Thursday, February 14, 2013

ពលរដ្ឋ​ព្រៃ​ឡង់​ធ្វើ​ពិធី​ដាក់​បណ្តាសា​បន្ទាប់​ពី​ដាក់​លិខិត​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ស្រុក

ប្រ​ជា​សហ​គមន៍​ព្រៃ​ឡង់​បួង​សួង​សុំឲ្យ​ អារក្សព្រៃ​ ជួយ​រក្សាព្រៃ​ឡង់​​​​ កាល​ពី​ដើម​ឆ្នាំ​មុន។ រូបថត សហ​ការី

Thursday, 14 February 2013
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

កំពង់ធំៈ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​មក​ពី​ខេត្ត​កំពង់ធំ​ជាង​៣០០​នាក់ ត្រូវ​បាន​កង​កម្លាំង​ប៉ូលិស​ស្រុក ធ្វើ​ការ​ទប់​ស្កាត់​ក្នុង​រយៈ​ខ្លី នៅ​ខណៈ​ជួប​ជុំ​គ្នា ដើរ​ហែ​ក្បួន​ចេញ​ពី​ខាង​ក្រុម​ហ៊ុន​វៀតណាម CRCK ឆ្ពោះ​មក​សាលា​ស្រុក​សណ្តាន់​ ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ស្នើ​សុំ​ការ​អន្តរាគមន៍​ជួយ​ទប់ស្កាត់​បទ​ល្មើស ​ព្រៃ​ឈើ ផ្អាក​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន និង​ការ​ឈូស​ឆាយ​ទន្ទ្រាន​ប៉ះ​ដី​ចម្ការ​របស់​ពលរដ្ឋ។

លោក​ហឿន សុភាព តំណាង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ មក​ពី​ខេត្ត​កំពង់ធំ បាន​ថ្លែង​ឲ្យ​ដឹង​ថា ពលរដ្ឋ​បណ្តាញ​សហគមន៍​ព្រៃឡង់​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ជាង​៣០០​នាក់ បាន​មក​ជួប​ជុំ​គ្នា​ដើរ​ហែ​ក្បួន​ចេញ​ពី​ក្រុមហ៊ុន CRCK ដើម្បី ដាក់​ពាក្យ​បណ្តឹង​នៅ​សាលា​ស្រុក​សណ្តាន់​ដោយ​សុំ​អន្តរាគមន៍​ពី អាជ្ញាធរ​ស្រុក​ឲ្យ​ផ្អាក​សកម្មភាព​ឈូស​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន តែ​ត្រូវ​បាន​ប៉ូលិស​ធ្វើ​ការ​ហាម​ឃាត់​មិន​ឲ្យ​ទៅ​មុខ​ដោយ​យក​លេស​ឆែក​ រក​ប័ណ្ណ​បើកបរ​និង​ពន្ធ​ម៉ូតូ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ​«ពួក​យើង​នៅ​ជាប់​គាំង​ប្រមាណ​ជា​ ៣០​នាទី​ ដោយ​​មិន​ចង់​មាន​បញ្ហា​ពួក​យើង​ក៏​សម្រេច​ចិត្ត​ចេញ​តាម​ផ្លូវ​ផ្សេង​ទៀត​។ គ្មាន​ហេតុ​ផល​ណា​មក​ឆែក​ចរាចរណ៍​នៅ​កណ្តាល​ព្រៃ​នោះ​ទេ​»។​

លោក បាន​ឲ្យ​ដឹង​ទៀត​ថា​ ពលរដ្ឋ​ជាង​៣០០​នាក់​បាន​មក​ជួប​ជុំ គ្នា​នៅ​ខាង​មុខ​សាលា​ស្រុក​តែ​លោក​អភិបាល​ស្រុក​អនុញ្ញាត​ឲ្យ​តែ​តំណាង​ ១០​ នាក់​ប៉ុណ្ណោះ​ចូល​ជួប​ក្រៅ​ពី​នោះ​គាត់​ឲ្យ​នៅ​រង់ចាំ​ខាង​ក្រៅ​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «លោក​អភិបាល​បាន​សន្យា​ថា​ នឹង​ចុះ​ទៅ​មើល​ក្រុម​ហ៊ុន​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ ខាង​មុខ​នេះ​បន្ទាប់​មក​គាត់​ដើរ​ចេញ​ពី​កន្លែង​ប្រ​ជុំ​ដោយ​គ្មាន​ប្រាប់ ពលរដ្ឋ​ឲ្យ​បាន​ដឹង​​»។​

