Sunday, December 08, 2013
សង្គមស៊ីវិល៖ ការវិវឌ្ឍន៍ល្អនៃសិទ្ធិបញ្ចេញមតិកើតចេញពីឆន្ទៈរបស់ពលរដ្ឋ
ដោយ ម៉ម មុនីរតន៍ RFA 2013-12-06
យ៉ាងណាក៏ដោយ សង្គមស៊ីវិលចាត់ទុកថា ការវិវឌ្ឍន៍ថ្មីៗទៅលើសិទ្ធិបញ្ចេញមតិនេះ គឺកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ សហគមន៍សុទ្ធសាធ គឺពុំមែនជាការជំរុញរបស់រដ្ឋាភិបាលដោយផ្ទាល់នោះទេ។
អង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិបញ្ចេញមតិ និងការពារសិទ្ធិមនុស្ស មានសុឆន្ទៈថា ថ្មីៗនេះ សេរីភាពនៃការបញ្ចេញមតិហាក់ត្រូវបានរើបម្រាសចេញពីការគាបសង្កត់ និងមានភាពទូលំទូលាយជាងមុនបន្តិច។ ការប្រែប្រួលដែលជំរុញឲ្យរដ្ឋាភិបាលបើកចំហ ក្នុងការអនុវត្តគោលនយោបាយនេះ ព្រោះតែចលនានៃការទាមទារឲ្យមានការផ្លាស់ប្ដូររបៀបគ្រប់គ្រងរបស់សហគមន៍ ហាក់មានសន្ទុះ ហើយបានក្លាយជាសម្ពាធមួយទៀតក្នុងបរិបទនយោបាយបច្ចុប្បន្ន ទៅរដ្ឋាភិបាល។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានធ្វើពិធីបូកសរុបស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅថ្ងៃទី៦ ខែធ្នូ នាសណ្ឋាគារអ៊ីនធើខនធីណិនថល (InterContinental Hotel) រាជធានីភ្នំពេញ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ កត់សម្គាល់ឃើញថា ចរន្តនៃសិទ្ធិបញ្ចេញមតិហាក់មានចលនា និងកំពុងសាបព្រោះខ្លាំងក្នុងពេលបច្ចុប្បន្ន។ លោកគិតថា ភាពរស់រវើកនៃសិទ្ធិបញ្ចេញមតិ ដែលកំពុងមានចលនានៅពេលនេះ គឺពុំមែនជាការផ្ដល់ដោយរដ្ឋាភិបាលទេ។ ប៉ុន្តែផ្ទុយទៅវិញ វាគឺជាការទាមទារដោយផ្ទាល់របស់ប្រជាពលរដ្ឋ។ ធាតុផ្សំដែលជំរុញឲ្យមានចលនាផ្លាស់ប្ដូរនេះ ជារួមក្នុងចរន្តនយោបាយ ពលរដ្ឋអាចបញ្ចេញមតិគាំទ្រគណបក្សណាមួយដែលខ្លួនពេញចិត្តដោយចំហ ការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសង្គមដទៃទៀត ដើម្បីរិះគន់អ្នកនយោបាយ ដោយពុំលាក់លៀម។
លោក អ៊ូ វីរៈ៖ «រីកចម្រើនច្រើន មានការប៉ះទង្គិចច្រើនជាងមុន ប៉ុន្តែដោយសារមនុស្សហ៊ានជាងមុន។ មនុស្សចាប់ផ្ដើមសកម្មជាងមុន ចូលរួមច្រើនជាងមុន។ ចំពោះខ្ញុំ គឺរីកចម្រើនជាងមុន។ ដោយសារការរុញរបស់ប្រជាពលរដ្ឋហ្នឹង គឺរដ្ឋាភិបាលទប់លែងជាប់។ ដោយសារអ៊ីចឹងទៅ រដ្ឋាភិបាលត្រូវឆ្លើយតបដោយការបើកទូលាយជាងមុន។ យើងឃើញពីដើមមក ដែលមានបាតុកម្មអីណា ដើរក្បួនដោយគណបក្សរាប់ម៉ឺននាក់»។
បើទោះជាបែបណា លោក អ៊ូ វីរៈ ព្រមានថា ការរឹតត្បិតប្រឆាំងចំពោះសិទ្ធិសេរីភាពនៃការបញ្ចេញមតិណាមួយ នឹងធ្វើឲ្យសង្គមទាំងមូលត្រូវប្រេះឆា និងបែកបាក់សាមគ្គី។ ជាពិសេស យន្តការនេះត្រូវប្រើប្រាស់ពេលវេលាវែងឆ្ងាយបន្តទៅទៀត ដើម្បីផ្លាស់ប្ដូរ។
ពាក់ព័ន្ធបញ្ហានេះ របាយការណ៍កម្រាស់ ១១ទំព័រ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា សិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅតែត្រូវប្រឈមមុខខ្ពស់ និងរួមតូចនៅឡើយ។ ជាពិសេស សម្ពាធការរឹតត្បិត និងក្ដីបារម្ភទៅលើអ្នកសរសេរប្លុកគេហទំព័រ អ្នកប្រើប្រាស់បណ្ដាញសង្គម អ្នកសារព័ត៌មាន មេធាវី អ្នកការពារសិទ្ធិមនុស្ស និងអ្នកតស៊ូមតិផ្នែកសេរីភាព។ ជាងនេះទៀត ច្បាប់ស្ដីពីការធ្វើបាតុកម្ម និងការរារាំងទាមទារសិទ្ធិ គឺជាផ្នែកមួយនៃការរឹតបន្តឹង និងរារាំងជាដរាប ដោយមន្ត្រីកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។
