Monday, February 06, 2012

អតីត​ អ្នកបុរីកីឡា ​តស៊ូ​រស់នៅ​ ទាំង​វេទនា ​នៅឯ​ ជាយក្រុង

ស្ត្រី​អតីត​អ្នកភូមិ​បុរីកីឡា និង​កូនតូច កំពុង​ប្រើអណ្តូងស្នប់ នៅភូមិ​ស្រះពោធិ៍។រូបថត ជីវ័ន

Monday, 06 February 2012
ឃុត សុភចរិយា
The Phnom Penh Post

កណ្តាលៈ អតីត​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​បុរីកីឡា ដែល​រងការ​បណ្ដេញ​ចេញ ទៅកាន់​តំបន់​ជាយក្រុងនិង​ខេត្ត​កណ្ដាល កំពុង​រស់នៅ​វេទនាដោយ​ខ្វះ​ស្បៀង​អាហារ និង​ទី​ជម្រក ខណៈ​ពួកគាត់​ចំនួន ៧ នាក់ កំពុង​ជាប់ឃុំ​នៅ​គុកព្រៃស និង​មួយចំនួន​ទៀត​កំពុង​បន្ត​ការតវ៉ា​ដើម្បី​ទាមទារ​ឲ្យរដ្ឋាភិបាល​ទទួលខុសត្រូវ និង​ផ្ដល់​យុត្តិធម៌​សម្រាប់​ពួកគាត់​។

នៅក្រោម​ជម្រក​តង់កៅស៊ូ ដែល​គ្មាន​ជញ្ជាំង លើដីវាល​ដ៏ក្ដៅ​ហួតហែង អ្នកស្រី​ប៊ុត ជួន អាយុ​៧០ ឆ្នាំដែល​ត្រូវបាន​ក្រុមហ៊ុន​ផាន អ៊ីម៉ិច និង​អាជ្ញាធរ​ខណ្ឌ ៧ មករា ប្រើកម្លាំង​ជម្លៀសចេញ​ដោយ​បង្ខំ​ពីតំបន់​បុរីកីឡា ទៅកាន់​ភូមិស្រះ​ពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល កំពុង​អង្គុយ​ក្អក​ខុងៗ តែម្នាក់ឯង​នៅលើ​គ្រែរនាប​បាក់បែក​តូចមួយ ដែល​មាន​គំនរ​មុង ភួយ និង​ខ្នើយ​កញ្ចាស់ ព្រមទាំង​កូន​ឆ្នាំងបាយ​និង​ការុង​អង្ករ​ស្តុកទុក​ប្រមាណ ១៥ គីឡូក្រាម​ប៉ុណ្ណោះ​។

អ្នកស្រី​បានប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ទាំង​ទឹកភ្នែក​រលីងរលោង​ថា៖ «ជាងមួយខែ​កន្លងមកនេះ ការហូបចុក​របស់ខ្ញុំ មិន​គ្រប់គ្រាន់​ទេ»។


អ្នកជម្លៀស​ទៅកាន់​ភូមិ​ស្រះពោធិ៍​ម្នាក់ទៀត លោក​អ៊ុំ អារុណ អាយុ ៣៦ ​ឆ្នាំ បាននិយាយថា អ្នកភូមិ​នៅទីនោះ ភាគច្រើន​ពួកគេ​មាន​ជំងឺ​រមាស់ ​រាក គ្រុនក្ដៅ និង​ជំងឺ​ផ្លូវដង្ហើម ព្រោះតែ​គ្មាន​ជម្រក​ស្នាក់នៅ​ត្រឹមត្រូវ កង្វះ​ស្បៀង​អាហារ ទឹកស្អាត អាកាសធាតុ​ក្ដៅខ្លាំងពេក និង​សម្បូណ៌​មូស​នៅពេល​យប់។ លោក​បានបន្តថា នៅទីនោះ មាន​អណ្ដូងស្នប់​ចំនួន​ពីរ ប៉ុន្តែ​ពួកគាត់ មិនអាច​ប្រើប្រាស់​ទឹកអណ្ដូង​ទាំងពីរ​នេះ​បានទេ។ លោក​និយាយ​ថា​៖ «ពេល​ដែល​ខ្ញុំងូតទឹក​អណ្តូង​នេះ សក់ក្បាល​ឡើងរឹង និង​រមាស់​ពេញខ្លួន ហើយ​ពេល​ផឹកវា មាន​រស់ជាតិភ្លាវ ហើយ​ធ្វើឲ្យ​ខ្ញុំចុកពោះ​រាក​តែម្ដង​»។

