Thursday, November 03, 2011

ការ​ពិនិត្យ​មើល​ផល​អាក្រក់​កើត​ចេញ​ពី​វប្បធម៌​ប៉ែង​ជើង​ឬ​ក្ដិច​ត្រួយ​គ្នា - Tripping each other instead of helping each other

ដោយ កែវពេជ្រ មេត្តា
2011-11-03
Radio Free Asia

Synopsis: The habit of competing or of being jealous with one another has turned into a culture of tripping each other or also known as nipping in the bud. This means that each side is doing all it can to destroy the other side. If in a society, people rely and push the culture of "nipping in the bud" in order to prevent any growth, what kind of tragedy will this society face? Instead, shouldn't people help their own society to get away from the "nipping in the bud" culture? Political and cultural scientists, as well as religious people indicate that a number of people in the world, especially those living in developing countries, initiate the culture of tripping one another, or more commonly known as the culture of nipping in the bud. In Cambodia, such culture started (1) when some people want to preserve power for themselves only, or (2) due to ignorance, or (3) when people are competing for material wealth. "This is why people want a democratic society because then people can see who has the ability [to govern], and those who hold on the power, they will not be concerned about who stands higher than them and, therefore, these persons do not have to nip others from their bud. After 3, 4 or 5 years, depending on the constitution, people can compete with each other, show their muscle at each other, that is the victory. But, if you take it that [power is] your right, your destiny, then we believe that the culture of nipping someone at the bud will stay on and it will be difficult to remove.

ទម្លាប់​នៃ​ការ​ប្រកួតប្រជែង​គ្នា ឬ​ការ​ច្រណែន​និន្ទា​គ្នា បាន​បង្កើត​ទៅ​ជា​វប្បធម៌​មួយ​ដែល​គេ​និយម​ហៅ​ថា វប្បធម៌​ប៉ែង​ជើង​ជាន់​ពន្លិច ឬ​វប្បធម៌​ក្ដិច​ត្រួយ​គ្នា។

ទម្លាប់​នេះ​មាន​ន័យ​ថា ភាគី​ម្ខាង​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ដទៃ​ដែល​ខ្លួន​មិន​ចូល​ចិត្ត​លូត​ទៅ​មុខ​មិន​រួច ឬ​ឈាន​ដល់​ក្ដី​វិនាស​អន្តរាយ ​ដោយ​ប្រការ​ផ្សេងៗ​ជាដើម។

ប្រសិន​បើ​សង្គម​ណា​មួយ​មាន​មនុស្ស​ចេះ​តែ​ក្ដិច​ត្រួយ​គ្នា​មិន​ឲ្យ​ចម្រើន​លូតលាស់ តើ​សង្គម​នោះ​នឹង​ទទួល​រង​នូវ​វិបត្តិ​ទុក្ខទោស​យ៉ាង​ណា​ខ្លះ? ហើយ​ថា តើ​គេ​ត្រូវ​ដោះស្រាយ​តាម​វិធី​ណា​ដើម្បី​ជួយ​សង្គម​របស់​គេ​ឲ្យ​រួច​ផុត​ពី​វប្បធម៌​ក្ដិច​ត្រួយ​គ្នា​នេះ?


អ្នក​វិទ្យាសាស្ត្រ​នយោបាយ និង​វប្បធម៌ ព្រម​ទាំង​អ្នក​កាន់​សាសនា បាន​បញ្ជាក់​ថា មនុស្ស​មួយ​ចំនួន​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ពិសេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ បាន​នាំ​គ្នា​បង្កើត​នូវ «វប្បធម៌​ប៉ែង​ជើង​គ្នា» ឬ​គេ​ហៅ​មួយ​បែប​ទៀត​ថា «វប្បធម៌​ក្ដិច​ត្រួយ​គ្នា»។

វប្បធម៌​នេះ​បាន​ជះ​ឥទ្ធិពល​បង្ក​ឲ្យ​មាន​ទំនាស់​ទាស់​ទែង​គ្នា​យ៉ាង​ច្រើន ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ក្នុង​ការ​ស្វែង​រក​សុខ​សន្តិភាព ឬ​មិន​អាច​ឈាន​ទៅ​រក​ក្ដី​ចម្រើន​រុង​រឿង​បាន​ទាំង​ក្នុង​សង្គម​ការងារ​តូចៗ និង​ទាំង​នៅ​ក្នុង​សង្គម​ជាតិ​ទាំង​ឡាយ​ដែល​កើត​មាន​បញ្ហា​នេះ។

