Thursday, November 03, 2011

ករណី​លោក​គង់ គៀត ឆ្លុះ​បញ្ចាំង​ពី​ការ​ឈ្នះឆ្នោត​របស់​បក្ស​ប្រជាជន ដោយក្លែងបន្លំ - Election fraud in Cambodia

ករណី​លោក​គង់ គៀត ឆ្លុះ​បញ្ចាំង​ពី​ការ​ឈ្នះឆ្នោត​របស់​បក្ស​ប្រជាជន ដោយក្លែងបន្លំ

Thursday, 03 November 2011 12:01
សម រង្ស៊ី (សមាជិក​សភា ​ជាប់ឆ្នោត​)
The Phnom Penh Post

នៅ​ក្នុង​អត្តបទ​ចុះ​ថ្ងៃ​ទី​ ១ វិច្ឆិកា​ ដែល​មាន​ចំណងជើង​ថា «​ការ​សុំ​សិទ្ធិ​ជ្រកកោន​របស់​សមរង្ស៊ី» ​អគ្គលេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គជប) បាន​ថ្លែង​ថា លោក​មិន​ដឹង​អំពី​ពាក្យ​បណ្តឹង​ ដែល​គណបក្ស​សម​រង្ស៊ី​ ដាក់ប្តឹង​គណបក្ស​ប្រជាជន​កម្ពុជា ​​ភ្លាមៗ ​បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី ​២៧ ខែកក្កដា ឆ្នាំ​ ២០០៨​ នោះទេ​។

គណបក្ស​សម​រង្ស៊ី​បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ ពីបទ​ក្លែងបន្លំ​ ពាក់ព័ន្ធ​នឹង​ឯកសារ​អត្ត​សញ្ញាណ​ប័ណ្ណ​ក្លែង​ក្លាយ​មួយ​ ហៅ​ទម្រង់ ១០១៨ ធ្វើ​ឡើង​ដោយ​លោក សួស សារិន ​ចៅ​សង្កាត់​បឹង​ទំពុន នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ ទៅ​ឲ្យ​អ្នក​បោះឆ្នោត​ខុស​ច្បាប់​ម្នាក់ ឈ្មោះ​ គង់ គៀត។

ក្រោម​សម្ពាធ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ លោក គង់ គៀត បាន​បោះឆ្នោត​ទាំង​ក្លែង​បន្លំ​ ឲ្យ​គណបក្ស​ប្រជាជន​ ប៉ុន្តែ​ភ្លាមៗ​នោះ​ គាត់​បាន​មក​ជួប​ខ្ញុំ​ បង្ហាញ​ការ​ពិត​ ហើយ​បាន​ប្រកាស​អំពី​ការ​ក្លែងបន្លំ​ការ​បោះឆ្នោត ​រៀបចំ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។


គ្រាន់តែ​ភ្លាមៗ​ បន្ទាប់ពី​ការ​សម្រេច​ចិត្ត​យ៉ាង​ក្លាហាន​របស់​គាត់​ ធ្វើ​ជា​សាក្សី​ ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ លោក គង់ គៀត បាន​គេច​ខ្លួន​ពី​ការ​ចាប់​ខ្លួន​ដោយ​នគរបាល​ ហើយ​បាន​បង្ខំ​ចិត្ត​រត់​ទៅ​លាក់​ខ្លួន​អស់​រយៈ​ពេល​ជាង​ ៣​ ឆ្នាំ​។ គាត់​ត្រូវ​បាន​ផ្តល់ឲ្យ​នូវ​សិទ្ធិ​ជ្រោក​កោន​នយោបាយ​ ក្នុង​សហ​អាមេរិក​ ​ទើប​តែ​កាលពី​សប្តាហ៍​មុន ហើយ​ឥឡូវ​នេះ​ គាត់​រស់នៅ​​ North Carolina ជា​មួយ​ភរិយា​របស់​គាត់​ នឹង​កូន​បី​នាក់​។

ខ្ញុំ​សូម​បញ្ជាក់​ថា គណបក្ស​សម​រង្ស៊ី ​បាន​ដាក់​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ ​​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ត្រឹមតែ​ទៅ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ទេ​ ប៉ុន្តែ​ថែម​ទាំង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ (ភ្ជាប់​មក​ជា​មួយ​នេះ​គឺ​ជា​បណ្តឹង​ផ្លូវ​ច្បាប់ ​របស់​គណបក្ស​សម​រង្ស៊ី​ ចុះ​ថ្ងៃ​ទី​ ២៥ សីហា ឆ្នាំ​ ២០០៨)។

ករណី​របស់​លោក គង់ គៀត​ មិនមែន​ជា​រឿង​ដាច់​ដោយ​ឡែក​តែមួយ​នោះ​ទេ ប៉ុន្តែ​ឆ្លុះ​បញ្ចាំង​អំពី​គំរូ​នៃ​ការ​ក្លែង​បន្លំ​ការ​បោះ​ឆ្នោត​ធំ​មួយ​ ដែល​រួម​ចំណែក​ ទៅ​នឹង​ជ័យ​ជម្នះ​ទូទាំង​ប្រទេស​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០០៨​។ ម្យ៉ាង​វិញ​ទៀត នេះ​គឺ​«ជា​ជោគជ័យ​គួរឲ្យ​ភ្ញាក់​ផ្អើល​មួយ​» ដែល​ទទួល​បាន​យ៉ាង​ធំ​ តាម​រយៈ​ឈ្មោះ​ខ្មោច​ច្រើន​រាប់​មិន​អស់​ នៅ​លើ​បញ្ជី​អ្នក​បោះ​ឆ្នោត​ ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ហើយ​មួយ​វិញ​ទៀត​ ឯក​សារ​អត្តសញ្ញាណ​ប័ណ្ណ​ក្លែងក្លាយ​មួយ ​​ហៅ​ទម្រង់​ ១០១៨ បាន​ប្រើ​ឈ្មោះ​ខ្មោច​ខាង​លើ​ ធ្វើឡើង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​​ ផ្តល់​ទៅ​​អ្នក​បោះ​ឆ្នោត​ខុស​ច្បាប់​រាប់មិន​អស់​។​ ដើម្បី​បង្ហាញ​អំពី​គំរូ​ក្លែង​បន្លំ​​នោះ​ ខ្ញុំ​បាន​ដាក់​ទុក​ជា​ឯក​សារ​​ លើ​ករណី​រាប់​មិន​អស់​​ទូទាំង​ប្រទេស​ស្រដៀង​គ្នា​នឹង​ករណី​របស់​លោក ​​គង់ គៀត ហើយ​បាន​បង្ហាញ​ករណី​ទាំង​​នេះ ​នៅ http://tinyurl.com/​4272v3e

ក្នុង​អំឡុង​ពេល​ និង​បន្ទាប់​ពី​យុទ្ធនាការ​បោះ​ឆ្នោត​ឆ្នាំ​២០០​៨ ខ្ញុំ​បាន​ជួប​ជា​មួយ​ក្រុម​អ្នក​សង្កេត​ការណ៍​ឯក​រាជ្យ​ជា​ច្រើន​​ ជា​ពិសេស​ អ្នក​ដែល​មក​ពី​សហ​ភាព​អឺរ៉ុប (EU) ហើយ​បាន​ទាញ​ចំណាប់​អារម្មណ៍​របស់​ពួក​គេ ទៅ​លើ​ទម្រង់​នៃ​ការ​ក្លែង​បន្លំ​ការ​បោះ​ឆ្នោត​​នេះ ​ដែល​ប្រើ​ទម្រង់១០១៨។ ​ខ្ញុំ​មាន​សេចក្តី​ដឹង​គុណ​ ដែល​នៅ​ទី​បំផុត​ បាន​អាន​នៅ​ក្នុងរបាយការណ៍​ចុង​ក្រោយ​ នៃ​បេសកកម្ម​ក្រុម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ របស់​សហ​ភាព​អឺរ៉ុប (EU) មក​កម្ពុជា​ បោះ​ពុម្ព​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១៣ ខែតុលា ឆ្នាំ​២០០៨។ «​អ​ន​ុ​-​សាសន៍​សំខាន់​»​ ពី​ក្រុម​អ្នក​​អង្កេតសហគន៍​អឺរ៉ុប (EU) ​នេះ​គឺ​៖ «​ការ​ប្រើ​ទម្រង់​ ១០១៨ គួរ​តែ​ត្រូវ​លុប​បំបាត់​ មុន​ពេល​ការ​បោះ​ឆ្នោត​ខាង​មុខ​ណា​មួយ​»។ សូម​អាន​របាយការណ៍​សហភាព​អឺរ៉ុប​ទាំង​ស្រុង​ ​នៅ​ http://tinyurl.com/3fgsnxa

កំណត់​សម្គាល់​ចុង​ក្រោយ:

សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ក្រោម​បញ្ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​បាន​ធ្វើ​អ្វី​ចំពោះ​ពាក្យ​បណ្តឹង​ដែល​រៀប​រាប់​ខាង​លើ​​ ពី​បទ​ក្លែង​បន្លំ ​​ដែល​គណ​បក្ស​សម​រង្ស៊ី ​បាន​ដាក់​ប្តឹង​ប្រឆាំង​នឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​ នៅ​ក្នុង​ឆ្នាំ ​២០០៨​ នោះ​ទេ​។

​ពួក​​គេ​​បាន​ផ្អឹប​ចោល​​ ហើយ​បំភ្លេច​វា​។ ប៉ុន្តែ​នៅ​ពេល​ណា​មាន​បណ្តឹង​ណា​មួយ ដាក់​ដោយ​គណបក្ស​​ប្រជា​ជន​កម្ពុជា​ ប្រឆាំ​ង​​មក​លើ​រូប​ខ្ញុំ ដូច​ជា​ករណី​មួយ ​ពី​បទ​ក្លែង​បន្លំ​ផង​ដែរ​នោះ ​ដែល​រដ្ឋា​ភិបាល​លោក ហ៊ុន សែន ​ដាក់​ប្តឹង​ប្រឆាំង​រូបខ្ញុំ​ កាល​ពី​ឆ្នាំ​ ២០០៩ ​ពី​បទ​ដាក់​ផ្សាយ ​នៅលើ​អ៊ីន​ធឺណិត​ នូវ​ផែនទី​មួយ​ បង្កើត​ឡើង​ ដោយ​កង​ទ័ព​អាមេរិក​ ​និង​ចេញ​ផ្សាយ​ នៅ​លើ​វិបសាយ​អស់រយៈ​ពេល​ជាយូរ​មក​ហើយ​នោះ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដដែល​នេះ ​ខិតខំ​ធ្វើ​ការ​យ៉ាង​លឿន​ ដើម្បី​កាត់​ទោស​ខ្ញុំ​ ហើយ​ដាក់​ទោស​ខ្ញុំ​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ​១០​ ឆ្នាំ​៕ PS

សម រង្ស៊ី (សមាជិក​សភា ​ជាប់ឆ្នោត​)

No comments: