Sunday, December 08, 2013

សង្គម​ស៊ីវិល៖ ការ​វិវឌ្ឍន៍​ល្អ​នៃ​សិទ្ធិ​បញ្ចេញ​មតិ​កើត​ចេញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ


ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ
ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​សណ្ឋាគារ​
អ៊ីនធើខនធីណិនថល (InterContinental Hotel) រាជធានី​ភ្នំពេញ
 កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៣។ RFA/Morm Moniroth
អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស វាយ​តម្លៃ​ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​កម្ពុជា ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ មាន​ការ​វិវឌ្ឍន៍​គួរ​ឲ្យ​កត់​សម្គាល់ ប៉ុន្តែ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​ជឿន​លឿន​បន្ថែម​ទៀត ដើម្បី​អាច​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់ ពីព្រោះ​ការ​វិវឌ្ឍន៍​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ។

ដោយ ម៉ម មុនីរតន៍ RFA 2013-12-06

យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​វិវឌ្ឍន៍​ថ្មីៗ​ទៅ​លើ​សិទ្ធិ​បញ្ចេញ​មតិ​នេះ គឺ​កើត​ចេញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ សហគមន៍​សុទ្ធសាធ គឺ​ពុំ​មែន​ជា​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ដោយ​ផ្ទាល់​នោះ​ទេ។

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​បញ្ចេញ​មតិ និង​ការពារ​សិទ្ធិ​មនុស្ស មាន​សុឆន្ទៈ​ថា ថ្មីៗ​នេះ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ហាក់​ត្រូវ​បាន​រើ​បម្រាស​ចេញ​ពី​ការ​គាប​សង្កត់ និង​មាន​ភាព​ទូលំទូលាយ​ជាង​មុន​បន្តិច។ ការ​ប្រែប្រួល​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ចំហ ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​នេះ ព្រោះ​តែ​ចលនា​នៃ​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របៀប​គ្រប់គ្រង​របស់​សហគមន៍ ហាក់​មាន​សន្ទុះ ហើយ​បាន​ក្លាយ​ជា​សម្ពាធ​មួយ​ទៀត​ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន ទៅ​រដ្ឋាភិបាល។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ធ្វើ​ពិធី​បូក​សរុប​ស្ថានភាព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ នា​សណ្ឋាគារ​អ៊ីនធើខនធីណិនថល (InterContinental Hotel) រាជធានី​ភ្នំពេញ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ កត់​សម្គាល់​ឃើញ​ថា ចរន្ត​នៃ​សិទ្ធិ​បញ្ចេញ​មតិ​ហាក់​មាន​ចលនា និង​កំពុង​សាបព្រោះ​ខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន។ លោក​គិត​ថា ភាព​រស់​រវើក​នៃ​សិទ្ធិ​បញ្ចេញ​មតិ ដែល​កំពុង​មាន​ចលនា​នៅ​ពេល​នេះ គឺ​ពុំ​មែន​ជា​ការ​ផ្ដល់​ដោយ​រដ្ឋាភិបាល​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​ការ​ទាមទារ​ដោយ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ។ ធាតុ​ផ្សំ​ដែល​ជំរុញ​ឲ្យ​មាន​ចលនា​ផ្លាស់​ប្ដូរ​នេះ ជា​រួម​ក្នុង​ចរន្ត​នយោបាយ ពលរដ្ឋ​អាច​បញ្ចេញ​មតិ​គាំទ្រ​គណបក្ស​ណា​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត​ដោយ​ចំហ ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​បណ្ដាញ​សង្គម​ដទៃ​ទៀត ដើម្បី​រិះគន់​អ្នក​នយោបាយ ដោយ​ពុំ​លាក់លៀម។

លោក អ៊ូ វីរៈ៖ «រីក​ចម្រើន​ច្រើន មាន​ការ​ប៉ះ​ទង្គិច​ច្រើន​ជាង​មុន ប៉ុន្តែ​ដោយសារ​មនុស្ស​ហ៊ាន​ជាង​មុន។ មនុស្ស​ចាប់​ផ្ដើម​សកម្ម​ជាង​មុន ចូល​រួម​ច្រើន​ជាង​មុន។ ចំពោះ​ខ្ញុំ គឺ​រីក​ចម្រើន​ជាង​មុន។ ដោយសារ​ការ​រុញ​របស់​ប្រជាពលរដ្ឋ​ហ្នឹង គឺ​រដ្ឋាភិបាល​ទប់​លែង​ជាប់។ ដោយសារ​អ៊ីចឹង​ទៅ រដ្ឋាភិបាល​ត្រូវ​ឆ្លើយ​តប​ដោយ​ការ​បើក​ទូលាយ​ជាង​មុន។ យើង​ឃើញ​ពី​ដើម​មក ដែល​មាន​បាតុកម្ម​អី​ណា ដើរ​ក្បួន​ដោយ​គណបក្ស​រាប់​ម៉ឺន​នាក់»។

បើ​ទោះ​ជា​បែប​ណា លោក អ៊ូ វីរៈ ព្រមាន​ថា ការ​រឹត​ត្បិត​ប្រឆាំង​ចំពោះ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ណា​មួយ នឹង​ធ្វើ​ឲ្យ​សង្គម​ទាំង​មូល​ត្រូវ​ប្រេះឆា និង​បែក​បាក់​សាមគ្គី។ ជាពិសេស យន្តការ​នេះ​ត្រូវ​ប្រើប្រាស់​ពេល​វេលា​វែង​ឆ្ងាយ​បន្ត​ទៅ​ទៀត ដើម្បី​ផ្លាស់​ប្ដូរ។

ពាក់ព័ន្ធ​បញ្ហា​នេះ របាយការណ៍​កម្រាស់ ១១​ទំព័រ ដែល​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រក​ឃើញ​ថា សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​តែ​ត្រូវ​ប្រឈម​មុខ​ខ្ពស់ និង​រួម​តូច​នៅ​ឡើយ។ ជាពិសេស សម្ពាធ​ការ​រឹត​ត្បិត និង​ក្ដី​បារម្ភ​ទៅ​លើ​អ្នក​សរសេរ​ប្លុក​គេហទំព័រ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម អ្នក​សារព័ត៌មាន មេធាវី អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​តស៊ូ​មតិ​ផ្នែក​សេរីភាព។ ជាង​នេះ​ទៀត ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម និង​ការ​រារាំង​ទាមទារ​សិទ្ធិ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រឹត​បន្តឹង និង​រារាំង​ជា​ដរាប ដោយ​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល។

និស្សិត​ចិត្តវិទ្យា​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា គោ សិលា ថ្លែង​ថា ការ​ពិត សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​មាន​បច្ចុប្បន្ន នៅ​មិន​ទាន់​អាច​ចាត់​ទុក​ថា​ត្រូវ​បាន​ផ្ដល់ ដូច​រដ្ឋាភិបាល​ធ្លាប់​បាន​សន្យា ដែល​មាន​ចែង​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​ឡើយ​ទេ៖ «ឧទាហរណ៍​ដូច​ជា​បញ្ហា​ការ​ធ្វើ​បាតុកម្ម ច្បាប់​មួយ​ចំនួន​យើង​និយាយ​ថា ឲ្យ​ត្រឹម ២០០​នាក់​អី​អ៊ីចឹង​អ្ហា។ អ៊ីចឹង​បាន​ន័យ​ថា វា​ប្រជាពលរដ្ឋ ៥០០​នាក់ ដែល​គាត់​ចង់​ចូល​រួម​ធ្វើ​បាតុកម្ម បញ្ចេញ​នូវ​សំឡេង​របស់​គាត់។ តើ​គាត់​ធ្វើ​ទៅ​បាន​ទេ? អ៊ីចឹង ខ្ញុំ​គិត​ថា អា​នេះ​ដែល​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​កម្ពុជា នៅ​ភាព​មិន​ពេញ​លេញ ឬ​ហាក់​បី​ដូច​ជា​សេរីភាព​បញ្ចេញ​មតិ​ស្ថិត​នៅ​លើ​ស្លឹក​ឈូក​មួយ»។

