Friday, December 06, 2013
សមាជិកសភាអឺរ៉ុបសន្យាពិភាក្សាលើសំណើរបស់សហព័ន្ធខ្មែរក្រោម
សមាជិកសភាអឺរ៉ុប បានសន្យាថានឹងយកសំណើរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ទៅពិភាក្សា ដើម្បីរកដំណោះស្រាយជួយព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅខេត្តឃ្លាំង ដែលត្រូវតុលាការប្រជាជនវៀតណាម កាត់ទោសអោយជាប់ពន្ធនាគារកាលពីពេលថ្មីៗនេះ។
ដោយ យាង សុជាមេត្តា RFA 2013-12-06
សហព័ន្ធខ្មែរកម្ពុជាក្រោម បានដាក់សំណើនេះជូនសភាអឺរ៉ុប នៅពេលដែលព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមប្រមាណ ២០០អង្គនិងនាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅទីក្រុងព្រូសសែល (Brussels) ប្រទេសបែលហ្សិក (Belgium) កាលពីថ្ងៃទី៣ ខែធ្នូ។
សមាជិកសភាអឺរ៉ុប ទទួលបន្ទុកការងារតំបន់អាស៊ី លោក វ៉ុនម៉ែន សាហ្កាន (Wonmansagan) បានចេញមកទទួលយកញត្តិដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ដាក់ជូនតំណាងជាន់ខ្ពស់សហគមន៍អឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ អ្នកស្រី កាថារីន អាស្តន់ (Katherine Ashton) កាលពីថ្ងៃទី៣ ធ្នូ នៅមុខការិយាល័យសភាអឺរ៉ុប ក្នុងទីក្រុងព្រូសសែល ប្រទេសបែលហ្សិក។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុកថាច់ ដែលបានចូលរួមក្នុងបាតុកម្មតវ៉ាទាមទារអោយរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែរនោះ បានអោយដឹងនៅថ្ងៃទី៦ ធ្នូ ថា សមាជិកសភាអឺរ៉ុប បានចេញមកទទួលយកញត្តិដោយផ្ទាល់ពីសហព័ន្ធខ្មែរក្រោម ហើយបានថ្លែងថា លោកនឹងយកសំណើរបស់ខ្មែរក្រោមទៅពិភាក្សា ដើម្បីរកដំណោះស្រាយជួយព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលកំពុងរងគ្រោះ។
លោក ថាច់ ង៉ុកថាច់៖ «ខ្ញុំជឿថា នឹងបានផលប្រយោជន៍យ៉ាងធំធេង ដោយគាត់ចុះទៅទទួល ហើយនិយាយជាមួយបាតុករយើងនោះ។ ហើយលើកនេះ គឺយើងទៅធ្វើនៅមុខសភាអឺរ៉ុប ហើយគាត់ចុះមកទទួលផ្ទាល់តែម្តង។ ខ្ញុំជឿថា នឹងមានប្រសិទ្ធភាពដូចដែលកាលសម័យរឿងគ្រូ ទឹម សាខន គឹម មឿន ចាន់ ទូន អ៊ីចឹង គឺយើងទៅធ្វើនៅមុខសភាអឺរ៉ុប គេចុះមកទទួលយកញត្តិយើងត្រឹមត្រូវ ហើយគេមានការប្រឹងប្រែង។ ដូច្នេះ លើកនេះក៏ដូចជាលើកមុនអ៊ីចឹងដែរ ចុះទទួលញត្តិយើង ហើយនិយាយស្អីដែលគាត់អាចធ្វើបាន ស្អីដែលសភាអឺរ៉ុប អាចធ្វើបាន ដើម្បីជួយព្រះសង្ឃបងប្អូនខ្មែរក្រោម»។
ព្រះសង្ឃខ្មែរក្រោមនៅវត្តព្រៃជាប់ និងវត្តសិរីតាសេក ស្ថិតក្នុងខេត្តឃ្លាំង ត្រូវបានអាជ្ញាធរវៀតណាម ធ្វើបាប និងកាត់ទោសអោយជាប់ពន្ធនាគារជាបន្តបន្ទាប់។ តួយ៉ាង ព្រះសង្ឃខ្មែរក្រោមនៅវត្តព្រៃជាប់ ព្រះនាម លី ចិន្តា ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួន បន្ទាប់មកចាប់ផ្សឹក និងឃុំខ្លួនកាលពីខែឧសភា ឆ្នាំ២០១៣ ហើយពលរដ្ឋខ្មែរក្រោម ៤នាក់ផ្សេងទៀត ក៏ត្រូវបានអាជ្ញាធរវៀតណាម កាត់ទោសអោយជាប់ពន្ធនាគារពី ១០ខែ ទៅ ១ឆ្នាំ ដោយចោទពីបទបំផ្លាញសណ្ដាប់ធ្នាប់សាធារណៈ។
