Monday, December 09, 2013

ទឹក​ជំនន់ និងបញ្ហាខ្វះទីផ្សាលក់ ផលស្រូវ​ បណ្តាល​ឱ្យ​កសិករ​ធ្លាក់​ក្នុង​ភាព​ក្រីក្រធ្ងន់ធ្ងរ


RFA/Mom Sophon
ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ នៅខេត្ត បន្ទាយមានជ័យ កំពុង​ក្លាយ​ជា​កូន​បំណុល​គេ​។ អ្នក​ភូមិ​ខ្លះ​ លក់​ទ្រព្យ​សម្បត្តិ​ដីធ្លី​ផ្ទះ​សម្បែង​ យក​លុយ​ទៅ​សង​ម្ចាស់​បំណុល​វិញ​។

ដោយ សួន សុផល មុន្នី RFA 2013-12-08

កសិករ​ខ្មែរ​នៅ​តំបន់​ជាយ​ដែន​ខ្មែរ​-ថៃ​ជា​ច្រើន​គ្រួសារ​ ​ប្រឈម​ទៅ​នឹង​ភាព​ក្រីក្រ​ ​ហើយ​អ្នក​ខ្លះ​បាន​ធ្លាក់​ខ្លួន​ជំពាក់​បំណុល​គេ​យ៉ាង​ធ្ងន់ធ្ងរ​ នៅ​ចុង​ឆ្នាំ​២០១៣​។ មូលហេតុ​ចំបង​ គឺ​បណ្ដាល​មក​ពី​គ្រោះ​ទឹក​ជំនន់​នៅ​ឆ្នាំ​នេះ​ បាន​ជន់​លិច​បំផ្លិចបំផ្លាញ​ផល​ដំណាំ​ស្រូវ​របស់​ពួកគាត់ ​ផ្ទួនៗ​គ្នា​ចំនួន​បី​លើក​ក្នុង​​មួយ​រដូវ។

មេភូមិ​ស្នូល​ទ្រេត​ឃុំ​អូរបីជាន់​ ស្រុក​អូរ​ជ្រៅ ​ខេត្ត​បន្ទាយមានជ័យ​ លោក ​ហិល ​ព្រិល​ បញ្ជាក់​ថា គ្រោះ​ទឹក​ជំនន់​នៅ​ឆ្នាំ​នេះ​ បណ្ដាល​ឲ្យ​ខូច​ខាត​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​អស់​ស្ទើរ​តែ​ទាំង​ស្រុង​។ ចំណែក​ឯ​ផល​ដំណាំ​ស្រូវ​នៅ​សល់​ពី​ការ​ខូច​ខាត​ កសិករ​កំពុង​ចុះ​ប្រមូល​ផល​នៅ​ដើម​ខែ​ធ្នូ​ឆ្នាំ​២០១៣​នេះ​ បាន​ផល​ខ្លះ​ដែរ​ ប៉ុន្តែ​លក់​បាន​តម្លៃ​ទាប​ខុស​ពី​ឆ្នាំ​កន្លង​ទៅ៖ «​ខ្លះ​បាន​ស្រូវ​ហើយ​លក់​មិន​ចេញ​គេ​អោយ​ ៤​ពាន់​ទៅ​៥​ពាន់​បាត​ក្នុង​១​តោន​។ ស្រូវ​ភូមិ​ខ្ញុំ​នេះ​គេ​ថា ស្រូវ​វា​មិន​សុទ្ធ​អញ្ចឹង​គេ​ ទម្លាក់​តម្លៃ​មិន​សូវ​មាន​ហាង​ឆេង​ស្រូវ​ចាប់ឆាយ​ ម្ល៉ោះហើយ​កសិករ​គ្នា​ធ្វើ​ច្រើន​ ក្នុង​មួយ​រដូវ​៧​ ទៅ​៨​ខែ​ ដល់​ទៅ​១០​ខែ​ដែរ​ ដល់​ពេល​លក់​ លក់​បាន​តម្លៃ​ថោក​។»