លោក​សឹត សេង តំណាង​ពលរដ្ឋ​ម្នាក់​ទៀត អ្វី​ដែល​ពលរដ្ឋ​បាន​មក​ជួប​ជុំ​គ្នា​នៅ​សាលា​ស្រុក​គឺ​ពុំ​បាន​ទទួល​លទ្ធផល អ្វី​ទាំង​អស់​ អាជ្ញាធរ​គ្រាន់​តែ​ឆ្លើយ​ឲ្យ​ផុត​ពី​មាត់​តែ​ប៉ុណ្ណោះ​ ដូច្នេះ​បន្ទាប់​ពី​ចេញ​ ពី​សាលា​ស្រុក​ពលរដ្ឋ​ទាំង​អស់​បាន​នាំ​គ្នា​មក​អុជ​ធូប​ដាក់​បណ្តាសា នៅរោង​អ្នក​តា កណ្តាល​ព្រៃ​ឡង់​។ លោក​ឲ្យ​ដឹង​ទៀត​ថា​៖​«យើង​ដាក់ បណ្តាសា​សូម​ឲ្យ​អ្នក​តា​ដាក់​បណ្តា​សាលោក​អភិបាល​ស្រុក​ប្រសិន​បើ​មិន​ ចុះ​មក​ពិនិត្យ​នៅ​ក្នុង​ក្រុមហ៊ុន​ ដូច​ដែល​គាត់​បាន​សន្យា»។​

លោក​ បន្ត​ថា​ ពលរដ្ឋ​នាំ​គ្នា​ធ្វើ​ការ​បែរបន់​តាម​ជំនឿ​របស់​ពួក​គេ​ប្រមាណ​ជា​មួយ​ ម៉ោង​ ទើប​ត្រឡប់​មក​ភូមិ​រាង​ៗ​ខ្លួន​វិញ។​ ពលរដ្ឋ​នឹង​តាម​មើល​ជំហាន​របស់​អាជ្ញាធរ​ស្រុក​ថា​តើ​គាត់​ហ៊ាន​ធ្វើ​ដូច ដែល​បាន​សន្យា​ដែរ​ឬ​ទេ​ពីព្រោះ​គាត់​ធ្វើ​មិន​ដឹង​មិន​ឮ​យូរ​មក​ហើយ​។

កាល ពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ​តំណាង​ពលរដ្ឋ​បាន​យក​លិខិត​ជូន​ដំណឹង​ទៅ​ដាក់​ជូន អាជ្ញាធរ​ដើម្បី​ផ្តល់​ដំណឹង​ទៅ​អាជ្ញាធរ​ឲ្យ​បាន​ដឹង ជា​មុន​ដើម្បី​ចៀស​វាង​ការ​ភ្ញាក់​ផ្អើល។ បណ្តាញ​សហគមន៍​ព្រៃឡង់ មក​ពី​ខេត្ត​ចំនួន​បួន​ ក៏​បាន​ឡើង​មក​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​​ភ្នំពេញ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០១៣ ដោយ​បាន​អំពាវនាវ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល អនុម័ត​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ ស្តី​ពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ ​និង​អភិរក្ស​ជីវចម្រុះ​នៅ «​ព្រៃ​ឡង់» ឲ្យ​បាន​ឆាប់ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ទាន់​ពេលវេលា និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សហការ ក្នុង​ការ​ការពារ​ព្រៃ​ឡង់​រួម​គ្នា។