កញ្ញា សន រ៉ាមណា អ្នក​សម្រប​សម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ គេ​នៅ​ពុំ​ទាន់​មាន​ទិន្នន័យ​ជាក់​លាក់​អំពី​អ្នក​រងគ្រោះ​ដោយសារ​ការ​គំរាម​កំហែង​ផ្នែក​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ឡើយ​ទេ។

ក៏ប៉ុន្តែ កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ​ថ្មីៗ​នេះ មាន​បុគ្គលិក​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត សែលខាត ម្នាក់ (Cellcard) នៅ​ខេត្ត​ស្ទឹងត្រែង ត្រូវ​ជាប់​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍ ដោយ​គ្រាន់​តែ​ទម្លាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ពី​អំពើ​ពុក​រលួយ​របស់​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់។ ចំណែក លោក សេង គុណការ ប្រធាន​សន្តិសុខ​ស្បៀង​អាហារ​ពិភពលោក (WFP) ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៦​ខែ កាល​ពី​ខែ ធ្នូ ឆ្នាំ​២០១០ ពី​បទ​បាន​ញុះញង់​បង្ក​ឲ្យ​មាន​បទ​ឧក្រិដ្ឋ ដោយសារ​បាន​បោះពុម្ព​អត្ថបទ​មួយ ដែល​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​ឈ្មោះ ខេ.អាយ (Ki-Media) ចែក​ផ្សាយ​បន្ត​ទៅ​មិត្តភ័ក្ដិ។

យ៉ាង​នេះ​ក៏ដោយ​ចុះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី អះអាង​ថា មហិច្ឆតា​របស់​រដ្ឋាភិបាល គឺ​ធ្វើ​យ៉ាង​ណា​មិន​ត្រឹម​បើក​ទូលាយ​ចំពោះ​ការ​ផ្ដល់​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ដោយ​ស្មើភាព​នោះ​ទេ ថែម​ទាំង​លើក​ទឹក​ចិត្ត​ជា​ដៃគូ​ល្អ ដើម្បី​យុទ្ធសាស្ត្រ​កែ​ទម្រង់​គោល​នយោបាយ​ចិរភាព​ថែម​ទៀត៖ «យើង​នៅ​ជ្រុង​រដ្ឋាភិបាល យើង​បាន​ប្ដេជ្ញា​ថា​យើង​ធ្វើ​ឲ្យ​មាន​គុណភាព​នៃ​សិទ្ធិ​មនុស្ស​ហ្នឹង​ឲ្យ​បាន​ល្អ។ ល្អ​ទើប​យើង​អាច​ពេញ​ចិត្ត​ទាំងអស់​គ្នា។ ប៉ុន្តែ ការ​ពេញ​ចិត្ត ឲ្យ​តែ​មាន​ជីវិត គឺ​មិន​ដែល​ពេញ​ចិត្ត។ យើង​នៅ​តែ​វិវឌ្ឍន៍​បន្ត​ទៅ​ទៀត ពីព្រោះ​ជីវិត​មនុស្ស​ត្រូវ​ការ​បន្ត»។

បើ​ទោះ​ជា​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្បូរ​បែប​យ៉ាង​ណា​ក៏ដោយ ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ រួម​មាន បោះពុម្ព​អនឡាញ (Online) វិទ្យុ និង​ទូរទស្សន៍ ផង និយាយ​ថា ពួក​គេ​នៅ​ពុំ​អាច​លាត​ត្រដាង​ការ​ពិត​ដោយ​សេរី ពី​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​របស់​មន្ត្រី​រដ្ឋាភិបាល ឬ​អ្នក​មាន​អំណាច​នៅ​ក្នុង​សង្គម​បាន​នៅ​ឡើយ៕

2 comments:

Anonymous said...

'Fear' paralyses people rendering them useless unable to do anything!

Now is the time to DO EVERYTHING WE CAN TO GET OUR COUNTRY FROM THE CLUTCH Of A DICTATOR!

To do everything we can, needs bravery! So talk about bravery and DO EVERYTHING YOU CAN, according to international law and assert our rights as Human beings! Why live with fear and allow people to behave like animals in our society!!! ?

WAKE UP KHMER AND BE BRAVE - SHOW ALL YOUR BRAVE HEARTS!!!

Anonymous said...

YUON TOOL!!!