយការណ៍​ស៊ើប​អង្កេត​របស់​មូលនិធិ​សកល (Global Fund) ដែល​រក​ឃើញ​ថា ស្ថាប័ន​ពីរ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ បាន​បន្លំ​របាយការណ៍​កិបកេង​ប្រាក់​ជំនួយ។


RFA/Vann Vichar
ដោយ វណ្ណ វិចារ RFA 2013-11-19

ស្ថាប័ន​ទាំង​នោះ​រួម​មាន មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ ព្រម​ទាំង​អង្គការ​មេឌីខាំ (MEDICAM) បាន​ទទួល​សំណូក​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​នោះ​ផ្គត់ផ្គង់​មុង សម្រាប់​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​ការពារ​ជំងឺ​គ្រុន​ចាញ់ ទទួល​សំណូក​លើ​ករណី​ដេញ​ថ្លៃ​ទិញ​សម្ភារៈ​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ និង​បន្លំ​យក​លុយ​ជំនួយ​របស់​មូលនិធិ​ទៅ​ប្រើប្រាស់​ខុស​គោល​ដៅ។

ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បំភ្លឺ​ទៅ​កាន់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដើម្បី​ឆ្លើយ​តប​នឹង​សំណុំ​រឿង​ស៊ី​សំណូក​ជា​បណ្ដាញ​ក្នុង​ក្រសួង​សុខាភិបាល ដែល​មូលនិធិ​សកល បាន​រក​ឃើញ និង​ផ្សាយ​ជា​សាធារណៈ​នា​ពេល​កន្លង​ទៅ។ ក្នុង​លិខិត​របស់​ក្រសួង​សុខាភិបាល ជា​ភាសា​អង់គ្លេស ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា បាន​រៀប​រាប់​នូវ​ចំណុច​សំខាន់ៗ​មួយ​ចំនួន តាំង​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ប្រាក់​ជំនួយ​របស់​មូលនិធិ​ពិភពលោក លទ្ធផល​ការងារ​ដែល​សម្រេច​បាន និង​ពិសេស​ឆ្លើយ​ថា​មិន​បាន​ដឹង និង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​ស៊ី​សំណូក​នេះ​ទេ។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា ក្រសួង​សុខាភិបាល មិន​បាន​ដឹង​ពី​សកម្មភាព​របស់​បុគ្គល​ពុក​រលួយ​ទាំងអស់​ក្នុង​ពេល​អនុវត្ត​គម្រោង ដែល​ប្រើប្រាស់​មូលនិធិ​សកល ឡើយ។ ហើយ​ក្រសួង​សុខាភិបាល ក៏​បាន​ទម្លាក់​កំហុស​លើ​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​ថា ជា​អ្នក​ទទួល​ខុស​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ។

