2011-11-03
Radio Free Asia
Synopsis: The habit of competing or of being jealous with one another has turned into a culture of tripping each other or also known as nipping in the bud. This means that each side is doing all it can to destroy the other side. If in a society, people rely and push the culture of "nipping in the bud" in order to prevent any growth, what kind of tragedy will this society face? Instead, shouldn't people help their own society to get away from the "nipping in the bud" culture? Political and cultural scientists, as well as religious people indicate that a number of people in the world, especially those living in developing countries, initiate the culture of tripping one another, or more commonly known as the culture of nipping in the bud. In Cambodia, such culture started (1) when some people want to preserve power for themselves only, or (2) due to ignorance, or (3) when people are competing for material wealth. "This is why people want a democratic society because then people can see who has the ability [to govern], and those who hold on the power, they will not be concerned about who stands higher than them and, therefore, these persons do not have to nip others from their bud. After 3, 4 or 5 years, depending on the constitution, people can compete with each other, show their muscle at each other, that is the victory. But, if you take it that [power is] your right, your destiny, then we believe that the culture of nipping someone at the bud will stay on and it will be difficult to remove.
ទម្លាប់នៃការប្រកួតប្រជែងគ្នា ឬការច្រណែននិន្ទាគ្នា បានបង្កើតទៅជាវប្បធម៌មួយដែលគេនិយមហៅថា វប្បធម៌ប៉ែងជើងជាន់ពន្លិច ឬវប្បធម៌ក្ដិចត្រួយគ្នា។
ទម្លាប់នេះមានន័យថា ភាគីម្ខាងធ្វើយ៉ាងណាឲ្យអ្នកដទៃដែលខ្លួនមិនចូលចិត្តលូតទៅមុខមិនរួច ឬឈានដល់ក្ដីវិនាសអន្តរាយ ដោយប្រការផ្សេងៗជាដើម។
ប្រសិនបើសង្គមណាមួយមានមនុស្សចេះតែក្ដិចត្រួយគ្នាមិនឲ្យចម្រើនលូតលាស់ តើសង្គមនោះនឹងទទួលរងនូវវិបត្តិទុក្ខទោសយ៉ាងណាខ្លះ? ហើយថា តើគេត្រូវដោះស្រាយតាមវិធីណាដើម្បីជួយសង្គមរបស់គេឲ្យរួចផុតពីវប្បធម៌ក្ដិចត្រួយគ្នានេះ?