ជា ការ​ឆ្លើយ​តបវិញ លោក​ សឹម វណ្ណា អភិបាល​ស្រុក​សណ្តាន់​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ពិត​ជា​មាន​ជន​អនាធិបតេយ្យ​ឈូស​ឆាយ​ដី​ខុស​ច្បាប់​មែន ​ហើយ​សមត្ថកិច្ច​បាន​កំពុង​តាម​ចាប់​ខ្លួន​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «ចំពោះ​ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន KRCK ខ្ញុំ នឹង​ឲ្យ​​សមត្ថកិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ​ជាថ្មី ​ព្រោះ​នោះ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច តែ​ប្រសិន​បើ​សកម្ម​ភាព​របស់​ក្រុមហ៊ុន ​ពិត​ជា​ល្មើស​លើ​ដី​ពលរដ្ឋ​ និង​ដី​ព្រៃ​សហគមន៍​នោះ ខ្ញុំ​នឹង​ចាត់​ការ​លើ​បញ្ហា​នេះ​តាម​ផ្លូវ​ច្បាប់»​។​

យោង​តាម របាយការណ៍​របស់​សមាគមន​អាដហុក​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុមហ៊ុន​ចំនួន​៣៣ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ ​វិនិយោគ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន ១ ០៤៥ ៨៥៧ ហិកតា។

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន ចម្ការ​កៅស៊ូ CR​CK របស់​ប្រទេស​វៀតណាម​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ នៅ​ក្នុង​ខែ ឧសភា ឆ្នាំ ២០១០ លើ​ផ្ទៃ​ដី ៦១៥៥​ ហិកតា នៅ​ក្នុង​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ដើម្បី​អភិវឌ្ឍន៍​លើ​ដំណាំ​កៅស៊ូ ក្នុង​រយៈ​ពេល​ ៧០​ឆ្នាំ។ ក្រុម​ហ៊ុន CRCK មិន​អាច​ទំនាក់​ទំនង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ៕

2 comments:

Anonymous said...

សូមអុជធូប ៩ សសៃ ហើយថាតាមខ្ញុំ :

សូមអស់លោកអារុក្ខអារក្ស អ្នកតា ទេវតាឆ្នាំថ្មី
និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់ តាមបំផ្លាញ ពួកអាក្បត់ជាតិទាំងអស់គ្នាឱ្យវាវិនាស ឱ្យងាប់តៃហោង
យ៉ាងវេទនាដោយត្រូវគ្រាប់កាំភ្លើង សៀម នឹងយួន
ឱ្យរន្ទះបាញ់, ព្រះធរណីស្រូប, ភ្លើងឆេះផ្ទះ, ឲ្យធ្លាក់យន្ដហោះ, ឲ្យលិចទូកកប៉ាល់, ឲ្យក្រឡាប់ឡាន, ឲ្យឡានម៉ូតូបុក, ឲ្យដំរីព្រេច, ឱ្យពស់ចឹក, ខ្លាខាំស៊ី, រោគទឹកនោមផ្អែម, លើសឈាម, ដាច់សរសៃខួរក្បាល, ជំងឺអេដស៍, ជម្ងឺគ្រុនចាញ់ , គ្រុនឈាម និងជម្ងឺនានា រួមរិតតោងស្អិតជាប់នឹងខ្លួនរហូតដល់វិនាសជីវិតក្បត់ជាតិ
ពីផែនដីខ្មែរនេះទៅ ហោង …!
ឱ្យវាព្រាត់ព្រាសឪពុកម្តាយ បងប្អូន កូនចៅវា ឱ្យក្ររហេមរហាម រងទុក្ខវេទនាចុះនរកអស់៥០០ជាតិ....ហោង …!

សូមឲ្យពួកវាត្រូវបណ្ដាសានេះហោងចុះ ឱម្មសិទ្ធីស្វាហាយ:

សព្វ រដ្ឋាភិបាល, មន្ដ្រី, រដ្ឋបាល វិនាសសន្តិអស្សិតោ ... ៕

Anonymous said...

អាកាសដ្ឋានចភុម្មដ្ឋានព្រហ្មាឥន្រ្ទាទេវាឥសីយមរាជានាគាមហិ
ទ្ធីកាបុញ្ញំនោអនុមោទន្តុសព្វមនុស្សបាបំអន្តរាយោវិនាស្សន្តិ​អសេ្សតោ៕៚