លោក​បណ្ឌិត សុខ ទូច ជា​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ។ លោក​បាន​មាន​ប្រសាសន៍​ថា វប្បធម៌​ក្ដិច​ត្រួយ​គ្នា​នេះ​កំពុង​តែ​រីក​ដុះដាល និង​មាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​រីក​ចម្រើន​នោះ រហូត​ដល់​មាន​ការ​ផ្ដួល​រំលំ​គ្នា​ទម្លាក់​ចេញ​ពី​អំណាច​ចេញ​ពី​តំណែង​ការងារ​ក៏​មាន។

លោក​បាន​បន្ត​ថា ក្នុង​សង្គម​កម្ពុជា ក៏​មាន​វប្បធម៌​ក្ដិច​ត្រួយ​គ្នា​នេះ​ដែរ តាំង​ពី​ជំនាន់​មុនៗ រហូត​មក​ដល់​សព្វ​ថ្ងៃ។ រី​ឯ​ដើម​ចម​នាំ​ឲ្យ​កើត​មាន​បញ្ហា​នេះ​ឡើង ក៏​បណ្ដាល​មក​ពី​កត្តា​បី​យ៉ាង គឺ​ការ​ចង់​បាន​អំណាច​មក​ក្ដាប់​តែម្នាក់​ឯង ភាព​ល្ងង់ខ្លៅ និង​ការ​ប្រកួត​ប្រជែង​គ្នា​តាម​សម្ភារៈ៖ «អ៊ីចឹង​ហើយ​បាន​ជា​គេ​ចង់​ឲ្យ​មាន​សង្គម​ប្រជាធិបតេយ្យ​ហ្នឹង ពីព្រោះ​ទុក​ឲ្យ​មហាជន​មើល​ថា អ្នក​ហ្នឹង​មាន​សមត្ថភាព​ដើម្បី​កុំ​បារម្ភ​ពី​ពួក​កាន់​អំណាច តើ​មាន​នរណា​ខ្ពស់​ជាង​ខ្លួន​ទៀត​នោះ​ទៅ​តាម​ក្ដិច​ត្រួយ​គេ។ បី​ឆ្នាំ ៤​ឆ្នាំ ក្រោយ​មក ឬ ៥​ឆ្នាំ​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​នីមួយៗ អាច​ប្រកួត​ប្រជែង​គ្នា​បង្ហាញ​សាច់ដុំ​របស់​ខ្លួន​ទៅ អា​ហ្នឹង​វា​ជា​ការ​ជោគជ័យ។ បើ​សិន​ជា​យើង​យល់​ថា អា​ហ្នឹង​គឺ​បុព្វសិទ្ធិ​របស់​ខ្ញុំ ជា​ព្រេង​សំណាង​របស់​ខ្ញុំ នោះ​ជឿជាក់​ថា វប្បធម៌​ក្ដិច​ត្រួយ​នៅ​តែ​បន្ដ ហើយ​លំបាក​នឹង​លប់​បំបាត់​ណាស់»។

វប្បធម៌​ក្ដិច​ត្រួយ​គ្នា ឬ​គេ​ហៅ​ថា ប៉ែង​ជើង​ផ្ដួល​រំលំ​គ្នា​នេះ មាន​ទស្សនៈ​យោបល់​ខ្លះ​ទៀត បាន​លើក​ឡើង​ថា គឺ​ដោយសារ​បុគ្គល​ឯ​ណា​នីមួយ​នោះ ខ្វះ​ការ​អប់រំ​ផ្នែក​សីលធម៌​នៅ​ក្នុង​ខ្លួន។ កាល​ណា​មនុស្ស​គ្មាន​សីលធម៌​គេ​អាច​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​តែ​ខ្លួន​គេ​ម្នាក់ ឬ​បក្ស​ពួក​របស់​ខ្លួន បើ​ទោះ​បី​ជា​ដឹង​ថា ក្រុម​ខ្លួន ឬ​បុគ្គល​ខ្លួន​ឯង​នោះ​ធ្វើ​អំពើ​មិន​ត្រឹមត្រូវ​យ៉ាង​ណា​ក៏ដោយ។

លោក ពេជ្រ ទុំក្រវិល ជា​ទីប្រឹក្សា​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ លោក​បាន​មាន​ប្រសាសន៍​ថា តាម​ការ​យល់​ឃើញ​របស់​លោក ហេតុ​ដែល​នាំ​ឲ្យ​មាន​វប្បធម៌​ក្ដិច​ត្រួយ​គ្នា ឬ​ប៉ែង​ជើង​គ្នា ពីព្រោះ​តែ​បុគ្គល​អ្នក​ប្រព្រឹត្ត​នោះ​ជា​មនុស្ស​ពោរពេញ​ទៅ​ដោយ​សេចក្ដី​លោភ និង​ក្ដី​ច្រណែន​និន្ទា។

លោក​បន្ត​ថា បុគ្គល​ដែល​មាន​គំនិត​អស់​ទាំង​នេះ​គេ​មិន​ខ្លាច​ធ្វើ​អំពើ​ខុស​ទេ៖ «មិន​ខ្លាច​នឹង​លាប​ពណ៌​អ្នក​ដទៃ មិន​ខ្លាច​នឹង​ធ្វើ​អ្នក​ដទៃ​ខាត​បង់។ ជា​រឿង​លោភៈ​ផ្ទាល់​ខ្លួន ធ្វើ​ម៉េច​ដើម្បី​បំផ្លាញ​អ្នក​ឯ​ទៀត​ដែល​ខ្លួន​មិន​ពេញ​ចិត្ត។ កាល​ណា​សង្គម​មួយ​សម្បូរ​ទៅ​ដោយ​មនុស្ស​ដែល​ច្រណែន​និន្ទា​នោះ​ប្រយោជន៍​ជា​រួម​ហ្នឹង​ក៏​មិន​ល្អ​ដែរ»។

ទាក់ទង​នឹង​ពាក្យ​វប្បធម៌​ក្ដិច​ត្រួយ​គ្នា​មិន​ឲ្យ​លូតលាស់​ចម្រុងចម្រើន​នេះ គេ​ឃើញ​មាន​ការ​ចែង​ប្រាប់​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ផង​ដែរ ប៉ុន្តែ​ជា​ពាក្យ​ប្រើ​តាម​ភាសា​បាលី​ថា ព្យាបាទៈ ឬ​ការ​ព្យាបាទ។ គឺ​ជា​ការ​ផ្គង​ចិត្ត ឬ​ប៉ុនប៉ង​គុំកួន​អ្នក​ដទៃ ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ឲ្យ​ដល់​នូវ​ក្ដី​វិនាស​អន្តរាយ​គ្រប់​បែប​យ៉ាង។

អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ការ​ទូន្មាន​ប្រាប់​ដល់​ពុទ្ធបរិស័ទ និង​មនុស្ស​ទូទៅ​ឲ្យ​ចៀសវាង​អំពើ​អាក្រក់​ផង​ទាំង​ពួង មាន​ការ​ព្យាបាទ​នោះ​ជា​ដើម ពីព្រោះ​ជា​អំពើ​ផ្ដល់​ទុក្ខទោស​ខ្លាំង​ណាស់​ដល់​មនុស្ស​ផង​គ្នា។

ព្រះ​តេជ​ព្រះ​គុណ ញឹម សុធន អតីត​ព្រះ​មេគណ​ខេត្ត​ប៉ៃលិន បច្ចុប្បន្ន​គង់​នៅ​វត្ត​ទួលទំពូង ក្រុង​ភ្នំពេញ បាន​មាន​ព្រះ​ថេរដីកា​ថា ការ​ព្យាបាទ​នេះ​កើត​ឡើង​នៅ​ក្នុង​សន្ដាន​ចិត្ត​របស់​បុគ្គល​ដែល​មិន​បាន​អប់រំ​ទូន្មាន​ក្នុង​ផ្លូវធម៌​ឲ្យ​បាន​ជ្រៅ​ជ្រះ។ បុគ្គល​ដែល​មិន​បាន​អប់រំ​ចិត្ត​ឲ្យ​បាន​ល្អ​នេះ គឺ​តែងតែ​កើត​មាន​នូវ​ក្ដី​ច្រណែន​និន្ទា​ឈ្នានីស​គ្នា ដែល​ភាសា​បាលី​ថា ឥច្ឆា ឬ​ក៏​ឥស្សា។

ព្រះ​តេជ​ព្រះ​គុណ ញឹម សុធន៖ «ដោយសារ​មនុស្ស​ហ្នឹង​បង្កប់​ទុក្ខ​នូវ​ធម៌​ទាំង​បី​ក្នុង​ចិត្ត​របស់​ខ្លួន​ជា​ប្រចាំ ដែល​ធម៌​ទាំង​បី​ហ្នឹង គឺ លោភៈ ទោសៈ មោហៈ។ កាល​ណា​បើ​មនុស្ស​រក្សា​ធម៌​ទាំង​បី​នៅ​ក្នុង​ខ្លួន​ហើយ មនុស្ស​ហ្នឹង​ទៅ​កន្លែង​ណា​ហើយ តែង​តែ​មាន​សេចក្ដី​លោភលន់ មាន​សេចក្ដី​ចង់​បាន​វង្វេង និង​សេចក្ដី​ក្រោធ​កើត​ឡើង​ដល់​អ្នក​ដទៃ​ដែល​គេ​ខ្ពង់ខ្ពស់​ជាង​ខ្លួន​ក៏​ចេះ​តែ​រក​វិធី​សាស្ត្រ​ផ្សេងៗ ដើម្បី​បញ្ចុះបញ្ចូល​ញុះញង់ ធ្វើ​យ៉ាង​ណា​ឲ្យ​បុគ្គល​ហ្នឹង​ទទួល​រង​នៅ​ការ​បាត់បង់​ការងារ»។

ព្រះតេជព្រះគុណ​បាន​មាន​ព្រះ​ថេរដីកា​ទៀត​ថា ដើម្បី​ធ្វើ​ឲ្យ​សង្គម​គ្រួសារ សង្គម​ការងារ ឬ​ក៏​ប្រទេស​មួយ​មាន​ភាព​សុខដុមរមនា មិន​មាន​ការ​ច្រណែននិន្ទា​ឈ្នានីស​គ្នា ឬ​ក៏​មិន​មាន​វប្បធម៌​ក្ដិច​ត្រួយ​គ្នា លុះ​ត្រា​តែ​មនុស្ស​នៅ​ក្នុង​សង្គម​ទាំង​ឡាយ​នោះ​ស្វះស្វែង​ប្រកាន់​ភ្ជាប់​នូវ​សីលធម៌ ឬ​ព្រហ្មវិហារ​ធម៌​ទាំង ៤​យ៉ាង គឺ​មាន​ចិត្ត​មេត្តា ឬ​សេចក្ដី​ស្រឡាញ់​រាប់​អាន មាន​ចិត្ត​ករុណា ឬ​សេចក្ដី​អាណិត​អាសូរ មាន​មុទិតា ឬ​ការ​ជួយ​ត្រេកអរ​ដល់​អ្នក​ដទៃ​នៅ​ពេល​ដែល​ឃើញ​គេ​មាន​គេ​បាន​សេចក្ដី​សុខ និង​មាន​ចិត្ត​ជា​ឧបេក្ខា ជា​កណ្ដាល​មិន​លម្អៀង ព្រោះ​ស្អប់ ព្រោះ​ក្ដី​ស្រឡាញ់។

ព្រះ​តេជ​ព្រះ​គុណ ញឹម សុធន៖ «ដូចជា​ឪពុក​ម្ដាយ​អ្នក​មាន​ព្រហ្ម​វិហារធម៌​មក​លើ​កូន​អ៊ីចឹង បើ​សិន​ជា​ឪពុក​ម្ដាយ​មិន​មាន​ព្រហ្មវិហារ​ធម៌​ចំពោះ​កូន​ទេ គ្រួសារ​ហ្នឹង​មិន​មាន​សេចក្ដី​ចម្រុងចម្រើន​រុងរឿង​បាន​ទេ ហើយ​កូន​ហ្នឹង​ក៏​មាន​ការ​លំបាក​ក្នុង​ការ​រស់​នៅ។ ការ​គ្រប់គ្រង​ស្រុក​សង្គម​ជនបទ​ក៏​យើង​យក​ព្រហ្ម​វិហារធម៌​ហ្នឹង​ជា​គោល​ដែរ ទាំង​ព្រះ​មហាក្សត្រ​ក្ដី មន្ត្រី​រាជការ​តៗ​មក​ក្ដី ក៏​លោក​យក​ព្រហ្ម​វិហារ​ធម៌​ហ្នឹង​ក្នុង​ការ​គ្រប់គ្រង​ដោយ​សុខសាន្ត​សម្រាប់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ហ្នឹង»។

លោក ព្រាបចាន់ ម៉ារ៉ា សាស្ត្រាចារ្យ​ផ្នែក​អារ្យធម៌​ខ្មែរ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា នៅ​ក្នុង​សង្គម​ខ្មែរ​កាល​ពី​ជំនាន់​ដើម គឺ​បុព្វបុរស​លោក​ក៏​បាន​ប្រកាន់​យក​នៅ​ព្រហ្ម​វិហារធម៌​ទាំង ៤​នេះ​ដែរ ដើម្បី​មក​ធ្វើ​ការ​ទូន្មាន​ចិត្ត​របស់​ខ្លួន និង​ជួយ​គ្រប​សង្កត់​នូវ​វប្បធម៌​ក្ដិច​ត្រួយ​គ្នា​នេះ។