អ្នកវិទ្យាសាស្ត្រនយោបាយ និងវប្បធម៌ ព្រមទាំងអ្នកកាន់សាសនា បានបញ្ជាក់ថា មនុស្សមួយចំនួនក្នុងពិភពលោកសព្វថ្ងៃនេះ ពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បាននាំគ្នាបង្កើតនូវ «វប្បធម៌ប៉ែងជើងគ្នា» ឬគេហៅមួយបែបទៀតថា «វប្បធម៌ក្ដិចត្រួយគ្នា»។
វប្បធម៌នេះបានជះឥទ្ធិពលបង្កឲ្យមានទំនាស់ទាស់ទែងគ្នាយ៉ាងច្រើន ដែលធ្វើឲ្យរាំងស្ទះក្នុងការស្វែងរកសុខសន្តិភាព ឬមិនអាចឈានទៅរកក្ដីចម្រើនរុងរឿងបានទាំងក្នុងសង្គមការងារតូចៗ និងទាំងនៅក្នុងសង្គមជាតិទាំងឡាយដែលកើតមានបញ្ហានេះ។
លោកបណ្ឌិត សុខ ទូច ជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ។ លោកបានមានប្រសាសន៍ថា វប្បធម៌ក្ដិចត្រួយគ្នានេះកំពុងតែរីកដុះដាល និងមានឥទ្ធិពលដ៏ខ្លាំងក្លានៅក្នុងបណ្ដាប្រទេសកំពុងរីកចម្រើននោះ រហូតដល់មានការផ្ដួលរំលំគ្នាទម្លាក់ចេញពីអំណាចចេញពីតំណែងការងារក៏មាន។
លោកបានបន្តថា ក្នុងសង្គមកម្ពុជា ក៏មានវប្បធម៌ក្ដិចត្រួយគ្នានេះដែរ តាំងពីជំនាន់មុនៗ រហូតមកដល់សព្វថ្ងៃ។ រីឯដើមចមនាំឲ្យកើតមានបញ្ហានេះឡើង ក៏បណ្ដាលមកពីកត្តាបីយ៉ាង គឺការចង់បានអំណាចមកក្ដាប់តែម្នាក់ឯង ភាពល្ងង់ខ្លៅ និងការប្រកួតប្រជែងគ្នាតាមសម្ភារៈ៖ «អ៊ីចឹងហើយបានជាគេចង់ឲ្យមានសង្គមប្រជាធិបតេយ្យហ្នឹង ពីព្រោះទុកឲ្យមហាជនមើលថា អ្នកហ្នឹងមានសមត្ថភាពដើម្បីកុំបារម្ភពីពួកកាន់អំណាច តើមាននរណាខ្ពស់ជាងខ្លួនទៀតនោះទៅតាមក្ដិចត្រួយគេ។ បីឆ្នាំ ៤ឆ្នាំ ក្រោយមក ឬ ៥ឆ្នាំទៅតាមរដ្ឋធម្មនុញ្ញប្រទេសនីមួយៗ អាចប្រកួតប្រជែងគ្នាបង្ហាញសាច់ដុំរបស់ខ្លួនទៅ អាហ្នឹងវាជាការជោគជ័យ។ បើសិនជាយើងយល់ថា អាហ្នឹងគឺបុព្វសិទ្ធិរបស់ខ្ញុំ ជាព្រេងសំណាងរបស់ខ្ញុំ នោះជឿជាក់ថា វប្បធម៌ក្ដិចត្រួយនៅតែបន្ដ ហើយលំបាកនឹងលប់បំបាត់ណាស់»។
វប្បធម៌ក្ដិចត្រួយគ្នា ឬគេហៅថា ប៉ែងជើងផ្ដួលរំលំគ្នានេះ មានទស្សនៈយោបល់ខ្លះទៀត បានលើកឡើងថា គឺដោយសារបុគ្គលឯណានីមួយនោះ ខ្វះការអប់រំផ្នែកសីលធម៌នៅក្នុងខ្លួន។ កាលណាមនុស្សគ្មានសីលធម៌គេអាចហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីតែខ្លួនគេម្នាក់ ឬបក្សពួករបស់ខ្លួន បើទោះបីជាដឹងថា ក្រុមខ្លួន ឬបុគ្គលខ្លួនឯងនោះធ្វើអំពើមិនត្រឹមត្រូវយ៉ាងណាក៏ដោយ។
លោក ពេជ្រ ទុំក្រវិល ជាទីប្រឹក្សារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកបានមានប្រសាសន៍ថា តាមការយល់ឃើញរបស់លោក ហេតុដែលនាំឲ្យមានវប្បធម៌ក្ដិចត្រួយគ្នា ឬប៉ែងជើងគ្នា ពីព្រោះតែបុគ្គលអ្នកប្រព្រឹត្តនោះជាមនុស្សពោរពេញទៅដោយសេចក្ដីលោភ និងក្ដីច្រណែននិន្ទា។
លោកបន្តថា បុគ្គលដែលមានគំនិតអស់ទាំងនេះគេមិនខ្លាចធ្វើអំពើខុសទេ៖ «មិនខ្លាចនឹងលាបពណ៌អ្នកដទៃ មិនខ្លាចនឹងធ្វើអ្នកដទៃខាតបង់។ ជារឿងលោភៈផ្ទាល់ខ្លួន ធ្វើម៉េចដើម្បីបំផ្លាញអ្នកឯទៀតដែលខ្លួនមិនពេញចិត្ត។ កាលណាសង្គមមួយសម្បូរទៅដោយមនុស្សដែលច្រណែននិន្ទានោះប្រយោជន៍ជារួមហ្នឹងក៏មិនល្អដែរ»។