លោក​ទូច ខន តំណាង​អតីត​ពលរដ្ឋ​បុរីកីឡា ប្រចាំ​ភូមិ​ស្រះ​ពោធិ៍ បាន​និយាយឲ្យដឹងថា ប្រជា​ពលរដ្ឋ​ចំនួន ៩៥ ​គ្រួសារ ក្នុង​ចំណោម​ជាង ១៣០ គ្រួសារ ដែល​បាន​ជម្លៀស​មកកាន់​តំបន់នេះ ទទួល​បាន​ដី​ក្នុង​មួយ​គ្រួសារ​ទំហំ ៤,៧ ម៉ែត្រ គុណ ១២ ម៉ែត្រ ពី​ក្រុមហ៊ុន និង​សសរផ្ទះ​ចំនួន ៤ ដើម ព្រមទាំង​អង្ករ ២៥ គីឡូ​ក្រាម ។ លោក​បានបន្តទៀត​ថា ក្នុង​ចំណោម​ពលរដ្ឋ ៤៣ គ្រួសារ ដែល​មិនទាន់​ទទួល​បានដី​ក្នុងតំបន់​នេះពី​ក្រុមហ៊ុន មាន​ខ្លះមិនមែន​ជា​អតីត​ពលរដ្ឋ​បុរីកីឡា​នោះទេ ​ដោយ​មួយ​ចំនួនគឺជាកូន និង​ជាម្ដាយ របស់​គ្រួសារ​ ដែល​ទទួល​បានផ្ទះល្វែង​នៅ​បុរីកីឡា​រួចហើយ។ប៉ុន្តែ​លោកបាន​បន្តថា​៖ «​ទោះជា​បែបណា ពួកគាត់​ជា​អ្នកក្រីក្រ​ពិតប្រាកដ ហើយ​ខ្ញុំ​ចង់ឲ្យ​ក្រុមហ៊ុន​ពិចារណា ផ្ដល់ដី​នៅ​តំបន់នេះ​ដល់​ពួកគេ​ដើម្បី​ឲ្យពួកគេ​អាចសង់ផ្ទះ​រស់នៅ​»​។

ទោះបែបណាក្ដី កាលពី​ថ្ងៃ​សុក្រ លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ចំពោះ​គ្រួសារ ដែល​ចូលមក​បន្លំ​ជា​ពលរដ្ឋ​បុរីកីឡា និង​សមាជិក​គ្រួសារ ដែល​ទទួល​បានផ្ទះ​ពី​គម្រោង​អភិវឌ្ឍន៍​បុរីកីឡា រួចហើយ​នោះ អ្នកស្រី ​នឹង​មិនផ្ដល់​ដីឲ្យទេ​។

លោកស្រី​បានថ្លែងថា​៖ ​«បើ​ខ្ញុំផ្ដល់​ឲ្យពួកគេ​ទាំងនោះ ប្រជា​ពលរដ្ឋ​ជាង​ ១០០០ ​គ្រួសារ​ទៀត ដែល​ទទួល​ផ្ទះល្វែង​ពី​គម្រោង​របស់យើង​រួចហើយ​នោះ ពួកគេ​នឹង​ទាមទារ​ដីពីខ្ញុំទៀត ខ្ញុំ​គ្មាន​លទ្ធភាព​យ៉ាងដូច្នោះ​ទេ​»។

ចំណែកឯ​អតីត​ពលរដ្ឋ​បុរីកីឡា​ដែល​បាន​ជម្លៀស​ទៅ​កាន់​ភូមិ​ទួលសំបូរ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ក៏​កំពុង​ប្រឈម​ទៅនឹង​បញ្ហា​ដូច​ប្រជាពលរដ្ឋ​ភូមិ​ស្រះពោធិ៍ ខេត្ត​កណ្ដាល​នោះ​ដែរ​។

