ប្រជាពលរដ្ឋមានបញ្ហាដី រស់នៅភូមិព្រហស្ថក្បាល នាខេត្តពោធិ៍សាត់។ Adhoc Photo |
ដោយ ជិន ជេដ្ឋា RFA 2013-12-08
អាជ្ញាធរអះអាងថា ក្រុមប្រជាពលរដ្ឋទាំងនោះមកពីបណ្ដាខេត្តផ្សេងៗ ហើយទើបតែចូលទៅកាប់ព្រៃរានយកដីកាន់កាប់នៅក្នុងឆ្នាំ២០១៣។ ផ្ទុយពីការអះអាងនេះ ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់បានចូលមករស់នៅ និងកាន់កាប់ដីនេះតាំងពីឆ្នាំ២០០៤។
ក្រុមប្រជាពលរដ្ឋដែលប្រឈមទៅនឹងការបណ្ដេញចេញបានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែធ្នូ ថា អ្នកភូមិទាំង ២៩គ្រួសារនឹងមិនរុះរើលំនៅឋានចេញពីកន្លែងដែលពួកគាត់ធ្លាប់រស់នៅនោះទេ ត្បិតពួកគាត់គ្មានដីកន្លែងណាផ្សេងដើម្បីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតឡើយ។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោម ២៩គ្រួសារ លោក ហម សាវឿន មានប្រសាសន៍ថា អាជ្ញាធរស្រុកភ្នំក្រវាញ បានហៅប្រជាពលរដ្ឋទៅព្រមាន និងឲ្យរុះរើផ្ទះសម្បែងចេញពីលើដីរបស់ពួកគាត់កំពុងរស់នៅចំនួន ២លើករួចមកហើយ គឺលើកទី១ នៅដើមខែកញ្ញា ឆ្នាំ២០១៣ និងលើកទី២ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ ដោយដាក់កំហិតរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងលើកទី២ បើមិនព្រមរុះរើទេ ពួកគាត់នឹងប្រឈមការដាក់ទោសទណ្ឌ ព្រមទាំងពិន័យជាប្រាក់រាប់លានរៀលទៀតផង៖ «ដេញទាំងអស់គ្នាដេញទាំង ២៩គ្រួសារហ្នឹង គេអត់ឲ្យនៅបណ្ដោយ។ ផុតកំណត់គេថា តាំងពីប្រជុំថ្ងៃទី២ហ្នឹង បូកធ្វើម៉េចឲ្យគ្រប់ ៣០ថ្ងៃ បើមិនចេញគេនឹងធ្វើតាមវិធានការច្បាប់»។
ប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី ទី យ៉ីន បានបញ្ជាក់ថា អ្នកស្រីនិងក្រុមគ្រួសារបានមកតាំងទីលំនៅក្នុងភូមិព្រហស្ថក្បាលនេះ តាំងពីឆ្នាំ២០០៤ ដូចនេះអ្នកស្រីសូមឲ្យអាជ្ញាធរ ឬរាជរដ្ឋាភិបាលអាណត្តិថ្មីគិតគូរ និងផ្ដល់ដីនេះជូនពួកគាត់រស់នៅ ខណៈដែលពួកគាត់កំពុងតែជួបប្រទះនឹងបញ្ហាជីវភាព។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកភ្នំក្រវាញ លោក សូរ សាហុង មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះបានចូលទៅកាប់រានដីព្រៃបម្រុងទុករបស់រដ្ឋ នៅក្រោយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ នៃបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះសកម្មភាពរបស់ប្រជាពលរដ្ឋ នៅពេលនេះ គឺជាការបំពានច្បាប់៖ «ប្រជាពលរដ្ឋម្នាក់មានដីដប់កន្លែង ហើយក៏មិនទាន់ស្កប់ចិត្តគាត់ដែរ ឲ្យតែឃើញដីព្រៃទំនេរគាត់ចេះតែកាប់រុករានហើយ ប្អូនឯងពិនិត្យមើលហើយស្រាវជ្រាវទៅ ប៉ុន្តែនៅក្នុងចំណោមហ្នឹង គឺខ្ញុំស្គាល់ច្បាស់ណាស់ មានអ្នកខ្លះមានដីបីបួនកន្លែងរួចទៅហើយ»។
លោកអភិបាលស្រុកបានព្រមានប្រើច្បាប់ព្រៃឈើ ដើម្បីចាត់វិធានការទៅលើប្រជាពលរដ្ឋទាំងនោះក្នុងពេលឆាប់ៗខាងមុខ។ ច្បាប់ស្ដីពីព្រៃឈើមាត្រាទី៩៧ ត្រង់ចំណុចទី៦ ការកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ៥ ទៅដប់ ១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ ដកហូតកិច្ចព្រមព្រៀង អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងកម្ទេចចោលនូវវត្ថុតាងក្លែងទាំងនោះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា មានប្រសាសន៍ថា ក្រោយពីលោកបានចុះអង្កេតជុំវិញករណីនេះឃើញថា ប្រជាពលរដ្ឋទាំង ២៩គ្រួសារ ពុំមានផលដំណាំអ្វីគួរឲ្យកត់សម្គាល់ ដើម្បីបញ្ជាក់ថា ពួកគាត់ពិតជាបានរស់នៅ និងកាន់កាប់លើដីនោះតាំងពីឆ្នាំ២០០៤ ដូចដែលពួកគាត់អះអាងនោះទេ៖ «ថ្នាក់ខេត្តធ្វើសំណើទៅខាងក្រសួងដើម្បីផ្ដល់ជាដីសម្បទានសង្គមកិច្ចសម្រាប់ពួកគាត់វិញ ពីព្រោះអីដីទាំងអស់ហ្នឹង គឺវាអត់ធំប៉ុន្មានទេ ហើយដីទាំងអស់ហ្នឹង គឺជាដីគម្របព្រៃឈើ ដែលយើងថា ព្រៃឈើភាគច្រើនវារេចរឹលទៅហើយ»។
លោក ភួង សុធា បន្តថា ទោះជាយ៉ាងណាអាជ្ញាធរត្រូវតែចុះសិក្សា និងធ្វើសំណើទៅសាលាខេត្តដើម្បីសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជុំវិញបញ្ហានេះ ជាជាងការបណ្ដេញចេញដោយបង្ខំ ឬប្រើវិធានការច្បាប់ចំពោះពួកគាត់ ក្នុងកាលៈទេសៈដែលពួកគាត់កំពុងជួបការលំបាក៕
2 comments:
Translate to English please
Tell people you see they done at the temple last week why don't do it authorities that you never choose before ,don't be afraid go together a big group do it |||||KRANHUN EASAN
Post a Comment