Thursday, June 07, 2012

បក្ស​សម​រង្ស៊ី​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ - SRP calls for a vote recount at about 10 polling stations

តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ (RFA/Sok Serey)

នៅ​គ្រា​ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​នូវ​លទ្ធផល​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ នោះ។ គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​ម្តង​ហើយ ម្តង​ទៀត ដោយ​ពុំ​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ឡើយ

2012-06-07
ដោយ សេក បណ្ឌិត
Radio Free Asia

ប៉ុន្តែ មន្ត្រី គ.ជ.ប ហាក់​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ថ្លែង​បញ្ជាក់​ពី​ជំហរ​របស់​គណបក្ស​ប្រឆាំង​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក្តី មក​ដល់​ថ្ងៃ​ទី​៦ ខែ​មិថុនា គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រមាណ​ជា ២០០​បណ្ដឹង ដែល​កើត​មាន​ក្នុង​ខេត្ត ក្រុង ចំនួន ៤ ទៅ គ.ជ.ប ដើម្បី​ដោះស្រាយ ក្នុង​នោះ ក៏​មាន​ការ​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ នៅ​តាម​ការិយាល័យ​ប្រមាណ ១០​កន្លែង

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស សម រង្ស៊ី អំពាវ​ឲ្យ​គណបក្ស​នយោបាយ​ដែល​ប្រកាន់​ជំហរ​លទ្ធិ​ប្រជាធិបតេយ្យ រួម​គ្នា​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត ឬ​សមាស​ភាព​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប បច្ចុប្បន្ន។

អ្នក​តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​០៦ មិថុនា ថា បើ​សិន​ជា​ពុំ​មាន​ការ​ផ្លាស់​ប្ដូរ គ.ជ.ប នោះ​ទេ ភាព​អយុត្តិធម៌​នៅ​តែ​កើត​មាន​ជា​និច្ច នៅ​ពេល​មាន​ការ​បោះ​ឆ្នោត​ម្តងៗ។


លោក​បន្ត​ថា នៅ​ក្នុង​អំឡុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កន្លង​មក​ថ្មីៗ​នេះ ភាព​មិន​ប្រក្រតី​បាន​កើត​ឡើង​ជា​ច្រើន​ករណី ដូច​ជា​ការ​គំរាម​កំហែង ទិញ​សន្លឹក​ឆ្នោត ការ​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ជា​ដើម។

បញ្ហា​ទាំង​អស់​នេះ​ហើយ ដែល​មិន​អាច​ឲ្យ​គណបក្ស សម រង្ស៊ី ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​នេះ​បាន។

ចំពោះ​ពាក្យ​បណ្ដឹង​វិញ លោក យឹម សុវណ្ណ បញ្ជាក់​ថា ក្រុម​ការងារ​គណបក្ស​ប្រមូល​បាន​ជាង ២០០​បណ្ដឹង ដែល​កើត​មាន​នៅ​ក្នុង ៤​ខេត្ត​ក្រុង​ប៉ុណ្ណោះ។ ពាក្យ​បណ្ដឹង​ទាំង​នោះ គណបក្ស​លោក​បាន​ដាក់​ទៅ គ.ជ.ប រួច​ហើយ តែ​ពុំ​សង្ឃឹម​ថា​បាន​ទទួល​លទ្ធផល​យុត្តិធម៌​ពី​ការ​កាត់​ក្តី​របស់ គ.ជ.ប នោះ​ឡើយ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក អ៊ឹម សួរស្តី បាន​មាន​ប្រសាសន៍​ថា នេះ​ទម្លាប់​របស់​គណបក្ស​ប្រឆាំង ដែល​តែង​តែ​ធ្វើ​ការ​ប្រឆាំង​ជំទាស់​នឹង​លទ្ធផល​បោះ​ឆ្នោត នៅ​ពេល​ដែល​ខ្លួន​បាន​ទទួល​បាន​លទ្ធផល​ឆ្នោត​តិច​ជាង​គូ​ប្រកួត៖ «អ្វី​ដែល​គណបក្ស សម រង្ស៊ី បាន​បដិសេធ​នោះ គឺ​លោក​មិន​បាន​ភ្ញាក់​ផ្អើល​ទេ ពី​ព្រោះ​គណបក្ស​នេះ តែង​តែ​បដិសេធ​បែប​នេះ​កន្លង​មក»។

លោក​ចាត់​ទុក​ថា ការ​បោះ​ឆ្នោត​កន្លង​មក​នេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី និង​ប្រជាធិបតេយ្យ ហើយ​ប្រជាពលរដ្ឋ​អ្នក​បោះ​ឆ្នោត មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​ច្រើន​ជាង​មុន។

