ប្រជាពលរដ្ឋតម្រង់ជួរចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ កាលពីថ្ងៃអាទិត្យម្សិលមិញ។ រូបថត ហេង ជីវ័ន |
Monday, 04 June 2012 12:05
ឃុត សុភចរិយា
The Phnom Penh Post
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានចេញរបាយការណ៍នៅល្ងាចម្សិលមិញថា ចំនួនអ្នកទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិនេះ មានតែ ៥១,២៣ ភាគរយ ទេ ខណៈដែល កាលពីឆ្នាំ ២០០៧ មានប្រជាជន ៦៦ភាគរយ បាននាំគ្នាទៅបោះឆ្នោតដូចគ្នានេះ។
ក្នុងប្រកាស គ.ជ.ប ចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនោះបញ្ជាក់ថា មានប្រជាជនចំនួន៤,៥ លាននាក់ បានទៅបោះឆ្នោត ខណៈដែលចំនួនអ្នកចុះឈ្មោះបោះឆ្នោត មានដល់ ៩,២លាននាក់។ កាលពីឆ្នាំ២០០៧ អ្នកទៅបោះឆ្នោតមានចំនួន ៥,១ លាននាក់ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោត ៧,៨ លាននាក់។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មិនអាចសុំការបញ្ជាក់បានទេកាលពីល្ងាចមិញ តែបើតាមមន្ត្រី គ.ជ.ប ប្រាប់ទៅបណ្តាញផ្សព្វផ្សាយកាលពីម្សិលមិញការថយចុះចំនួនអ្នក បោះឆ្នោតអាចបណ្តាលមកពីបញ្ហាអាកាសធាតុ ដែលមានភ្លៀងខ្យល់នៅតាមខេត្តមួយចំនួន ដែលបានធ្វើការរំខាន។
លោក ហួត ផាន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រៃវែង បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា តាមតួលេខដែលលោកទទួលបានពីក្រុមប្រឹក្សាឃុំ-សង្កាត់រៀបចំការបោះ ឆ្នោត បានបង្ហាញថា ចំនួននៃអ្នកទៅបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣នេះ មានប្រមាណពីជាង៥០ទៅ៧០ភាគរយប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «ការដែលអ្នកបោះឆ្នោតមិនបានទៅបោះឆ្នោតឲ្យបាន១០០ភាគរយនោះ ភាគច្រើនជាយុវជន ដែលបានចំណាកស្រុកទៅធ្វើការនៅតាមបណ្ដាខេត្តផ្សេងៗ ឬក្រៅប្រទេស ហើយមានខ្លះជាចាស់ជរា ខ្លះបានទទួលមរណភាព ខ្លះ មានឈ្មោះស្ទួន និងខ្លះទៀត បានផ្លាស់ទីលំនៅ»។
លោកបានបន្ថែមថា៖ «យើងទទួលបានព័ត៌មានពីគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ថា មានបណ្ដឹងខ្លះតែទោះជាបែបណាក្ដី ស្ថានភាពនៅថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបណ្ដោះអាសន្ន ស្ថិតក្នុងបរិយាកាស និងស្ថានភាពល្អប្រសើរ ព្រោះគ្មានអំពើហិង្សាកើតឡើង»។
លោកឲ្យដឹងទៀតថា ៖ «ក្នុងអំឡុងពេលរាប់សន្លឹកឆ្នោតមានភ្លៀងខ្យល់ និង ផ្គររន្ទះ ដែលជាហេតុនាំឲ្យរំខានដល់ការរាប់សន្លឹកឆ្នោត និងធ្វើឲ្យទទួលបានព័ត៌មានពីតាមបណ្ដាមណ្ឌលបោះឆ្នោត រាប់សន្លឹកឆ្នោត មានភាពយឺតយ៉ាវ»។
លោកបញ្ជាក់ថា៖ «ក្នុងចំណោមឃុំ១១ ដែលយើងទទួលបាននៅល្ងាចនេះ (៥:៤៥នាទីល្ងាច) ឃុំចំនួន៨ នាំមុខដោយគណបក្សប្រជាជនកម្ពុជា និងឃុំបីទៀតនាំមុខ ដោយគណបក្សសិទ្ធិមនុស្ស»។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុម ហ្វ្រែល បានថ្លែងឲ្យដឹងថា ដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៣នេះ បានប្រព្រឹត្តទៅមានលក្ខណៈ ប្រសើរ ពុំមានអំពើហិង្សា តែមានភាពមិនប្រក្រតីខ្លះៗ ដូចជាពលរដ្ឋរកឈ្មោះមិនឃើញ ការមិនអនុញ្ញាតឲ្យមន្ត្រីអង្កេតការណ៍ចល័តចូលទៅអង្កេតតាមការិយាល័យ ការរារាំងមិនឲ្យអ្នកសារព័ត៌មានថតរូបអ្នកបោះឆ្នោត ក្នុងទីធ្លានៃមណ្ឌលបោះឆ្នោត ជាដើម៕
2 comments:
8888បោះឆ្នោតម្ដងណាក៏ ហ៊ុន សែន ស៊ីដាច់ធ្លុះធ្លាយតែហ្មង
ហ្នឹងមិនទាន់រាប់ (១.៥០០.០០០)នាក់ផងប្រាប់អោយដឹងទៅ អាវ៉ា...
របៀបបោះឆ្នោតពងក្ដរបស់កុម្មុយនិស្ដ
Post a Comment