Friday, January 06, 2012

ការ​បណ្តេញ​ចេញ​ ជា​មោទន​ភាព​របស់​រដ្ឋាភិបាល​ឬ? - Is the government proud of its evictions?

លោក ភួង ម៉ា​ល័យ ស្នង​ការ​រ​ង​នគរ​បាល​រាជ​ធានី​ រង​របួស​ដោយ​អ្នក​ភូមិ​គប់​។ រូបថត ជីវ័ន​
A bleeding pig?
Friday, 06 January 2012 12:00
សូ វិសាល
The Phnom Penh Post ​

ការ​បណ្តេញ​ប្រជា​ពល​រដ្ឋ​​ប្រមាណ ​ជាង ២០០ គ្រួសារ ចេញ​ពី​ប្លុក​បុរី​កីឡា ដោយ​​ហិង្សា កាល​ពី​ថ្ងៃ​ទី ៣ មក​រា ដែល​បណ្តាល​ឲ្យ​រង​របួស​ទាំង​សមត្ថ​កិច្ច ទាំង​ប្រជា​ពលរដ្ឋ ដោយ​សារ​តែ​ការ​គប់​ដុំ​ថ្ម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​ដូច​គេ​បាច​លាជ ដែល​ហាក់​បី​ដូច​ជា​ប្រទេស​ពុំ​មាន​ច្បាប់​ទម្លាប់​អ្វី​សោះ​នោះ អាច​និយាយ​បាន​ថា ជា​ការ​ចាប់​ផ្តើម​នៃ​ការ​បណ្តេញ​ចេញ​ថ្មី​មួយ ក្នុង​ឆ្នាំ ២០១២ ខណៈ​​ក្រុម​ការ​ងារ​ពិសេស​ សិទ្ធិ​លំនៅ​ដ្ឋាន ​បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ខែ​មុន​ថា នៅ​មាន​ប្រជា​ពលរដ្ឋ ចំនួន ៣២០០០ នាក់​ទៀត ក្នុង​សហគមន៍​ចំនួន ៧៤ កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​បណ្តេញ​ចេញ​

ការ​ផ្ទុះ​អំពើ​ហិង្សា ក្នុង​ការ​បណ្តេញ​ចេញ​នៅ​បុរី​កីឡា ដែល​ប្រជា​ពល​រដ្ឋ​ មាន​កំហឹង​ពុះ​កញ្ជ្រោល​យ៉ាង​ខ្លាំង​​ រហូត​ដល់​ទៅ​ហ៊ាន​ប្រើ​ដុំ​ថ្ម​ គប់​តតាំង​ជា​មួយ​សមត្ថកិច្ច នៅ​ចំកណ្តាល​ទី​ក្រុង រហូត​ដល់​បែក​ក្បាល​លោក​​ស្នង​ការ​រង​ម្នាក់ មេ​បញ្ជា​ការ​កង​រាជ​អា​វុធ​ហត្ថម្នាក់ និង​អភិបាល​រង​ខណ្ឌ​ម្នាក់ ព្រម​ទាំង​កម្លាំង​សមត្ថ​កិច្ច​ជា​ច្រើន​នាក់​ ​​​រួម​ទាំង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​ផង​នោះ​ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ​មាន​សភាព​កាន់​តែ​អាក្រក់​ទៅ​ៗ​ហើយ។ នេះ​នៅ​ក្នុង​កាលៈ​ទេ​សៈ​ ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ មិន​ទាន់​ចេះ​រួម​សាមគ្គី​គ្នា​ ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ផង។ ចុះ​បើ​នៅ​​ថ្ងៃ​ណា​មួយ ​នៅ​ពេល​ដែល​ពល​រដ្ឋ​ ដែល​មាន​ការ​ឈឺ​ចាប់ ដោយ​សារ​តែ​ការ​បណ្តេញ​ចេញ មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង ហើយ​ពួក​គាត់​ ចេះ​រួម​សាមគ្គី​គ្នា ឧទាហរណ៍ នៅ​ពេល​សមត្ថកិច្ច ធ្វើ​ការ​បណ្តេញ​អ្នក​បុរី​កីឡា អ្នក​បឹងកក់​ និង​អ្នក​សហគមន៍​ផ្សេង​ទៀត លើក​គ្នា​មក​ជួយ តើ​អំពើ​ហិង្សា និង​កើត​ឡើង​ធំ​ប៉ុនណា? ហើយ​តើ​អ្នក​ណា​គឺជា​អ្នក​រង​គ្រោះ​ពិតប្រាកដ? គឺ​ប្រជា​ពល​រដ្ឋ និង​សមត្ថ​កិច្ច ដែល​សុទ្ធ​តែ​ជា​ខ្មែរ​ដូច​គ្នា។ ​

