២៦-ឧសភា-២០១២៖ លោកស្រី អ៊ុក សាគុន ផ្តល់បទសម្ភាសន៍ ក្នុងហាងលក់បាយរបស់លោកស្រី។ (RFA/Soun Sophalmony) |
ពលរដ្ឋម្នាក់ ត្រូវបេក្ខជនបក្ស ប្រជាជន សម្លុត ព្រោះតែចាក់ឌីស សម រង្ស៊ី
2012-05-27
ដោយ សួន សុផល មុន្នី
RFA
គណៈកម្មការរៀបចំការបោះឆ្នោត ក្នុងខេត្តបាត់ដំបង គ្រោងកោះហៅមន្ត្រីគណបក្សប្រជាជន កម្ពុជាមួយរូប យកទៅសួរនាំ អំពីករណីគំរាមកំហែងអ្នកភូមិ មិនឲ្យទស្សនាខ្សែភាពឯកសាររបស់ គណបក្សប្រឆាំងក្នុងថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត។
មន្ត្រីគណបក្សប្រជាជនកម្ពុជាមួយរូប រងការចោទប្រកាន់ថា បានគំរាមសម្លុត និងបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ មិនឲ្យយកឌីសខ្សែភាពយន្តឯកសាររបស់គណបក្ស សម រង្ស៊ី ទៅចាក់ឲ្យអ្នកភូមិមើលយល់ដឹងពីអត្ថន័យ និងខ្លឹមសារនៃគោលនយោបាយ របស់គណបក្ស ដើម្បីឲ្យពួកគាត់មានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីធ្វើការសម្រេចចិត្តបោះឆ្នោតជ្រើសរើសមេដឹកនាំនៅក្នុងមូលដ្ឋាន។
លោកស្រី អ៊ុក សាគុន អាយុ ៥៥ ឆ្នាំ មានមុខរបរជាអ្នកលក់បាយ និងកាហ្វេ នៅភូមិបឹងព្រលិត ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ លោកស្រីថ្លែងនៅថ្ងៃទី២៦ ឧសភាថា កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា គណបក្ស សម រង្ស៊ី បានដើរឃោសនានៅតាមភូមិ។
គណបក្សសមរង្ស៊ី បានចែកខិតប័ណ្ណ និងឌីសខ្សែភាពយន្តឯកសារផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស សម រង្ស៊ី ឲ្យលោកស្រី។
លុះដល់ព្រឹកថ្ងៃទី២៤ ខែឧសភា លោកស្រីបានយកឌីសឯកសារនោះ ចាក់នៅក្នុងហាងលក់បាយឲ្យភ្ញៀវមើល ស្រាប់តែលោក មិន គីម ជាមន្ត្រីពន្ធដារស្រុកសំពៅលូន និងជាបេក្ខជនឈរឈ្មោះបោះឆ្នោត ឃុំលេខរៀងទី៦ របស់គណបក្សប្រជាជនកម្ពុជា បានស្រែកគំរាមខ្លាំងៗ មិនឲ្យគាត់ចាក់ឌីសនោះទេ ធ្វើឲ្យគាត់មានការភ័យខ្លាច។
លោកស្រី អ៊ុក សាគុន៖ «ទើបចាក់បានបន្តិច អ៊ុំ គីម ហ្នឹង គាត់អង្គុយហូបបាយនៅតុនុះ គាត់និយាយខ្លាំងៗ សំដីកោងកាច។ គាត់ថា ខ្ញុំហ្នឹងម៉េចយកឌីសហ្នឹងមកចាក់? ឌីសហ្នឹង ឌីសគណបក្សសម រង្ស៊ី ហើយគាត់ថា ខ្ញុំហ្នឹងគណបក្ស សម រង្ស៊ី យកឌីសមកចាក់ក្នុងចំណោមមហាជនអ៊ីចឹង ដូចថា ខ្ញុំហ្នឹងចង់បង្កើតឃោសនាអីអ៊ីចឹង។ ខ្ញុំក៏សុំទោសគាត់ ខ្ញុំថា អ៊ុំអើយប្រជាជនខ្ញុំអត់ដឹងអីទេ គេឲ្យឌីសមក។ ពាក្យសម្ដីគាត់ចេញមកធ្វើឲ្យខ្ញុំខ្លាច។ ខ្ញុំយ៉ាងស្លេកមុខ សូម្បីតែកូនចៅខ្ញុំនៅជាមួយក៏នាំគ្នាភ័យដែរ។ ចាក់ហ្នឹងមានសំបុត្រស្នាមមានការ អនុញ្ញាត»។
គណបក្ស សម រង្ស៊ី ចាត់ទុកថា នេះជាការគំរាមកំហែង បំភិតបំភ័យប្រជាពលរដ្ឋ នៅក្នុងឃុំសន្តិភាពទាំងមូល ។
លោក អ៊ុយ សារឿន ប្រធានក្រុមប្រឹក្សាស្ដីទីរបស់គណបក្ស សម រង្ស៊ី ស្រុកសំពៅលូន បានហៅ សកម្មភាពនេះថា ជាការរារាំងផ្ទុយនឹងច្បាប់បោះឆ្នោត ដោយសេរី និងយុត្តិធម៌។ ទន្ទឹមគ្នានេះ គណបក្ស សម រង្ស៊ី បានដាក់ពាក្យបណ្តឹងករណីនេះទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំរួចហើយ កាលពីថ្ងៃទី២៥ ខែឧសភា ដោយចោទ លោកមិន គីម ពីបទគំរាមកំហែងប្រជាពលរដ្ឋ។
លោក អ៊ុយ សារឿន៖ «គោលបំណងខាងគណបក្ស សម រង្ស៊ី ចង់ផ្សះផ្សាក្នុងនាមជាពលរដ្ឋខ្មែរដូចគ្នា។ ទី២ បើសិនជាអ្នកដែលប្រព្រឹត្តិគាត់ទទួលកំហុសខ្លួន គណបក្ស មស រង្ស៊ី នឹងធ្វើការផ្សះផ្សា។ ទី៣ សុំឲ្យខាងប្រធានស៊ិច (CEC) ធ្វើការព្រមានដល់ឈ្មោះ មិន គីម ហ្នឹងឲ្យគាត់បានលាយលក្ខណ៍ជាអក្សរ ហើយនិងឲ្យបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ បានដឹងជាទូទៅ»។
វិទ្យុអាស៊ីសេរី មិនអាចសុំសេចក្តីបញ្ជាក់ពីលោក មិន គីម ជាមន្ត្រីពន្ធដារស្រុកសំពៅលូន និងជាបេក្ខជនឈរឈ្មោះលេខរៀងទី៦ របស់គណបក្សប្រជាជនកម្ពុជាបានទេ។ ប៉ុន្តែ លោក អ៊ុយ នីម ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំសន្តិភាពថ្លែងថា គណៈកម្មការរៀបចំការបោះឆ្នោតឃុំ បានទទួលពាក្យបណ្តឹងពីគណបក្ស សម រង្ស៊ី ហើយ ហើយបានចុះសាកសួរដល់ផ្ទះលោកស្រី អ៊ុក សាគុន រកឃើញថា លោក មិន គីម បានប្រើពាក្យសំដីខ្លាំងៗ ធ្វើឲ្យម្ចាស់ផ្ទះមានការភិតភ័យ។
លោក អ៊ុយ នីម៖ «ក្រោយពីការទទួលពាក្យបណ្តឹង ខ្ញុំចុះស្រាវជ្រាវហើយ នៅថ្ងៃស្អែក ២៧ ហ្នឹងខ្ញុំ និងកោះហៅបង គីម និងខាងគណបក្ស ដែលប្តឹងហ្នឹង មកធ្វើការផ្សះផ្សាគ្នា។ បើសិនជាសះ រឿង ហ្នឹងត្រូវបញ្ចប់។ បើថា មិនជាសះទេ ដោះស្រាយបន្តទៅទៀត។ យោងតាមការស៊ើបអង្កេតឃើញថា ការប្រើពាក្យសម្ដីធ្វើប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ ធ្វើឲ្យគាត់មានការភ័យខ្លាច»។
លោកបញ្ជាក់ថា លោក មិន គីម បានប្រើពាក្យសំដីខ្លាំងៗ ហើយគាត់ទាមទារឲ្យលោកស្រី អ៊ុក សាគុន សុំច្បាប់ទម្លាប់ ឬក៏ត្រូវរាយការណ៍ទៅគណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីបញ្ជាក់ពីការឃោសនា។ ប៉ុន្តែ សមាគម អាដហុក (ADHOC) យល់ឃើញថា នេះជាការគំរាមកំហែង បិទសិទ្ធិសេរីភាពមួយ ទៅលើប្រជាពលរដ្ឋ។
លោក យិន ម៉េងលី ប្រធានសម្របសម្រួល សមាគម អាដហុក ប្រចាំខេត្តបាត់ដំបងថ្លែងថា ប្រជាពលរដ្ឋមានសិទ្ធិទទួលសារគ្រប់គណបក្សនយោបាយ ដែលកំពុងបើកយុទ្ធនាការឃោសនារកសំឡេងគាំទ្រពីម្ចាស់ឆ្នោត។
លោក យិន ម៉េងលី៖ «បើសិនថា សាររបស់គណបក្សគិតថា វាមិនត្រឹមត្រូវ លោក គីម មិនគប្បីធ្វើអ៊ីចឹងទេ លោកអាចប្ដឹងទៅតាមនីតិវិធី លោកក៏មិនមានសមត្ថកិច្ចអីក្នុងការធ្វើករណីនេះ ហើយបើយើងយោងទៅលើច្បាប់។ បញ្ហានេះមានចែង ហើយលោក គីម អាចត្រូវធ្វើការផាកពិន័យ ឬក៏លុបឈ្មោះចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត»។
សមាគម អាដហុក បានឲ្យដឹងថា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងគាំទ្រពីម្ចាស់ ឆ្នោតរបស់គណបក្សនយោបាយ នៅក្នុងខេត្តបាត់ដំបង កើតមានភាពមិនប្រក្រតីជាង ២០ ករណី។ ប៉ុន្តែករណីទាំងនោះភាគច្រើន ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ និងខេត្តសម្របសម្រួល និងផ្សះផ្សាគ្នាឡើងវិញ៕
7 comments:
sounded like there's always a bad element in any party anywhere on earth, really. it probably has nothing to do with the party as a whole, just some unruly people who dream of causing trouble to paint bad picture of their competiting party, etc, you know. i wouldn't be too quick to buy into biased or prejudiced or discriminating party, etc, you know.
i don't believed this articles, such a bull shits ..
Both of you above such a bullshit, you know! Ok! Really? Fuck off
Usa
សកម្មភាព បេក្ខជនបក្ស ប្រជាជន ធ្វើបែបនេះមិនត្រូវឡើយ។
To 1:36 PM and 1:41 PM,
I knew your both writing comment
pretty well. You are dog shit of
ah Hun Sen and Vietnamese.
I followed up your comments for
so long so I knew you who are.
^Dumb comment as usual^
^Ignorance dumb asss^
Post a Comment