Wednesday, June 06, 2012

ស្ត្រី​បឹងកក់​ជាប់​ឃុំ គម្រាម​ធ្វើ​កូដកម្ម​អត់​អាហារ



Wednesday, 06 June 2012 12:25
Shane Worrell និង ឃុត សុភ​ចរិយា​
The Phnom Penh Post
«​ចាប់​ម្ចាស់​ដី​ដាក់​គុក​ចោរ​ប្លន់​ដី​រួច​ខ្លួន​»
ភ្នំពេញៈ ស្រ្តី​មក​ពី​តំបន់​បឹងកក់​ចំនួន ១៣ នាក់​ ដែល​កំពុង​ជាប់​ឃុំ​ នៅ​ពន្ធនាគារ​ព្រៃស បន្ទាប់​ពី​ជំនុំ​ជម្រះ​រយៈ​ពេល ៣ ម៉ោង​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​ឧសភា បាន​គំរាម​ធ្វើ​កូដកម្ម​អត់​អាហារ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ឃុំ​ ខ្លួន​ពួក​គាត់​។ នេះ​បើ​យោង​តាម​ តំណាង​រាស្រ្ត​ម្នាក់​មក​ពី​គណបក្ស សម រង្ស៊ី។

ក្រុម​តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ី ក្នុង​នោះ ក៏​មាន​លោក​ស្រី មូរ សុខហួរ ផង​ដែរ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ពន្ធនាគារ ព្រៃ​ស កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​ពិនិត្យ​សុខភាព​របស់​ស្រ្តី​ទាំង ១៣ នាក់ ​និង​អ្នក​ស្រី លី ចាន់ណារី​ ស្រ្តី​ម្នាក់​ទៀត​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ជំនុំ​ជម្រះ។

លោក កើត ឃី តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី បាន​ថ្លែង​ថា៖ «​ពួក​គេ​ប្រាប់​យើង​ថា សុខភាព​របស់​ពួកគេ​ល្អ​ទេ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ ទទួល​រង​ការ​ធ្វើ​ទារុណ​កម្ម​ទេ ប៉ុន្តែ​ពួក​គេ​នឹក​កូនៗ​របស់​ពួក​គេខ្លាំងណាស់»។

​លោក​បញ្ជាក់​ថា៖ «ស្រ្តី​ទាំង​នោះ​ បាន​ប្រាប់​យើង​ថា ពួក​គេ​ចង់​ធ្វើ​កូដកម្ម​អត់​អាហារ។ យើង​បាន​សុំ​ពួកគេ​កុំ​ឲ្យ​ធ្វើ​បែប​នោះ ហើយ​ទទួល​យក​សំណើ​របស់​ពួក​គេ សម្រាប់​យើង​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ព្រះ​រាជ​ទាន​ដោះលែង​ពួក​គេ​»។ លោក កើ​ត ឃី ​ថ្លែង​ថា លោក​ស្រី មូរ សុខហួរ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​សហ​រដ្ឋ​អាមេរិក ​បន្ទាប់​ពី​បាន​ជួប​ស្រ្តី​ទាំង​នោះ ​ដែល​លោក​ស្រី ​នឹង​ជួប​ជាមួយ​​លោក​​ស្រី ហ៊ីឡារី គ្លីនតុន​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ដើម្បី​ស្នើ​សុំ​ការ​ជួយ​ធ្វើ​អន្តរាគមន៍​។


គ្រួសារ មិត្តភក្តិ និង​អ្នក​គាំទ្រ ស្រ្តី​មក​ពី​តំបន់​បឹង​កក់​ទាំង ១៥ ​នាក់ ដែល​ក្នុង​នោះ​មាន​បុរស​ម្នាក់​ឈ្មោះ សៅ សារឿន ​បាន​ទៅ​ពន្ធនាគារ​ព្រៃ​ស ​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​ឧសភា ​ប៉ុន្តែ​ពួក​គេ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​​ស្រ្តី​ទាំង​នោះ​ទេ​។ ​នៅ​ពេល​ភ្នំពេញ ប៉ុស្តិ៍ ​ទៅ​ពន្ធនាគារ​ព្រៃស​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​អនុរក្ស​ពន្ធនាគារ ដែល​ពាក់​សម្លៀក​បំពាក់​គ្មាន​សញ្ញា​សម្គាល់​បាន​រារាំង​សមាជិក​ពី​អង្គការ លីកាដូ មជ្ឈ​មណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា និង​អ្នក​យក​ព័ត៌មាន​មិន​ឲ្យ​ទៅ​ជិត​របង​លួស​ដែល​ស្រ្តី​ទាំង​នោះ​ នៅ​ពីក្រោយ​នោះ​ទេ។

ស្រ្តី​ដែល​ត្រូវ​បាន​កាត់​ទោស​ទាំង ១៣ នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​បឹងកក់ កាល​ពី​ថ្ងៃ​ទី​ ២២ ខែ​ឧសភា។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ ២ ថ្ងៃ​ក្រោយ​មក ពី​បទ​ប្រឆាំង​នឹង​អាជ្ញាធរ និង​រំលោភ​កាន់​កាប់​លើ​ដី​អ្នក​ដទៃ​ ដែល​ជា​កម្មសិទិ្ធ​ក្រុមហ៊ុន ស៊ូកាគូអ៊ីន​របស់​លោក​ ឡាវ​ ម៉េងឃីន ​ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាជន។​

ប៉ុន្តែ​ក្រុម​អ្នក​ភូមិ​បឹងកក់ ជា​ពិសេស​កូនៗ​របស់​ស្ត្រី​ដែល​ជាប់​ឃុំ​ទាំង​នោះ បាន​ធ្វើ​ការ​តវ៉ា​ដោយ​ហៅ​ការ​ឃុំ​ខ្លួន​នេះ​ថា ជា​ការ«​ចាប់​ម្ចាស់​ដី​ដាក់​គុក​ចោរ​ប្លន់​ដី​រួច​ខ្លួន​» ជា​អ្វី​ដែល​ពួក​គេ​សំដៅ​ទៅ​ដល់​លោក​ឡាវ ម៉េង​ឃីន ដែល​ជា​អ្នក​បូម​ខ្សាច់​កប់​ពន្លិច​ផ្ទះ ​​រំលោភ​យក​ដី​របស់​ពួក​គេ ទាំង​បំពាន​បែរ​ជា​គ្មាន​ទោស ប៉ុន្តែ​ពួក​គេ គ្រាន់​តែ​ធ្វើ​ការ​តវ៉ា​ដើម្បី​ការ​ពារ​ផ្ទះ​របស់​ខ្លួន ពី​ការ​រំលោភ​បំពាន ​ត្រូវ​ចាប់​ដាក់​គុក​ទៅ​វិញ​៕

No comments: