(RFA/So Chivy) |
ដោយ សុ ជីវី
RFA
គណបក្ស សម រង្ស៊ី បានបង្ហាញរបាយការណ៍ថា មានករណីមិនប្រក្រតីមួយចំនួននៅតែបន្តកើតឡើង នៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៣នេះ។ ហើយអ្វីដែលគណបក្សចាត់ទុកថាជារឿងថ្មី និងត្រូវយកចិត្តទុកដាក់ គឺការចុះឈ្មោះស្ទួនរបស់មន្ត្រីរាជការ ដោយមានការចាត់តាំង។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បង្ហាញរបាយការណ៍ពីការចុះឈ្មោះបោះឆ្នោតស្ទួនរបស់មន្ត្រីរាជការ នៅទីស្នាក់ការគណបក្ស នារាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២។
គណបក្ស សម រង្ស៊ី រកឃើញថា មានមន្ត្រីអគ្គិសនីកម្ពុជា ចំនួនជិត ១រយនាក់ មានឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅក្នុងមណ្ឌលបោះឆ្នោតពីរផ្សេងគ្នា គឺនៅភ្នំពេញផង និងនៅតាមខេត្តផង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា។
អ្នកនាំពាក្យ គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍នៅក្នុងសន្និសីទព័ត៌មាន នៅថ្ងៃអង្គារ ទី២៩ ខែឧសភា ថា ការចុះឈ្មោះបោះឆ្នោតស្ទួនរបស់មន្ត្រីដែលបម្រើការនៅអគ្គិសនីកម្ពុជា គឺមានការរៀបចំជាប្រព័ន្ធ។ លោក យឹម សុវណ្ណ បន្តថាករណីនេះបង្ហាញថា គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ហាក់ដូចជាត្រូវរ៉ូវក្នុងការលាក់បាំងករណីល្មើសច្បាប់នេះ។
លោក យឹម សុវណ្ណ៖ «ការចុះឈ្មោះស្ទួននេះ នឹងអោយមានការគូសសន្លឹកឆ្នោតជំនួសដាក់ចូលក្នុងធុង។ ឧទាហរណ៍ថា មន្ត្រីហ្នឹងគាត់ទៅបោះនៅកំពង់ចាម ចំនួន ៤៨នាក់ អញ្ចឹងគេអាចនឹងគូសនៅភ្នំពេញនូវសំឡេងឆ្នោតនោះ ដូចគេធ្លាប់ធ្វើនៅពេលកន្លងមក ដែលយើងតែងតែចាប់បាន ដែលគណបក្សកាន់អំណាចតែងធ្វើនៅរាល់ការបោះឆ្នោតម្តងៗ»។
គណបក្ស សម រង្ស៊ី បានរកឃើញថា មន្ត្រីរាជការនៅក្នុងនាយកដ្ឋាន ផែនការយុទ្ធសាស្ត្រ និងគម្រោងការ នៃអគ្គិសនីកម្ពុជា ចំនួន ៥០នាក់ បានចុះឈ្មោះបោះឆ្នោតនៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ និង ៤៨នាក់ទៀត ចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ហើយឈ្មោះអ្នកទាំងនោះក៏ត្រូវរកឃើញផងដែរ ក្នុងបញ្ជីអ្នកបោះឆ្នោត ក្នុងរាជធានីភ្នំពេញ។ គណបក្សនេះរកឃើញដែរថា មានការរៀបចំទុកជាមុនពីនាយកដ្ឋាន ផែនការយុទ្ធសាស្ត្រ និងគម្រោងការ នៃអគ្គិសនីកម្ពុជា ដោយសារមានសេចក្ដីជូនដំណឹងពីការដឹកជញ្ជូនអ្នកទាំងនោះទៅបោះឆ្នោតនៅក្នុងខេត្តទាំងពីរនៅថ្ងៃទី៣ ខែមិថុនា។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បន្តថា គណបក្ស សម រង្ស៊ី នឹងដាក់ពាក្យបណ្ដឹងករណីនេះ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីអគ្គិសនីកម្ពុជាបាននៅឡើយទេ នៅរសៀលថ្ងៃទី២៩ ខែឧសភា។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍ថា ករណីស្ទួនឈ្មោះ គឺពុំមែនជារឿងថ្មីទេសម្រាប់បញ្ជីអ្នកបោះឆ្នោតនៅកម្ពុជា។ លោក ទេព នីថា បញ្ជាក់ថា បើទោះជាមានឈ្មោះស្ទួន ក៏គេអាចបោះឆ្នោតបានតែម្ដងប៉ុណ្ណោះ៖ «គាត់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយគាត់ផ្លាស់ទីលំនៅ គាត់ទៅនៅឃុំសង្កាត់ថ្មី គាត់ត្រូវចុះឈ្មោះថ្មី ហ្នឹងយើងសុំអោយគាត់រាយការណ៍ពីឈ្មោះចាស់របស់គាត់ ដើម្បីលប់ចេញពីបញ្ជីបោះឆ្នោត។ តែប្រជាពលរដ្ឋមួយចំនួនមិនបានរាយការណ៍ដើម្បីបានលុបចេញទេ។ ករណីឈ្មោះស្ទួននេះ មិនអាចបោះឆ្នោត ២ដងបានទេ ព្រោះយើងមានទឹកខ្មៅលុបលាងមិនជ្រះ ពេលបោះឆ្នោតយើងលូកម្រាមដៃហ្នឹង មានប្រសិទ្ធភាពដល់ទៅ ១អាទិត្យ»។
លោក ទេព នីថា បន្តថា ដើម្បីបញ្ចៀសមិនអោយមានឈ្មោះអ្នកបោះឆ្នោតស្ទួននៅក្នុងបញ្ជីបោះឆ្នោតនោះ គ.ជ.ប កំពុងបន្តការត្រួតពិនិត្យ និងលុបឈ្មោះស្ទួនទាំងនោះជាបណ្ដើរៗ។ ចំពោះការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនេះ គណបក្សប្រឆាំង សម រង្ស៊ី នាពេលកន្លងមក បានរិះគន់ថា គ.ជ.ប ធ្លាប់បានលុបឈ្មោះអ្នកគាំទ្រគណបក្ស សម រង្ស៊ី ចំនួន ១លាននាក់៕
3 comments:
រាស្ត្រខ្មែរជាអ្នកបោះឆ្នោតជូនបក្ស សម រង្ស៊ី
តែ គ ជ ប រាប់សន្លឹកឆ្នោតឈ្នះឲ្យ បក្ស
ប្រជាជនខ្ញុំយួន។
ទាំងនេះ គឺពួកអា ខ្ញុំយួន៕
Lets bring this Election Commitee to court. They make rules for people to follow, but they themselve break that rules. There is no doubt that this Election Commitee is on CPP side which they should be very independent and neutral (never take side).
Shame to this Election Commitee!
Don't belief what Ah Tep Nitha said. The ink can be washed off within 5 minutes by using the nail polish liquid. Hun Sen's body gurads were instructed to vote at lease 5 times each in Kandal province and phnom penh with either the same names and different names. Their Prachea Kapea, youth group, soldiers, and Yuons were and are active in registering their names in many places. The election committee facilitated in registrating their names and voting and change the name lists and the bollot boxes if needed. This is one trick among ther 100 tricks.
Post a Comment