អ្នកភូមិ​ទាំង​នោះ​ បាន​រងគ្រោះ​ផ្ទួន​គ្នា​។ ក្រៅ​ពី​គ្រោះ​ទឹក​ជំនន់​ ឥឡូវ​នេះ​នៅ​ពេល​ពួកគាត់​ ចុះ​ប្រមូល​ផល​ស្រូវ​ក៏​ជួប​នឹង​វិបត្តិ​អត់​ទីផ្សារ​ថែមទៀត​។ កាល​ពី​ដើម​រដូវ​បង្កបង្កើន​ផល​ កសិករ​ទាំង​នោះ​ ​បាន​ចំណាយ​ដើម​ទុន​យ៉ាង​ច្រើន​។ ដូច​ជា​ថ្លៃឈ្នួល​ភ្ជួរ​ដី ថ្លៃ​ពូជ ថ្លៃ​ជី​ ថ្លៃ​ច្រូត​កាត់​ ជាដើម​ ដែល​ក្នុង​មួយ​ហិកតារ​ ពួកគាត់​បាន​ចំណាយ​ដើម​ទុន​ជិត​១​លាន​រៀល​ក្នុង​ផ្ទៃ​ដី​១​ហិកតារ។ ថវិកា​ដើម​ទុន​ទាំង​នោះ​ គឺ​ពួក​គាត់​ចង​ការ​ប្រាក់​ពី​ធនាគារ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​និង​អង្គការ​ផ្សេង​ជា​ច្រើន​។

លោក ហិល ព្រិល​ ជា​មេភូមិ​ស្នូល​ទ្រេត​​បន្ត​ថា នៅ​ពេល​កសិករ​ចុះ​ប្រមូល​ផល​ ស្រូវ​១​ហិកតារ​ ខ្លះ​ទទួល​បាន​ផល​១០​បាវ​ ខ្លះ​បាន​១២​បាវ​ ស្នើ​នឹង​ទិន្នផល​ស្រូវ​ជាង​១​តោន​ ក្នុង​ផ្ទៃដី១​ហិកតារ​ ហើយ​លក់​បាន​តម្លៃ​ទាប​ថែម​ទៀត​។ ឧបសគ្គ​នេះ​កំពុង​រុញ​ច្រាន​ឲ្យ​អ្នកភូមិ​ទាំង​នោះ​ ធ្លាក់​ខ្លួន​ក្រីក្រ​ជំពាក់​បំណុល​គេ​ រើខ្លួន​មិន​រួច​នោះ​ឡើយ៖  «​ភូមិ​ខ្ញុំ​ជំពាក់​ច្រើន​ ជំពាក់​អង្គការ​ចំនួន​៥​។ ក្នុង​នោះ​មាន​ធនាគារ​អេស៊ីលីដា​ ធនាគារ​ភូមិ ហត្ថា​កសិករ​ មាន​ប្រាសាក់ មាន​ស្ថាបនា។  គឺ​ស្ថាប័ន​៥​ហ្នឹង​គ្រប់​តែ​គ្នា​ ទាំង​គេ​ទាំង​ខ្ញុំ​ យក​លុយ​គេ​មក​ធ្វើ​ស្រែ​ហ្នឹង​វា។ ខ្លះ​លក់​ដី​ លក់​ផ្ទះ​ ទាំង​ស្រែ​ហ្នឹង​សង​អស់​ ទាំង​ម៉ាស៊ីន​គោយន្ត​ ដោយសារ​ស្រូវ​ហ្នឹង​ធ្វើ​វា​មិន​កើត​ផល​ ហើយ​បាន​ទិន្នផល​តិច ​ហើយ​លក់​ក៏​បាន​ថោក​​។»