ចម្បាំង​រាំង​ជល់​រវាង​ខ្មែរ​ និង​ខ្មែរ ដោយ​បរទេស​ជា​អ្នក​ចាំ​ទទួល​ផល នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ស្ទើរ​ស្លាប់ ​ផុត​ពូជ​ វា​គួរ​តែ​ជា​បទ​ពិសោធ និង​ជា​មេ​រៀន​គ្រប់​គ្រាន់​ហើយ​ សម្រាប់​ខ្មែរ​ទាំង​អស់ ជា​ពិសេស​មេ​ដឹក​នាំ​បច្ចុប្បន្នតើ​វា​ចាំបាច់​អី ដែល​ត្រូវ​ប្រើ​កម្លាំង​សមត្ថ​កិច្ច​ដែល​ជា​កូន​ចៅ​របស់​ប្រជា​ពល​រដ្ឋ មាន​តួនាទី​បម្រើ និង​ការពារ​ប្រជា​ពលរដ្ឋ​ឲ្យ​ទៅ​វាយ​បណ្តេញ​ប្រជា​ពល​រដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋាន ដើម្បី​យក​ដី​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​មួយ​ក្តាប់​តូច​នោះ? ឬ​មួយ​ក៏​ការ​បណ្តេញ​ចេញ វា​ជា​មោទន​ភាព របស់​រដ្ឋាភិបាល? ​ទើប​ការ​បណ្តេញ​ចេញ​នេះ​ ចេះ​តែ​បន្ត​កើត​ឡើង​ឥត​ឈប់​ឈរ​រក​ទី​បញ្ចប់​គ្មាន​?


ការ​មាន​លំនៅ​ដ្ឋាន​សមរម្យ វា​ជា​សិទ្ធិ​ជា​មូល​ដ្ឋាន​ចម្បង​មួយ របស់​មនុស្ស​ក្នុង​ចំណោម​សិទ្ធិ​ជា​មូល​ដ្ឋាន​ចម្បង​ៗ​ជា​ច្រើន​ទៀត ហើយ​រដ្ឋាភិបាល ត្រូវ​មាន​តួនាទី​ ការពារ និង​លើក​ស្ទួយ​សិទ្ធិ​ទាំង​នេះ។

ក្នុង​ករណី​នៅ​បុរី​កីឡា វា​ដូច​ជា​គ្មាន​អ្វី​ដែល​ត្រូវ​ស្មុគស្មាញ​ខ្លាំង​ រហូត​ដល់​ទៅ​មិន​អាច​ដោះស្រាយ​ចេញ​​នោះ​ទេ ប្រសិន​បើ​អាជ្ញាធរ​ពាក់​ព័ន្ធ​មាន​ចេតនា​ពិតប្រាកដ​ចង់​ដោះស្រាយ ពី​ព្រោះ​កាល​ពី​ឆ្នាំ ២០០៤ រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុម​ហ៊ុន ផានអ៊ីម៉ិច ធ្វើ​ការ​អភិវឌ្ឍ​លើ​ផ្ទៃ​ដី​ទំហំ​ជាង ៤ ហិកតា ដោយ​ត្រូវ​សាង​សង់​អគារ​ចំនួន​ ១០ ក្នុង​តំបន់​នោះ សម្រាប់​ផ្តល់​ជូន​ប្រជា​ពល​រដ្ឋ ចំនួន ១៧៧៦ គ្រួសារ ជា​ការ​ដោះ​ដូរ។ ប៉ុន្តែ​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច ទើប​តែ​សាង​សង់​បាន​ ៨ អគារ​ប៉ុណ្ណោះ ក៏​ឈប់​សង់ នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង ២០០ គ្រួ​សារ នៅ​ពុំ​ទាន់​ទទួល​បាន​ផ្ទះ​ នៅ​ក្នុង​គម្រោង​នោះ​នៅ​ឡើយ។

