Thursday, December 05, 2013

ក្បួន​ធម្ម​យាត្រា​តាម​ផ្លូវ​ជាតិ​ទាំង​៥​ខ្សែ​ត្រូវ​បាន​ឆាឆៅ​ដោយ​អាជ្ញាធរ​មូលដ្ឋាន


RFA/Chin Chetha
ក្រុម​អ្នក​ដើរ​ធម្មយាត្រា​តាម​ដង​ផ្លូវ​ជាតិ​ទាំង​៥ បាន​តវ៉ា​នៅ​ថ្ងៃ​ទី​៥ ធ្នូ ថា ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​ព្រះ​ចៅ​អធិការ​វត្ត​នៅ​តាម​ដង​ផ្លូវ បាន​ហាម​ពួក​គាត់​ជា​បន្ត​បន្ទាប់ មិន​ឲ្យ​សម្រាក​ក្នុង​វត្ត ឬ​តាម​ទី​កន្លែង​ដែល​ក្រុម​យាត្រា​បាន​កំណត់។

ដោយ វោហារ ជាតិ RFA 2013-12-05

ព្រះសង្ឃ​ព្រះនាម ប៊ុន ប៊ុនតិញ ចូល​រួម​ហែ​ក្បួន​ទិស​ផ្លូវ​ជាតិ​លេខ​៥ ចេញ​ពី​ខេត្ត​ពោធិ៍សាត់ ហើយ​បាន​ធ្វើ​ដំណើរ​មក​ដល់​ទី​រួម​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៥ ធ្នូ នេះ មាន​ថេរដីកា​ថា នៅ​តាម​ផ្លូវ​ក្រុម​ហែ​ក្បួន​ធម្មយាត្រា​ជួប​ឧបសគ្គ​ជា​ច្រើន ដូច​ជា អាជ្ញាធរ​មូលដ្ឋាន​សួរ​នាំ​រឿង​លិខិត​ស្នាម និង​ព្រះ​ចៅអធិការ​វត្ត​នានា មិន​ចូល​សម្រាក​ក្នុង​វត្ត​ជាដើម។

បញ្ហា​មួយ​ទៀត​ដែល​ធ្វើ​ក្រុម​ធម្មយាត្រា​អាក់​អន់​ចិត្ត​យ៉ាង​ខ្លាំង និង​ព្រះអង្គ​មាន​ព្រះទ័យ​រឹត​តែ​​ខ្ញាល់​ថែម​ទៀត​នោះ គឺ​អាជ្ញាធរ និង​ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង ហាម​ក្រុម​ធម្មយាត្រា​សម្រាក​ក្នុង​ទី​រួម​ខេត្ត​កំពង់ឆ្នាំង។ ព្រះអង្គ​បន្ត​ថា ​ក្រុម​ធម្មយាត្រា​ដែល​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​តាំង​ពី​ខេត្ត​ពោធិ៍សាត់ ហេវហត់​ណាស់​ទៅ​ហើយ ក្នុង​រយៈ​ពេល ៥​ថ្ងៃ​កន្លង​មក​នេះ ដែល​អាជ្ញាធរ​គួរ​មាន​សុជីវធម៌​ចំពោះ​ក្រុម​ធម្មយាត្រា​ទាំង​នេះ។

ព្រះអង្គ ប៊ុន ប៊ុនតិញ មាន​ព្រះអង្គ​មាន​ថេរដីកា​បែប​ខ្ញាល់​ថា៖ «គ្រាន់​តែ​សិទ្ធិ​ដើរ សិទ្ធិ​ដេក សិទ្ធ​ឈរ សិទ្ធិ​អង្គុយ ក៏​ហាម​ដែរ អាជ្ញាធរ​កំពង់ឆ្នាំង គេ​ថា មិន​ឲ្យ​សម្រាក​ក្នុង​ខេត្ត​ទេ គេ​សុខ​ចិត្ត​ចំណាយ​លុយ​ជួល​ឡាន​ដឹក​ពួក​យើង​ចេញ​ឲ្យ​ផុត​ពី​ខេត្ត»។

ព្រះអង្គ​បន្ត​ថា ៖ «សូម​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ថា ទឹក​ដី​កំពង់ឆ្នាំង មិន​មែន​ជា​របស់​ផ្ដាច់​មុខ​របស់​ចៅហ្វាយ​ខេត្ត​និង​របស់​​លោក ស ខេង ទេ។ យើង​នឹង​ព្យាយាម​ជម្នះ​ស្នាក់​នៅ​ទី​នេះ​នៅ​យប់​នេះ»។

