Monday, November 25, 2013

អាជ្ញាធរ​នៅ​បាត់ដំបង​រង​ការ​ចោទ​ថា​អនុញ្ញាត​ឲ្យ​វៀតណាម​ចិញ្ចឹម​ត្រី​ឆ្ដោរ


នៅ​ភូមិ​ព្រែក​ទ្រព្យ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ មាន​ជនជាតិ​វៀតណាម បាន​នាំ​គ្នា​ចិញ្ចឹម​ត្រី​ឆ្ដោរ ដែល​ច្បាប់​បាន​ហាម​ឃាត់។

ដោយ សួន សុផលមុន្នី RFA 2013-11-25

ក្នុង​មួយ​ថ្ងៃៗ​ជនជាតិ​វៀតណាម ទាំង​នោះ​បាន​ចំណាយ​នុយ​ត្រី​ប្រហែល ១​តោន​ជា​ប្រចាំ​ថ្ងៃ។ ប្រភេទ​នុយ​ត្រី​ឆ្ដោរ​នោះ​ គឺ​ពួកគេ​បាន​ចាប់​យក​ត្រី​តូច​ពី​ទឹក​បឹង​ទន្លេសាប​ ជា​រៀង​រាល់​ថ្ងៃ។ បញ្ហា​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​ជា​បន្ទាន់ ព្រោះ​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​នេះ​ នឹង​បង្ក​ឲ្យ​កើត​មាន​បទល្មើស​នេសាទ និង​បំផ្លាញ​ធនធាន​មច្ឆា​ជាតិ​ថែម​ទៀត។

អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ព្រែក​នរិន្ទ រង​ការ​ចោទ​ប្រកាន់​ថា បាន​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ចិញ្ចឹម​ប្រភេទ​ត្រី​ឆ្ដោរ​ដែល​ច្បាប់​ហាមឃាត់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ បញ្ហា​នេះ​បាន​ធ្វើ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​តំបន់​នោះ​មាន​ប្រតិកម្ម និង​ទាមទារ​ឲ្យ​មន្ត្រី​ជំនាញ​ជលផល​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ ដើម្បី​ជួយ​ការពារ​ដល់​ធនធាន​មច្ឆាជាតិ។

ក្រុម​អ្នក​ភូមិ​ព្រែកទ្រព្យ ទាំង​នោះ​ថ្លែង​ថា ជនជាតិ​វៀតណាម​ ដែល​ជា​មេខ្លោង​ដឹក​នាំ​បក្សពួក​របស់​ខ្លួន​ចិញ្ចឹម​ត្រី​ឆ្ដោរ មាន​ឈ្មោះ ធឿង។ ការ​ចិញ្ចឹម​ប្រភេទ​ត្រី​ខុស​ច្បាប់​នេះ​ គឺ​ពួកគេ​បាន​ជីក​ស្រះ​​ដែល​មាន​ទំហំ​ធំ ឋិត​នៅ​ភូមិ​ព្រែកទ្រព្យ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ ជាប់​នឹង​តំបន់​បឹង​ទន្លេ​សាប។ ពួកគេ​បាន​ដាក់​ត្រី​ឆ្ដោរ ជា​ច្រើន​ម៉ឺន​ក្បាល​ និង​ចាប់​ត្រី​តូចតាច​ពី​បឹង​ទន្លេសាប​យក​ធ្វើ​ជា​ចំណី។
អ្នក​ភូមិ៖ «ឲ្យ​ចំណី​ក្នុង​មួយ​ថ្ងៃ ១​តោន​ យួន​ហ្នឹង​ប្រភព​ដើម​វា នៅ​ព្រៃ​ចាស់ ខ្មែរ​យើង​កាល​ណា​ចិញ្ចឹម​ទៅ​គេ​ចាប់​យក​ទៅ​ពន្លែង ហើយ​គេ​ផាក​ពិន័យ​ហើយ ហេតុ​អី​បាន​យួន​ចិញ្ចឹម​បាន? យើង​ធ្វើ​ម៉េច​សុំ​ឲ្យ​មាន​ភាព​សុក្រឹត ថា​បើ​ច្បាប់​ធ្វើ​ម៉េច​ យើង​អនុវត្ត​ទៅ​តាម​ច្បាប់​ទាំង​អស់​គ្នា កុំ​ឲ្យ​ជនជាតិ​យួន​ចិញ្ចឹម​បាន ខ្មែរ​ចិញ្ចឹម​អត់​បាន»។

ប្រភព​បន្ត​ថា ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ដោយ​ជនជាតិ​វៀតណាម​នេះ បាន​កើត​មាន​នៅ​ដើម​ឆ្នាំ​២០១៣ ប៉ុន្តែ​ អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ព្រែក​នរិន្ទ ពុំ​បាន​ចាត់​វិធានការ​ទប់​ស្កាត់​នោះ​ឡើយ បើ​ទោះ​បី​ពួកគេ​ដឹង​ថា ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​នេះ​ ខុស​ច្បាប់​ក៏​ដោយ។

