Wednesday, May 30, 2012

បក្ស សម រង្ស៊ី បង្ហាញ​របាយការណ៍​មន្ត្រី​រាជការ​មាន​ឈ្មោះ​បោះ​ឆ្នោត​ស្ទួន [-Multiple election registrations]

(RFA/So Chivy)
2012-05-29
ដោយ សុ ជីវី
RFA

គណបក្ស សម រង្ស៊ី បាន​បង្ហាញ​របាយការណ៍​ថា មាន​ករណី​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​តែ​បន្ត​កើត​ឡើង នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ​ទី​៣​នេះ។ ហើយ​អ្វី​ដែល​គណបក្ស​ចាត់​ទុក​ថា​ជា​រឿង​ថ្មី និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ គឺ​ការ​ចុះ​ឈ្មោះ​ស្ទួន​របស់​មន្ត្រី​រាជការ ដោយ​មាន​ការ​ចាត់តាំង។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បង្ហាញ​របាយការណ៍​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ស្ទួន​របស់​មន្ត្រីរាជការ នៅ​ទី​ស្នាក់​ការ​គណបក្ស នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១២។

គណបក្ស សម រង្ស៊ី រក​ឃើញ​ថា មាន​មន្ត្រី​អគ្គិសនី​កម្ពុជា ចំនួន​ជិត ១​រយ​នាក់ មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​ពីរ​ផ្សេង​គ្នា គឺ​នៅ​ភ្នំពេញ​ផង និង​នៅ​តាម​ខេត្ត​ផង សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា។

អ្នក​នាំ​ពាក្យ គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​ឧសភា ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ស្ទួន​របស់​មន្ត្រី​ដែល​បម្រើ​ការ​នៅ​អគ្គិសនី​កម្ពុជា គឺ​មាន​ការ​រៀប​ចំ​ជា​ប្រព័ន្ធ។ លោក យឹម សុវណ្ណ បន្ត​ថា​ករណី​នេះ​បង្ហាញ​ថា គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ហាក់​ដូច​ជា​ត្រូវ​រ៉ូវ​ក្នុង​ការ​លាក់​បាំង​ករណី​ល្មើស​ច្បាប់​នេះ។


លោក យឹម សុវណ្ណ៖ «ការ​ចុះ​ឈ្មោះ​ស្ទួន​នេះ នឹង​អោយ​មាន​ការ​គូស​សន្លឹក​ឆ្នោត​ជំនួស​ដាក់​ចូល​ក្នុង​ធុង។ ឧទាហរណ៍​ថា មន្ត្រី​ហ្នឹង​គាត់​ទៅ​បោះ​នៅ​កំពង់ចាម ចំនួន ៤៨​នាក់ អញ្ចឹង​គេ​អាច​នឹង​គូស​នៅ​ភ្នំពេញ​នូវ​សំឡេង​ឆ្នោត​នោះ ដូច​គេ​ធ្លាប់​ធ្វើ​នៅ​ពេល​កន្លង​មក ដែល​យើង​តែង​តែ​ចាប់​បាន ដែល​គណ​បក្ស​កាន់​អំណាច​តែង​ធ្វើ​នៅ​រាល់​ការ​បោះ​ឆ្នោត​ម្តងៗ»។

