(Photo: RFA/Khe Sonorng) |
2012-05-26
ដោយ ខែ សុណង
Radio Free Asia
យកម្ចាស់ ទៅដាក់គុក ឲ្យ អាចោររួចខ្លួនបណ្ដាញអង្គការសមាគមជាតិ អន្តរជាតិ ពលរដ្ឋដែលរងគ្រោះដោយការបណ្ដេញចេញមកពីខេត្តមួយចំនួន ពលរដ្ឋតំបន់បឹងកក់ និងពលរដ្ឋក្នុងសហគមន៍បុរីកីឡាជាង ២០០នាក់ នាំគ្នាធ្វើពិធីបន់ស្រន់ ដើរដង្ហែ និងស្រែកទាមទារឲ្យមានការដោះលែងតំណាងអ្នកភូមិបឹងកក់ ១៥នាក់ ចេញពីពន្ធនាគារព្រៃស។ សកម្មភាពនេះត្រូវបានរំខានដោយអាជ្ញាធរដែនដី។
អ្នករងគ្រោះដោយការបណ្ដេញចេញពីលំនៅ ឈរស្រែកទាមទារឲ្យដោះលែងអ្នកភូមិបឹងកក់ ១៥នាក់ នៅមុខពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃ២៦ ឧសភា ឆ្នាំ២០១២។
អាជ្ញាធរសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរារាំងមិនឲ្យព្រះសង្ឃក្នុងវត្តអង្គមេត្រី ទទួលចង្ហាន់ពីពលរដ្ឋនិងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ក្នុងពិធីបន់ស្រន់ឲ្យមានការដោះលែងពលរដ្ឋតំបន់បឹងកក់ ១៥នាក់ ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារព្រៃស នៅថ្ងៃទី២៦ ឧសភា។
ចៅអធិការវត្តអង្គមេត្រី ព្រះតេជគុណ យឹង ភារម្យ មានថេរដីកាថា អាជ្ញាធរបានសាកសួរនៅពេលដែលឃើញមានពុទ្ធបរិស័ទជាច្រើនបានធ្វើដំណើរមកដល់បរិវេណវត្ត។ ព្រះតេជគុណមានថេរដីកាបន្តថា ការធ្វើពិធីអ្វីមួយនៅក្នុងវត្តនេះ ទាល់តែសុំច្បាប់ពីអាជ្ញាធរដែនដីជាមុនសិន៖ «ពេលដែលយើងចូលមកគាត់ឃើញមនុស្សច្រើន។ អ៊ីចឹងគាត់ខ្លាចការពារមនុស្សអត់បាន ដល់អ៊ីចឹងគាត់ថា បើយើងចូលមកចូលទៅអ៊ីចឹងប្រគេនចង្ហាន់ហើយសូមកុំធ្វើអីនៅក្នុងបរិវេណវត្តឲ្យសោះ ព្រោះកុំឲ្យវាប៉ះពាល់។ ជាទូទៅយើងធ្វើអីក៏យើងត្រូវសុំច្បាប់ គេដែរព្រោះអីយើងធម្មតា យើងនៅវត្តយើងនៅក្រោមច្បាប់គេ»។
ចៅសង្កាត់ព្រៃវែង រងទី១ លោក គង់ សំអុល បានឆ្លើយតបថា បន្ទាប់ពីលោកបានទៅសាកសួរព្រះសង្ឃរួចមក ហើយដឹងថា ពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាអ្នករៀបចំកម្មវិធីនេះ លោកពុំបានរារាំងអ្វីទេ៖ «ក្រែងលោគណបក្សនយោបាយផ្សេងៗយើងចុះទៅធ្វើសកម្មភាពនៅវត្តអ៊ីចឹងណា។ ឃើញលើកផ្លាកលើកអ៊ីចឹងទៅមិនទុកចិត្តណា។ យើងទៅពិនិត្យមើលផ្លាកនោះ គឺសុំទាមទារឲ្យពន្ធនាគារនោះ ដើម្បីដោះលែងអ្នកទោស»។
ទន្ទឹមនឹងគ្នានេះ នៅឯខ្លោងទ្វារវត្ត រថយន្តឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនក៏បានចាក់មេក្រូ យ៉ាងកងរំពង។
អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក ចាន់ សុវ៉េត ថ្លែងថា នេះជាចេតនាក្នុងការរំខានរបស់អាជ្ញាធរ។ លោកថាការជួបជុំគ្នានេះ ជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយមិនចាំបាច់សុំច្បាប់ទៅអាជ្ញាធរជាមុននោះទេ៖ «ខ្ញុំបានមើលឃើញថា ទីវត្តអារាម ហើយនៅពេលដែលបងប្អូនសហគមន៍បុរីកីឡា បឹងកក់មកដល់ទីនេះ យើងឃើញថា ខាងគណបក្សនយោបាយក៏គេយកមេក្រូយកអីមកចាក់ផ្សាយ រំខានមិនឲ្យមានការជជែកគ្នាអ៊ីចឹង។ ហើយយើងឃើញថា មានការឃ្លាំមើលពីអាជ្ញាធរមានសមត្ថកិច្ចគ្រប់ច្រកល្ហកទាំងអស់ បើទោះបីជាមិនមានការរារាំងជាទ្រង់ទ្រាយធំ ក៏ប៉ុន្តែដូចជាមានការកត់សម្គាល់ដូចជាមានការរើសយកក្រដាសដែលប្រជាពលរដ្ឋលោកសរសេរដើម្បីឧទ្ទិសសុំឲ្យមានការដោះលែងមនុស្សនោះ ក៏ជារឿងមួយដែលយើងឃើញថា ធ្វើអ្វីម្យ៉ាងដែលយើងមានការព្រួយបារម្ភ»។
នៅក្នុងពិធីបន់ស្រន់ ស្ត្រីអ្នកភូមិបឹងកក់ម្នាក់ បានកោរសក់ចំពោះមុខព្រះ៖ «ខ្ញុំកោរសក់នេះគ្មានអ្វីថ្វាយព្រះអង្គ មានតែកោរសក់ថ្វាយដល់ព្រះអង្គ ជួយដល់គ្នាខ្ញុំដែលមានទុក្ខ។ តុលាការអយុត្តិធម៌ ដាក់គំនាប... ពឹងផ្អែកលើឫទ្ធិបារមីព្រោះអីមនុស្សលោកជួយគ្នាឯងមិនបាន»។
បណ្ដាញអង្គការសមាគមជាតិ អន្តរជាតិ និងប្រជាពលរដ្ឋបានដើរដង្ហែឆ្ពោះទៅមណ្ឌលអប់រំកែប្រែម១ និងម២ ហើយបានឈរស្រែកនៅខាងមុខពន្ធនាគារព្រៃស ទាមទារឲ្យដោះលែងពលរដ្ឋតំបន់បឹងកក់ទាំង១៥នាក់៖ «យកម្ចាស់ទៅដាក់គុកឲ្យអាចោររួចខ្លួន។ សុំឲ្យតុលាការរួចខ្លួន។ អនុសាសន៍របស់សម្ដេចប្រមុខរដ្ឋាភិបាល អ្នកដែលមានជម្លោះដីធ្លីគឺមិនត្រូវជាប់ពន្ធនាគារដាច់ខាត»។
ស្វាមីរបស់តំណាងអ្នកភូមិបឹងកក់ម្នាក់ ឈ្មោះ តុល ស្រីពៅ គឺលោក ប៉ោ គុណ្ណារ៉ា អះអាងនៅមុខពន្ធនាគារថា តុលាការផ្ដន្ទាទោសអ្នកភូមិដោយអយុត្តិធម៌៖ «កូនវាលំបាកហើយព្រោះអីកូនវាធ្លាប់ដេកជាមួយម្ដាយវា ឥឡូវកូនវាយំរាល់យប់។ សូមអំពាវនាវឲ្យតុលាការដោះលែងប្រពន្ធខ្ញុំមកវិញ។ ដោះលែងអ្នកទាំង ១៥នាក់នោះមកវិញ។ ព្រោះតុលាការកាត់តាមផ្លូវច្បាប់ខ្ញុំអស់ចិត្តហើយ ព្រោះតុលាការអត់បានកាត់តាមផ្លូវច្បាប់សោះ ធ្វើនេះធ្វើតាមបញ្ជាគេហ្មង»។
ក្រុមអ្នកតវ៉ាបញ្ជាក់ថា ពួកគេនឹងទាមទារជាបន្តទៀត រហូតទាល់តែមានការដោះលែងពលរដ្ឋបឹងកក់ទាំង ១៥នាក់នោះមកវិញ៕
3 comments:
That is the law in communist country.
But most west countries are stupid and still believe that Cambodia is the democracy state, ha ha ha.
former communist
Bandits are working as Xmer govt., how can Khmers find the fair justice?
ការរំខាន និង ការបៀតបៀនប្រជាពលរដ្ឋក្នុង
ពិធីណាក៏ដោយ បក្សប្រជាជនកម្ពុជាមិនចំណេញ
ទេ គឺកាន់តែធ្វើឲ្យរាស្ត្រក្ដៅក្រហាយខ្លាំងឡើងៗ។
ដូចនេះ អាយុជីវិតរបស់អាយ៉ងយួននេះជិតអស់
អាយុហើយ។
ការរំខាននេះ គេមើលឃើញចរិតយ៉ាងច្បាស់ពី
គំនិតអន្ធពាលរបស់បក្សប្រជាជន និង រដ្ឋាភិបាលនេះ។
រដ្ឋាភិបាលនិងជនក្ដាប់អំណាចនេះនឹងត្រូវងាប់
ឆាប់។
Post a Comment