ចំណែក​អ្នកនាង ម៉ាលី ម៉ាលី តំណាង​ក្បួន​ធម្មយាត្រា​ខ្សែ​ផ្លូវ​ជាតិ​លេខ​មួយ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ធ្នូ ថា ក្បួន​ធម្មយាត្រា​ត្រូវ​អាជ្ញាធរ​ហាម​មិន​ឲ្យ​សម្រាក​ក្នុង​វត្ត ហើយ​យប់​ថ្ងៃ​ទី​៥ ធ្នូ នេះ ក្រុម​ធម្មយាត្រា​នឹង​សម្រាក​ផ្ទះ​អ្នក​ស្រុក​ជំនួស​វិញ។ អ្នក​នាង​បញ្ជាក់​ថា៖ «អាជ្ញាធរ​ចេះ​តែ​មក​ឆាឆៅ ​តែ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ចិត្ត​ល្អ​ហើយ​បាន​ចូល​រួម​ដង្ហែ​ធម្មយាត្រា​ជា​មួយ​យើង​ទៀត​ផង»។

អ្នក​នាង​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​៥ ធ្នូ នេះ ក្បួន​ធម្មយាត្រា​ដែល​មាន​ព្រះសង្ឃ​ខ្លះ​ដែរ​នោះ ត្រូវ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ហាម​សម្រាក​ក្នុង​វត្ត​មួយ​ដែល​បាន​គ្រោង​ទុក តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទះ​ក្បែរ​វត្ត​នោះ​​អនុញ្ញាត​ឲ្យ​សម្រាក​វិញ។

រីឯ​ព្រះសង្ឃ​ព្រះនាម ព្រឹម ហួន តំណាង​ក្បួន​ធម្មយាត្រា​ខ្សែ​ផ្លូវ​ជាតិ​លេខ​៤ ដែល​ចេញ​ដំណើរ​ពី​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ក៏​បញ្ជាក់​ប្រហាក់​ប្រហែល​គ្នា​ដែរ៖ «មុន​នេះ​ព្រះសង្ឃ​វត្ត​ត្រពាំង​ប្រាសាទ ឆ្លេឆ្លា​ពេល​ឃើញ​យើង​ដើរ​សំដៅ​ចូល​វត្ត​បម្រុង​សម្រាក​បាយ​ថ្ងៃ​ត្រង់ តែ​ត្រូវ​គេ​បិទ​ទ្វារ​របង​​វត្ត​ជាប់​ចូល​មិន​បាន»។

ព្រះអង្គ​បន្ត​ថា នៅ​យប់​ថ្ងៃ​ទី​៥ ធ្នូ នេះ ​ក្បួន​ធម្មយាត្រា​បាន​មក​ដល់​ទី​រួម​ខេត្ត​កំពង់ស្ពឺ ហើយ តែ​ក្រុម​ធម្មយាត្រា​មិន​ត្រូវ​បាន​អនុញ្ញាត​ចូល​សម្រាក​ក្នុង​វត្ត​ដែល​បាន​គ្រោង​ទុក​ទេ ព្រោះ​អាជ្ញាធរ​ហាម។ ក្រុម​ធម្មយាត្រា​នឹង​សម្រាក​តាម​ផ្ទះ​អ្នក​ស្រុក​នៅ​ក្បែរ​នោះ​វិញ។

តំណាង​ក្រុម​ធម្មយាត្រា​ផ្សេង​ទៀត​អះអាង​ថា ពួកគេ​ច្រើន​សម្រាក​តាម​ចិញ្ចើម​ផ្លូវ ​ឬ​តាម​ទី​សាធារណៈ ព្រះចៅ​អធិការ​វត្ត និង​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ឲ្យ​ពួក​គេ​សម្រាក​នៅ​ផ្ទះ​របស់​ខ្លួន​និង​នៅ​តាម​វត្ត​ដោយសារ​តែ​ខ្លាច​អាជ្ញាធរ​គំរាម​កំហែង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​នៅ​ថ្ងៃ​ទី​៥ ធ្នូ ដើម្បី​ផ្ដល់​ឱកាស​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

