ស្ត្រីអ្នកភូមិបឹកកក់ម្នាក់ ក្នុងចំណោម ១៣នាក់ ត្រូវកម្លាំងមានសមត្ថកិច្ចចាប់ដាក់លើរថយន្ត នាតំបន់បឹងកក់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២។ RFA/Khiev Dara |
ស្ត្រីអ្នកភូមិបឹងកក់ចំនួន ១៣នាក់ត្រូវបានចាប់ខ្លួននៅក្នុងព្រឹត្តិការណ៍ដែលអាជ្ញាធររារាំងអតីតអ្នកភូមិ១ នៃតំបន់បឹងកក់ ចំនួន ១៨គ្រួសារ មិនឲ្យសង់ទីជម្រកវិញនៅលើដីផ្ទះចាស់របស់ពួកគាត់ដែលត្រូវបានគេបូមខ្សាច់ពន្លិច និងវាយកម្ទេចដោយគ្មានសំណង កាលពីឆ្នាំ២០១០។
2012-05-22
ដោយ អ៊ួន ឈិន
Radio Free Asia
ស្ត្រីចំនួន ១៣នាក់ ក្នុងនោះមាន លោកស្រី ទេព វន្នី តុល ស្រីពៅ ហេង ម៉ុំ គង់ ចន្ថា និង ង៉ែត ឃុន ជាតំណាងស្ត្រីតំបន់បឹងកក់ ត្រូវបានចាប់ខ្លួនហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា។
ការចាប់ខ្លួនស្ត្រីទាំង ១៣នាក់ គឺធ្វើឡើងបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ អមដោយកងកម្លាំងប៉ូលិស ប៉េអិម សរុបប្រមាណជិត ១០០នាក់ ប្រដាប់ដោយអាវុធ ខែល និងដំបងឆក់ បានរារាំងអតីតប្រជាពលរដ្ឋភូមិ១ នៃតំបន់បឹងកក់ មិនឲ្យពួកគាត់សង់ផ្ទះឡើងវិញ។
ក្នុងហេតុការណ៍នេះដែរ ស្ត្រីជាអ្នកភូមិបឹងកក់ម្នាក់ទៀតត្រូវបានកងកម្លាំងអាជ្ញាធរវាយឲ្យរបួសក្បាលចំនួន ៣ថ្នេរ។
ក្រោយពីកងកម្លាំងអាជ្ញាធរបានដណ្ដើមយកបដាពាក្យស្លោកផ្សេងៗ ប្រមូលយកឈើ និងសម្ភារៈមួយចំនួនពីក្រុមអ្នកបឹងកកក់ដែលប៉ុនប៉ងសង់លំនៅឋាននៅលើដីផ្ទះចាស់របស់ពួកគាត់ ក្រុមស្ត្រីអ្នកភូមិបឹងកក់ បាននាំគ្នាច្រៀងចម្រៀងមួយចំនួនស្ដីពីការបណ្ដេញចេញដោយបង្ខំ។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរគួរដោះស្រាយបញ្ហាជាជាងការចាប់ខ្លួនប្រជាពលរដ្ឋ។
ក្រុមអ្នកមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីនៃអង្គការសង្គមស៊ីវិលមួយចំនួនកំពុងតាមឃ្លាំមើលការចាប់ខ្លួនក្រុមស្ត្រីអ្នកភូមិបឹងកក់ ដោយកងកម្លាំងអាជ្ញាធររាជធានីភ្នំពេញ។
នៅល្ងាចថ្ងៃទី២២ ខែឧសភានេះ ក្រុមស្ត្រីអ្នកភូមិបឹងកក់ បានឲ្យដឹងតាមទូរស័ព្ទពីកន្លែងឃាត់ខ្លួននៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា ពួកគាត់ប្រឈមនឹងការចោទប្រកាន់ពីបទទន្ទ្រានយកដីរបស់អ្នកភូមិចំនួន ១៨គ្រួសារ នៅភូមិ១ នៃតំបន់បឹងកក់៕
No comments:
Post a Comment