ចំណែកព្រះសង្ឃខ្មែរក្រោម ២អង្គ នៅវត្តសិរីតាសេក គឺព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី ព្រមទាំងពលរដ្ឋខ្មែរក្រោម ២នាក់ផ្សេងទៀត ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន និងកាត់ទោសអោយជាប់ពន្ធនាគារពី ២ ទៅ ៦ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៣ ដោយចោទពីបទរត់គេចខ្លួនទៅក្រៅប្រទេស ដើម្បីប្រឆាំងរដ្ឋាភិបាលវៀតណាម និងការរៀបគម្រោងអោយខ្មែរក្រោមផ្សេងទៀត រត់គេចចេញពីវៀតណាម ជាដើម។
តាំងពីមានការកាត់ទោសព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្លាប់បានប្រមូលផ្តុំគ្នានៅមុខក្រសួងការបរទេសសហរដ្ឋអាមេរិក ធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ប្រចាំប្រទេសកាណាដា ដែលនៅពេលនោះ មន្ត្រីស្ថានទូតវៀតណាម ក៏បានចេញមកទទួលញត្តិរបស់ខ្មែរក្រោម។ រីឯនៅប្រទេសអូស្ត្រាលី វិញ តំណាងរាស្ត្រអូស្ត្រាលី ក៏បានទទួលយកញត្តិរបស់ខ្មែរក្រោមនោះដែរ។
សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ដែលធ្វើការពាក់ព័ន្ធនឹងបញ្ហាខ្មែរកម្ពុជាក្រោម ធ្លាប់លើកឡើងថា សហគមន៍អន្តរជាតិអាចមានសម្ពាធទៅលើប្រទេសវៀតណាម អំពីការរំលោភសិទ្ធិមនុស្ស។ វៀតណាម ជាភាគីនៃអនុសញ្ញា និងសេចក្តីប្រកាសមួយចំនួន ទាក់ទងសិទ្ធិមនុស្ស។ ម្យ៉ាងទៀត វៀតណាម ជាប្រទេសកំពុងអភិវឌ្ឍ ដែលត្រូវការចាំបាច់នូវជំនួយបរទេស ដើម្បីធ្វើការអភិវឌ្ឍប្រទេសរបស់ខ្លួន។
ម្យ៉ាងទៀត កាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៣ វៀតណាម ក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ជាលើកដំបូង។ ប្រការនេះ បានធ្វើអោយអង្គការសមាគមខ្មែរក្រោម យល់ថា វាជារឿងមួយល្អសម្រាប់ខ្មែរក្រោម ព្រោះខ្មែរក្រោមអាចនិយាយប្រាប់រដ្ឋាភិបាលនានា និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នូវសកម្មភាពរំលោភសិទ្ធិខ្មែរក្រោមដែលរដ្ឋាភិបាលវៀតណាម បានប្រព្រឹត្ត។
ទាក់ទងនឹងបញ្ហាកាត់ទោសព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនេះដែរ អង្គការសមាគមខ្មែរកម្ពុជាក្រោមទាំង១២ នៅកម្ពុជា ក៏បានដាក់ញត្តិទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ តុលា ឆ្នាំ២០១៣ ដើម្បីអោយរដ្ឋាភិបាលកម្ពុជា ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនោះ។ តែមកទល់ពេលនេះ ពុំទាន់មានការឆ្លើយតបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅឡើយ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ធ្លាប់បានអោយដឹងថា ខ្មែរក្រោមនៅកម្ពុជា អាចនឹងធ្វើបាតុកម្ម ប្រសិនបើគ្មានការឆ្លើយតបណាមួយនោះ។
សមាជិកអង្គការសមាគមខ្មែរកម្ពុជាក្រោមទាំង១២ និងពលរដ្ឋខ្មែរក្រោមមកពីតាមបណ្ដាខេត្តផ្សេងទៀត នឹងជួបជុំគ្នានៅថ្ងៃទី១៤ ខែធ្នូ នៅវត្តសាមគ្គីរង្សី ក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីបញ្ហាខ្មែរក្រោម និងអំពីវិធានការនានា ដើម្បីជួយព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment