Sunday, June 03, 2012

លោក សម រង្ស៊ី គ្រោង​ចូល​ស្រុក​វិញ​ក្រោយ​បោះ​ឆ្នោត​ឃុំ​សង្កាត់

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស គ្រោង​នឹង​វិល​មក​កម្ពុជា​វិញ នៅ​​ពេល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ចប់


2012-06-03
ដោយ សុ ជីវី
Radio Free Asia

លោក សម រង្ស៊ី បាន​ប្រកាស​បែប​នេះ​តាម​សន្និសីទ​វីដេអូ ទៅ​កាន់​សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​របស់​លោក នៅ​ថ្ងៃ​បញ្ចប់​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ អណត្តិ​ទី៣ នៅ​យប់​ថ្ងៃ​ទី​០១ ខែ​មិថុនា នា​មុខ​តុលាការ​កំពូល ឬ​អតីត​អាគារ​រដ្ឋ​សភា។

លោក សម រង្ស៊ី នៅ​តែ​បញ្ជាក់​ថា ការ​វិល​មកវិញ​នេះ គឺ​ពុំ​​ត្រូវ​ការ​អោយ​មាន​ការ​សម្រប​សម្រួល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។

អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​កណ្ដាល លោក សុន ឆ័យ ធ្លាប់​មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស សម រង្ស៊ី ឈ្នះ​បាន​សំឡេង​ច្រើន​ដូច​ការ​រំពឹង​ទុក លោក សម រង្ស៊ី នឹង​វិល​មក​កម្ពុជា​វិញ ដោយ​មិន​បារម្ភ​ពី​ទោស​ទណ្ឌ​ប្រឆាំង​រូប​លោក ដែល​ត្រូវ​កាត់​សេចក្ដី​ដោយ​តុលាការ​នា​ពេល​កន្លង​មក​នោះ​ទេ។


លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​ប្រទេស​កម្ពុជា ផ្ដន្ទាទោស​អោយ​ជាប់​ពន្ធនាគារ​ជាង ១០​ឆ្នាំ ក្នុង​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ការ​ក្លែង​ឯកសារ​សាធារណៈ ក្លែង​​ឯកសារ​ផែនទី និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

អនុ​ប្រធាន និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ដែល​ហាម​ឃាត់​លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​ទេ ប៉ុន្តែ​លោក សម រង្ស៊ី ត្រូវ​តែ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​នៅ​កម្ពុជា។

អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត សុខ ទូច។ លោក​មាន​ប្រសាសន៍​ថា ប្រសិន​បើ​លោក សម រង្ស៊ី ធ្វើ​ដូច​ការ​ប្រកាស​របស់​លោក​មែន​នោះ គឺ​ជា​ហេតុ​ផល​ល្អ​សម្រាប់​លោក​នៅ​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា។ លោក សុខ ទូច បញ្ជាក់​ថា ទោះ​ជា​បែប​ណា ទោស​កំហុស​របស់​លោក សម រង្ស៊ី គឺ​កើត​ឡើង​ដោយ​សារ​លោក​ខ្វល់​ខ្វាយ​ពី​ប្រយោជន៍​ជាតិ។

អ្នក​វិភាគ​ក៏​បាន​រំពឹង​ទុក​ដែរ​ថា គណបក្ស សម រង្ស៊ី អាច​នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​សម្រាប់​ការបោះឆ្នោត​ជាតិ ក្នុង​ឆ្នាំ​២០១៣ ប្រសិន​បើ​លោក សម រង្ស៊ី បាន​វិល​មក​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា​វិញ៕

3 comments:

Anonymous said...

វិទ្យុលោកជាវិទ្យុបង្កើតឡើងដោយខ្លួនអែង គ្មានតំណាងអោយពួកអញជារាស្ត្រនៅស្រុកខ្មែរទេវើយ!

Anonymous said...

វិទ្យុwww.kppm.radio.org នេះ,
បង្កើតឡើងដោយចលនាអំណាចពលរដ្ឋខ្មែរ....
សូមស្តាប់វិទ្យុរបស់យើង......

Anonymous said...

ហេតុអ្វីលោកសមរាង្ស៊ី គ្រោងចូលស្រុកវិញដោយ
ខ្លួនឯង ក្រោយបោះឆ្នោតឃុំ សង្កាត់?តាមធម្មតា
លោកហ៊ុនសែន ជាអ្នកគ្រោងឱ្យលោកសមរាង្ស៊ី
ចូលឬមិនចូលស្រុកនោះទេ!!