របាយការណ៍​ស៊ើប​អង្កេត​កម្រាស់ ៨៣​ទំព័រ របស់​មូលនិធិ​សកល ដែល​បាន​ស៊ើប​អង្កេត​លើ​ប្រាក់​ជំនួយ​របស់​មូលនិធិ​នេះ​ចំនួន​ជាង ៨០​លាន​ដុល្លារ ដែល​ផ្តល់​មក​ឲ្យ​ស្ថាប័ន​ចំណុះ​ក្រសួង​សុខាភិបាល បាន​រក​ឃើញ​ភស្តុតាង​សំខាន់ៗ​ជាច្រើន ដែល​បញ្ជាក់​ថា ការ​ដេញ​ថ្លៃ​ចំនួន​មាន​ភាព​មិន​ប្រក្រតី ការ​កិបកេង​ប្រាក់​ជំនួយ និង​ការ​ប្រើប្រាស់​ប្រាក់​ជំនួយ​ខុស​គោល​ដៅ។ របាយការណ៍​បន្ត​ថា អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោក ដួង សុជាតិ និង​សហការី​ម្នាក់ បាន​ទទួល​ប្រាក់​សគុណ​ចំនួន​ជិត ៥​សែន​ដុល្លារ ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង​ឈ្មោះ វេសតើហ្គាត ហ្វ្រេនសិន (Vestergaard Frandsen) ដែល​មាន​ទីតាំង​នៅ​ប្រទេស​ស្វីស និង​ក្រុមហ៊ុន​មួយ​ទៀត ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី។ ក្រុមហ៊ុន​ទាំង​ពីរ​ផ្តល់​ប្រាក់​សគុណ​ជូន​មន្ត្រី​ទាំង​នេះ​ជា​ថ្នូរ​នឹង​កិច្ច​សន្យា​ជាមួយ​ក្រសួង​សុខាភិបាល។ ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ ដែល​ទទួល​បន្ទុក​គ្រប់គ្រង​ការ​ដេញ​ថ្លៃ​គម្រោង​មួយ ក៏​ត្រូវ​អង្គភាព​សវនកម្ម​របស់​មូលនិធិ​សកល រក​ឃើញ​ថា បាន​ទទួល​ប្រាក់​សគុណ​ពី​ភាគី​ក្រុមហ៊ុន​មួយ ចំនួន ១៥% នៃ​ទឹក​ប្រាក់​គម្រោង​ចំនួន​ជិត ៣​សែន ២​ម៉ឺន​ដុល្លារ ឬ​ស្មើ​នឹង​ជាង ៤​ម៉ឺន​ដុល្លារ។ មន្ត្រី​រូប​នោះ​ក៏​បាន​សារភាព​ប្រាប់​ស្ថាប័ន​ត្រួត​ពិនិត្យ​របស់​មូលនិធិ​ពិភពលោក​ថា ខ្លួន​បាន​យក​ប្រាក់​នេះ​ទៅ​ទិញ​ឡាន និង​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ទៀត។

យ៉ាង​ណា​មិញ ក្រសួង​សុខាភិបាល មិន​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ថា​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឬ​យ៉ាង​ណា​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ ទោះ​យ៉ាង​ណា​ក្តី កាសែត​ក្នុង​ស្រុក​បាន​ស្រង់​ប្រសាសន៍​របស់​គណៈកម្មការ​សម្រប​សម្រួល​យន្តការ​មូលនិធិ​សកល ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ គ្រុន​ចាញ់ និង​របេង របស់​ក្រសួង​សុខាភិបាល លោក ទៀ ផល្លា ដែល​បាន​អះអាង​ថា គណៈកម្មការ​នេះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ដែល​កើត​មាន​ឡើង។ ប៉ុន្តែ បុគ្គល​ដែល​ខិល​ខូច​ប្រព្រឹត្ត​ពុក​រលួយ និង​អ្នក​ផ្គត់ផ្គង់ សុទ្ធតែ​លេង​ល្បិច​ដែល​ពិបាក​តាម​ទាន់។ លោក​បន្ត​ថា លោក​ក៏​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​នេះ ដើម្បី​ពង្រឹង​អភិបាល​កិច្ច​ល្អ។