លោក​បាន​បន្ត​ថា បុព្វបុរស​ខ្មែរ​បាន​ធ្វើការ​អប់រំ​ខ្លួន​រហូត​ដល់​ទៅ​សាង​ប្រាសាទ​ព្រហ្ម​មុខ​៤ ឬ​ព្រហ្ម​មុខ​៤​ថែម​ទៀត ដែល​គេ​ឃើញ​មាន​នៅ​សេសសល់​សព្វថ្ងៃ​នៅ​ក្នុង​តំបន់​ប្រាសាទ​អង្គរវត្ត ក្នុង​ខេត្ត​សៀមរាប។ ការ​សាងសង់​ប្រសាទ​មាន​មុខ​៤ ឬ​ហៅ​ថា ប្រាសាទ​បាយ័ន​នោះ គឺ​តំណាង​បញ្ជាក់​ពី​អរិយធម៌ វប្បធម៌​រាប់​អាន​គ្នា​របស់​ខ្មែរ៖ «ជី​ដូន​ជី​តា​យើង​នេះ​លោក​ឲ្យ​យោបល់ លោក​ប្រដៅ​ណែនាំ​មក​នេះ​ក្នុង​គំនិត​អ្វីៗ វា​ទៅ​ជា​សង្គម​អ្វីៗ​វា​ទៅ​ទាំង​អស់​គ្នា​វា​ទៅ​អ្វី​ជុំ​គ្នា។ ការ​ដែល​លូតលាស់​តែ​ម្នាក់​ឯង ថ្កុំថ្កើង​តែ​ម្នាក់​ឯង រុងរឿង​តែ​ម្នាក់​ឯង​ក៏​មិន​ប្រសើរ»។

ព្រះតេជព្រះគុណ ញឹម សុធន អតីត​ព្រះ​មេគណ​ខេត្ត​ប៉ៃលិន បច្ចុប្បន្ន​គង់​នៅ​វត្ត​ទួលទំពូង ក្រុង​ភ្នំពេញ បាន​មាន​ព្រះ​ថេរដីកា​ថា មនុស្ស​គ្រប់​រូប​មិន​ថា​តែ​ជន​ជាតិ​ខ្មែរ​ទេ​នៅ​ក្នុង​លោក​នេះ គឺ​ម្នាក់ៗ​តែង​ប្រាថ្នា​ចង់​បាន​នូវ​សេចក្ដី​សុខ​សប្បាយ ចម្រើន​រុង​រឿង​ដូច​គ្នា ដូច្នេះ​គួរ​អ្វី​នាំ​គ្នា​បង្កើត​វប្បធម៌​ស្អប់​ខ្ពើម ផ្ដួល​រំលំ​គ្នា ក្ដិច​ត្រួយ​គ្នា​ទៅ​វិញ។ បើ​គេ​នាំ​គ្នា​បង្កើត​តែ​ធម៌​ក្ដៅ​ក្រហាយ​គំនុំ​គុំកួន​ច្រណែន​ឈ្នានីស​គ្នា​យ៉ាង​ដូច្នោះ តើ​សេចក្ដី​សុខ​ចម្រើន​អាច​កើត​មាន​ដល់​ខ្លួន​ឯង​យ៉ាង​ដូចម្ដេច​បាន?

ព្រះតេជព្រះគុណ​បាន​បញ្ជាក់​ទៀត​ថា បើ​មនុស្ស​គ្រប់​គ្នា​ចង់​បាន​សេចក្ដី​សុខ​ចម្រើន​រុង​រឿង​ខ្លួន​ឯង​បាន​នោះ គឺ​ត្រូវ​តែ​ផ្ដល់​សេចក្ដី​សុខ​ចម្រើន​រុង​រឿង​ឲ្យ​ដល់​អ្នក​ដទៃ​ដូច​គ្នា​នឹង​ខ្លួន​ឯង​ផង​ដែរ ទើប​បុគ្គល​នោះៗ​ទទួល​បាន​នូវ​សេចក្ដី​សុខ​ពិតប្រាកដ និង​មាន​ស្ថិរភាព​យូរ​អង្វែង​បាន៕

2 comments:

Anonymous said...

“...being jealous with one another has turned into a culture of tripping each other or also known as nipping in the bud. This means that each side is doing all it can to destroy the other side.” (RFA)
During Pol Pot time, when they killed the parents, they also killed the children! Their sins: being sons or daughters of the dad. It is so sad that this tradition still being promoted today by those who consider themselves as human right activists!

Anonymous said...

Hun Xen is a PM of a country should he has the right to give out national armements to any group, so this Crazy PM can have a game of war????

What's a stupid PhD from Hanoi Univercity!???