ស្ត្រីអតីតអ្នកភូមិបុរីកីឡា និងកូនតូច កំពុងប្រើអណ្តូងស្នប់ នៅភូមិស្រះពោធិ៍។រូបថត ជីវ័ន |
Monday, 06 February 2012
ឃុត សុភចរិយា
The Phnom Penh Post
កណ្តាលៈ អតីតប្រជាពលរដ្ឋក្នុងតំបន់បុរីកីឡា ដែលរងការបណ្ដេញចេញ ទៅកាន់តំបន់ជាយក្រុងនិងខេត្តកណ្ដាល កំពុងរស់នៅវេទនាដោយខ្វះស្បៀងអាហារ និងទីជម្រក ខណៈពួកគាត់ចំនួន ៧ នាក់ កំពុងជាប់ឃុំនៅគុកព្រៃស និងមួយចំនួនទៀតកំពុងបន្តការតវ៉ាដើម្បីទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវ និងផ្ដល់យុត្តិធម៌សម្រាប់ពួកគាត់។
នៅក្រោមជម្រកតង់កៅស៊ូ ដែលគ្មានជញ្ជាំង លើដីវាលដ៏ក្ដៅហួតហែង អ្នកស្រីប៊ុត ជួន អាយុ៧០ ឆ្នាំដែលត្រូវបានក្រុមហ៊ុនផាន អ៊ីម៉ិច និងអាជ្ញាធរខណ្ឌ ៧ មករា ប្រើកម្លាំងជម្លៀសចេញដោយបង្ខំពីតំបន់បុរីកីឡា ទៅកាន់ភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល កំពុងអង្គុយក្អកខុងៗ តែម្នាក់ឯងនៅលើគ្រែរនាបបាក់បែកតូចមួយ ដែលមានគំនរមុង ភួយ និងខ្នើយកញ្ចាស់ ព្រមទាំងកូនឆ្នាំងបាយនិងការុងអង្ករស្តុកទុកប្រមាណ ១៥ គីឡូក្រាមប៉ុណ្ណោះ។
អ្នកស្រីបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ទាំងទឹកភ្នែករលីងរលោងថា៖ «ជាងមួយខែកន្លងមកនេះ ការហូបចុករបស់ខ្ញុំ មិនគ្រប់គ្រាន់ទេ»។
អ្នកជម្លៀសទៅកាន់ភូមិស្រះពោធិ៍ម្នាក់ទៀត លោកអ៊ុំ អារុណ អាយុ ៣៦ ឆ្នាំ បាននិយាយថា អ្នកភូមិនៅទីនោះ ភាគច្រើនពួកគេមានជំងឺរមាស់ រាក គ្រុនក្ដៅ និងជំងឺផ្លូវដង្ហើម ព្រោះតែគ្មានជម្រកស្នាក់នៅត្រឹមត្រូវ កង្វះស្បៀងអាហារ ទឹកស្អាត អាកាសធាតុក្ដៅខ្លាំងពេក និងសម្បូណ៌មូសនៅពេលយប់។ លោកបានបន្តថា នៅទីនោះ មានអណ្ដូងស្នប់ចំនួនពីរ ប៉ុន្តែពួកគាត់ មិនអាចប្រើប្រាស់ទឹកអណ្ដូងទាំងពីរនេះបានទេ។ លោកនិយាយថា៖ «ពេលដែលខ្ញុំងូតទឹកអណ្តូងនេះ សក់ក្បាលឡើងរឹង និងរមាស់ពេញខ្លួន ហើយពេលផឹកវា មានរស់ជាតិភ្លាវ ហើយធ្វើឲ្យខ្ញុំចុកពោះរាកតែម្ដង»។
លោកទូច ខន តំណាងអតីតពលរដ្ឋបុរីកីឡា ប្រចាំភូមិស្រះពោធិ៍ បាននិយាយឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ៩៥ គ្រួសារ ក្នុងចំណោមជាង ១៣០ គ្រួសារ ដែលបានជម្លៀសមកកាន់តំបន់នេះ ទទួលបានដីក្នុងមួយគ្រួសារទំហំ ៤,៧ ម៉ែត្រ គុណ ១២ ម៉ែត្រ ពីក្រុមហ៊ុន និងសសរផ្ទះចំនួន ៤ ដើម ព្រមទាំងអង្ករ ២៥ គីឡូក្រាម ។ លោកបានបន្តទៀតថា ក្នុងចំណោមពលរដ្ឋ ៤៣ គ្រួសារ ដែលមិនទាន់ទទួលបានដីក្នុងតំបន់នេះពីក្រុមហ៊ុន មានខ្លះមិនមែនជាអតីតពលរដ្ឋបុរីកីឡានោះទេ ដោយមួយចំនួនគឺជាកូន និងជាម្ដាយ របស់គ្រួសារ ដែលទទួលបានផ្ទះល្វែងនៅបុរីកីឡារួចហើយ។ប៉ុន្តែលោកបានបន្តថា៖ «ទោះជាបែបណា ពួកគាត់ជាអ្នកក្រីក្រពិតប្រាកដ ហើយខ្ញុំចង់ឲ្យក្រុមហ៊ុនពិចារណា ផ្ដល់ដីនៅតំបន់នេះដល់ពួកគេដើម្បីឲ្យពួកគេអាចសង់ផ្ទះរស់នៅ»។
