ឃុត សុភចរិយា និង Shane Worrell
The Phnom Penh Post
ភ្នំពេញៈ ការរិះគន់ទៅលើគណបក្សប្រជាជនកម្ពុជាបានធ្វើឡើងជាសាធារណៈ កាលពីប៉ុន្មានខែថ្មីៗនេះដោយក្រុមប្រជាជនដែលរស់នៅតំបន់បឹងកក់និងបុរីកីឡា បន្ទាប់ពីបាននាំគ្នាធ្វើការតវ៉ានៅតាមដងផ្លូវ ដើម្បីបង្ហាញពីការខកចិត្តនិងការខឹងសម្បាពាក់ព័ន្ធនឹងស្ថានភាព លំនៅដ្ឋានពួកគេ។
ប៉ុន្តែការតវ៉ានៅកន្លែងមណ្ឌលបោះឆ្នោតមួយកាលពីថ្ងៃអាទិត្យ មិនត្រូវបានទទួលស្គាល់ ហើយសហគមន៍ទាំងពីរ ក៏ដូចក្នុងតំបន់ដទៃៗក្នុងប្រទេស នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាដដែល បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ពីថ្ងៃអាទិត្យ។
បើទោះជាយ៉ាងដូច្នេះក្តី ប្រជាជនមួយចំនួន នៅតំបន់បឹងកក់ និងបុរីកីឡានៅតែរំពឹងលើការផ្លាស់ប្តូរមួយ ដែលរដ្ឋាភិបាលបានសន្យាពីមុនមក។ នេះបើតាម លោក ដួង គា ប្រជាជនម្នាក់នៅបឹងកក់ ដែលបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញ។
លោកបន្តថា៖ «យើងកំពុងរង់ចាំអាជ្ញាធរដោះស្រាយជម្លោះដីធ្លីរបស់យើង ពីព្រោះថាពួកគេបានសន្យានឹងយើងថា គេនឹងធ្វើបន្ទាប់ពី... ការបោះឆ្នោតឃុំសង្កាត់រួច»។
លោក ដួង គា ក៏ដូចជាអ្នកដទៃទៀត នៅកំពុងរង់ចំាប័ណ្ណកម្មសិទ្ធិដីធ្លីនៅបឹងកក់ ហើយរំពឹងថារដ្ឋាភិបាលនឹងពុះចែកដី១២,៤៤ ហិកតា នោះតាមការសន្យាជាមួយប្រជាជនកាលពីខែសីហាតាមរយៈគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
លោកស្រី កែវ សាកលចៅសង្កាត់វាលវង់ ថ្លែងថា បន្ទាប់ពីឈ្នះឆ្នោតលោកស្រីនឹងជំរុញឲ្យអគ្គលេខាធិការគណបក្ស ប្រជាជន លោក សាយ ឈុំ ជំរុញអភិបាលរាជធានីលោក កែប ជុតិម៉ា និងអ្នកស្រី ស៊ុយ សុផានម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច ផ្តល់ដំណោះស្រាយសម្រាប់ប្រជាជន ដែលដេកនៅក្រោមជណ្តើរ និងជិតសំរាម។ លោកស្រីបន្តថា៖ «ប៉ុន្តែបញ្ហាបុរីកីឡាមិនមែនជាយុត្តាធិការរបស់ខ្ញុំទេ ដូច្នេះខ្ញុំនៅតែមានការបារម្ភដែរ»។
លោកអំ សំអាត មន្រ្តីប្រឹក្សាផ្នែកបច្ចេកទេសជាន់ខ្ពស់នៅអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងដែរថា៖«ខ្ញុំសង្ឃឹមថា [រដ្ឋាភិបាល]នឹងដោះស្រាយ... បញ្ហាជម្លោះដីធ្លី។ ប្រសិនមិនចង់ឲ្យប៉ះពាល់សំឡេងឆ្នោតនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ»៕
1 comment:
សូមមេត្តាប្រើពាក្យ ប្រជាពលរដ្ឋខ្មែរ ជំនួសពាក្យ
ប្រជាជនខ្មែរ ព្រោះពាក្យប្រជាជនខ្មែរជាឈ្មោះ
បក្សដែលយួនវៀតមិញបង្កើតឡើងឲ្យបក្សប្រជាជន
កម្ពុជា។
Post a Comment