Monday, June 04, 2012

ចំនួន​ពលរដ្ឋ​មក​បោះឆ្នោត​មាន​តែ​ជាង​៥១​ភាគរយ

ប្រជាពលរដ្ឋ​តម្រង់​ជួរ​ចូល​រួមការ​បោះ​ឆ្នោតក្រុម​ប្រឹក្សា​​ឃុំ សង្កាត់​ អាណត្តិ​​ទី​​៣ កាល​ពីថ្ងៃ​អាទិត្យ​ម្សិលមិញ​។ រូបថត ហេង ជីវ័ន​

Monday, 04 June 2012 12:05
ឃុត សុ​ភ​ច​រិ​យា
The Phnom Penh Post

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)បាន​ចេញ​របាយការណ៍​នៅ​ល្ងាច​ម្សិលមិញ​ថា ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​នេះ មាន​តែ ៥១,២៣ ភាគរយ ទេ ខណៈ​ដែល កាលពី​ឆ្នាំ​ ២០០៧​ មាន​ប្រជាជន ៦៦​ភាគរយ​ បាន​នាំ​គ្នា​ទៅ​បោះឆ្នោត​ដូច​គ្នា​នេះ។​

ក្នុង​ប្រកាស​ គ.ជ.ប ចេញ​ផ្សាយ​កាល​ពីល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នោះ​បញ្ជាក់​ថា មាន​ប្រជាជន​ចំនួន​៤,៥ លាន​នាក់ បាន​ទៅ​បោះឆ្នោត ខណៈ​ដែល​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ មាន​ដល់ ៩,២​លាន​នាក់​។ កាលពី​ឆ្នាំ​២០០៧ អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​ ៥,១ លាន​នាក់ ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត ​៧,៨ លាន​នាក់។

លោក ទេព នីថា​ អគ្គលេខាធិការ គ.ជ.ប មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ​កាល​ពីល្ងាច​មិញ តែ​បើ​តាម​មន្ត្រី គ.ជ.ប ប្រាប់​ទៅ​បណ្តាញ​ផ្សព្វផ្សាយ​កាល​ពី​ម្សិល​មិញ​ការ​ថយ​ចុះ​ចំនួន​អ្នក បោះឆ្នោត​អាច​បណ្តាល​មក​ពី​បញ្ហា​អាកាសធាតុ ដែល​មាន​ភ្លៀង​ខ្យល់​នៅ​តាម​ខេត្ត​មួយ​ចំនួន ដែល​បាន​ធ្វើ​ការ​រំខាន​។


លោក ហួត ផាន ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ព្រៃវែង បាន​ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ ថា តាម​តួ​លេខ​ដែល​លោក​ទទួល​បាន​ពី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រៀបចំ​ការ​បោះ ឆ្នោត បាន​បង្ហាញ​ថា ចំនួន​នៃ​អ្នក​ទៅ​បោះ​ឆ្នោត ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៣​នេះ មាន​ប្រមាណ​ពី​ជាង​៥០​ទៅ​៧០​ភាគ​រយ​ប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់​ថា៖ «ការ​ដែល​អ្នក​បោះឆ្នោត​មិន​បាន​ទៅ​បោះឆ្នោត​ឲ្យ​បាន​១០០​ភាគរយ​នោះ ភាគ​ច្រើន​ជា​យុវជន ដែល​បាន​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ឬ​ក្រៅ​ប្រទេស ហើយ​មាន​ខ្លះ​ជា​ចាស់​ជរា ខ្លះ​បាន​ទទួល​មរណភាព ខ្លះ មាន​ឈ្មោះ​ស្ទួន និង​ខ្លះ​ទៀត បាន​ផ្លាស់​ទីលំនៅ»។

លោក​បាន​បន្ថែម​ថា៖ «យើង​ទទួល​បាន​ព័ត៌មាន​ពី​គណៈកម្មការ​ឃុំ-សង្កាត់​ រៀបចំ​ការ​បោះឆ្នោត ថា​ មាន​បណ្ដឹង​ខ្លះ​តែ​ទោះ​ជា​បែប​ណា​ក្ដី ស្ថានភាព​នៅ​ថ្ងៃ​បោះ​ឆ្នោត រាប់​សន្លឹក​ឆ្នោត និង​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន ស្ថិត​ក្នុង​បរិយាកាស និង​ស្ថានភាព​ល្អ​ប្រសើរ​ ព្រោះ​គ្មាន​អំពើ​ហិង្សា​កើត​ឡើង​»។

លោក​ឲ្យ​ដឹង​ទៀត​ថា ៖ «ក្នុង​អំឡុង​ពេល​រាប់​សន្លឹក​ឆ្នោត​មាន​ភ្លៀង​ខ្យល់ និង ផ្គររន្ទះ ដែល​ជា​ហេតុ​នាំ​ឲ្យ​រំខាន​ដល់​ការ​រាប់​សន្លឹក​ឆ្នោត និង​ធ្វើ​ឲ្យ​ទទួល​បាន​ព័ត៌មាន​ពី​តាម​បណ្ដា​មណ្ឌល​បោះឆ្នោត រាប់​សន្លឹក​ឆ្នោត មាន​ភាព​យឺតយ៉ាវ»។

លោក​បញ្ជាក់​ថា៖​ «ក្នុង​ចំណោម​ឃុំ​១១ ដែល​យើង​ទទួល​បាន​នៅ​ល្ងាច​នេះ (៥:៤៥​នាទី​ល្ងាច) ឃុំ​ចំនួន​៨ នាំ​មុខ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ឃុំ​បី​ទៀត​នាំ​មុខ ដោយ​គណបក្ស​សិទ្ធិ​មនុស្ស​»។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខុម ហ្វ្រែល បាន​ថ្លែង​ឲ្យ​ដឹង​ថា ដំណើរ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី៣​នេះ ​បាន​ប្រព្រឹត្ត​ទៅ​មាន​លក្ខណៈ​ ប្រសើរ ពុំ​មាន​អំពើ​ហិង្សា តែ​មាន​ភាព​មិន​ប្រក្រតី​ខ្លះៗ ដូចជា​ពលរដ្ឋ​រក​ឈ្មោះ​មិន​ឃើញ ការ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​អង្កេតការណ៍​ចល័ត​ចូល​ទៅ​អង្កេត​តាម​ការិយាល័យ ការ​រារាំង​មិន​ឲ្យ​អ្នក​សារព័ត៌​មាន​ថត​រូប​អ្នក​បោះ​ឆ្នោត ក្នុង​ទីធ្លា​នៃ​មណ្ឌល​បោះឆ្នោត ជាដើម

2 comments:

Anonymous said...

8888បោះឆ្នោតម្ដងណាក៏ ហ៊ុន សែន ស៊ីដាច់ធ្លុះធ្លាយតែហ្មង
ហ្នឹងមិនទាន់រាប់ (១.៥០០.០០០)នាក់ផងប្រាប់អោយដឹងទៅ អាវ៉ា...

Anonymous said...

របៀបបោះឆ្នោតពងក្ដរបស់កុម្មុយនិស្ដ