កាល​ពី​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​២ ឆ្នាំ​២០០៧ គណបក្ស សម រង្ស៊ី ទទួល​បាន​ជ័យ​ជំនះ​លើ​ឃុំ-សង្កាត់ ចំនួន ២៨ ប៉ុន្តែ​នៅ​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ នេះ លទ្ធផល​បណ្ដោះ​អាសន្ន​បាន​បង្ហាញ​ថា គណបក្ស សម រង្ស៊ី ទទួល​បាន​ប្រមាណ ២២ ឃុំ-សង្កាត់។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ប្រកាស​ជំហរ​មិន​ទទួល​លទ្ធផល​ឆ្នោត​នោះ មិន​ផ្អែក​លើ​លទ្ធផល​ឆ្នោត​តិច ឬ​ច្រើន​នោះ​ទេ។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​បង្ហាញ​ជំហរ​យ៉ាង​ណា​នៅ​ឡើយ ដោយ​លោក​រង់ចាំ​ការ​ប្រកាស​លទ្ធផល​សម្រេច​ជា​ផ្លូវ​ការ​ពី គ.ជ.ប សិន។

លោក បណ្ឌិត សុខ ទូច បាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្ដូរ​សមាស​ភាព គ.ជ.ប វា​ជា​ការ​លំបាក​មួយ ហើយ​លោក​ជឿ​ថា មិន​ងាយ​នឹង​អាច​ផ្លាស់​ប្ដូរ​បាន​ងាយៗ​នោះ​ទេ។ ប៉ុន្តែ កត្តា​សំខាន់ គឺ​ការ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ឲ្យ​ត្រឹម​ត្រូវ និង​រឹង​មាំ។

ម្យ៉ាង​ទៀត ពាក់​ព័ន្ធ​នឹង​គុណភាព សមត្ថភាព​នៃ​ប្រព័ន្ធ​ត្រួត​ពិនិត្យ អង្កេត តាម​ដាន នូវ​រាល់​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ដែល​កើត​មាន។ មួយ​វិញ​ទៀត គណបក្ស​ប្រឆាំង​ត្រូវ​មាន​ភាព​ច្បាស់​លាស់ ក្នុង​ការ​ចាប់​ភស្តុតាង។

ចំណែក អង្គការ គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្រែ្វល) នៅ​មិន​ទាន់​អត្ថាធិប្បាយ​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​បូក​សរុប​លទ្ធផល​ចុង​ក្រោយ និង​ទទួល​របាយការណ៍​ឲ្យ​បាន​ពិស្ដារ​អំពី​លទ្ធផល​នេះ​ជា​មុន​សិន។

ប្រធាន​ប្រតិបត្តិ​អង្គការ ខុមហ្រែ្វល លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​០៤ មិថុនា ថា ខុមហ្រែ្វល មិន​អាច​បដិសេធ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទាំង​មូល​នោះ​ទេ៖ «ប៉ុន្តែ​យើង​វាយ​តំលៃ​នៅ​តាម​មណ្ឌល​មួយៗ បើ​យើង​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​នៅ​ឃុំ-សង្កាត់​ហ្នឹង កើត​ឡើង ៣០% នៃ​ការិយាល័យ​នៅ​ឃុំ-សង្កាត់​ហ្នឹង។ គោលការណ៍​ថ្មី​របស់ ខុមហ្រែ្វល យើង​នឹង​ទាត់​ចោល​លទ្ធផល​នៅ​ឃុំ​ហ្នឹង។ ប៉ុន្តែ​មិន​មែន​យើង​ទៅ​ទាត់​ចោល​លទ្ធផល​ទូទាំង​ប្រទេស​ទេ»។

អ្នក​វិភាគ​លើ​បញ្ហា​សង្គម ជា​ពិសេស​ការងារ​បោះ​ឆ្នោត បាន​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​ត្រូវ​តែ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន ក្នុង​ការ​តទល់​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​នោះ។ ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា ការ​ប្រកួត​ប្រជែង​នយោបាយ​នៅ​កម្ពុជា​នេះ មិន​ទាន់​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​តម្លាភាព និង​ភាព​សុក្រឹត​ដូច​ដែល​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​នោះ​ឡើយ ដោយ​នៅ​មាន​កត្តា​មួយ​ចំនួន​ដូច​ជា ឯករាជ្យ​ភាព​របស់ គ.ជ.ប និង​ការ​អនុវត្ត​ច្បាប់​ដែល​ពាក់​ព័ន្ធ​ជា​ដើម៕

2 comments:

Anonymous said...

It's to late ! ah Yim Sovann euil !

Anonymous said...

ទោះបីរាស្ត្រខ្មែរបោះឆ្នោត ៧០%ភាគរយឲ្យគណៈ
បក្សប្រឆាំង បើ គ ជ ប រាប់សន្លឹកឆ្នោតឲ្យបក្ស
ប្រជាជនវៀតមិញឈ្នះ គឺស្រេចនៅលើទេព្ដា
គ ជ ប។

គ ជ ប ជា គ ជ ប របៀបបក្សកុម្មុយនិស្ត។