ក្រុម​ឈ្មួញ​ដែល​ដើរ​ទិញ​ស្រូវ​ពី​កសិករ​ ភាគ​ច្រើន​គឺ​ជា​ឈ្មួញ​កណ្ដាល​ ពួកគេ​បាន​ទិញ​ស្រូវ​ពី​កសិករ​ ក្នុង​តម្លៃ​ទាប​ជាង​ឆ្នាំ​កន្លង​ទៅ​ ក្រោម​ហេតុផល​ថា ស្រូវ​មិន​ល្អ​ ឬ​ស្រូវ​ចាប់ឆាយ​ ។ កាល​ពី​ឆ្នាំ​២០១២​ ផល​ដំណាំ​ស្រូវ​របស់​កសិករ​ នៅ​តំបន់​ជាយ​ដែន​ខ្មែរ​-ថៃ​ អាច​និយាយ​ថា​ មាន​ទីផ្សារ​ លក់​បាន​តម្លៃ​ថ្លៃ​គួរ​សម​ ព្រោះ​កាល​នោះ ផល​ដំណាំ​ស្រូវ​ដែល​ដាំដុះ​បាន​នោះ អាច​ដឹក​ចូល​ទៅ​លក់​នៅ​ក្នុង​ប្រទេស​ថៃ​។ នៅ​ឆ្នាំ​២០១៣​នេះ ​រដ្ឋាភិបាល​ហាមឃាត់​មិន​ឲ្យ​កសិករ​ខ្មែរ​ដឹក​ផល​ស្រូវ​កាត់​តំបន់​ព្រំដែន ​​យក​ទៅ​លក់​ក្នុង​ទឹក​ដី​ថៃ​នោះ​បាន​​ឡើយ។

កសិករ​ឈ្មោះ កែវ សុង ​បញ្ជាក់​ថា ​ឧបសគ្គ​នេះ​ហើយ​ ដែល​ធ្វើ​ផល​ស្រូវ​កសិករ​ជួប​វិបត្តិ​អត់​ទីផ្សារ​។ ទន្ទឹម​គ្នា​នេះ​ក្រុម​ឈ្មួញ​កណ្ដាល​ បាន​ចុះ​ទៅ​ទិញ​ស្រូវ​ តែ​​អោយ​តម្លៃ​ទាប​៖ «បើ​និយាយ​ឲ្យ​ចំ​ទៅ​ ហាង​ឆេង​នៅ​លើ​មាត់​ឈ្មួញ​ កសិករ​ ទាំង​គេ​ទាំង​ខ្ញុំ​ ជួប​ផល​លំបាក​ច្រើន​កាល​ ដែល​យើង​ចុះ​ទុន​ដូច​ជា​ប្រេង​ ដូច​ជា​ឈ្នួល​ត្រាក់ទ័រ​ភ្ជួរ​វា​តម្លៃ​ខ្ពស់​ ប៉ុន្តែ​ខ្ពស់​អស់​ហ្នឹង​វា​មធ្យម​ទេ វា​សំខាន់​ថ្លៃ​ច្រូត​ក្នុង​១​ហិកតារ​១២០​ដុល្លារ​ ទៅ​១៣០​ដុល្លារ​ អញ្ចឹង​វា​ងាប់​នឹង​ថ្លៃ​ច្រូត​ហ្នឹង​ឯង​។»

លោកបន្ត​ថា ទីផ្សារ​លក់​ផល​ដំណាំ​ស្រូវ​នៅ​ឆ្នាំ​២០១៣​នេះ​មិន​ឋិតថេរ​ បាន​ញ៉ាំង​​ឲ្យ​កសិករ​ជួប​គ្រោះ​កាន់​តែ​ច្រើន​។ ដូច​ជា​គ្រោះ​ទឹក​ជំនន់​ ការ​ពុំ​មាន​ប្រព័ន្ធធារាសាស្ត្រ​ និងវិបត្តិ​អត់​ទីផ្សារ​ជា​ដើម​។ ប្រជាកសិករ​ ទន្ទឹម​គ្នា​នេះ​បាន​អំពាវនាវ​ សុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ ជួយ​រក​ទីផ្សារ​លក់​ផល​ដំណាំ​ស្រូវ​ទាំង​នោះ៖ «និយាយ​ទៅ​កសិករ​យើង​នៅ​ខាង​អូរបីជាន់​ ស្នូល​ទ្រេត​ ធ្លាយ​ទៅ​អូរ​ល្ហុង​ខាង​យើង​ទៅ​បល្ល័ង្ក អី​ហ្នឹង កាល​ពី​បួន​ប្រាំ​ឆ្នាំ​មុន​ យើង​អាច​លក់​ចេញ​ទៅ​ថៃ អី​បាន​ដល់​១​ម៉ឺន​បាត​ជាង​ក្នុង​១​តោន​ ប៉ុន្តែ​ក្រោយ​មក​យើង​កើត​អា​ក្រុមហ៊ុន​បៃតង​មក​ស្រូវ​ចេញ​ទៅ​ថៃ​អត់​បាន​ នៅ​ហ្នឹង​យើង​នេះ​ទីផ្សារ​ចេញ​ទៅ​បរទេស​ តាមរយៈ​ក្រុមហ៊ុន​បៃតង​ ល្អ​មាន​ប៉ុន្តែ​កសិករ​ឃើញ​ថា ស្រុត​ទៅ ទាំង​គេ​ទាំង​ខ្ញុំ​ តម្លៃ​កាន់​តែ​ទាប​ទៅ​អញ្ចឹង​ជួប​ផល​លំបាក​ច្រើន​កសិករ ​នៅ​បែក​ខាង​លិច​ហ្នឹង​វា​យ៉ាប់​។»

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទ​គារ​ សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្រជាកសិករ​នៅ​តំបន់​ជាយ​ដែន​ខ្មែរ​-ថៃ​ ដែល​កំពុង​ធ្លាក់​ខ្លួន​ជំពាក់​បំណុល​គេ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ ​ម្យ៉ាង​ទៀត​ លោក សង្កត់​ធ្ងន់​ថា ផល​ដំណាំ​ស្រូវ​ដែល​ទទួល​បាន​នោះ​លក់​បាន​តម្លៃ​ទាប​ ដូច្នេះ​ កំពុង​ធ្វើ​កសិករ​ទាំង​នោះ​ប្រឈម​ទៅ​នឹង​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​។ បញ្ហា​នេះ​ លោក​ស្នើ​ឲ្យ​មន្ទីរ​កសិកម្ម​ មន្ទីរ​ពាណិជ្ជកម្ម​ និងអាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ គួរ​ចាត់វិធានការ​ជួយ​ដល់​កសិករ​ទាំង​នោះ​៖  «ឥឡូវ​ហ្នឹង​នៅ​ក្នុង​ភូមិ​ឃុំ​គាត់​ក្លាយ​ទៅ​ជា​អ្នក​ ដែល​ខ្ចី​លុយ​ច្រើន​សន្ធឹកសន្ធាប់​ បញ្ហា​នេះ​ យើង​គួរ​តែ​ខាង​ភ្នាក់ងារ​របស់​រដ្ឋ​ ជា​ពិសេស​ខាង​អភិបាល​ខេត្ត ​គួរ​តែ​ពិនិត្យ​មើល​លើ​បញ្ហា​ទាំងអស់​ហ្នឹង​ថា ត្រូវ​ជួយ​ប្រជាពលរដ្ឋ​យ៉ាង​ម៉េច។»

ឆ្លើយ​តប​ទៅ​ការ​ស្នើ​សុំ​របស់​ប្រជាកសិករ​ ជុំវិញ​វិបត្តិអត់​ទីផ្សារ​លក់​កសិផល​នេះ​ លោក គោ ស៊ុំ​សា​រឿត​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ គូស​បញ្ជាក់​ថា ទីផ្សារ​លក់​កសិករ​ គឺ​ជា​ចំណោទ​មួយ​យ៉ាង​ធំ​របស់​អាជ្ញាធរ​ខេត្ត​។ កន្លង​ទៅ​នេះ​ លោកបាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ព្រំដែន​ចំនួន​ពីរ​លើក​ គឺ​នៅ​ចំណុច​បឹង​ត្រកួន​ និង​អូរបីជាន់​។ អាជ្ញាធរ​ខេត្ត​កំពុង​យក​ចិត្ត​ទុក​ដាក់​ ​​ក្នុង​ការ​រក​ទីផ្សារ​​លក់​កសិផល​ឲ្យ​របស់​កសិករ​ខ្មែរ។

