Friday, April 27, 2012

៧​គ្រួសារ​នៅ​ពោធិ៍សាត់​ឲ្យ​អាដហុក​ជួយ​រក​កូន​នៅ​ម៉ាឡេស៊ី

ពល​ការិនី​​ដែល​រងគ្រោះ​​នៅ​​ម៉ាឡេស៊ី​​​​​ ត្រូវ​បាន​សង្គ្រោះ​​ពី​ខែ​មីនា។ រូបថត​ លីណា​​
Thursday, 26 April 2012 12:00
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

ពោធិ៍សាត់ៈ ប្រជាពលរដ្ឋ​៧​គ្រួសារ​មក​ពី​ស្រុក​ភ្នំ​ក្រវាញ បាន​មក​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្តកាល ពី​ម្សិលមិញ ដើម្បី​ឲ្យ​ជួយ​កូន​ស្រីៗ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឲ្យ​វិលមក​ស្រុក​វិញ និង​ខ្លះ​បាន​ឲ្យ​ជួយ​រក​កូន​ដែល​បាត់​ដំណឹង

លោក ហែម ផេង វ័យ​៥៥​ឆ្នាំ មាន​កូន​ស្រី​ពីរ​នាក់​ចេញ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ តាម​រយៈ​ក្រុមហ៊ុន ហ្វីលីម័រ កាល​ពី​ឆ្នាំ​២០១០ បាន​ថ្លែងថា លោក​ស្នើ​ឲ្យ​អាដហុក ជួយ​នាំ​កូន​ស្រី​ទាំង​ពីរ​ឲ្យ​បាន​វិល​មក​ស្រុក​ខ្មែរ​វិញ ព្រោះ​នាង​បាន​លួច​ទូរស័ព្ទ​ម្ចាស់​ផ្ទះ​តេ​មក​ប្រាប់​ថា ម្ចាស់​ផ្ទះ​នាង​សាហាវ​ឃោរឃៅ ធ្វើ​ទារុណកម្ម​នាង​រាល់​ថ្ងៃ​។ លោក​ប្រាប់​ថា៖«​ចាប់​តាំង​ពី​កូន​ទាំង​ពីរ ទៅ​ម៉ាឡេស៊ី ពួក​គេ​មិន​ដែល​ផ្ញើ​លុយ​​មក​ផ្ទះ​ទេ​។ ​ខ្ញុំ​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន​នៅ​ភ្នំពេញ​ឲ្យ​នាំ​កូន​ស្រី​ខ្ញុំ​ មកវិញ​ តែ​មិន​អាច​ទាក់ទង​លេខ​​ទូរស័ព្ទ ដែល​ក្រុមហ៊ុន​ផ្តល់​ឲ្យ​មក​ខ្ញុំ​បាន​ទេ»។

លោក​ប្រាប់​ពី​មូលហេតុ​ដែល​ព្រម​ឲ្យ​កូន​ស្រី​ទាំង​ពីរ​ គឺកញ្ញា ផេង សុភា វ័យ​២១​ឆ្នាំ និង​កញ្ញា ផេង សុភី វ័យ​១៨​ឆ្នាំ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ថា ដោយសារ​តែ​គិត​ថា ពួក​គេ​អាច​រក​ប្រាក់​មក​ជួយ​គ្រួសារ​ ប៉ុន្តែ ដឹងអី​ចាប់​តាំង​ពី​នាង​ចេញ​ទៅ លោក​ខកចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​បាន​ដំណឹង​ថា កូន​ទាំង​ពីរ​រង​ទារុណកម្ម​ពី​ម្ចាស់​ផ្ទះ​រាល់​ថ្ងៃ​។ លោក​ថា៖«បើ​ខ្ញុំ ដឹង​មុន​ថា​កូន​ខ្ញុំ​ទៅ​មាន​បញ្ហា​អ៊ីចឹង​នោះ ខ្ញុំ​មិន​ឲ្យ​ពួក​គេ​ទៅ​ទេ។ យើង​អាច​រស់នៅ​ជុំ​គ្នា​បាន ទោះ​ជា​យើង​ពុំ​មាន​ហូប​គ្រប់គ្រាន់​ក៏​ដោយ»។


លោក​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពាក់ព័ន្ធ នានា សូម​ជួយ​អន្តរាគមន៍​នាំ​កូន​​ស្រី​គាត់​មក​ស្រុក​វិញ។ លោក​ប្តេជ្ញា​ថា ឈប់​ជឿ​មេ​ខ្យល់​ដែល​មក​ទាក់ទាញ​ទៀត​ហើយ​។លោក​ថា ​អ្នក​ភូមិ​លោក​ច្រើន​ណាស់​ដែល​បាត់​ដំណឹង​កូន​ស្រី​។ លោក​ត្អូញត្អែរ​ថា​ ៖ «​ខ្ញុំ​មិន​ដឹង​ថា​ក្រុមហ៊ុន​ហ្វីលីម័រ នៅ​ទីណា​ទេ ខ្ញុំ​មិន​អាច​រក​ក្រុមហ៊ុន​នេះ​ឃើញ​ទេ។ ខ្ញុំ​អស់​សង្ឃឹម​ខ្លាំង​ណាស់»។