ជាក់​ស្ដែង​មេ​ឃុំ​ព្រែកនរិន្ទ​ លោក សេង យី ​ថ្លែង​បដិសេធ​ថា លោក​ពុំ​បាន​ដឹង​ថា មាន​ជនជាតិ​វៀតណាម ចិញ្ចឹម​ត្រី​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​គ្រប់​គ្រង​នោះ​ឡើយ៖ «ខ្ញុំ​អត់​បាន​ដឹង​ដែរ ព្រោះ​វស្សា​មិញ​លិច​ទឹក​មិន​ដឹង​ថា មាន​អ្នក​ណា​គេ​ចិញ្ចឹម​ត្រី​មាន​ចិញ្ចឹម​ត្រី​អី ព្រោះ​វស្សា​កន្លង​ទៅ​លិច​បើ​ចិញ្ចឹម​ត្រី ត្រី​ចេញ​អស់​មាន​ត្រី​ឯ​ណា»។

ការ​បដិសេធ​របស់​មេឃុំ​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រតិកម្ម​ថា គឺ​ជា​ការ​ឆ្លើយ​ដោះ​សារ​ពុំ​ទទួល​ខុស​ត្រូវ។

លោក រាយ ណម មន្ត្រី​សហគមន៍​នេសាទ​នៅ​ឃុំ​ព្រែកនរិន្ទ ថ្លែង​ថា នៅ​ភូមិ​ព្រែកទ្រព្យ ពិត​ជា​មាន​ជនជាតិ​វៀតណាម ចិញ្ចឹម​ត្រី​ឆ្ដោរ​ ដូច​ការ​លើក​ឡើង​របស់​អ្នក​ភូមិ។ លោក​បន្ត​ថា ​កន្លង​ទៅ​ថ្មីៗ​នេះ​ មន្ត្រី​ជំនាញ​ជលផល​អាជ្ញាធរ​ដែន​ដី​ និង​សហគមន៍​នេសាទ​ បាន​ចុះ​ទៅ​ជួប​ជាមួយ​ជនជាតិ​វៀតណាម​ ដែល​កំពុង​ចិញ្ចឹម​ត្រី​ឆ្ដោរ​នៅ​ក្នុង​ភូមិ​ព្រែក​ទ្រព្យ។

សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​ជនជាតិ​វៀតណាម​នោះ​ ឲ្យ​បញ្ឈប់​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ដែល​មាន​ច្បាប់​ហាមឃាត់។ ការ​ធ្វើ​កិច្ច​សន្យា​ដូច្នេះ​ ដោយសារ​ត្រី​ដែល​ជនជាតិ​វៀតណាម ចិញ្ចឹម​នោះ ធំធាត់​ជិត​ដល់​ពេល​ចាប់​យក​ទៅ​លក់៖ «ព្រោះ​ថា ចិញ្ចឹម​ហ្នឹង​លួច​លាក់​កាល​ពី​មុន​បោះឆ្នោត​ អ៊ីចឹង​ខាង​រដ្ឋបាល​ជលផល​គាត់​មិន​សូវ​បាន​ចាប់​អារម្មណ៍​ចុះ។ អណ្ដូង​ហ្នឹង​ទើប​ជីក​ថ្មី នឹក​ឃើញ​ថា ប្រហែល​ជា​គេ​អត់​មាន​ចាប់​ទេ ដោយសារ​អណ្ដូង​ហ្នឹង ជួន​កាល​វា​អាច​គ្រោះ​ថ្នាក់​ស្លាប់​ត្រី​ដែរ ស្រាប់​តែ​ក្រោយ​មក​ខាង​ជលផល​និង​អាជ្ញាធរ​ដែន​ដី​ លោក​មេ​ឃុំ​អី​ ឃើញ​ត្រី​ហ្នឹង​វា​កើត​មែន ហើយ​យើង​បាន​ហាម​ប្រាម»។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង លោក ជួង សុភា ថ្លែង​ថា តាម​ផ្លូវ​ច្បាប់​រដ្ឋបាល​ជលផល​ត្រូវ​ អនុវត្ត​បញ្ឈប់​ការ​ចិញ្ចឹម​ត្រី និង​មាន​ការ​ផាក​ពិន័យ​ ប៉ុន្តែ​​ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​យល់​ថា ករណី​ជនជាតិ​វៀតណាម ចិញ្ចឹម​ឆ្ដោរ​នេះ ​ទើប​មាន​ជា​លើក​ដំបូង ហើយ​ពួកគេ​សុំ​ទុក​ពេល​ឲ្យ​ជនជាតិ​វៀតណាម​នោះ​ចិញ្ចឹម​ត្រី​នោះ​រហូត​ដល់​ពេល​ចាប់​លក់៖ «ខ្ញុំ​ឲ្យ​បញ្ឈប់​ដែរ ប៉ុន្តែ​គាត់​អត់​ទាន់​ដល់​ពេល​លក់​ត្រី គាត់​វា​ធំ ខ្ញុំ​នឹក​ឃើញ​ថា ជិត​ដល់​ពេល​លក់ គាត់​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​សង្កាត់​អី​អស់​ហើយ ខ្ញុំ​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​បន្ថែម​ទៀត បើ​គាត់​មិន​អនុវត្ត​ទេ យើង​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់»។

