Wednesday, November 20, 2013
បក្សប្រឆាំង កំពុងគិតគូពីគម្រោងធ្វើបាតុកម្ម នៅថ្ងៃ១០ធ្នូ គឺក្រៅពីជួបជុំនៅទីលានប្រជាធិបតេយ្យ ក៏មានការដើរហែក្បួន
ថ្ងៃទី 20 វិច្ឆិកា 2013|ដោយ: លី សិលា CEN
ភ្នំពេញ: បាតុកម្មអហិង្សាជាថ្មីរបស់គណបក្សសង្គ្រោះជាតិ នាថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ធ្នូ ខាងមុខ នឹងធ្វើឡើង នៅទីលានប្រជាធិបតេយ្យ ហើយមានទាំងការដើរហែក្បួន តាមដងផ្លូវផងដែរ។ ប៉ុន្តែថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងតែប្រជុំជជែកបន្ថែមអំពីគម្រោងបាតុកម្មនោះ ដើម្បីកុំឲ្យជាន់គ្នា នឹងក្រុមអង្គការសមាគមសិទ្ធិមនុស្ស ព្រមទាំងសហជីព ដែលនឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ។ នេះបើតាមលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា បានបញ្ជាក់ កាលពីរសៀលថ្ងៃទី១៩វិច្ឆិកាថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងតែពិនិត្យមើល ជជែកគ្នា ពីគម្រោងធ្វើបាតុកម្ម នៅថ្ងៃទី១០ធ្នូ។ បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងធ្វើឡើង ដោយឡែកពីក្រុមអង្គការសង្គមស៊ីវិល ដែលប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ ដើម្បីកុំឲ្យជាន់គ្នា។
ប៉ុន្តែលោក កឹមសុខា បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងធ្វើបាតុកម្មអហិង្សា នៅថ្ងៃទី១០ធ្នូ គឺធ្វើ នៅតែធ្វើ ហើយភាគច្រើន គឺបាតុកម្មជាថ្មីរបស់គណបក្សសង្គ្រោះជាតិនោះ នឹងដើរហែក្បួនតាមផ្លូវ។
អំពីគោលបំណងនៃការធ្វើបាតុកម្មជាថ្មី របស់គណបក្សសង្គ្រោះជាតិ នាថ្ងៃទី១០ធ្នូ ត្រូវបានលោក កឹម សុខា បញ្ជាក់ថា
ទី១-គឺទាមទារនូវសិទ្ធិធ្វើសេចក្តីសម្រេច សិទ្ធិជ្រើសរើសអ្នកដឹកនាំរបស់ប្រជាពលរដ្ឋ ដែលត្រូវដែលត្រូវបានគេរំលោភ ដូចជា ប្រជាពលរដ្ឋខ្លះ អត់មានសិទ្ធិបោះឆ្នោត ដោយសារតែគេលុបឈ្មោះចោល
និងទី២-គណបក្សសង្គ្រោះជាតិ ទាមទារឲ្យរកយុត្តិធម៌ និងរកឃាតកដែលបាញ់ និងបង្ក្រាបលើប្រជាពលរដ្ឋ នៅបាតុកម្មកន្លងមក។
ចំពោះកិច្ចប្រជុំចរចា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិវិញ ត្រូវបានលោក កឹម សុខា ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ មិនប្រកាសថា បិទផ្លូវចរចាទេ តែគណបក្សប្រឆាំង បានបញ្ជាក់ច្បាស់ហើយថា ការជជែកគ្នាឡើងវិញ ទាល់តែជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោត កាលពីថ្ងៃទី២៨កក្កដា ជាមុនសិន ទើបមានការជជែកលើការកែទម្រង់ទៅមុខទៀត។
លោក កឹម សុខា បានគូសបញ្ជាក់ថា “បើមិនមានការជជែកគ្នាពីការរកយុត្តិធម៌ រកការពិតជុំវិញការបោះឆ្នោតកន្លងមកទេ យើងអត់អាចជជែកគ្នា លើអ្វីតទៅមុខទៀតទេ”។
ពាក់ព័ន្ធនឹងការកំណត់ថ្ងៃធ្វើបាតុកម្មជាថ្មីរបស់គណបក្សសង្គ្រោះជាតិ នាថ្ងៃទី១០ធ្នូ ត្រូវបានមន្ត្រីរដ្ឋាភិបាល បានព្រមានថា អាជ្ញាធរសមត្ថកិច្ច នឹងចាត់វិធានការបង្ក្រាប បើសិនជាបាតុកម្មរបស់បក្សប្រឆាំង ធ្វើហួសជ្រុលពេក ដោយគ្មានការសុំច្បាប់ទម្លាប់ ឬក៏ប្រមូលកម្លាំងបង្កចលាចលអ្វីមួយ។
លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងនាមជាគណបក្សចាញ់ឆ្នោត គណបក្សសង្គ្រោះជាតិ មិនគួរធ្វើយុទ្ធនាការបំភ្លៃការពិត ដោយបំផុសការតវ៉ាថា ខ្លួនឈ្នះឆ្នោតនោះទេ។ គណបក្សសង្គ្រោះជាតិ គួរតែវិលមកចូលរួមតុចរចា ដែលគណបក្សប្រជាជនកម្ពុជា បានបើកចំហរកិច្ចចរចាជានិច្ច ជាមួយគណបក្សសង្គ្រោះជាតិ៕
Subscribe to:
Post Comments (Atom)
2 comments:
If you don't find the justice, freedom for to day. The injustice will come back again and again for ever.We have to find the justice for to day for our self and for our next generation.
អ្នកនាំពាក្យបក្សប្រឆាំងរូបនេះបានបញ្ជាក់ថា ការធ្វើបាតុកម្មនេះមិនមានបំណងណាមួយចង់ទម្លាក់រដ្ឋាភិបាលដូចអ្វីដែលគេធ្លាប់លើកឡើងនោះឡើយ...What do this means???
This means just for $$$$$$$$ 0.77.
Post a Comment