លោក ថែម​ ង៉ុក​ វ័យ​៥២​ឆ្នាំ​មក​ពី​ឃុំ​ផ្ទះរុង បាន​ដាក់​ពាក្យ​ប្តឹង​សុំ​ឲ្យ​អង្គការ​អាដហុក​ជួយ​រក​ក្មួយ​ស្រី​៤ នាក់​ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​តាំង​ពី​ឆ្នាំ​ ២០១០​។ លោក​ថា​៖«ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ក្មួយ​ស្រី​នៅ​ម៉ាឡេស៊ី ប៉ុន្តែ​ខ្ញុំមិន​ដឹងថា ពួក​គេ​ធ្វើ​ការ​របៀប​ណា នៅ​ទីណា​ទេ ហើយ​រស់​ឬ​ស្លាប់​ក៏​មិន​ដឹង​ដែរ ដូច្នេះ​ខ្ញុំសូម​ឲ្យ​អង្គរ​ក្រៅ​រដ្ឋាភិបាល​ជួយ​រក​ខ្ញុំ​ផង»។

លោក​ត្អូញ​ថា លោក​មិន​ដឹង​ថា ​ត្រូវ​ស្វែងរក​ក្មួយស្រី​តាម​មធ្យោបាយ​ណា​ទេ​ ព្រោះ​ក្រុមហ៊ុន​នេះ​បាន​បិទ​ទ្វារ​ទៅ​ហើយ ហើយ​ពួក​គេ​មិន​លើក​ទូរស័ព្ទ​ទេ។

លោក ភួង សុធា​ អ្នក​សម្របសម្រួល​អង្គការ​អាដហុក​ខេត្ត​ បាន​ថ្លែង​ថា ​លោក​ទទួល​បណ្តឹង​ពី​គ្រួសារ​ទាំង​នោះ ហើយ​នឹង​ចាត់​វិធានការ​ទៅ​តាម​ច្បាប់។ លោក​ថា៖«​មូលហេតុ​ដែល​ពួក​គេ​ឲ្យ​កូន​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ព្រោះ​តែ​ពួក​គាត់​ចាញ់​បោក​មេ​ខ្យល់»។

លោក​បញ្ជាក់​ថា​ ក្នុង​ខេត្ត​ពោធិ៍សាត់​គិត​ពី​ខែ​មករា​មក​ដល់​ខែ​មេសា​នេះ មាន​បណ្តឹង​៤០​ករណី​ដែល​​បាន​ប្តឹង​ឲ្យ​ជួយ​ស្វែងរក​និង​នាំ​កូន​ស្រី មក​ស្រុក​ខែ្មរ​វិញ។

លោក មឿន តុលា ប្រធាន​កម្មវិធី​ពលកម្ម​នៅ​ឯមជ្ឈមណ្ឌល​អប់រំ​ផ្នែក​ច្បាប់​សហគមន៍ បាន​ថ្លែងថា បើ​មាន​បណ្តឹង​ពី​សាច់​ញាតិ នោះ​អង្គការ​លោក​នឹង​ជួយ​រក​ពួក​គេ​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​បាន​។

លោក ​សុខ ចាន់ភក្តី អគ្គលេខាធិការ​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​និង​ជា​ប្រធាន​ ក្រុមហ៊ុន ​ហ្វីលីម័រ បាន​ប្រាប់​ថា ក្រុមហ៊ុន​នៅ​ដំណើរ​ការ​ធម្មតា​ ប៉ុន្តែ​បាន​ប្តូរ​ស្នាក់​ការ​ពី​ទួល​គោក​ទៅ​អន្លង់​ក្ងាន។ ​លោក​ថា​៖«​គ្រួសារ​ដែល​ចង់​ដឹង​ព័ត៌មាន​កូន​ ឲ្យ​មក​ទាក់ទង​នៅ​សាលា​គេ​រៀន​មុន​ចេញ​ទៅ ​នោះ​នឹង​បាន​ដឹង​ដំណឹង​កូន​ហើយ​»៕

1 comment:

Anonymous said...

យួនចូលស្រុកខ្មែរ ៦ លានកន្លះ ខ្មែរអត់របររកស៊ី
រត់ចោលប្រទេស ទៅធ្វើខ្ញុំកញ្ជះបរទេស ស្ទើរទូ
ទាំងពិភពលោក។
ទាំងអស់នេះ ព្រោះតែអ្នកដឹកនាំខ្មែរធ្វើឆ្កែយួន។