Monday, December 09, 2013

ពលរដ្ឋ​២៩​គ្រួសារ​នៅ​ពោធិ៍សាត់​ប្រឈម​នឹង​ការ​បាត់បង់​ដីធ្លី


ប្រជាពលរដ្ឋ​មាន​បញ្ហា​ដី រស់​នៅ​ភូមិ​ព្រហស្ថ​ក្បាល
នា​ខេត្ត​ពោធិ៍សាត់។ Adhoc Photo
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រហស្ថ​ក្បាល ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ចំនួន ២៩​គ្រួសារ ប្រឈម​នឹង​ការ​បាត់​បង់​ដីធ្លី និង​លំនៅឋាន បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​ប្រាប់​ថា ពួកគាត់​រស់នៅ​លើ​ដី​រដ្ឋ និង​បញ្ជា​ឲ្យ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ឲ្យ​អស់​ក្នុង​រយៈ​ពេល ៣០​ថ្ងៃ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៣។

ដោយ ជិន ជេដ្ឋា RFA 2013-12-08

អាជ្ញាធរ​អះអាង​ថា ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ ហើយ​ទើប​តែ​ចូល​ទៅ​កាប់​ព្រៃ​រាន​យក​ដី​កាន់កាប់​នៅ​ក្នុង​ឆ្នាំ​២០១៣។ ផ្ទុយ​ពី​ការ​អះអាង​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ពួកគាត់​បាន​ចូល​មក​រស់​នៅ និង​កាន់កាប់​ដី​នេះ​តាំង​ពី​ឆ្នាំ​២០០៤។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ទៅ​នឹង​ការ​បណ្ដេញ​ចេញ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ថា អ្នក​ភូមិ​ទាំង ២៩​គ្រួសារ​នឹង​មិន​រុះរើ​លំនៅឋាន​ចេញ​ពី​កន្លែង​ដែល​ពួកគាត់​ធ្លាប់​រស់នៅ​នោះ​ទេ ត្បិត​ពួកគាត់​គ្មាន​ដី​កន្លែង​ណា​ផ្សេង​ដើម្បី​រស់នៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ឡើយ។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ២៩​គ្រួសារ លោក ហម សាវឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​ភ្នំក្រវាញ បាន​ហៅ​ប្រជាពលរដ្ឋ​ទៅ​ព្រមាន និង​ឲ្យ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ពី​លើ​ដី​របស់​ពួកគាត់​កំពុង​រស់​នៅ​ចំនួន ២​លើក​រួច​មក​ហើយ គឺ​លើក​ទី​១ នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៣ និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៣ ដោយ​ដាក់​កំហិត​រយៈ​ពេល ៣០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​លើក​ទី​២ បើ​មិន​ព្រម​រុះរើ​ទេ ពួកគាត់​នឹង​ប្រឈម​ការ​ដាក់​ទោស​ទណ្ឌ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​រាប់​លាន​រៀល​ទៀត​ផង៖ «ដេញ​ទាំង​អស់​គ្នា​ដេញ​ទាំង ២៩​គ្រួសារ​ហ្នឹង គេ​អត់​ឲ្យ​នៅ​បណ្ដោយ។ ផុត​កំណត់​គេ​ថា តាំង​ពី​ប្រជុំ​ថ្ងៃ​ទី​២​ហ្នឹង បូក​ធ្វើ​ម៉េច​ឲ្យ​គ្រប់ ៣០​ថ្ងៃ បើ​មិន​ចេញ​គេ​នឹង​ធ្វើ​តាម​វិធានការ​ច្បាប់»។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី ទី យ៉ីន បាន​បញ្ជាក់​ថា អ្នកស្រី​និង​ក្រុម​គ្រួសារ​បាន​មក​តាំង​ទីលំនៅ​ក្នុង​ភូមិ​ព្រហស្ថក្បាល​នេះ តាំង​ពី​ឆ្នាំ​២០០៤ ដូច​នេះ​អ្នកស្រី​សូម​ឲ្យ​អាជ្ញាធរ ឬ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​គិតគូរ និង​ផ្ដល់​ដី​នេះ​ជូន​ពួកគាត់​រស់​នៅ ខណៈ​ដែល​ពួកគាត់​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ជីវភាព។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ភ្នំក្រវាញ លោក សូរ សាហុង មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ នៅ​ក្រោយ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ នៃ​បទបញ្ជា​លេខ ០១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូច្នេះ​សកម្មភាព​របស់​ប្រជា​ពលរដ្ឋ នៅ​ពេល​នេះ គឺ​ជា​ការ​បំពាន​ច្បាប់៖ «ប្រជាពលរដ្ឋ​ម្នាក់​មាន​ដី​ដប់​កន្លែង ហើយ​ក៏​មិន​ទាន់​ស្កប់​ចិត្ត​គាត់​ដែរ ឲ្យ​តែ​ឃើញ​ដី​ព្រៃ​ទំនេរ​គាត់​ចេះ​តែ​កាប់​រុករាន​ហើយ ប្អូន​ឯង​ពិនិត្យ​មើល​ហើយ​ស្រាវជ្រាវ​ទៅ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​ហ្នឹង គឺ​ខ្ញុំ​ស្គាល់​ច្បាស់​ណាស់ មាន​អ្នក​ខ្លះ​មាន​ដី​បី​បួន​កន្លែង​រួច​ទៅ​ហើយ»។

