Thursday, July 19, 2012

​តំបន់​អបគមន៍ជាយុទ្ធសាស្ត្រផ្លន់ដីបែបថ្មី? Secession zone: Hun Xen's new land-grab trick?

ចោទ​ពលរដ្ឋ​បង្កើត​តំបន់​អបគមន៍​រឿង​ជម្លោះ​ដីធ្លី​មួយ​ទៀត

18 July 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
តើពាក្ស បង្កើត​តំបន់​អបគមន៍ ជាយុទ្ធសាស្ត្រ ផ្លន់ដី បែបថ្មី ជំនួសពាក្សអភិវឌ្ឍ ឬ ក៏ជាប្រផ្នូលចាស់ កាល ឆ្នាំ១៩៦៣នៅ សំឡូតនិងអមលាំង?
ពោធិ៍សាត់ៈយ៉ាង​ហោច​ណាស់​មាន​ផ្ទះ​ពលរដ្ឋ​ជាង​ ៥០០ ខ្នង ដែល​ស្ថិត​នៅ​ក្នុង​ចំណុច​ស្រែ​យក្ស​ភូមិ​កំពង់ក្ដី ឃុំ​ក្រពើពីរ ស្រុក​វាលវែង ត្រូវ​បាន​រុះរើ និង​ពលរដ្ឋ​ម្នាក់ ត្រូវ​បាន​កម្លាំង​ចម្រុះ ​ធ្វើ​ការ​ឃាត់​ខ្លួន នៅ​ខណៈ​ពេល​អាជ្ញាធរ​ បាន​បើក​យុទ្ធនាការ​បណ្តេញ​ពលរដ្ឋ​ឲ្យ​ចាក​​ចេញ​ពី​លំនៅដ្ឋាន​ របស់​ពួក​គេ ដោយ​ចោទ​ប្រកាន់​ពី​បទ​រស់​នៅ​អនាធិបតេយ្យ ទន្ទ្រាន​យក​ដី​រដ្ឋ​ខុស​ច្បាប់ និង​បង្កើត​តំបន់​អបគមន៍​

