បញ្ជីឈ្មោះអ្នកបោះឆ្នោត (ចាន់ណា/RFI) |
អង្គការ Comfrel រិះគន់បញ្ជីឈ្មោះអ្នកបោះឆ្នោតថាគ្មានគុណភាព
ថ្ងៃ សៅរ៍ 15 កញ្ញា 2012
ដោយ ប៉ែន បូណា
Radio France Internationale
គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សក៏កំពុងទទូចយ៉ាងក្តៅគគុកសុំឲ្យ ក្រសួងមហាផ្ទៃកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរនៅមុន ការបោះឆ្នោត ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ៕ក្នុងទិវាប្រជាធិបតេយ្យ អន្តរជាតិ ថ្ងៃទី១៥ ខែកញ្ញានេះ អង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា ខុមហ្វ្រែល បានរិះគន់អំពីការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតថាបានធ្វើឡើងដោយគ្មានគុណភាព។ យោងតាមខុមហ្វ្រែល ៤៩ ភាគរយ នៃអ្នកបោះឆ្នោតមិនបានទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនាកន្លងទៅនេះទេ ដោយសារមានបញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត។ ការរិះគន់នេះបានធ្វើឡើងចំពេលដែល គ.ជ.ប កំពុងដំណើរការរៀបចំចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ ២០១២។
នៅចំថ្ងៃប្រារព្ធទិវាប្រជាធិបតេយ្យអន្តរជាតិ ថ្ងៃទី១៥ កញ្ញានេះ អង្គការ ខុមហ្វ្រែល បានថ្លែងកត់សម្គាល់ដោយការរិះគន់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅកាលពីខែមិថុនា និងក្នុងខណៈដែលកម្ពុជាកំពុងត្រៀមឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រឆ្នាំ ២០១៣ នៅមានបញ្ហាដែលបន្សល់ទុក និងនៅមិនទាន់បានបំពេញត្រឹមត្រូវជាច្រើន។
បញ្ហាទាំងនោះមានដូចជា ការចាត់ចែងបោះឆ្នោតមិនទាន់ត្រឹមត្រូវដែលធ្វើឲ្យគណបក្ស នយោបាយដែលចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាមិនទាន់អស់ចិត្ត។ ក្រៅពីនោះ ប្រជាពលរដ្ឋមួយចំនួនពិសេសយុវជនបាត់បង់សិទ្ធិបោះឆ្នោត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ខុមហ្វ្រែល ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងទៅ ខុមហ្វ្រែល បានរកឃើញថា ៤៩ភាគរយនៃអ្នកបោះឆ្នោតមិនបានបោះឆ្នោតទេ ដោយសារតែបញ្ជីឈ្មោះបោះឆ្នោតផ្លូវការគ្មានគុណភាពគ្រប់គ្រាន់។
ការរិះគន់បញ្ជីឈ្មោះបោះឆ្នោតនេះបានធ្វើឡើងចំពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) កំពុងតែដំណើរការចុះឈ្មោះនិងពិនិត្យឈ្មោះអ្នកបោះឆ្នោតឆ្នាំ ២០១២ ។ ដំណើរការនេះមានរយៈពេល៤២ថ្ងៃ និងបានចាប់ផ្តើមតាំងពីថ្ងៃទី១ខែកញ្ញាមក។ យោងតាមរបាយការណ៍របស់ គ.ជ.ប រហូតមកទល់ចុងសប្តាហ៍នេះ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួន ជិត ៣០ ម៉ឺននាក់ហើយ ឬស្មើនឹងជាង ៤០ ភាគរយក្នុងចំណោមអ្នកដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មីដែលមានចំនួនសរុបជាង ៦០ ម៉ឺននាក់។ គ.ជ.ប សង្ឃឹមថា អ្នកទាំងនោះនឹងមកចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។
បញ្ជីឈ្មោះអ្នកបោះឆ្នោតគឺជាបញ្ហាក្តៅគគុកមួយនៅរាល់ការបោះឆ្នោតម្តង។ បក្សប្រឆាំងនិងសង្គមស៊ីវិលមួយចំនួនតែងរិះគន់ការងារគ្មានគុណភាព និងភាពលម្អៀងរបស់ គ.ជ.ប ទៅរកគណបក្សកាន់អំណាច ប៉ុន្តែ មន្ត្រី គ.ជ.ប តែងបដិសេធថាជារឿងមិនពិត។ យ៉ាងណាក៏ដោយ លោក គល់ បញ្ញា នាយកអង្គការខុមហ្វ្រែល បានផ្ដល់យោបល់ថា ការអប់រំអំពីការបោះឆ្នោត គួរត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីអប់រំជាតិ បន្ថែមលើកម្មវិធីអប់រំពលរដ្ឋវិជ្ជាដែលមាននាពេលបច្ចុប្បន្ន។
គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សក៏កំពុងទទូចយ៉ាងក្តៅគគុកសុំឲ្យក្រសួងមហាផ្ទៃកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរនៅមុនការបោះឆ្នោត ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ៕
No comments:
Post a Comment