ទាក់ទងនឹងពាក្យវប្បធម៌ក្ដិចត្រួយគ្នាមិនឲ្យលូតលាស់ចម្រុងចម្រើននេះ គេឃើញមានការចែងប្រាប់នៅក្នុងព្រះពុទ្ធសាសនាផងដែរ ប៉ុន្តែជាពាក្យប្រើតាមភាសាបាលីថា ព្យាបាទៈ ឬការព្យាបាទ។ គឺជាការផ្គងចិត្ត ឬប៉ុនប៉ងគុំកួនអ្នកដទៃ ដែលខ្លួនមិនពេញចិត្តឲ្យដល់នូវក្ដីវិនាសអន្តរាយគ្រប់បែបយ៉ាង។
អាស្រ័យហេតុនេះហើយ ទើបនៅក្នុងព្រះពុទ្ធសាសនាមានការទូន្មានប្រាប់ដល់ពុទ្ធបរិស័ទ និងមនុស្សទូទៅឲ្យចៀសវាងអំពើអាក្រក់ផងទាំងពួង មានការព្យាបាទនោះជាដើម ពីព្រោះជាអំពើផ្ដល់ទុក្ខទោសខ្លាំងណាស់ដល់មនុស្សផងគ្នា។
ព្រះតេជព្រះគុណ ញឹម សុធន អតីតព្រះមេគណខេត្តប៉ៃលិន បច្ចុប្បន្នគង់នៅវត្តទួលទំពូង ក្រុងភ្នំពេញ បានមានព្រះថេរដីកាថា ការព្យាបាទនេះកើតឡើងនៅក្នុងសន្ដានចិត្តរបស់បុគ្គលដែលមិនបានអប់រំទូន្មានក្នុងផ្លូវធម៌ឲ្យបានជ្រៅជ្រះ។ បុគ្គលដែលមិនបានអប់រំចិត្តឲ្យបានល្អនេះ គឺតែងតែកើតមាននូវក្ដីច្រណែននិន្ទាឈ្នានីសគ្នា ដែលភាសាបាលីថា ឥច្ឆា ឬក៏ឥស្សា។
ព្រះតេជព្រះគុណ ញឹម សុធន៖ «ដោយសារមនុស្សហ្នឹងបង្កប់ទុក្ខនូវធម៌ទាំងបីក្នុងចិត្តរបស់ខ្លួនជាប្រចាំ ដែលធម៌ទាំងបីហ្នឹង គឺ លោភៈ ទោសៈ មោហៈ។ កាលណាបើមនុស្សរក្សាធម៌ទាំងបីនៅក្នុងខ្លួនហើយ មនុស្សហ្នឹងទៅកន្លែងណាហើយ តែងតែមានសេចក្ដីលោភលន់ មានសេចក្ដីចង់បានវង្វេង និងសេចក្ដីក្រោធកើតឡើងដល់អ្នកដទៃដែលគេខ្ពង់ខ្ពស់ជាងខ្លួនក៏ចេះតែរកវិធីសាស្ត្រផ្សេងៗ ដើម្បីបញ្ចុះបញ្ចូលញុះញង់ ធ្វើយ៉ាងណាឲ្យបុគ្គលហ្នឹងទទួលរងនៅការបាត់បង់ការងារ»។
ព្រះតេជព្រះគុណបានមានព្រះថេរដីកាទៀតថា ដើម្បីធ្វើឲ្យសង្គមគ្រួសារ សង្គមការងារ ឬក៏ប្រទេសមួយមានភាពសុខដុមរមនា មិនមានការច្រណែននិន្ទាឈ្នានីសគ្នា ឬក៏មិនមានវប្បធម៌ក្ដិចត្រួយគ្នា លុះត្រាតែមនុស្សនៅក្នុងសង្គមទាំងឡាយនោះស្វះស្វែងប្រកាន់ភ្ជាប់នូវសីលធម៌ ឬព្រហ្មវិហារធម៌ទាំង ៤យ៉ាង គឺមានចិត្តមេត្តា ឬសេចក្ដីស្រឡាញ់រាប់អាន មានចិត្តករុណា ឬសេចក្ដីអាណិតអាសូរ មានមុទិតា ឬការជួយត្រេកអរដល់អ្នកដទៃនៅពេលដែលឃើញគេមានគេបានសេចក្ដីសុខ និងមានចិត្តជាឧបេក្ខា ជាកណ្ដាលមិនលម្អៀង ព្រោះស្អប់ ព្រោះក្ដីស្រឡាញ់។
ព្រះតេជព្រះគុណ ញឹម សុធន៖ «ដូចជាឪពុកម្ដាយអ្នកមានព្រហ្មវិហារធម៌មកលើកូនអ៊ីចឹង បើសិនជាឪពុកម្ដាយមិនមានព្រហ្មវិហារធម៌ចំពោះកូនទេ គ្រួសារហ្នឹងមិនមានសេចក្ដីចម្រុងចម្រើនរុងរឿងបានទេ ហើយកូនហ្នឹងក៏មានការលំបាកក្នុងការរស់នៅ។ ការគ្រប់គ្រងស្រុកសង្គមជនបទក៏យើងយកព្រហ្មវិហារធម៌ហ្នឹងជាគោលដែរ ទាំងព្រះមហាក្សត្រក្ដី មន្ត្រីរាជការតៗមកក្ដី ក៏លោកយកព្រហ្មវិហារធម៌ហ្នឹងក្នុងការគ្រប់គ្រងដោយសុខសាន្តសម្រាប់អ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងហ្នឹង»។