លោក​ថា ​ផល​ដំណាំ​ស្រូវ​​កសិករ​ខ្មែរ ​មិន​អាច​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​បាន​ ដោយសារ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ត្រង់​ចូល​ទៅ​ថៃ​ ត្រូវ​ពលរដ្ឋ​ថៃធ្វើ​បាតុកម្ម​ប្រឆាំង​ជំទាស់​។ ចំណែក​ការ​ដឹក​​ឆ្លង​តាម​ច្រក​របៀង​វិញ ​បាន​ធ្វើ​ឲ្យក្រុម​ឈ្មួញ​សង្កត់​តម្លៃ​ស្រូវ៖ «នេះ​ជា​បញ្ហា​ កន្លង​មក​មាន​បងប្អូន​ខ្លះ​ដឹក​ជញ្ជូន​ពី​ហ្នឹង​ ងាក​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម​ ហើយ​ខ្លះ​នៅ​កន្លែង​ម៉ាស៊ីន​កិន​ស្រូវ​យើង​​មួយ​ចំនួន​ក៏​ប្រមូល​ទិញ​មួយ​ចំនួន​ដែរ​ ហើយ​ខ្ញុំ​ជំរុញ​ណាស់​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ឲ្យ​គាត់​កាន់​តែ​សកម្ម​ថែម​ សហការ​រក​ទីផ្សារ​​ ធ្វើ​ម៉េច​ផ្សព្វផ្សាយ​ជូន​បងប្អូន ​ហើយ​ក្រុមហ៊ុន​ណា​ត្រូវ​ទិញ​ត្រូវ​អី​ហ្នឹង ​អាជ្ញាធរ​ខិតខំ​សម្រួល​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​កុងត្រូល​ជជុះ​យក​លុយ​យក​កាក់​ ដើម្បី​ដឹក​ចូល​ឲ្យ​លឿន​ ហើយ​តម្លៃ​អាច​ខ្ពស់​ជូន​បងប្អូន ​អាជ្ញាធរ​យើង​ដោះស្រាយ​តាម​ហ្នឹង។»

ក្រៅ​ពី​បញ្ហា​នេះ ​នៅ​មាន​រឿង​គ្រោះ​ទឹក​ជំនន់​ ដែល​ចេះ​តែ​កើត​មាន​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។ ត្រង់​ចំណុច​នេះ ​លោក អភិបាល​ខេត្ត​សង្កត់​ធ្ងន់​ថា ​ក្នុង​ពេល​កន្លង​ទៅ​អាជ្ញាធរ​បាន​សិក្សា​លើ​បញ្ហា ​ដោយ​បាន​ពិភាក្សា​គ្នា​​ធ្វើ​លិខិត​មួយ​ដាក់​ជូន​​ទៅ​រដ្ឋាភិបាល​។ រាជរដ្ឋាភិបាល​ថ្មីៗ​នេះ ​បាន​ចេញ​សេចក្តីជូនដំណឹង (ស.​ជ.​ណ) ​មួយ​ តម្រូវ​ឲ្យ​អាជ្ញាធរ​ខេត្តសិក្សា​លំអិត​ពី​ បញ្ហា​គ្រោះ​ទឹក​ជំនន់​ ដែល​ចេះ​​កើត​មាន​នៅ​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​រៀបចំ​វិធាន​ការ​ការពារ​ និង​ទប់​ស្កាត់​ កុំ​ឲ្យ​គ្រោះ​ធម្មជាតិ​នេះ​បំផ្លិច​បំផ្លាញ​ផល​ដំណាំ​ ទ្រព្យ​សម្បត្តិ​ អាយុជីវិត​ប្រជាពលរដ្ឋ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ​នៅ​បណ្ដាល​ឆ្នាំ​ខាង​មុខ​ទៀត៕

2 comments:

Anonymous said...

This job without Hun scrimming not working,the others Pupets never care KRANHUN EASAN

Anonymous said...

Translate to English please