«ដំណោះស្រាយនយោបាយត្រូវតែជាដំណោះស្រាយនយោបាយបែបកម្ពុជា» នេះគឺជាជំហររបស់សហរដ្ឋអាមេរិកចំពោះភាពជាប់គាំងនយោបាយរបស់ប្រទេសកម្ពុជា។
លោក ស្កុត ម៉ាស៊ាល (Scot Marciel) ឧបការីរងជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅល្ងាចថ្ងៃច័ន្ទនេះថា សហរដ្ឋអាមេរិកមិនដាក់កំហិតឲ្យមានដំណោះស្រាយនយោបាយកម្ពុជាតាមបែបណានោះទេ។
«យើងគាំទ្រនិងជំរុញការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ ដំណោះស្រាយនយោបាយត្រូវតែជាដំណោះស្រាយបែបកម្ពុជា។ យើងមិនមែននៅទីនេះដើម្បីព្យាយាមដាក់សម្ពាធឲ្យមានដំណោះស្រាយបែបណានោះទេ។ ប៉ុន្តែយើងគាំទ្រយ៉ាងពិតប្រាកដរាល់ការប្រឹងប្រែងដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា»។
ការបញ្ជាក់ជំហរនេះធ្វើឡើងបន្ទាប់ពីលោកស្កុត ម៉ាស៊ាលបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា។ ក្នុងទស្សនកិច្ចនេះ លោកMarciel បានជួបជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជាមកពីគណបក្សប្រជាជនកម្ពុជា ជួបមន្រ្តីគណបក្សជំទាស់ មន្ត្រីសង្គមស៊ីវិល និងតំណាងក្រុមហ៊ុនមួយចំនួន ដោយផ្តោតការពិភាក្សាអំពីស្ថានភាពនយោបាយនៅកម្ពុជា។
លោកឧបការីរងជាន់ខ្ពស់នៃរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ថា អ្នកនយោបាយទាំងខាងគណបក្សប្រជាជនកម្ពុជា ទាំងខាងគណបក្សជំទាស់មិនបានស្នើឲ្យលោកផ្តល់យោបល់លើដំណោះស្រាយនយោបាយទេ។
«ពួកគេមិនបានសុំយោបល់ដល់ភាគីពាក់ព័ន្ធថា តើពួកគេត្រូវដោះស្រាយបញ្ហារបៀបម៉េច តើគេមានផែនការរបៀបម៉េចនោះទេ។ ហើយយើងបានប្តូរទស្សនៈគ្នាលើបញ្ហានេះ។ ជាថ្មីម្តងទៀត តួនាទីរបស់រដ្ឋាភិបាលអាមេរិកនៅទីនេះមិនមែនដើម្បីផ្តល់យោបល់ផ្នែកនយោបាយដល់រដ្ឋាភិបាលកម្ពុជា ឬទៅដល់គណបក្សជំទាស់ទេ។ បញ្ហានេះត្រូវតែដោះស្រាយក្នុងចំណោមប្រជាជនកម្ពុជា»។
ប្រទេសកម្ពុជាកំពុងស្ថិតក្នុងវិបត្តិជាប់គាំងនយោបាយ ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣នេះ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជាប់ឆ្នោតតែពីរគត់មិនទាន់រកឃើញរូបមន្តរួមគ្នាដើម្បីឈានដល់ចំណុចត្រូវរ៉ូវគ្នានៅឡើយទេ ក្រោយពីបានចរចាគ្នាចំនួនពីរថ្ងៃកាលពីពាក់កណ្តាលខែកញ្ញា។
លោកស្កុត ម៉ាស៊ាលបានសម្តែងការស្វាគមន៍ការចាប់ផ្តើមការចរចាគ្នាឡើងវិញនៅថ្ងៃនេះនៃគណបក្សទាំងពីរ។ ហើយលោកក៏បានសម្តែងការស្វាគមន៍ការធ្វើមហាបាតុកម្មរបស់គណបក្សជំទាស់នាពេលកន្លងទៅនេះប្រកបដោយសន្តិភាពនិងគ្មានអំពើហិង្សា។ យ៉ាងណាក៏ដោយ លោកម៉ាស៊ាលមិនអធិប្បាយលើសំណួរស្តីពីឥទ្ធិពលនៃប្រទេសចិនមកកម្ពុជានោះទេ។
លោកអ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស បានស្រង់សម្តីលោកឧបការីរងអាមេរិក ក្រោយពីជំនួបទ្វេភាគីនៅរសៀលថ្ងៃនេះ។
«លោកបញ្ជាក់ឡើងវិញដែរថា វត្តមានរបស់លោក ទោះបីជាជួបជាមួយគណបក្សប្រឆាំងក៏ដោយ ក៏មិនមែនមានន័យថា លោកគាំទ្រគណបក្សប្រឆាំងទេ។ សំខាន់បំផុតជាគោលនយោបាយរបស់អាមេរិកគឺគាំទ្រលទ្ធិប្រជាធិបតេយ្យ»។
វីអូអេបានព្យាយាមទាក់ទងមន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដើម្បីសុំការអត្ថាធិប្បាយ តែមិនអាចទាក់ទងបានទេនៅល្ងាចនេះ។
ដំណើរទស្សនកិច្ចរបស់លោកស្កុត ម៉ាស៊ាលនៅកម្ពុជាគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចជាកញ្ចប់មកកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។ លោកបានធ្វើទស្សនកិច្ចនៅប្រទេសភូមា និងប្រទេសថៃមុនមកដល់ប្រទេសកម្ពុជា។ ហើយលោកម៉ាស៊ាល ត្រូវបន្តដំណើរទៅកាន់ប្រទេសវៀតណាម និងប្រទេសហ្វ៊ីលីពីន៕
2 comments:
I,predict American representative going to say want us to talk to thieve for make government to lawfull, because American was make connect economic with YUONs longer than Cambodia they closer than Khmer.I, knew American never reconize south Vietnam belong to Cambodia even once.KRANHUN EASAN
JENDHA,
INTERESTING PICTURE FOR YOU OF THE GANG. YOU MUST KEEP POSTING TO FIND OUT THE ROOT OF THE GANG: STARTING FROM THOMICO BOTH SIDE THEY ARE HALF YOUN.
http://somanorodom.files.wordpress.com/2012/07/4.jpg
http://somanorodom.files.wordpress.com/2012/07/13.jpg
http://somanorodom.files.wordpress.com/2012/07/12.jpg
http://somanorodom.files.wordpress.com/2012/06/dsc07855.jpg
Post a Comment