Wednesday, November 20, 2013

បក្សប្រឆាំង កំពុង​គិតគូ​ពី​គម្រោង​ធ្វើបាតុកម្ម នៅ​ថ្ងៃ​១០​ធ្នូ គឺ​ក្រៅពី​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក៏​មាន​ការដើរ​ហែ​ក្បួន


ថ្ងៃទី 20 វិច្ឆិកា 2013|ដោយ: លី សិលា CEN

ភ្នំពេញ: បាតុកម្ម​អហិង្សា​ជា​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី​១០​ធ្នូ ខាងមុខ នឹង​ធ្វើឡើង នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​មាន​ទាំង​ការដើ​រហែ​ក្បួន តាម​ដងផ្លូវ​ផងដែរ​។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ប្រជុំ​ជជែក​បន្ថែម​អំពី​គម្រោង​បាតុកម្ម​នោះ ដើម្បី​កុំឲ្យ​ជាន់គ្នា នឹង​ក្រុម​អង្គការ​សមាគម​សិទ្ធិមនុស្ស ព្រមទាំង​សហជីព ដែល​នឹង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ​។ នេះ​បើ​តាម​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​
​    ​
​លោក កឹម សុខា បានបញ្ជាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៩​វិច្ឆិកា​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ពិនិត្យ​មើល ជជែក​គ្នា ពី​គម្រោង​ធ្វើបាតុកម្ម នៅ​ថ្ងៃ​ទី​១០​ធ្នូ​។ បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើឡើង ដោយឡែក​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ ដើម្បី​កុំឲ្យ​ជាន់គ្នា​។

​ប៉ុន្តែ​លោក កឹម​សុខា បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​បាតុកម្មអហិង្សា នៅ​ថ្ងៃ​ទី​១០​ធ្នូ គឺ​ធ្វើ នៅ​តែ​ធ្វើ ហើយ​ភាគច្រើន គឺ​បាតុកម្ម​ជា​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នឹង​ដើ​រហែ​ក្បួន​តាម​ផ្លូវ​។​
​    ​
​អំពី​គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​ជាថ្មី របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​ទី​១០​ធ្នូ ត្រូវបាន​លោក កឹម សុខា បញ្ជាក់ថា

ទី​១-​គឺ​ទាមទារ​នូវ​សិទ្ធិ​ធ្វើ​សេចក្តីសម្រេច សិទ្ធិ​ជ្រើសរើស​អ្នក​ដឹកនាំ​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវ​ដែល​ត្រូវបាន​គេ​រំលោភ ដូចជា ប្រជាពលរដ្ឋ​ខ្លះ អត់​មាន​សិទ្ធិ​បោះឆ្នោត ដោយសារ​តែ​គេ​លុបឈ្មោះ​ចោល

និង​ទី​២-​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​រក​យុត្តិធម៌ និង​រក​ឃាតក​ដែល​បាញ់ និង​បង្ក្រាប​លើ​ប្រជាពលរដ្ឋ នៅ​បាតុកម្ម​កន្លងមក​។​

​    ​
​ចំពោះ​កិច្ចប្រជុំ​ចរចា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ត្រូវបាន​លោក កឹម សុខា ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ប្រកាសថា បិទផ្លូវ​ចរចា​ទេ តែ​គណបក្ស​ប្រឆាំង បានបញ្ជាក់​ច្បាស់​ហើយ​ថា ការជជែក​គ្នា​ឡើងវិញ ទាល់តែ​ជុំវិញ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨​កក្កដា ជាមុនសិន ទើប​មាន​ការជជែក​លើ​ការកែទម្រង់​ទៅមុខទៀត​។​
​    ​
​លោក កឹម សុខា បាន​គូសបញ្ជាក់ថា “​បើ​មិន​មាន​ការជជែក​គ្នា​ពី​ការរក​យុត្តិធម៌ រក​ការពិត​ជុំវិញ​ការបោះឆ្នោត​កន្លងមក​ទេ យើង​អត់​អាច​ជជែក​គ្នា លើ​អ្វី​ត​ទៅ​មុខ​ទៀត​ទេ​”​។​
​    ​
​ពាក់ព័ន្ធ​នឹង​ការ​កំណត់​ថ្ងៃ​ធ្វើបាតុកម្ម​ជា​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​ទី​១០​ធ្នូ ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល បាន​ព្រមាន​ថា អាជ្ញាធរ​សមត្ថកិច្ច នឹង​ចាត់វិធានការ​បង្ក្រាប បើសិនជា​បាតុកម្ម​របស់​បក្ស​ប្រឆាំង ធ្វើ​ហួស​ជ្រុល​ពេក ដោយ​គ្មាន​ការសុំ​ច្បាប់​ទម្លាប់ ឬ​ក៏​ប្រមូល​កម្លាំង​បង្កចលាចល​អ្វីមួយ​។​

​លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា ក្នុងនាម​ជា​គណបក្ស​ចាញ់ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ មិន​គួរ​ធ្វើ​យុទ្ធនាការ​បំភ្លៃ​ការពិត ដោយ​បំផុស​ការតវ៉ា​ថា ខ្លួន​ឈ្នះ​ឆ្នោត​នោះទេ​។ គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​វិល​មក​ចូលរួម​តុ​ចរចា ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើកចំហរ​កិច្ចចរចា​ជានិច្ច ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​៕

2 comments:

Anonymous said...

If you don't find the justice, freedom for to day. The injustice will come back again and again for ever.We have to find the justice for to day for our self and for our next generation.

Anonymous said...

អ្ន​ក​នាំ​ពាក្យ​​បក្ស​ប្រឆាំង​​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ធ្វើ​បាតុ​កម្ម​នេះ​មិន​មាន​បំណង​ណាមួយ​ចង់​ទម្លាក់​រដ្ឋា​ភិបាល​ដូច​អ្វីដែល​​គេ​ធ្លាប់​លើក​ឡើង​នោះ​ឡើយ...What do this means???

This means just for $$$$$$$$ 0.77.