លោក ព្រាបចាន់ ម៉ារ៉ា សាស្ត្រាចារ្យផ្នែកអារ្យធម៌ខ្មែរនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់ដែរថា នៅក្នុងសង្គមខ្មែរកាលពីជំនាន់ដើម គឺបុព្វបុរសលោកក៏បានប្រកាន់យកនៅព្រហ្មវិហារធម៌ទាំង ៤នេះដែរ ដើម្បីមកធ្វើការទូន្មានចិត្តរបស់ខ្លួន និងជួយគ្របសង្កត់នូវវប្បធម៌ក្ដិចត្រួយគ្នានេះ។
លោកបានបន្តថា បុព្វបុរសខ្មែរបានធ្វើការអប់រំខ្លួនរហូតដល់ទៅសាងប្រាសាទព្រហ្មមុខ៤ ឬព្រហ្មមុខ៤ថែមទៀត ដែលគេឃើញមាននៅសេសសល់សព្វថ្ងៃនៅក្នុងតំបន់ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ការសាងសង់ប្រសាទមានមុខ៤ ឬហៅថា ប្រាសាទបាយ័ននោះ គឺតំណាងបញ្ជាក់ពីអរិយធម៌ វប្បធម៌រាប់អានគ្នារបស់ខ្មែរ៖ «ជីដូនជីតាយើងនេះលោកឲ្យយោបល់ លោកប្រដៅណែនាំមកនេះក្នុងគំនិតអ្វីៗ វាទៅជាសង្គមអ្វីៗវាទៅទាំងអស់គ្នាវាទៅអ្វីជុំគ្នា។ ការដែលលូតលាស់តែម្នាក់ឯង ថ្កុំថ្កើងតែម្នាក់ឯង រុងរឿងតែម្នាក់ឯងក៏មិនប្រសើរ»។
ព្រះតេជព្រះគុណ ញឹម សុធន អតីតព្រះមេគណខេត្តប៉ៃលិន បច្ចុប្បន្នគង់នៅវត្តទួលទំពូង ក្រុងភ្នំពេញ បានមានព្រះថេរដីកាថា មនុស្សគ្រប់រូបមិនថាតែជនជាតិខ្មែរទេនៅក្នុងលោកនេះ គឺម្នាក់ៗតែងប្រាថ្នាចង់បាននូវសេចក្ដីសុខសប្បាយ ចម្រើនរុងរឿងដូចគ្នា ដូច្នេះគួរអ្វីនាំគ្នាបង្កើតវប្បធម៌ស្អប់ខ្ពើម ផ្ដួលរំលំគ្នា ក្ដិចត្រួយគ្នាទៅវិញ។ បើគេនាំគ្នាបង្កើតតែធម៌ក្ដៅក្រហាយគំនុំគុំកួនច្រណែនឈ្នានីសគ្នាយ៉ាងដូច្នោះ តើសេចក្ដីសុខចម្រើនអាចកើតមានដល់ខ្លួនឯងយ៉ាងដូចម្ដេចបាន?
ព្រះតេជព្រះគុណបានបញ្ជាក់ទៀតថា បើមនុស្សគ្រប់គ្នាចង់បានសេចក្ដីសុខចម្រើនរុងរឿងខ្លួនឯងបាននោះ គឺត្រូវតែផ្ដល់សេចក្ដីសុខចម្រើនរុងរឿងឲ្យដល់អ្នកដទៃដូចគ្នានឹងខ្លួនឯងផងដែរ ទើបបុគ្គលនោះៗទទួលបាននូវសេចក្ដីសុខពិតប្រាកដ និងមានស្ថិរភាពយូរអង្វែងបាន៕
2 comments:
“...being jealous with one another has turned into a culture of tripping each other or also known as nipping in the bud. This means that each side is doing all it can to destroy the other side.” (RFA)
During Pol Pot time, when they killed the parents, they also killed the children! Their sins: being sons or daughters of the dad. It is so sad that this tradition still being promoted today by those who consider themselves as human right activists!
Hun Xen is a PM of a country should he has the right to give out national armements to any group, so this Crazy PM can have a game of war????
What's a stupid PhD from Hanoi Univercity!???
Post a Comment