អ្នកស្រី​នួន ភ័ណ្ឌ អាយុ ៣៤ ​ឆ្នាំ​ បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លុយ ១០០ ដុល្លារ និង​អង្ករ​ ៣០ ​គីឡូក្រាម ​ដែល​ក្រុមហ៊ុន​បានផ្ដល់ឲ្យ ចាប់តាំងពីថ្ងៃ​ជម្លៀស​ចេញ​ដោយ​បង្ខំ​នោះ អ្នកស្រី​បាន​ចាយវាយនិង​ហូបអស់ហើយ​។ អ្នកស្រី​បានថ្លែង​ថា៖«នៅពេលនេះ ខ្ញុំរស់នៅ​ក្រោម​ជម្រក​តង់​នៅឡើយ ហើយ​គ្មាន​អាហារ​ហូបគ្រប់គ្រាន់​ទេ»។

អ្នកស្រី​បន្តថា៖ ​«សព្វថ្ងៃ ខ្ញុំដើរ​បេះត្រកួន ជញ្ជាត់ត្រី និង​រើសខ្យង​នៅ​តាម​ថ្លុក ត្រពាំង នៅក្បែរ​នោះមកដោះ​ដូរ​ជាប្រាក់ សម្រាប់​ទិញ​អង្ករ និង​ម្ហូប​អាហារ សម្រាប់​បរិភោគ ដោយ​រស់ទាំង​លំបាក ឲ្យបានតែ​មួយថ្ងៃៗប៉ុណ្ណោះ​»។

ដោយឡែក​ប្រជាពលរដ្ឋ​បុរីកីឡា មួយចំនួនទៀត ដែល​បដិសេធ​មិនទទួលយក​សំណង​តិចតួច នៅឯ​តំបន់​ជាយក្រុងនោះ បាននាំគ្នា ធ្វើការ​តវ៉ា ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នកជិតខាង​របស់​ពួកគាត់​ចំនួន ៧ នាក់​ពី​គុកព្រៃស និង​ទាមទារឲ្យម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច សង់​អគារ​ផ្ទះចំនួន២ បន្ថែម​ទៀត​ទៅតាម​កិច្ចសន្យា​ដែល​មាន​រដ្ឋាភិបាល​ជាអ្នកដឹងឮ។

អ្នកស្រីជុំ ង៉ាន់ បាន​សម្ដែង​ការសោកស្ដាយ ជាខ្លាំង នៅ​ពេល​ដែល​មន្ត្រី​តុលាការ សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃសុក្រ បាន​បដិសេធ មិនទទួល​សំណើ​សុំដោះលែង​អ្នកជិតខាង​របស់​ពួកគាត់​ចំនួន ៧ ​នាក់ ដែល​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​កាលពី​ថ្ងៃ ​៣ មករា ដោយសារ​កិច្ចការពារ​លំនៅដ្ឋាន​របស់​ពួកគេ​។ អ្នកស្រី​បាន​បន្ថែម​ថា៖«​ទោះជា​បែបណា យើង​ខ្ញុំ​នៅតែ​ព្យាយាមដាក់​សំណើអន្តរាគមន៍ រហូតដល់​មាន​ដំណោះស្រាយ ពី​រាជរដ្ឋាភិបាល​»៕

1 comment:

Anonymous said...

មេដឹកនាំយួន សម្លាប់ប្រជាជនខ្មែរដោយចាក់ថ្នាំឱ្យ
ចូលទៅស៊ីពីខាងក្នុងមកវិញ ដល់ពេលស្លាប់ដួល
ព្រូសរហូតមិនដឹងថាបណ្ដាលមកពីអ្វី!មិនខុសអ្វីពី
រដ្ឋាភិបាលកំពុងអនុវត្តមកលើប្រជាពលរដ្ឋខ្មែរជម្លៀស
វាយបណ្ដេញ រឹបអូសដីធ្លី ទីបញ្ចប់ប្រជាពលរដ្ឋខ្មែរ
មួយចំនួនធំនឹងត្រូវបានជម្លៀសចេញអស់ពីទីក្រុងទៅ
កាន់ស្រុកស្រែ ក្នុងគោលបំណងបង្ករបង្កើនស្រូវឱ្យ
បានជាទ្វេ សងបំណុលជាអង្ករទៅប្រទេសចិន ដែល
រដ្ឋាភិបាលជំពាក់រាប់លានកោត។ម៉្យាងតម្លៃអង្ករត្រូវ
រដ្ឋភិបាលនឹងកម្រឹតទាបបំផុត។