លោក ជិន វន ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៦០០ ​គ្រួសារ​ ដែល​កំពុង​តែ​គេច​ខ្លួន ​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ ដែល​បាន​ចោទ​ពី​បទ​បំផុស​ឲ្យ​ពលរដ្ឋ​ ចូល​ទន្ទ្រាន​យក​ដី​រដ្ឋ និង​បង្កើត​តំបន់​អបគមន៍​នោះ បាន​ថ្លែងថា អាជ្ញាធរ​ចម្រុះ​ ដែល​មាន​ប៉ូលិស​ ប៉េអឹម​ប្រមាណ ៥០ នាក់ ​បាន​ចុះ​មក​រុះ​រើ ​បង្ខំ​ឲ្យ​ពលរដ្ឋ ចាក​ចេញ​ពី​លំនៅដ្ឋាន និង​តាម​ស្វែង​រក​តាម​ចាប់​ខ្លួន​ពួក​លោក​។ លោក និយាយ​ថា៖ «ខ្ញុំ​ធ្វើ​អ្វីៗ​ដើម្បី​ឲ្យ​ប្រជាជន​ក្រីក្រ​មាន​ដី​រស់​នៅ ហើយ​ខ្ញុំ​ធ្វើ​គឺ​អនុវត្ត​ទៅ​តាម​ច្បាប់ បែរ​ជា​គេ​ចោទ​ខ្ញុំ​ថា​ បង្កើត​តំបន់​អបគមន៍​ប្រឆាំង​ នឹង​គេ​ទៅ​វិញ​។ តើ​ខ្ញុំ​មាន​អី​ធ្វើ​អបគមន៍​នោះ​ ខ្ញុំ​មិន​បាន​ធ្វើ​ដូច​ជា​ការ​ចោទ​ប្រកាន់​នោះ​ទេ​»។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ មុន​នឹង​លោក​ចូល​មក​រស់​នៅ​ក្នុង​ទីតាំង​ចាស់​ដែល​ជា​ដី​របស់​ជន​ជាតិ​ភាគ​ តិច​រស់​នៅ​ពី​មុន​នោះ ​លោក​បាន​ស្នើ​សុំ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ រដ្ឋ​សភា អាជ្ញាធរ​ស្រុក ឃុំ ដើម្បី​ឲ្យ​ពលរដ្ឋ​ចំនួន​ ២០៣ គ្រួសារ​រស់នៅ​ លើ​ផ្ទៃ​ដី​៧០០០ ហិកតា​ នៅ​ក្នុង​ឆ្នាំ​ ២០០៨ ហើយ លោក​មេឃុំ​ និង​អភិបាល​ស្រុក​ ក៏​បាន​យល់​ព្រម​តាម​សំណើ​នោះ​ដែរ​។ ដោយ​សារ​តែ​ការ​រស់នៅ​យូរ​ទៅ​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន ​បាន​ចូល​មក​រស់នៅ​បន្ថែម​ទៀត​ជា​ហូរហែ ចាប់​តាំង​ពី ​២០០៩ រហូត​ដល់​បច្ចុប្បន្ន​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កើន​រហូត​ដល់​ ៦០០ គ្រួសារ​។ លោក​បញ្ជាក់​ថា៖«លោក​ចៅ​ហ្វាយ​ស្រុក បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាមួយ​បក្ខ​ពួក​គាត់ ដូច្នេះ​គេ​យក​គ្រឿង​ចក្រ មក​ឈូស​ផ្ទះ​ពលរដ្ឋ​ ដើម្បី​បង្ខំ​ឲ្យ​ចាកចេញ ហើយ​យក​ដី​លក់​ឲ្យ​ឈ្មួញ​ ហេតុ​អ្វី​ក៏​ពួក​គេ​រួច​ខ្លួន? ខ្ញុំ​មិន​យល់​ទេ​ច្បាប់​ស្រុក​ខ្មែរ»។​ លោក ជិន វន ឲ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​យុទ្ធនាការ​របស់​អាជ្ញាធរ​ចម្រុះ​ ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​ រហូត​មក​ដល់​ម្សិលមិញ គេ​បាន​ឈូស​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ ៥០០ ខ្នង ដែល​ផ្ទះ​ខ្លះ​ មាន​ទំហំ​៦ម៉ែត្រ គុណ ៧ ម៉ែត្រ។ អាជ្ញាធរ ចាប់​ខ្លួន​ពលរដ្ឋ​ម្នាក់​ដែល​ជាជន​ពិការ និង​កំពុង​តែ​ស្វែង​រក​តាម​ចាប់​ខ្លួន​ពួក​លោក​បី​នាក់​ទៀត។


លោក ប៊ុល ស៊ុន អាយុ ៦១ ឆ្នាំ​ ដែល​ត្រូវ​អាជ្ញាធរ​ចោទ​ប្រកាន់​ពី​បទ បង្កើត​តំបន់​អបគមន៍ បាន​ថ្លែង​ថា នៅ​ព្រឹក​ម្សិលមិញ​មាន​កម្លាំង​ចម្រុះ​ប្រមាណ​ជា​៥០ នាក់ ហើយ​ក៏​មាន​កម្មករ​ប្រមាណ ២០០ នាក់​ដែរ ត្រូវ​បាន​អាជ្ញាធរ​ ជួល​មក​ឲ្យ​រុះរើ​ផ្ទះ​ពលរដ្ឋ​ទាំង​អស់​ ដោយ​ក្រុម​កម្មករ​ទាំង​នោះ ទទួល​បាន​ប្រាក់​ឈ្នួល ក្នុង​ម្នាក់​ ២​ម៉ឺន​រៀល​។ លោក​និយាយ​ថា​៖«បើ​ពួក​ខ្ញុំ​រស់​នៅ​លើ​គម្រប​ព្រៃ​ឈើ​ ចុះ​ដី​នេះ​ ដែល​អភិបាល​ស្រុក​ ឆេ ឈីវ យក​លក់​ឲ្យ​ឈ្មួញ​វា​ជា​ដី​ស្អី​ដែរ​? ហើយ​យើង​ហ៊ាន​ថា​ គាត់​លក់​​ដី​ឲ្យ​ឈ្មួញ ​ពី​ព្រោះ​ផ្ទះ​មួយ​ ដែល​គេ​បាន​ទិញ​ពី​គាត់​ គឺ​គាត់​មិន​បាន​ឲ្យ​គេ​រុះរើ​ទេ​»។​