ក៏​ប៉ុន្តែ​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​បាន​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា ក្រសួង​ធម្មការ​និង​សាសនា​មិន​បាន​គាំទ្រ​យុទ្ធនាការ​ធម្មយាត្រា ហើយ​ក៏​មិន​បាន​ណែនាំ​គណៈកម្មការ​វត្ត​ណា​ឲ្យ​ហាម​ក្រុម​ធម្មយាត្រា​សម្រាក​ក្នុង​វត្ត​ដែរ។

ព្រះសង្ឃ រួម​ទាំង​មន្ត្រី​អង្គការ និង​សង្គម​ស៊ីវិល​ប្រហែល ៥០០​នាក់ បាន​នាំ​គ្នា​ធ្វើ​ធម្មយាត្រា​ដោយ​សន្តិភាព​ចេញ​ដំណើរ​ពី​ខេត្ត​នានា​ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ។ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្ងៃ​ទី​១០ ធ្នូ ខាង​មុខ។ យុទ្ធនាការ​ធម្មយាត្រា​នេះ មាន​រយៈ​ពេល ១០​ថ្ងៃ គិត​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ធ្នូ មក។ ក្បួន​ធម្មយាត្រា​ចែក​ជា ៥​ក្រុម ក្នុង​មួយ​ក្រុមៗ​មាន​សមាជិក​ប្រហែល ១០០​នាក់ រួម​ទាំង​ព្រះ​សង្ឃ​មួយ​ចំនួន ហើយ​ប្រជាជន​នៅ​តាម​ដង​ផ្លូវ​នីមួយៗ​អាច​ចូល​រួម​បាន។

ក្រុម​ទី​១ ចេញ​ពី​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​១ មាន​ចម្ងាយ​ផ្លូវ​ជាង ១៦៥​គីឡូម៉ែត្រ។ ក្រុម​ទី​២ ចេញ​ពី​ខេត្ត​កំពត តាម​ផ្លូវ​ជាតិ​លេខ​៣ មាន​ចម្ងាយ​ផ្លូវ ១៤៨​គីឡូម៉ែត្រ។ ក្រុម​ទី​៣ ចេញ​ពី​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ មាន​ចម្ងាយ​ផ្លូវ ១២៧ គ.ម។ ក្រុម​ទី​៤ ចេញ​ពី​ខេត្ត​ពោធិ៍សាត់ តាម​ផ្លូវ​ជាតិ​លេខ​៥ មាន​ចម្ងាយ​ផ្លូវ ១៨៧ គ.ម និង​ក្រុម​ទី​៥ ចេញ​ពី​ខេត្ត​កំពង់ធំ មាន​ចម្ងាយ​ផ្លូវ ១៦៨​គ.ម។

ក្រុម​នីមួយ​ធ្វើ​ធម្មយាត្រា​ដោយ​ថ្មើរជើង គ្រោង​មក​ជួបជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ធ្នូ ខាង​មុខ​នេះ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ក្រោម​ប្រធាន​បទ «មាន​យុត្តិ​ធម៌​មាន​សន្តិភាព»៕

5 comments:

Anonymous said...

Kg. Chhnang srok Ah communist, that is why they are so poor in compare to other provinces in Cambodia.

Anonymous said...

I, anounce to all Provinces To inform Khmer revolution a new kind of peace of monk Boun Boun Teng who lead the ways of Budha to define toward push evil leader today out of power people should joint getting along the way to peace and freedom without blood shed.KRANHUN EASAN

Anonymous said...

That is the revolution in Russia in 1917.
http://www.youtube.com/watch?v=Me7vZ1qes8k

Anonymous said...

គ្រាន់តែធ្វើធម្មយាត្រា និងសិទ្ធិយាត្រាក៏រើសអើងដែរ ហេតុអ្វីក៏អ្នកអស់
នោះខ្លាចហ៊ុន សែនម៉្លេះ? ជីវភាពរបស់អស់លោក
ប្រសើរណាស់ឬ? កុំភ្លេចថាពួកអស់លោកគ្រាន់
តែជាឆ្កែកំបែកក្បាលរបស់ហ៊ុន សែនប៉ុណ្ណោះ
អាខ្វាក់មានលុយចាយមិនអស់ ចុះអស់លោក
មានប៉ុន្មានម្នាក់ ?ម៉េចមិនបើកភ្នែក ថ្ងៃរះហើយ

Anonymous said...

Peaceful demonstration will not work with HUN SEN, Demonstrators must be touch how to use Mass Chemical destruction or Nuclear Weapons this is the best to overthrow Dictatorship HUN SEN