Cambodia Express News
ភ្នំពេញ: គណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី បានចេញសេចក្តីប្រកាសព័ត៌មាន ដាច់ដោយឡែកពីគ្នា ដោយអំពាវនាវឲ្យសមត្ថកិច្ចរាជរដ្ឋាភិបាលដោះលែងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលត្រូវបានប៉ូលិសចាប់ខ្លួនកាលពីវេលាម៉ោង ៨ និង ៤៥ នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។
គណបក្សសិទ្ធិមនុស្ស បានសម្តែងការសោកស្តាយចំពោះករណីដែលអាជ្ញាធររាជរដ្ឋាភិបាល បានចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ កាលពីវេលាម៉ោង ៨ និង ៤៥ នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសិទ្ធិមនុស្ស ធ្វើនៅថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១២ ដោយបានលើកឡើងថា គណបក្សសិទ្ធិមនុស្ស យល់ឃើញថា ការប្រើប្រាស់ប្រព័ន្ធតុលាការមួយដែលមិនមានភាពអព្យាក្រឹត្យ និងមិនឯករាជ្យពិតប្រាកដ ដើម្បីចាប់ខ្លួនលោក ម៉ម សូណង់ដូ នោះ គឺជាការគំរាមកំហែងយ៉ាងធ្ងន់មួយខាងផ្នែកនយោបាយ និងដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ អ្នកជាតិនិយម និងអ្នកប្រជាធិបតេយ្យនៅកម្ពុជា។
គណបក្សសិទ្ធិមនុស្ស សូមទាមទារយ៉ាងដាច់អហង្ការ សូមឲ្យតុលាការសាលាដំបូង ខេត្តក្រចេះ ពិនិត្យឡើងវិញទៅលើរាល់សំណុំរឿងពាក់ព័ន្ធដល់ការចាប់ខ្លួនលោក ម៉ម សូណង់ដូ ក្នុងស្មារតីយុត្តិធម៌ ឯករាជ្យ អព្យាក្រឹត្យ ឥតល្អៀង និងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ជូនលោកម៉ម សូណង់ដូ ឲ្យមានសេរីភាពឡើងវិញក្នុងពេលឆាប់ៗបំផុតនេះ។
ជាមួយករណីនេះដែរ គណបក្សសមរង្ស៊ី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយលើកឡើងថា តំណាងរាស្ត្រគណបក្សសមរង្ស៊ី សូមធ្វើការថ្កោលទោសចំពោះការចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ FM 105 MHz កាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១២។
ការចាប់ខ្លួនលោកម៉ម សូណង់ដូ គឺធ្វើឡើងដោយគ្មានមូលដ្ឋានពិតប្រាកដ ដែលជាការគំរាមកំហែងផ្នែកនយោបាយ និងប៉ះពាល់ដល់សិទ្ធិពលរដ្ឋ ដែលត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាអន្តរជាតិ។
អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី សូមអំពាវនាវឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ ជាបន្ទាន់៕
1 comment:
OMG, SR - still working ? i though, they already had banded him from senate.. does he still has authority?
Post a Comment