គណបក្ស សម រង្ស៊ី បាន​រក​ឃើញ​ថា មន្ត្រី​រាជការ​នៅ​ក្នុង​នាយកដ្ឋាន ផែន​ការ​យុទ្ធសាស្ត្រ និង​គម្រោង​ការ នៃ​អគ្គិសនី​កម្ពុជា ចំនួន ៥០​នាក់ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ និង ៤៨​នាក់​ទៀត ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម។ ហើយ​ឈ្មោះ​អ្នក​ទាំង​នោះ​ក៏​ត្រូវ​រក​ឃើញ​ផង​ដែរ ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត ក្នុង​រាជធានី​ភ្នំពេញ។ គណបក្ស​នេះ​រក​ឃើញ​ដែរ​ថា មាន​ការ​រៀប​ចំ​ទុក​ជា​មុន​ពី​នាយកដ្ឋាន ផែន​ការ​យុទ្ធសាស្ត្រ និង​គម្រោង​ការ នៃ​អគ្គិសនី​កម្ពុជា ដោយ​សារ​មាន​សេចក្ដី​ជូន​ដំណឹង​ពី​ការ​ដឹក​ជញ្ជូន​អ្នក​ទាំង​នោះ​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បន្ត​ថា គណបក្ស សម រង្ស៊ី នឹង​ដាក់​ពាក្យ​បណ្ដឹង​ករណី​នេះ ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អគ្គិសនី​កម្ពុជា​បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា ករណី​ស្ទួន​ឈ្មោះ គឺ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​បញ្ជី​អ្នក​បោះ​ឆ្នោត​នៅ​កម្ពុជា។ លោក ទេព នីថា បញ្ជាក់​ថា បើ​ទោះ​ជា​មាន​ឈ្មោះ​ស្ទួន ក៏​គេ​អាច​បោះ​ឆ្នោត​បាន​តែ​ម្ដង​ប៉ុណ្ណោះ៖ «គាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ហើយ​គាត់​ផ្លាស់​ទី​លំនៅ គាត់​ទៅ​នៅ​ឃុំ​សង្កាត់​ថ្មី គាត់​ត្រូវ​ចុះ​ឈ្មោះ​ថ្មី ហ្នឹង​យើង​សុំ​អោយ​គាត់​រាយការណ៍​ពី​ឈ្មោះ​ចាស់​របស់​គាត់ ដើម្បី​លប់​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត។ តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​រាយការណ៍​ដើម្បី​បាន​លុប​ចេញ​ទេ។ ករណី​ឈ្មោះ​ស្ទួន​នេះ មិន​អាច​បោះ​ឆ្នោត ២​ដង​បាន​ទេ ព្រោះ​យើង​មាន​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ ពេល​បោះ​ឆ្នោត​យើង​លូក​ម្រាម​ដៃ​ហ្នឹង មាន​ប្រសិទ្ធភាព​ដល់​ទៅ ១​អាទិត្យ»។

លោក ទេព នីថា បន្ត​ថា ដើម្បី​បញ្ចៀស​មិន​អោយ​មាន​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ស្ទួន​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នោះ គ.ជ.ប កំពុង​បន្ត​ការ​ត្រួត​ពិនិត្យ និង​លុប​ឈ្មោះ​ស្ទួន​ទាំង​នោះ​ជា​បណ្ដើរៗ។ ចំពោះ​ការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​នេះ គណបក្ស​ប្រឆាំង សម រង្ស៊ី នា​ពេល​កន្លង​មក បាន​រិះ​គន់​ថា គ.ជ.ប ធ្លាប់​បាន​លុប​ឈ្មោះ​អ្នក​គាំ​ទ្រ​គណបក្ស សម រង្ស៊ី ចំនួន ១​លាន​នាក់៕

3 comments:

Anonymous said...

រាស្ត្រខ្មែរជាអ្នកបោះឆ្នោតជូនបក្ស សម រង្ស៊ី
តែ គ ជ ប រាប់សន្លឹកឆ្នោតឈ្នះឲ្យ បក្ស
ប្រជាជនខ្ញុំយួន។

ទាំងនេះ គឺពួកអា ខ្ញុំយួន៕

Anonymous said...

Lets bring this Election Commitee to court. They make rules for people to follow, but they themselve break that rules. There is no doubt that this Election Commitee is on CPP side which they should be very independent and neutral (never take side).

Shame to this Election Commitee!

Anonymous said...

Don't belief what Ah Tep Nitha said. The ink can be washed off within 5 minutes by using the nail polish liquid. Hun Sen's body gurads were instructed to vote at lease 5 times each in Kandal province and phnom penh with either the same names and different names. Their Prachea Kapea, youth group, soldiers, and Yuons were and are active in registering their names in many places. The election committee facilitated in registrating their names and voting and change the name lists and the bollot boxes if needed. This is one trick among ther 100 tricks.