ពលការិនីដែលរងគ្រោះនៅម៉ាឡេស៊ី ត្រូវបានសង្គ្រោះពីខែមីនា។ រូបថត លីណា |
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
ពោធិ៍សាត់ៈ ប្រជាពលរដ្ឋ៧គ្រួសារមកពីស្រុកភ្នំក្រវាញ បានមករកកិច្ចអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្សអាដហុកខេត្តកាល ពីម្សិលមិញ ដើម្បីឲ្យជួយកូនស្រីៗ ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឲ្យវិលមកស្រុកវិញ និងខ្លះបានឲ្យជួយរកកូនដែលបាត់ដំណឹង។
លោក ហែម ផេង វ័យ៥៥ឆ្នាំ មានកូនស្រីពីរនាក់ចេញទៅធ្វើការនៅម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន ហ្វីលីម័រ កាលពីឆ្នាំ២០១០ បានថ្លែងថា លោកស្នើឲ្យអាដហុក ជួយនាំកូនស្រីទាំងពីរឲ្យបានវិលមកស្រុកខ្មែរវិញ ព្រោះនាងបានលួចទូរស័ព្ទម្ចាស់ផ្ទះតេមកប្រាប់ថា ម្ចាស់ផ្ទះនាងសាហាវឃោរឃៅ ធ្វើទារុណកម្មនាងរាល់ថ្ងៃ។ លោកប្រាប់ថា៖«ចាប់តាំងពីកូនទាំងពីរ ទៅម៉ាឡេស៊ី ពួកគេមិនដែលផ្ញើលុយមកផ្ទះទេ។ ខ្ញុំព្យាយាមទាក់ទងក្រុមហ៊ុននៅភ្នំពេញឲ្យនាំកូនស្រីខ្ញុំ មកវិញ តែមិនអាចទាក់ទងលេខទូរស័ព្ទ ដែលក្រុមហ៊ុនផ្តល់ឲ្យមកខ្ញុំបានទេ»។
លោកប្រាប់ពីមូលហេតុដែលព្រមឲ្យកូនស្រីទាំងពីរ គឺកញ្ញា ផេង សុភា វ័យ២១ឆ្នាំ និងកញ្ញា ផេង សុភី វ័យ១៨ឆ្នាំឲ្យទៅធ្វើការនៅម៉ាឡេស៊ីថា ដោយសារតែគិតថា ពួកគេអាចរកប្រាក់មកជួយគ្រួសារ ប៉ុន្តែ ដឹងអីចាប់តាំងពីនាងចេញទៅ លោកខកចិត្តជាខ្លាំង បន្ទាប់ពីបានដំណឹងថា កូនទាំងពីររងទារុណកម្មពីម្ចាស់ផ្ទះរាល់ថ្ងៃ។ លោកថា៖«បើខ្ញុំ ដឹងមុនថាកូនខ្ញុំទៅមានបញ្ហាអ៊ីចឹងនោះ ខ្ញុំមិនឲ្យពួកគេទៅទេ។ យើងអាចរស់នៅជុំគ្នាបាន ទោះជាយើងពុំមានហូបគ្រប់គ្រាន់ក៏ដោយ»។
លោកបានអំពាវនាវដល់អាជ្ញាធរនិងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធ នានា សូមជួយអន្តរាគមន៍នាំកូនស្រីគាត់មកស្រុកវិញ។ លោកប្តេជ្ញាថា ឈប់ជឿមេខ្យល់ដែលមកទាក់ទាញទៀតហើយ។លោកថា អ្នកភូមិលោកច្រើនណាស់ដែលបាត់ដំណឹងកូនស្រី។ លោកត្អូញត្អែរថា ៖ «ខ្ញុំមិនដឹងថាក្រុមហ៊ុនហ្វីលីម័រ នៅទីណាទេ ខ្ញុំមិនអាចរកក្រុមហ៊ុននេះឃើញទេ។ ខ្ញុំអស់សង្ឃឹមខ្លាំងណាស់»។
លោក ថែម ង៉ុក វ័យ៥២ឆ្នាំមកពីឃុំផ្ទះរុង បានដាក់ពាក្យប្តឹងសុំឲ្យអង្គការអាដហុកជួយរកក្មួយស្រី៤ នាក់ដែលចេញទៅធ្វើការនៅម៉ាឡេស៊ីតាំងពីឆ្នាំ ២០១០។ លោកថា៖«ខ្ញុំគ្រាន់តែដឹងថា ក្មួយស្រីនៅម៉ាឡេស៊ី ប៉ុន្តែខ្ញុំមិនដឹងថា ពួកគេធ្វើការរបៀបណា នៅទីណាទេ ហើយរស់ឬស្លាប់ក៏មិនដឹងដែរ ដូច្នេះខ្ញុំសូមឲ្យអង្គរក្រៅរដ្ឋាភិបាលជួយរកខ្ញុំផង»។
លោកត្អូញថា លោកមិនដឹងថា ត្រូវស្វែងរកក្មួយស្រីតាមមធ្យោបាយណាទេ ព្រោះក្រុមហ៊ុននេះបានបិទទ្វារទៅហើយ ហើយពួកគេមិនលើកទូរស័ព្ទទេ។
លោក ភួង សុធា អ្នកសម្របសម្រួលអង្គការអាដហុកខេត្ត បានថ្លែងថា លោកទទួលបណ្តឹងពីគ្រួសារទាំងនោះ ហើយនឹងចាត់វិធានការទៅតាមច្បាប់។ លោកថា៖«មូលហេតុដែលពួកគេឲ្យកូនទៅធ្វើការនៅម៉ាឡេស៊ី ព្រោះតែពួកគាត់ចាញ់បោកមេខ្យល់»។
លោកបញ្ជាក់ថា ក្នុងខេត្តពោធិ៍សាត់គិតពីខែមករាមកដល់ខែមេសានេះ មានបណ្តឹង៤០ករណីដែលបានប្តឹងឲ្យជួយស្វែងរកនិងនាំកូនស្រី មកស្រុកខែ្មរវិញ។
លោក មឿន តុលា ប្រធានកម្មវិធីពលកម្មនៅឯមជ្ឈមណ្ឌលអប់រំផ្នែកច្បាប់សហគមន៍ បានថ្លែងថា បើមានបណ្តឹងពីសាច់ញាតិ នោះអង្គការលោកនឹងជួយរកពួកគេឲ្យត្រឡប់មកស្រុកវិញបាន។
លោក សុខ ចាន់ភក្តី អគ្គលេខាធិការសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជានិងជាប្រធាន ក្រុមហ៊ុន ហ្វីលីម័រ បានប្រាប់ថា ក្រុមហ៊ុននៅដំណើរការធម្មតា ប៉ុន្តែបានប្តូរស្នាក់ការពីទួលគោកទៅអន្លង់ក្ងាន។ លោកថា៖«គ្រួសារដែលចង់ដឹងព័ត៌មានកូន ឲ្យមកទាក់ទងនៅសាលាគេរៀនមុនចេញទៅ នោះនឹងបានដឹងដំណឹងកូនហើយ»៕
1 comment:
យួនចូលស្រុកខ្មែរ ៦ លានកន្លះ ខ្មែរអត់របររកស៊ី
រត់ចោលប្រទេស ទៅធ្វើខ្ញុំកញ្ជះបរទេស ស្ទើរទូ
ទាំងពិភពលោក។
ទាំងអស់នេះ ព្រោះតែអ្នកដឹកនាំខ្មែរធ្វើឆ្កែយួន។
Post a Comment