ទោះ​ជា​បែប​ណា​ក្តី មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ នៅ​តែ​ទទូច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​នេះ ដើម្បី​ពង្រឹង​ការ​គោរព​ច្បាប់ និង​ប្រយោជន៍​ជាតិ​ទាំង​មូល។ ចំណែក​ឯ​មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន មិន​ព្រម​និយាយ​ជាមួយ​អ្នក​កាសែត​ឡើយ ដោយ​លោក​ប្រាប់​ថា មិន​មាន​រឿង​អី​ត្រូវ​និយាយ​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​ត្រូវ​មើល​រំលង​ករណី​ពុក​រលួយ​នេះ​ទេ ព្រោះ​វា​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មុខ​មាត់​ប្រទេសជាតិ​ទាំង​មូល។លោក​បន្ត​ថា ម្ចាស់​ជំនួយ​នឹង​បាត់​បង់​ទំនុក​ចិត្ត ហើយ​អាច​កាត់​ជំនួយ ឬ​ផ្តាច់​ជំនួយ​តែ​ម្តង បើ​សិន​ណា​រាជ​រដ្ឋាភិបាល​មិន​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ។ លោក​បញ្ជាក់​ថា ក្រសួង​សុខាភិបាល ក៏​មិន​គេច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​បញ្ហា​នេះ​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល ទាំងអស់ មាន​នាទី​អនុវត្ត​យន្តការ​ត្រួត​ពិនិត្យ​មូលនិធិ​សកល​តាំង​ពី​ឆ្នាំ​២០០២ មក។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ក៏​កាន់​ការ​ជា​ប្រធាន​គ្រប់គ្រង​អភិបាល​កិច្ច​ល្អ​នៅ​ក្រសួង​សុខាភិបាល ជា​ប្រធាន​អង្គភាព​ត្រួត​ពិនិត្យ ហើយ​ប្រធាន​នាយកដ្ឋាន​មួយ​ចំនួន សុទ្ធតែ​ជា​អ្នក​មាន​ឥទ្ធិពល​ត្រួត​ពិនិត្យ​ការ​ប្រើប្រាស់​លុយ​ជំនួយ​របស់​មូលនិធិ​សកល។ យន្តការ​ប្រើប្រាស់​ប្រាក់​ជំនួយ​ក្នុង​ក្រសួង​សុខាភិបាល ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​សវនកម្ម​ខាង​ក្រៅ​មួយ​ឈ្មោះ ខេភីអិមជី (KPMG) ហើយ​យន្តការ​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង​វិញ គឺ​ធ្វើ​ឡើង​គណៈកម្មការ​សម្រប​សម្រួល​យន្តការ​មូលនិធិ​សកល ដែល​មន្ត្រី​ទាំង​នោះ​សុទ្ធសឹងតែ​ជា​មន្ត្រី​រាជ​រដ្ឋាភិបាល។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ប្រកាស​មិន​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​សុខាភិបាល មិន​សម​ទំនង​ទេ ព្រោះ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល ទាំងអស់ សុទ្ធតែ​មាន​នាទី​ជា​អ្នក​ត្រួត​ពិនិត្យ។ លោក​បន្ត​ថា ក្រសួង​សុខាភិបាល ត្រូវ​បញ្ជូន​រឿង​នេះ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​បង្ហាញ​តម្លាភាព។ លោក​បញ្ជាក់​ថា កន្លង​ទៅ​ការ​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង​នៅ​ក្រសួង​សុខាភិបាល បាន​រក​ឃើញ​អំពើ​ពុក​រលួយ​មួយ​ចំនួន ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​លាក់​រឿង​នេះ​មិន​ឲ្យ​សាធារណៈ​ដឹង​ឡើយ។

អង្គការ​មូលនិធិ​សកល មិន​បាន​បន្ត​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ ដែល​សូកប៉ាន់​មន្ត្រី​ក្រសួង​សុខាភិបាល ឡើយ។ ហើយ​បច្ចុប្បន្ន ជំនួយ​ឥត​សំណង​មក​ឲ្យ​កម្ពុជា ទាំងអស់ ត្រូវ​បាន​មូលនិធិ​នេះ​ប្រគល់​ការ​ទទួល​ខុស​ត្រូវ​ទៅ​ឲ្យ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សេវាកម្ម​គម្រោង​ជា​អ្នក​ធ្វើ​ជំនួស។ មូលនិធិ​សកល បាន​ផ្តល់​ជំនួយ​មក​ដល់​កម្ពុជា តាំង​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១០ មាន​ទំហំ​ទឹក​ប្រាក់​ចំនួន ២២០​លាន ៣​សែន​ដុល្លារ។ គម្រោង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ពុក​រលួយ​នេះ បាន​អនុវត្ត​តាំង​ពី​ឆ្នាំ​២០០៦ រហូត​ដល់​ឆ្នាំ​២០១២៕

1 comment:

Anonymous said...

ធ្វើម្តេចទេបើអាតូចវាមានឈ្មោះថាអ្នកស៊ី តែឯអ្នកឆ្អែតគឺអាធំឯណោះទេ ធ្វើជាដឹងម្តេចនឹងកើតទៅ ធ្វើម្តេចទេ
អស់ហើយរកតែមួយរៀលមិនឃើញផង នេះបើតាមអាលេវខ្មុំគិត។