ទោះបែបណាក្ដី កាលពីថ្ងៃសុក្រ លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ចំពោះគ្រួសារ ដែលចូលមកបន្លំជាពលរដ្ឋបុរីកីឡា និងសមាជិកគ្រួសារ ដែលទទួលបានផ្ទះពីគម្រោងអភិវឌ្ឍន៍បុរីកីឡា រួចហើយនោះ អ្នកស្រី នឹងមិនផ្ដល់ដីឲ្យទេ។
លោកស្រីបានថ្លែងថា៖ «បើខ្ញុំផ្ដល់ឲ្យពួកគេទាំងនោះ ប្រជាពលរដ្ឋជាង ១០០០ គ្រួសារទៀត ដែលទទួលផ្ទះល្វែងពីគម្រោងរបស់យើងរួចហើយនោះ ពួកគេនឹងទាមទារដីពីខ្ញុំទៀត ខ្ញុំគ្មានលទ្ធភាពយ៉ាងដូច្នោះទេ»។
ចំណែកឯអតីតពលរដ្ឋបុរីកីឡាដែលបានជម្លៀសទៅកាន់ភូមិទួលសំបូរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ក៏កំពុងប្រឈមទៅនឹងបញ្ហាដូចប្រជាពលរដ្ឋភូមិស្រះពោធិ៍ ខេត្តកណ្ដាលនោះដែរ។
អ្នកស្រីនួន ភ័ណ្ឌ អាយុ ៣៤ ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លុយ ១០០ ដុល្លារ និងអង្ករ ៣០ គីឡូក្រាម ដែលក្រុមហ៊ុនបានផ្ដល់ឲ្យ ចាប់តាំងពីថ្ងៃជម្លៀសចេញដោយបង្ខំនោះ អ្នកស្រីបានចាយវាយនិងហូបអស់ហើយ។ អ្នកស្រីបានថ្លែងថា៖«នៅពេលនេះ ខ្ញុំរស់នៅក្រោមជម្រកតង់នៅឡើយ ហើយគ្មានអាហារហូបគ្រប់គ្រាន់ទេ»។
អ្នកស្រីបន្តថា៖ «សព្វថ្ងៃ ខ្ញុំដើរបេះត្រកួន ជញ្ជាត់ត្រី និងរើសខ្យងនៅតាមថ្លុក ត្រពាំង នៅក្បែរនោះមកដោះដូរជាប្រាក់ សម្រាប់ទិញអង្ករ និងម្ហូបអាហារ សម្រាប់បរិភោគ ដោយរស់ទាំងលំបាក ឲ្យបានតែមួយថ្ងៃៗប៉ុណ្ណោះ»។
ដោយឡែកប្រជាពលរដ្ឋបុរីកីឡា មួយចំនួនទៀត ដែលបដិសេធមិនទទួលយកសំណងតិចតួច នៅឯតំបន់ជាយក្រុងនោះ បាននាំគ្នា ធ្វើការតវ៉ា ទាមទារឲ្យអាជ្ញាធរដោះលែងអ្នកជិតខាងរបស់ពួកគាត់ចំនួន ៧ នាក់ពីគុកព្រៃស និងទាមទារឲ្យម្ចាស់ក្រុមហ៊ុន ផានអ៊ីម៉ិច សង់អគារផ្ទះចំនួន២ បន្ថែមទៀតទៅតាមកិច្ចសន្យាដែលមានរដ្ឋាភិបាលជាអ្នកដឹងឮ។
អ្នកស្រីជុំ ង៉ាន់ បានសម្ដែងការសោកស្ដាយ ជាខ្លាំង នៅពេលដែលមន្ត្រីតុលាការ សាលាឧទ្ធរណ៍កាលពីថ្ងៃសុក្រ បានបដិសេធ មិនទទួលសំណើសុំដោះលែងអ្នកជិតខាងរបស់ពួកគាត់ចំនួន ៧ នាក់ ដែលសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃ ៣ មករា ដោយសារកិច្ចការពារលំនៅដ្ឋានរបស់ពួកគេ។ អ្នកស្រីបានបន្ថែមថា៖«ទោះជាបែបណា យើងខ្ញុំនៅតែព្យាយាមដាក់សំណើអន្តរាគមន៍ រហូតដល់មានដំណោះស្រាយ ពីរាជរដ្ឋាភិបាល»៕
1 comment:
មេដឹកនាំយួន សម្លាប់ប្រជាជនខ្មែរដោយចាក់ថ្នាំឱ្យ
ចូលទៅស៊ីពីខាងក្នុងមកវិញ ដល់ពេលស្លាប់ដួល
ព្រូសរហូតមិនដឹងថាបណ្ដាលមកពីអ្វី!មិនខុសអ្វីពី
រដ្ឋាភិបាលកំពុងអនុវត្តមកលើប្រជាពលរដ្ឋខ្មែរជម្លៀស
វាយបណ្ដេញ រឹបអូសដីធ្លី ទីបញ្ចប់ប្រជាពលរដ្ឋខ្មែរ
មួយចំនួនធំនឹងត្រូវបានជម្លៀសចេញអស់ពីទីក្រុងទៅ
កាន់ស្រុកស្រែ ក្នុងគោលបំណងបង្ករបង្កើនស្រូវឱ្យ
បានជាទ្វេ សងបំណុលជាអង្ករទៅប្រទេសចិន ដែល
រដ្ឋាភិបាលជំពាក់រាប់លានកោត។ម៉្យាងតម្លៃអង្ករត្រូវ
រដ្ឋភិបាលនឹងកម្រឹតទាបបំផុត។
Post a Comment