តំណាងរាស្ត្រគណបក្សសមរង្ស៊ី លោក យឹម សុវណ្ណ (RFA/Sok Serey) |
នៅគ្រាដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ប្រកាសជាផ្លូវការនូវលទ្ធផលឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នោះ។ គណបក្សប្រឆាំង សម រង្ស៊ី បានប្រកាសពីជំហររបស់ខ្លួនម្តងហើយ ម្តងទៀត ដោយពុំទទួលយកលទ្ធផលនៃការបោះឆ្នោតនោះឡើយ។
2012-06-07
ដោយ សេក បណ្ឌិត
Radio Free Asia
ប៉ុន្តែ មន្ត្រី គ.ជ.ប ហាក់មិនចាប់អារម្មណ៍ចំពោះការថ្លែងបញ្ជាក់ពីជំហររបស់គណបក្សប្រឆាំងនោះទេ។ ទោះយ៉ាងណាក្តី មកដល់ថ្ងៃទី៦ ខែមិថុនា គណបក្សប្រឆាំង សម រង្ស៊ី បានដាក់ពាក្យបណ្ដឹងប្រមាណជា ២០០បណ្ដឹង ដែលកើតមានក្នុងខេត្ត ក្រុង ចំនួន ៤ ទៅ គ.ជ.ប ដើម្បីដោះស្រាយ ក្នុងនោះ ក៏មានការសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញ នៅតាមការិយាល័យប្រមាណ ១០កន្លែង។
មន្ត្រីជាន់ខ្ពស់នៃគណបក្ស សម រង្ស៊ី អំពាវឲ្យគណបក្សនយោបាយដែលប្រកាន់ជំហរលទ្ធិប្រជាធិបតេយ្យ រួមគ្នាកែទម្រង់ប្រព័ន្ធបោះឆ្នោត ឬសមាសភាពមន្ត្រីរៀបចំការបោះឆ្នោត គ.ជ.ប បច្ចុប្បន្ន។
អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រឆាំង សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍នៅថ្ងៃពុធ ទី០៦ មិថុនា ថា បើសិនជាពុំមានការផ្លាស់ប្ដូរ គ.ជ.ប នោះទេ ភាពអយុត្តិធម៌នៅតែកើតមានជានិច្ច នៅពេលមានការបោះឆ្នោតម្តងៗ។
លោកបន្តថា នៅក្នុងអំឡុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងមកថ្មីៗនេះ ភាពមិនប្រក្រតីបានកើតឡើងជាច្រើនករណី ដូចជាការគំរាមកំហែង ទិញសន្លឹកឆ្នោត ការបាត់ឈ្មោះអ្នកបោះឆ្នោត និងមានការបន្លំសន្លឹកឆ្នោតជាដើម។
បញ្ហាទាំងអស់នេះហើយ ដែលមិនអាចឲ្យគណបក្ស សម រង្ស៊ី ទទួលយកលទ្ធផលបោះឆ្នោតនេះបាន។
ចំពោះពាក្យបណ្ដឹងវិញ លោក យឹម សុវណ្ណ បញ្ជាក់ថា ក្រុមការងារគណបក្សប្រមូលបានជាង ២០០បណ្ដឹង ដែលកើតមាននៅក្នុង ៤ខេត្តក្រុងប៉ុណ្ណោះ។ ពាក្យបណ្ដឹងទាំងនោះ គណបក្សលោកបានដាក់ទៅ គ.ជ.ប រួចហើយ តែពុំសង្ឃឹមថាបានទទួលលទ្ធផលយុត្តិធម៌ពីការកាត់ក្តីរបស់ គ.ជ.ប នោះឡើយ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក អ៊ឹម សួរស្តី បានមានប្រសាសន៍ថា នេះទម្លាប់របស់គណបក្សប្រឆាំង ដែលតែងតែធ្វើការប្រឆាំងជំទាស់នឹងលទ្ធផលបោះឆ្នោត នៅពេលដែលខ្លួនបានទទួលបានលទ្ធផលឆ្នោតតិចជាងគូប្រកួត៖ «អ្វីដែលគណបក្ស សម រង្ស៊ី បានបដិសេធនោះ គឺលោកមិនបានភ្ញាក់ផ្អើលទេ ពីព្រោះគណបក្សនេះ តែងតែបដិសេធបែបនេះកន្លងមក»។
លោកចាត់ទុកថា ការបោះឆ្នោតកន្លងមកនេះ បានប្រព្រឹត្តិទៅដោយសេរី និងប្រជាធិបតេយ្យ ហើយប្រជាពលរដ្ឋអ្នកបោះឆ្នោត មានភាពចាស់ទុំផ្នែកនយោបាយច្រើនជាងមុន។
កាលពីបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី២ ឆ្នាំ២០០៧ គណបក្ស សម រង្ស៊ី ទទួលបានជ័យជំនះលើឃុំ-សង្កាត់ ចំនួន ២៨ ប៉ុន្តែនៅអាណត្តិទី៣ ឆ្នាំ២០១២ នេះ លទ្ធផលបណ្ដោះអាសន្នបានបង្ហាញថា គណបក្ស សម រង្ស៊ី ទទួលបានប្រមាណ ២២ ឃុំ-សង្កាត់។
លោក យឹម សុវណ្ណ មានប្រសាសន៍បញ្ជាក់ថា ការប្រកាសជំហរមិនទទួលលទ្ធផលឆ្នោតនោះ មិនផ្អែកលើលទ្ធផលឆ្នោតតិច ឬច្រើននោះទេ។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស រហូតមកដល់ពេលនេះ មិនទាន់បង្ហាញជំហរយ៉ាងណានៅឡើយ ដោយលោករង់ចាំការប្រកាសលទ្ធផលសម្រេចជាផ្លូវការពី គ.ជ.ប សិន។
លោក បណ្ឌិត សុខ ទូច បានប្រសាសន៍ថា ការផ្លាស់ប្ដូរសមាសភាព គ.ជ.ប វាជាការលំបាកមួយ ហើយលោកជឿថា មិនងាយនឹងអាចផ្លាស់ប្ដូរបានងាយៗនោះទេ។ ប៉ុន្តែ កត្តាសំខាន់ គឺការពង្រឹងការអនុវត្តន៍ច្បាប់ឲ្យត្រឹមត្រូវ និងរឹងមាំ។
ម្យ៉ាងទៀត ពាក់ព័ន្ធនឹងគុណភាព សមត្ថភាពនៃប្រព័ន្ធត្រួតពិនិត្យ អង្កេត តាមដាន នូវរាល់ភាពមិនប្រក្រតីទាំងឡាយដែលកើតមាន។ មួយវិញទៀត គណបក្សប្រឆាំងត្រូវមានភាពច្បាស់លាស់ ក្នុងការចាប់ភស្តុតាង។
ចំណែក អង្គការ គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រែ្វល) នៅមិនទាន់អត្ថាធិប្បាយលើលទ្ធផលនៃការបោះឆ្នោតនោះថាយ៉ាងណានៅឡើយទេ ដោយរង់ចាំការបូកសរុបលទ្ធផលចុងក្រោយ និងទទួលរបាយការណ៍ឲ្យបានពិស្ដារអំពីលទ្ធផលនេះជាមុនសិន។
ប្រធានប្រតិបត្តិអង្គការ ខុមហ្រែ្វល លោក គល់ បញ្ញា បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី០៤ មិថុនា ថា ខុមហ្រែ្វល មិនអាចបដិសេធលទ្ធផលនៃការបោះឆ្នោតទាំងមូលនោះទេ៖ «ប៉ុន្តែយើងវាយតំលៃនៅតាមមណ្ឌលមួយៗ បើយើងរកឃើញមានភាពមិនប្រក្រតីកើតឡើងនៅឃុំ-សង្កាត់ហ្នឹង កើតឡើង ៣០% នៃការិយាល័យនៅឃុំ-សង្កាត់ហ្នឹង។ គោលការណ៍ថ្មីរបស់ ខុមហ្រែ្វល យើងនឹងទាត់ចោលលទ្ធផលនៅឃុំហ្នឹង។ ប៉ុន្តែមិនមែនយើងទៅទាត់ចោលលទ្ធផលទូទាំងប្រទេសទេ»។
អ្នកវិភាគលើបញ្ហាសង្គម ជាពិសេសការងារបោះឆ្នោត បានលើកឡើងថា គណបក្សប្រឆាំងត្រូវតែប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងការតទល់ទៅនឹងភាពមិនប្រក្រតីនៅក្នុងការិយាល័យបោះឆ្នោតនោះ។ ក្រុមអ្នកវិភាគបានពន្យល់ថា ការប្រកួតប្រជែងនយោបាយនៅកម្ពុជានេះ មិនទាន់ឆ្លុះបញ្ចាំងឲ្យឃើញអំពីតម្លាភាព និងភាពសុក្រឹតដូចដែលប្រទេសប្រជាធិបតេយ្យដទៃទៀតនោះឡើយ ដោយនៅមានកត្តាមួយចំនួនដូចជា ឯករាជ្យភាពរបស់ គ.ជ.ប និងការអនុវត្តច្បាប់ដែលពាក់ព័ន្ធជាដើម៕
2 comments:
It's to late ! ah Yim Sovann euil !
ទោះបីរាស្ត្រខ្មែរបោះឆ្នោត ៧០%ភាគរយឲ្យគណៈ
បក្សប្រឆាំង បើ គ ជ ប រាប់សន្លឹកឆ្នោតឲ្យបក្ស
ប្រជាជនវៀតមិញឈ្នះ គឺស្រេចនៅលើទេព្ដា
គ ជ ប។
គ ជ ប ជា គ ជ ប របៀបបក្សកុម្មុយនិស្ត។
Post a Comment