លោក​ឲ្យ​ដឹង​ទៀត​ថា​ លោក​មិន​បាន​ញុះ​ញង់​ពលរដ្ឋ​ ឲ្យ​ចូល​មក​រស់​នៅ​ក្នុង​តំបន់​នោះ​ និង​បង្កើត​តំបន់​អបគមន៍​ស្អី​នោះ​ទេ គឺ​ពល​រដ្ឋ ​បាន​ចូល​មក​រស់​នៅ​ដោយ​ខ្លួន​ឯង ​បន្ទាប់​ពី​ប្រសាសន៍​លោក​នាយក​រដ្ឋ​មន្ត្រី ដែល​បាន​ប្រកាស​ថា​ ប្រសិន​បើ​ពលរដ្ឋ​ដែល​គ្មាន​ដី ហើយ​រស់​នៅ​លើ​ដី​របស់​រដ្ឋ គឺ​អាជ្ញាធរ​ ត្រូវ​ចែក​ដី​នោះ​ឲ្យ​ពលរដ្ឋ ដោយ​មិន​ត្រូវ​បណ្តេញ​ពល​រដ្ឋ​ចេញ​ទៅ​ណា​នោះ​ទេ​ ប៉ុន្តែ​អាជ្ញាធរ បាន​អនុវត្ត​ផ្ទុយ​ពី​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖«យើង​សង្ឃឹម​ថា​ សម្តេច​នាយក​រដ្ឋ​មន្ត្រី​នឹង​ជួយ​ពួក​យើង​»។​ លោក​បន្ត​ថា​៖ «​បើ​ពួក​យើង​ធ្វើ​អបគមន៍​វិញ​នោះ ​មិន​មែន​ឲ្យ​ពួក​គេរុះ​រើ​ផ្ទះ​ដោយ​ស្រួល​ៗ​បែប​នេះ​នោះ​ទេ។ អាជ្ញាធរ ​មាន​កាំភ្លើង​យើង​មាន​តែ​ដៃ​ទទេ​ គេ​ថា​ជា​តំបន់​អបគមន៍​តើ​អបគមន៍​ស្អី?»។

លោក ឆេ ឈីវ អភិបាល​ស្រុក​វាលវែង ដែល​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ចោទ​ថា បាន​រុះរើ​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ រឹបអូស​យក​ដី​ទៅ​លក់​ឲ្យ​ឈ្មួញ​នោះ​ ពុំ​អាច​ទាក់ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ ។ ប៉ុន្តែ​ លោក ខូយ សុខា អភិបាល​ខេត្ត​ពោធិ៍សាត់ បាន​​ថ្លែងថា ក្រុម​នោះ​ បាន​បំផុស​ឲ្យ​ពលរដ្ឋ មក​កាប់​គម្រប​ព្រៃ​ឈើ​យ៉ាង​អនាធិបតេយ្យ​ ​ដែល​ធ្វើ​ផ្ទុយ ទៅ​នឹង​អនុសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​។ ទីនោះ​ពុំ​មែន​ជា​ដី​ទំនេរ​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ទេ​ គឺជា​ដី​ព្រៃ​ឈើ ពួក​គេ​កំពុង​តែ​កាប់​បំផ្លាញ​ព្រៃឈើ។ លោក​បញ្ជាក់​ថា​៖ «យើង​កំពុង​តែ​រក​ចាប់​ខ្លួន​មេ​ខ្លោង​របស់​ពួក​គេ​ គេ​មិន​ស្តាប់​អាជ្ញាធរ​ ដូច្នេះ គឺ​មាន​ន័យ​ថា ពួក​គេ​ធ្វើ​អបគមន៍»។

លោក សារុន ចន្ធី​ ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ថា​ ការ​ចុះ​បង្ក្រាប​នោះ​ កង​កម្លាំង​របស់​លោក​ បាន​ឃាត់​ខ្លួន​មនុស្ស​ម្នាក់​ ដែល​ជា​មេ​ខ្លោង​ ពីព្រោះ​គេ​បាន​ដើរ​វាស​ដី​ឲ្យ​ពលរដ្ឋ​ ហើយ​យក​លុយ​ពី​ពលរដ្ឋ​។ លោក​និយាយ​ថា៖ «យើង​អនុវត្ត​ទៅ​លើ​តែ​ពលរដ្ឋ​ដែល​មក​បោះ​ទីតាំង​ថ្មី ចំពោះ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ចាស់​ យើង​មិន​បាន​ធ្វើ​អ្វី​នោះ​ទេ​»។

