Monday, July 16, 2012

គណបក្សប្រឆាំង​ពីរ ទាមទារ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ​ - Both opposition parties demand for the release of Mam Sonando

ថ្ងៃទី 16 កក្កដា 2012 | ដោយ: កូឡាប
Cambodia Express News


ភ្នំពេញ: គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដាច់ដោយឡែក​ពីគ្នា ដោយ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​រាជរដ្ឋាភិបាលដោះលែង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ដែល​ត្រូវបាន​ប៉ូលិសចាប់ខ្លួនកាលពី​វេលា​ម៉ោង ៨ និង ៤៥ នាទី ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​

​គណបក្ស​សិទ្ធិមនុស្ស បាន​សម្តែង​ការសោកស្តាយចំពោះ​ករណីដែល​អាជ្ញាធរ​រាជរដ្ឋាភិបាល បាន​ចាប់ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ កាលពី​វេលា​ម៉ោង ៨ និង ៤៥ នាទី ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​


​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សិទ្ធិមនុស្ស ធ្វើ​នៅ​ថ្ងៃទី​១៥​ខែកក្កដា ឆ្នាំ​២០១២ ដោយបាន​លើកឡើងថា គណបក្ស​សិទ្ធិមនុស្ស យល់ឃើញថា ការប្រើប្រាស់​ប្រព័ន្ធតុលាការ​មួយដែល​មិនមាន​ភាព​អ​ព្យា​ក្រឹត្យ និង​មិន​ឯករាជ្យ​ពិតប្រាកដ ដើម្បី​ចាប់ខ្លួន​លោក ម៉ម សូណង់ដូ នោះ​ គឺជាការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​មួយខាង​ផ្នែក​នយោបាយ និង​ដើម្បី​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​ជាតិនិយម និង​អ្នកប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​គណបក្ស​សិទ្ធិមនុស្ស សូម​ទាមទារ​យ៉ាង​ដាច់អហង្ការ សូម​ឲ្យ​តុលាការ​សាលាដំបូង ខេត្តក្រចេះ ពិនិត្យឡើងវិញទៅលើ​រាល់​សំណុំរឿង​ពាក់ព័ន្ធ​ដល់​ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ ក្នុង​ស្មារតី​យុត្តិធម៌ ឯករាជ្យ អ​ព្យា​ក្រឹត្យ ឥត​ល្អៀង និង​សូម​អំពាវនាវ​ដល់​សហ​គម​ន៍​អន្តរជាតិ ជួយ​អន្តរាគមន៍​ស្វែងរក​យុត្តិធម៌​ជូន​លោកម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព​ឡើងវិញក្នុងពេល​ឆាប់ៗ​បំផុត​នេះ​។​

​ជាមួយ​ករណី​នេះដែរ គណបក្ស​សមរង្ស៊ី កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​លើកឡើងថា តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី សូម​ធ្វើការ​ថ្កោលទោសចំពោះ​ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz កាលពី​ថ្ងៃទី​១៥​ខែកក្កដា ឆ្នាំ​២០១២​។​

​ការចាប់ខ្លួន​លោក​ម៉ម សូណង់ដូ គឺធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ ដែល​ជាការ​គំរាម​កំហែង​ផ្នែក​នយោបាយ និង​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​អន្តរជាតិ​។​

​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី សូម​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក ម៉ម សូណង់ដូ ជាបន្ទាន់​៕​

1 comment:

Anonymous said...

OMG, SR - still working ? i though, they already had banded him from senate.. does he still has authority?