និស្សិតចិត្តវិទ្យាឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា គោ សិលា ថ្លែងថា ការពិត សេរីភាពនៃការបញ្ចេញមតិដែលមានបច្ចុប្បន្ន នៅមិនទាន់អាចចាត់ទុកថាត្រូវបានផ្ដល់ ដូចរដ្ឋាភិបាលធ្លាប់បានសន្យា ដែលមានចែងជាសកលស្ដីពីសិទ្ធិមនុស្សនៅឡើយទេ៖ «ឧទាហរណ៍ដូចជាបញ្ហាការធ្វើបាតុកម្ម ច្បាប់មួយចំនួនយើងនិយាយថា ឲ្យត្រឹម ២០០នាក់អីអ៊ីចឹងអ្ហា។ អ៊ីចឹងបានន័យថា វាប្រជាពលរដ្ឋ ៥០០នាក់ ដែលគាត់ចង់ចូលរួមធ្វើបាតុកម្ម បញ្ចេញនូវសំឡេងរបស់គាត់។ តើគាត់ធ្វើទៅបានទេ? អ៊ីចឹង ខ្ញុំគិតថា អានេះដែលជាចំណុចដែលធ្វើឲ្យកម្ពុជា នៅភាពមិនពេញលេញ ឬហាក់បីដូចជាសេរីភាពបញ្ចេញមតិស្ថិតនៅលើស្លឹកឈូកមួយ»។
កញ្ញា សន រ៉ាមណា អ្នកសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឲ្យដឹងថា គិតមកដល់ពេលនេះ គេនៅពុំទាន់មានទិន្នន័យជាក់លាក់អំពីអ្នករងគ្រោះដោយសារការគំរាមកំហែងផ្នែកសេរីភាពនៃការបញ្ចេញមតិនៅឡើយទេ។
ក៏ប៉ុន្តែ កាលពីខែវិច្ឆិកា កន្លងទៅថ្មីៗនេះ មានបុគ្គលិកក្រុមហ៊ុនទូរស័ព្ទចល័ត សែលខាត ម្នាក់ (Cellcard) នៅខេត្តស្ទឹងត្រែង ត្រូវជាប់ចោទពីបទបរិហារកេរ្តិ៍ ដោយគ្រាន់តែទម្លាយព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក ពីអំពើពុករលួយរបស់មន្ត្រីកងរាជអាវុធហត្ថម្នាក់។ ចំណែក លោក សេង គុណការ ប្រធានសន្តិសុខស្បៀងអាហារពិភពលោក (WFP) ត្រូវសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ខែ កាលពីខែ ធ្នូ ឆ្នាំ២០១០ ពីបទបានញុះញង់បង្កឲ្យមានបទឧក្រិដ្ឋ ដោយសារបានបោះពុម្ពអត្ថបទមួយ ដែលចុះផ្សាយក្នុងគេហទំព័រឈ្មោះ ខេ.អាយ (Ki-Media) ចែកផ្សាយបន្តទៅមិត្តភ័ក្ដិ។
យ៉ាងនេះក៏ដោយចុះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី អះអាងថា មហិច្ឆតារបស់រដ្ឋាភិបាល គឺធ្វើយ៉ាងណាមិនត្រឹមបើកទូលាយចំពោះការផ្ដល់ការរិះគន់ក្នុងន័យស្ថាបនាដោយស្មើភាពនោះទេ ថែមទាំងលើកទឹកចិត្តជាដៃគូល្អ ដើម្បីយុទ្ធសាស្ត្រកែទម្រង់គោលនយោបាយចិរភាពថែមទៀត៖ «យើងនៅជ្រុងរដ្ឋាភិបាល យើងបានប្ដេជ្ញាថាយើងធ្វើឲ្យមានគុណភាពនៃសិទ្ធិមនុស្សហ្នឹងឲ្យបានល្អ។ ល្អទើបយើងអាចពេញចិត្តទាំងអស់គ្នា។ ប៉ុន្តែ ការពេញចិត្ត ឲ្យតែមានជីវិត គឺមិនដែលពេញចិត្ត។ យើងនៅតែវិវឌ្ឍន៍បន្តទៅទៀត ពីព្រោះជីវិតមនុស្សត្រូវការបន្ត»។
បើទោះជាមានប្រព័ន្ធផ្សព្វផ្សាយសម្បូរបែបយ៉ាងណាក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ រួមមាន បោះពុម្ពអនឡាញ (Online) វិទ្យុ និងទូរទស្សន៍ ផង និយាយថា ពួកគេនៅពុំអាចលាតត្រដាងការពិតដោយសេរី ពីការប្រព្រឹត្តិអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាល ឬអ្នកមានអំណាចនៅក្នុងសង្គមបាននៅឡើយ៕
Subscribe to:
Post Comments (Atom)
2 comments:
'Fear' paralyses people rendering them useless unable to do anything!
Now is the time to DO EVERYTHING WE CAN TO GET OUR COUNTRY FROM THE CLUTCH Of A DICTATOR!
To do everything we can, needs bravery! So talk about bravery and DO EVERYTHING YOU CAN, according to international law and assert our rights as Human beings! Why live with fear and allow people to behave like animals in our society!!! ?
WAKE UP KHMER AND BE BRAVE - SHOW ALL YOUR BRAVE HEARTS!!!
YUON TOOL!!!
Post a Comment