ការប្រឈមមុខដាក់គ្នាងាយណាស់នឹងនាំដល់អំពើហិង្សា (ស៊ីវ ចាន់ណា)
ពុធ 22 កុម្ភៈ 2012
ដោយ ប៉ែន បូណា
Radio France Internationale
ការបាញ់ប្រហារទៅលើកម្មការិនីរោងចក្រដែលធ្វើបាតុកម្មទាមទារសិទ្ធិនៅឯទីក្រុងបាវិតខេត្តស្វាយរៀងកាលពីថ្ងៃចន្ទគឺជាឧទាហរណ៍ថ្មីបំផុតចុងក្រោយមួយទៀតដែលជាលទ្ធផលនៃភាពយឺតយ៉ាវក្នុងការដោះស្រាយបញ្ហា។ ប៉ុន្តែ បន្ទាប់ពីអំពើហិង្សាបានកើតឡើងភ្លាម ការទាមទាររបស់កម្មករត្រូវបានដោះស្រាយភ្លាមៗដែរ។ ចំណែកឯក្រសួងសមត្ថកិច្ចនានាក៏បញ្ចេញប្រតិកម្មយ៉ាងលឿនរហ័សដើម្បីសម្រួលសភាពការណ៍។ យ៉ាងណាក៏ដោយ គេមិនអាចប្រែក្លាយបាយឲ្យទៅជាអង្ករវិញបានឡើយ។ តើអ្វីទៅជាដើមហេតុបណ្តាលឲ្យផ្ទុះហិង្សាជាបន្តបន្ទាប់បែបនេះ?
ការបាញ់ប្រហារទៅលើអ្នកភូមិដែលតវ៉ារឿងដីធ្លីក្នុងខេត្តក្រចេះមិនទាន់ទាំងដោះស្រាយចប់ផង ករណីបាញ់ប្រហារមួយទៀតទៅលើក្រុមកម្មការិនីអ្នកតវ៉ានៅខេត្តស្វាយរៀងក៏បាន កក្រើកឡើងម្តងទៀត។ កម្មការិនី៣នាក់បានរងរបួសធ្ងន់ដោយសារគ្រាប់កាំភ្លើងរបស់ជនប្រដាប់អាវុធ។ ព្រឹត្តិការណ៍នេះអាចឆ្លុះបញ្ចាំងបាននូវទិដ្ឋភាពច្រើនយ៉ាងនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
ទិដ្ឋភាពទី១៖ អាវុធនៅតែជាឧបករណ៍ដ៏គ្រោះថ្នាក់និងត្រូវបានគេប្រើប្រាស់បានយ៉ាងងាយនៅគ្រប់ស្ថានភាព។ ត្រង់ចំណុចនេះ គេគួរកត់សម្គាល់ថា ក្រោយការផ្ទុះអាវុធទៅលើក្រុមកម្មករ ភាពច្របូកច្របល់បានកើតឡើង។ ទាំងសមត្ថកិច្ច ទាំងកងសន្តិសុខក្រុមហ៊ុនសុទ្ធតែអះអាងថា ខ្លួនមិនបានបាញ់ទៅលើកម្មករទេ។ ពួកគេបែរជាទម្លាក់ទំនួលខុសត្រូវទៅលើជនមិនស្គាល់មុខថាជាអ្នកបាញ់ទៅវិញ។ ទោះជាដោយចេតនាឬអចេតនាក្តី បញ្ហានេះអាចសបញ្ជាក់ឲ្យឃើញថា ការគ្រប់គ្រងអាវុធគឺជារឿងធូររលុងដែលមិនគួរបណ្តែតបណ្តោយ។