កាលពី​ថ្ងៃ​ទី១៦ ខែ​ឧសភា កង​កម្លាំង​ចម្រុះ​ប្រមាណ​ ១០០០ នាក់ បាន​ចុះ​ទៅ​អនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​បង្ខំ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង​ខេត្ត​ ក្រចេះ​ ឲ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គេ​ ដោយ​ចោទ​ប្រកាន់​ថា​ រស់នៅ​អនាធិបតេយ្យ​និង​បង្កើត​តំបន់​អបគមន៍ ហើយ​នៅ​ក្នុង​ហេតុការណ៍​នោះ​ អាជ្ញាធរ​ បាន​បាញ់​សម្លាប់​កុមារី​អាយុ ១៤ ឆ្នាំ ម្នាក់ និង​ឃាត់​ខ្លួន​មនុស្ស​ ៨ នាក់​ និង​មេ​ខ្លោង ៥​ នាក់ កំពុង​រត់​គេច​ខ្លួន។ ការ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស ដែល​សង្គម​ស៊ី​វិល​មើល​ឃើញ​ថា កើត​ចេញ​ពី​រឿង​ជម្លោះ​ដី​ធ្លី​នេះ ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​រីករាល​ដាល ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក ភួង សុធា​ មន្ត្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា​ បើ​ពិនិត្យ​តាម​ឯក​សារ​គឺ​ពលរដ្ឋ បាន​ស្នើសុំ​រស់​នៅ​ក្នុង​តំបន់​នោះ​ តាំង​ពី​ឆ្នាំ ២០០៨។​

ទង្វើ​របស់​អាជ្ញាធរ​ ក្នុង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ដីធ្លី គឺ​ផ្ទុយ​ទៅ​នឹង​អនុសាសន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ដែល​ថា​ រាល់​ទំនាស់​ដី​ធ្លី​ មិន​ត្រូវ​ចាប់​ពលរដ្ឋ​នោះ​ទេ​ តែ​អាជ្ញាធរ​ បាន​ចាប់​ពលរដ្ឋ​ ហើយ​រុះរើ​ផ្ទះ​ពលរដ្ឋ​អស់​រលី​ង​។ លោក​បញ្ជាក់​ថា​៖ «បើ​ចោទ​ថា​ ពលរដ្ឋ​រស់នៅ​ខុស​ច្បាប់​លើ​ដី​រដ្ឋ និង​បង្កើត​តំបន់​អបគមន៍​ ហេតុ​អី​ក៏មិន​ហាម​ពលរដ្ឋ នៅ​ពេល​ពួក​គាត់​ បាន​ដាក់​ពាក្យ​ស្នើ​សុំនោះ​តែ​ម្តង​ទៅ​ ហេតុ​អ្វី​ក៏​ទើប​មក​ចាត់​ការ​នៅ​ពេល​នេះ​»​៕

3 comments:

Anonymous said...

How about you KI shrink the 4 heads on your right hand, they are too big and take up too much space. Space is expensive how could you advertised free of charge for them.

Anonymous said...

Secession is Vietnam's strategy - through its puppet Hun Sen - to grab Khmer land.

Anonymous said...

សព្វថ្ងៃអាចោរ ហ៊ុន សែននេះហើយ ជាមេអបគមន៍នៅស្រុកខ្មែរ !
ដែលបានកាត់ដីខ្មែរឱ្យទៅអាចោរយួន !

ដល់ពេលងើបឡើងហើយកូនចៅខ្មែរប្រុសស្រី គឺកូនចៅគ្មានឱកាសណាល្អជាងពេលនេះទៀតទេ! បើកូនចៅហ៊ានស្លាប់ដើម្បីរស់គឺកូនចៅប្រាកដជានឹងមានសិទ្ធសេរីភាពក្នងការរស់នៅ។ ភស្តុតាងជាក់ស្តែងកូនចៅបានឃើញរួចរាល់អស់ហើយគឺពួកអាកញ្ជៈយួនទាំងនេះបានសម្លាប់ពលរដ្ឋអ្នកស្នហាជាតិជាបន្តបន្ទាប់។