ទាក់ទិន​ករណី​ជន​ជាតិ​វៀតណាម ចិញ្ចឹម​ត្រី​ឆ្ដោរ​នេះ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ហេង សាយហុង យល់​ថា បណ្ដាល​មក​ពី​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​មើល​រំលង​ដោយសារ​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍។

បញ្ហា​នេះ លោក​ថា ពួកគេ​បាន​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ និង​សារាចរ​ណែនាំ​រដ្ឋាភិបាល​ ទាក់ទិន​ទៅ​នឹង​គោលនយោបាយ​កែ​ទម្រង់​ធនធាន​ជលផល​ឡើង​វិញ។ លោក​សង្កត់​ធ្ងន់​ថា សព្វថ្ងៃ​មាន​បទល្មើស​នេសាទ​កើត​មាន​ច្រើន​នៅ​ក្នុង​បឹង​ទន្លេសាប ដោយ​ពុំ​មាន​ការ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ បទល្មើស​នេសាទ​នេះ​កំពុង​គំរាម​កំហែង​ដល់​ធនធាន​មច្ឆាជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

លោក ហេង សាយហុង៖ «ខ្ញុំ​ជឿ​ថា សមត្ថកិច្ច​ដឹង​រឿង​ហ្នឹង​ទាំង​អស់ ក៏​ប៉ុន្តែ​គាត់​មិន​អើពើ ឬ​ក៏​អាច​ថា ទទួល​យក​ផល​ប្រយោជន៍​ពី​បញ្ហា​បទល្មើស​នេសាទ​ហ្នឹង​ អ៊ីចឹង​បញ្ហា​កាត់​ឡូត៍​មក​ហ្នឹង​ពឹង​លើ​សមត្ថកិច្ច​មូលដ្ឋាន​ហ្នឹង​ឯង បើ​សមត្ថកិច្ច​មូលដ្ឋាន​គាត់​មិន​ដឹង​មិន​ឮ ឬ​ក៏​គាត់​មាន​ផល​ប្រយោជន៍​នឹង​បញ្ហា​ហ្នឹង​ ផល​មច្ឆាជាតិ​យើង​ខ្ទេចខ្ទី​អស់​ហើយ។ អ៊ីចឹង​សមត្ថកិច្ច​ធ្វើ​យ៉ាង​ម៉េច​ពិនិត្យ​ឲ្យ​ដិតដល់​ទៅ​លើ​ការ​ចិញ្ចឹម​ហ្នឹង ព្រោះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​មាន​ការ​ដឹង​ឮ​ពី​សមត្ថកិច្ច មិន​មែន​លួច​លាក់​បាន​ទេ»។

លោក​បន្ត​ថា ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​របស់​ជនជាតិ​វៀតណាម​នេះ គឺ​ផ្ទុយ​ទៅ​ច្បាប់​ដែល​បាន​ហាមឃាត់។ ម្យ៉ាង​វិញ​ទៀត​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ធនធាន​មច្ឆាជាតិ​ថែម​ទៀត។ លោក​កត់​សម្គាល់​ថា បច្ចុប្បន្ន​នេះ​ ការ​ចិញ្ចឹម​ត្រី​ដែល​ច្បាប់​ហាមឃាត់​ កំពុង​បង្ក​ឲ្យ​មាន​បទ​ល្មើស​នេសាទ​ ដូច​ជា​ការ​ដាក់​ស្បៃ​មង​ក្រឡា​ល្អិត​មាន​ចំនួន​កើន​ឡើង​នៅ​ក្នុង​បឹង​ទន្លេសាប។ ត្រី​តូចៗ​ដែល​គេ​ចាប់​បាន​ពី​ការ​ដាក់​ស្បៃ​មង​ក្រឡា​ល្អិត​នោះ​ ត្រូវ​គេ​យក​ទៅ​ធ្វើ​ជា​ចំណី​ត្រី​ និង​មួយ​ចំនួន​ទៀត​ ត្រូវ​គេ​យក​ទៅ​ហាល​ឲ្យ​ស្ងួត​ទុក​​ធ្វើ​ជា​ចំណី​ត្រី និង​ចំណី​សត្វ​​ជា​ដើម ​ហើយ​បញ្ហា​នេះ​ បាន​​ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆាជាតិ​នៅ​ក្នុង​ទឹក​បឹង​ទន្លេសាប៕

No comments: