RFA/Mom Sophon |
ដោយ សួន សុផល មុន្នី RFA 2013-12-08
កសិករខ្មែរនៅតំបន់ជាយដែនខ្មែរ-ថៃជាច្រើនគ្រួសារ ប្រឈមទៅនឹងភាពក្រីក្រ ហើយអ្នកខ្លះបានធ្លាក់ខ្លួនជំពាក់បំណុលគេយ៉ាងធ្ងន់ធ្ងរ នៅចុងឆ្នាំ២០១៣។ មូលហេតុចំបង គឺបណ្ដាលមកពីគ្រោះទឹកជំនន់នៅឆ្នាំនេះ បានជន់លិចបំផ្លិចបំផ្លាញផលដំណាំស្រូវរបស់ពួកគាត់ ផ្ទួនៗគ្នាចំនួនបីលើកក្នុងមួយរដូវ។
មេភូមិស្នូលទ្រេតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោក ហិល ព្រិល បញ្ជាក់ថា គ្រោះទឹកជំនន់នៅឆ្នាំនេះ បណ្ដាលឲ្យខូចខាតដំណាំស្រូវរបស់ប្រជាកសិករអស់ស្ទើរតែទាំងស្រុង។ ចំណែកឯផលដំណាំស្រូវនៅសល់ពីការខូចខាត កសិករកំពុងចុះប្រមូលផលនៅដើមខែធ្នូឆ្នាំ២០១៣នេះ បានផលខ្លះដែរ ប៉ុន្តែលក់បានតម្លៃទាបខុសពីឆ្នាំកន្លងទៅ៖ «ខ្លះបានស្រូវហើយលក់មិនចេញគេអោយ ៤ពាន់ទៅ៥ពាន់បាតក្នុង១តោន។ ស្រូវភូមិខ្ញុំនេះគេថា ស្រូវវាមិនសុទ្ធអញ្ចឹងគេ ទម្លាក់តម្លៃមិនសូវមានហាងឆេងស្រូវចាប់ឆាយ ម្ល៉ោះហើយកសិករគ្នាធ្វើច្រើន ក្នុងមួយរដូវ៧ ទៅ៨ខែ ដល់ទៅ១០ខែដែរ ដល់ពេលលក់ លក់បានតម្លៃថោក។»
អ្នកភូមិទាំងនោះ បានរងគ្រោះផ្ទួនគ្នា។ ក្រៅពីគ្រោះទឹកជំនន់ ឥឡូវនេះនៅពេលពួកគាត់ ចុះប្រមូលផលស្រូវក៏ជួបនឹងវិបត្តិអត់ទីផ្សារថែមទៀត។ កាលពីដើមរដូវបង្កបង្កើនផល កសិករទាំងនោះ បានចំណាយដើមទុនយ៉ាងច្រើន។ ដូចជាថ្លៃឈ្នួលភ្ជួរដី ថ្លៃពូជ ថ្លៃជី ថ្លៃច្រូតកាត់ ជាដើម ដែលក្នុងមួយហិកតារ ពួកគាត់បានចំណាយដើមទុនជិត១លានរៀលក្នុងផ្ទៃដី១ហិកតារ។ ថវិកាដើមទុនទាំងនោះ គឺពួកគាត់ចងការប្រាក់ពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការផ្សេងជាច្រើន។
លោក ហិល ព្រិល ជាមេភូមិស្នូលទ្រេតបន្តថា នៅពេលកសិករចុះប្រមូលផល ស្រូវ១ហិកតារ ខ្លះទទួលបានផល១០បាវ ខ្លះបាន១២បាវ ស្នើនឹងទិន្នផលស្រូវជាង១តោន ក្នុងផ្ទៃដី១ហិកតារ ហើយលក់បានតម្លៃទាបថែមទៀត។ ឧបសគ្គនេះកំពុងរុញច្រានឲ្យអ្នកភូមិទាំងនោះ ធ្លាក់ខ្លួនក្រីក្រជំពាក់បំណុលគេ រើខ្លួនមិនរួចនោះឡើយ៖ «ភូមិខ្ញុំជំពាក់ច្រើន ជំពាក់អង្គការចំនួន៥។ ក្នុងនោះមានធនាគារអេស៊ីលីដា ធនាគារភូមិ ហត្ថាកសិករ មានប្រាសាក់ មានស្ថាបនា។ គឺស្ថាប័ន៥ហ្នឹងគ្រប់តែគ្នា ទាំងគេទាំងខ្ញុំ យកលុយគេមកធ្វើស្រែហ្នឹងវា។ ខ្លះលក់ដី លក់ផ្ទះ ទាំងស្រែហ្នឹងសងអស់ ទាំងម៉ាស៊ីនគោយន្ត ដោយសារស្រូវហ្នឹងធ្វើវាមិនកើតផល ហើយបានទិន្នផលតិច ហើយលក់ក៏បានថោក។»
ក្រុមឈ្មួញដែលដើរទិញស្រូវពីកសិករ ភាគច្រើនគឺជាឈ្មួញកណ្ដាល ពួកគេបានទិញស្រូវពីកសិករ ក្នុងតម្លៃទាបជាងឆ្នាំកន្លងទៅ ក្រោមហេតុផលថា ស្រូវមិនល្អ ឬស្រូវចាប់ឆាយ ។ កាលពីឆ្នាំ២០១២ ផលដំណាំស្រូវរបស់កសិករ នៅតំបន់ជាយដែនខ្មែរ-ថៃ អាចនិយាយថា មានទីផ្សារ លក់បានតម្លៃថ្លៃគួរសម ព្រោះកាលនោះ ផលដំណាំស្រូវដែលដាំដុះបាននោះ អាចដឹកចូលទៅលក់នៅក្នុងប្រទេសថៃ។ នៅឆ្នាំ២០១៣នេះ រដ្ឋាភិបាលហាមឃាត់មិនឲ្យកសិករខ្មែរដឹកផលស្រូវកាត់តំបន់ព្រំដែន យកទៅលក់ក្នុងទឹកដីថៃនោះបានឡើយ។
កសិករឈ្មោះ កែវ សុង បញ្ជាក់ថា ឧបសគ្គនេះហើយ ដែលធ្វើផលស្រូវកសិករជួបវិបត្តិអត់ទីផ្សារ។ ទន្ទឹមគ្នានេះក្រុមឈ្មួញកណ្ដាល បានចុះទៅទិញស្រូវ តែអោយតម្លៃទាប៖ «បើនិយាយឲ្យចំទៅ ហាងឆេងនៅលើមាត់ឈ្មួញ កសិករ ទាំងគេទាំងខ្ញុំ ជួបផលលំបាកច្រើនកាល ដែលយើងចុះទុនដូចជាប្រេង ដូចជាឈ្នួលត្រាក់ទ័រភ្ជួរវាតម្លៃខ្ពស់ ប៉ុន្តែខ្ពស់អស់ហ្នឹងវាមធ្យមទេ វាសំខាន់ថ្លៃច្រូតក្នុង១ហិកតារ១២០ដុល្លារ ទៅ១៣០ដុល្លារ អញ្ចឹងវាងាប់នឹងថ្លៃច្រូតហ្នឹងឯង។»
លោកបន្តថា ទីផ្សារលក់ផលដំណាំស្រូវនៅឆ្នាំ២០១៣នេះមិនឋិតថេរ បានញ៉ាំងឲ្យកសិករជួបគ្រោះកាន់តែច្រើន។ ដូចជាគ្រោះទឹកជំនន់ ការពុំមានប្រព័ន្ធធារាសាស្ត្រ និងវិបត្តិអត់ទីផ្សារជាដើម។ ប្រជាកសិករ ទន្ទឹមគ្នានេះបានអំពាវនាវ សុំឲ្យរដ្ឋាភិបាលពិចារណា ជួយរកទីផ្សារលក់ផលដំណាំស្រូវទាំងនោះ៖ «និយាយទៅកសិករយើងនៅខាងអូរបីជាន់ ស្នូលទ្រេត ធ្លាយទៅអូរល្ហុងខាងយើងទៅបល្ល័ង្ក អីហ្នឹង កាលពីបួនប្រាំឆ្នាំមុន យើងអាចលក់ចេញទៅថៃ អីបានដល់១ម៉ឺនបាតជាងក្នុង១តោន ប៉ុន្តែក្រោយមកយើងកើតអាក្រុមហ៊ុនបៃតងមកស្រូវចេញទៅថៃអត់បាន នៅហ្នឹងយើងនេះទីផ្សារចេញទៅបរទេស តាមរយៈក្រុមហ៊ុនបៃតង ល្អមានប៉ុន្តែកសិករឃើញថា ស្រុតទៅ ទាំងគេទាំងខ្ញុំ តម្លៃកាន់តែទាបទៅអញ្ចឹងជួបផលលំបាកច្រើនកសិករ នៅបែកខាងលិចហ្នឹងវាយ៉ាប់។»
អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ សម្ដែងការព្រួយបារម្ភចំពោះប្រជាកសិករនៅតំបន់ជាយដែនខ្មែរ-ថៃ ដែលកំពុងធ្លាក់ខ្លួនជំពាក់បំណុលគេយ៉ាងច្រើនសន្ធឹកសន្ធាប់។ ម្យ៉ាងទៀត លោក សង្កត់ធ្ងន់ថា ផលដំណាំស្រូវដែលទទួលបាននោះលក់បានតម្លៃទាប ដូច្នេះ កំពុងធ្វើកសិករទាំងនោះប្រឈមទៅនឹងបញ្ហាជីវភាពប្រចាំថ្ងៃ។ បញ្ហានេះ លោកស្នើឲ្យមន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបន្ទាយមានជ័យ គួរចាត់វិធានការជួយដល់កសិករទាំងនោះ៖ «ឥឡូវហ្នឹងនៅក្នុងភូមិឃុំគាត់ក្លាយទៅជាអ្នក ដែលខ្ចីលុយច្រើនសន្ធឹកសន្ធាប់ បញ្ហានេះ យើងគួរតែខាងភ្នាក់ងាររបស់រដ្ឋ ជាពិសេសខាងអភិបាលខេត្ត គួរតែពិនិត្យមើលលើបញ្ហាទាំងអស់ហ្នឹងថា ត្រូវជួយប្រជាពលរដ្ឋយ៉ាងម៉េច។»
ឆ្លើយតបទៅការស្នើសុំរបស់ប្រជាកសិករ ជុំវិញវិបត្តិអត់ទីផ្សារលក់កសិផលនេះ លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ គូសបញ្ជាក់ថា ទីផ្សារលក់កសិករ គឺជាចំណោទមួយយ៉ាងធំរបស់អាជ្ញាធរខេត្ត។ កន្លងទៅនេះ លោកបានធ្វើដំណើរទៅតំបន់ព្រំដែនចំនួនពីរលើក គឺនៅចំណុចបឹងត្រកួន និងអូរបីជាន់។ អាជ្ញាធរខេត្តកំពុងយកចិត្តទុកដាក់ ក្នុងការរកទីផ្សារលក់កសិផលឲ្យរបស់កសិករខ្មែរ។
លោកថា ផលដំណាំស្រូវកសិករខ្មែរ មិនអាចដឹកយកទៅលក់នៅប្រទេសថៃបាន ដោយសារការដឹកជញ្ជូនតាមផ្លូវត្រង់ចូលទៅថៃ ត្រូវពលរដ្ឋថៃធ្វើបាតុកម្មប្រឆាំងជំទាស់។ ចំណែកការដឹកឆ្លងតាមច្រករបៀងវិញ បានធ្វើឲ្យក្រុមឈ្មួញសង្កត់តម្លៃស្រូវ៖ «នេះជាបញ្ហា កន្លងមកមានបងប្អូនខ្លះដឹកជញ្ជូនពីហ្នឹង ងាកទៅលក់នៅព្រំដែនវៀតណាម ហើយខ្លះនៅកន្លែងម៉ាស៊ីនកិនស្រូវយើងមួយចំនួនក៏ប្រមូលទិញមួយចំនួនដែរ ហើយខ្ញុំជំរុញណាស់ឲ្យមន្ទីរពាណិជ្ជកម្មឲ្យគាត់កាន់តែសកម្មថែម សហការរកទីផ្សារ ធ្វើម៉េចផ្សព្វផ្សាយជូនបងប្អូន ហើយក្រុមហ៊ុនណាត្រូវទិញត្រូវអីហ្នឹង អាជ្ញាធរខិតខំសម្រួលធ្វើម៉េចកុំឲ្យមានកុងត្រូលជជុះយកលុយយកកាក់ ដើម្បីដឹកចូលឲ្យលឿន ហើយតម្លៃអាចខ្ពស់ជូនបងប្អូន អាជ្ញាធរយើងដោះស្រាយតាមហ្នឹង។»
ក្រៅពីបញ្ហានេះ នៅមានរឿងគ្រោះទឹកជំនន់ ដែលចេះតែកើតមាននៅក្នុងខេត្តបន្ទាយមានជ័យ។ ត្រង់ចំណុចនេះ លោក អភិបាលខេត្តសង្កត់ធ្ងន់ថា ក្នុងពេលកន្លងទៅអាជ្ញាធរបានសិក្សាលើបញ្ហា ដោយបានពិភាក្សាគ្នាធ្វើលិខិតមួយដាក់ជូនទៅរដ្ឋាភិបាល។ រាជរដ្ឋាភិបាលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) មួយ តម្រូវឲ្យអាជ្ញាធរខេត្តសិក្សាលំអិតពី បញ្ហាគ្រោះទឹកជំនន់ ដែលចេះកើតមាននៅខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំវិធានការការពារ និងទប់ស្កាត់ កុំឲ្យគ្រោះធម្មជាតិនេះបំផ្លិចបំផ្លាញផលដំណាំ ទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅបណ្ដាលឆ្នាំខាងមុខទៀត៕
2 comments:
This job without Hun scrimming not working,the others Pupets never care KRANHUN EASAN
Translate to English please
Post a Comment