លោក​អភិបាល​ស្រុក​បាន​ព្រមាន​ប្រើ​ច្បាប់​ព្រៃឈើ ដើម្បី​ចាត់​វិធានការ​ទៅ​លើ​ប្រជាពលរដ្ឋ​ទាំង​នោះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ច្បាប់​ស្ដីពី​ព្រៃឈើ​មាត្រា​ទី​៩៧ ត្រង់​ចំណុច​ទី​៦ ការ​កាប់​រាន​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ​ដប់ ១០​ឆ្នាំ និង​ត្រូវ​រឹបអូស​វត្ថុ​តាង​ទាំង​អស់​មក​ជា​សម្បត្តិ​រដ្ឋ ដក​ហូត​កិច្ច​ព្រមព្រៀង អាជ្ញាប័ណ្ណ លិខិត​អនុញ្ញាត និង​កម្ទេច​ចោល​នូវ​វត្ថុ​តាង​ក្លែង​ទាំង​នោះ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា មាន​ប្រសាសន៍​ថា ក្រោយ​ពី​លោក​បាន​ចុះ​អង្កេត​ជុំវិញ​ករណី​នេះ​ឃើញ​ថា ប្រជាពលរដ្ឋ​ទាំង ២៩​គ្រួសារ ពុំ​មាន​ផល​ដំណាំ​អ្វី​គួរឲ្យ​កត់​សម្គាល់ ដើម្បី​បញ្ជាក់​ថា ពួកគាត់​ពិត​ជា​បាន​រស់នៅ និង​កាន់កាប់​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​២០០៤ ដូច​ដែល​ពួកគាត់​អះអាង​នោះ​ទេ៖ «ថ្នាក់​ខេត្ត​ធ្វើ​សំណើ​ទៅ​ខាង​ក្រសួង​ដើម្បី​ផ្ដល់​ជា​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ពួកគាត់​វិញ ពីព្រោះ​អី​ដី​ទាំង​អស់​ហ្នឹង គឺ​វា​អត់​ធំ​ប៉ុន្មាន​ទេ ហើយ​ដី​ទាំង​អស់​ហ្នឹង គឺ​ជា​ដី​គម្រប​ព្រៃឈើ ដែល​យើង​ថា ព្រៃឈើ​ភាគ​ច្រើន​វា​រេចរឹល​ទៅ​ហើយ»។

លោក ភួង សុធា បន្ត​ថា ទោះ​ជា​យ៉ាង​ណា​អាជ្ញាធរ​ត្រូវ​តែ​ចុះ​សិក្សា និង​ធ្វើ​សំណើ​ទៅ​សាលា​ខេត្ត​ដើម្បី​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​ជុំ​វិញ​បញ្ហា​នេះ ជា​ជាង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ឬ​ប្រើ​វិធានការ​ច្បាប់​ចំពោះ​ពួកគាត់ ក្នុង​កាលៈទេសៈ​ដែល​ពួកគាត់​កំពុង​ជួប​ការ​លំបាក៕

2 comments:

Anonymous said...

Translate to English please

Anonymous said...

Tell people you see they done at the temple last week why don't do it authorities that you never choose before ,don't be afraid go together a big group do it |||||KRANHUN EASAN