សំណួរ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ប្រជា​ពល​រដ្ឋ​ជាង​ ២០០ គ្រួសារ​ មិន​ព្រម​សុខចិត្ត​រើ​ផ្ទះ​ចេញ? និង​ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន មិន​ព្រម​សង់​ឲ្យ​គ្រប់​ចំនួន ១០ អគារ​ទៅ​តាម​កិច្ច​សន្យា? ចម្លើយ​នៃ​សំណួរ​ទាំង​ពីរ​នេះ វា​ទំនង​ជា​រឿង​អយុត្តិធម៌ ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​បុរី​កីឡា អត់​ទ្រាំ​មិន​បាន​ រហូត​ដល់​ទៅ​ផ្ទុះ​កំហឹង ហ៊ាន​ប្រើ​ដុំ​ថ្ម គប់​តប​ត​ជា​មួយ​សមត្ថកិច្ច​។

បើ​តាម​គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម ដែល​បណ្តុំ​ទៅ​ដោយ​អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន ២៣ នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ កាល​ពី​ថ្ងៃ ៤ មករា ក្នុង​បញ្ហា​ (បុរី​កីឡា) នេះ រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ​ទៅ​លើ​ក្រុមហ៊ុន ដែល​រំលោភ​កិច្ច​សន្យា ហើយ​បែ​រជា​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​នៅ​សេសសល់ ប្រមាណ​ជាង​ ២០០ គ្រួសារ ដែល​មិន​ទាន់​ទទួល​បាន​លំនៅ​ដ្ឋាន ទៅ​នៅ​តំបន់​ផ្សេង​ឯ​ជាយ​ក្រុង​ទៅ​វិញ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​គោល​ការណ៍​នេះ​។

នៅ​ឯ​ភូមិ​ទួល​សំបួរ ជាយ​ទីក្រុង​ភ្នំពេញ ជា​ទី​ដែល​អ្នក​ភូមិ​បុរី​កីឡា ត្រូវ​បាន​សមត្ថ​កិច្ច ​បង្ខំ​ឲ្យ​ឡើង​ឡាន ដឹក​​ទៅ​តាំង​ទី​លំនៅ​ថ្មី​នៅ​ទី​នោះ គឺ​ពុំ​ទាន់​មាន​សង់​ផ្ទះ​នៅ​ឡើយ​ទេ គឺ​ដឹក​យក​ទៅ​ដាក់​នៅ​កណ្តាល​វាល​ស្រែ។ អ្នក​ភូមិ​មួយ​ចំនួន ដែល​កាសែត​ភ្នំ​ពេញ​ ប៉ុស្តិ៍ បាន​ទៅ​ជួប​សម្ភាស​កាល​ពី​ថ្ងៃ​ពុធ​ បាន​និយាយ​ថា ក្រុម​ហ៊ុន មិន​បាន​ចែក​តង់​កៅស៊ូ ឬ​សម្ភារ​ប្រើ​ប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ សូម្បី​តែ​ធុង​ទឹក​ សម្រាប់​ពួក​គាត់​ប្រើប្រាស់​ឡើយ​ ខណៈ​ដែល​សម្ភារ​ប្រើ​ប្រាស់​របស់​ពួក​គាត់​ភាគ​ច្រើន ​ត្រូវ​បាន​គ្រឿង​ចក្រ​ឈូស​កម្ទេច​ នៅ​បុរី​កីឡា​អស់​ទៅ​ហើយ​នោះ​។

នៅ​ពេល​ដែល​អ្នក​ភូមិ​បុរី​កីឡា ធ្លាប់​តែ​មាន​ផ្ទះ​ស្នាក់​នៅ ពួក​គាត់​នៅ​តែ​រស់​នៅ​ក្នុង​ស្ថានភាព​យ៉ាង​លំបាក​ ខាង​ជីវ​ភាព​រួច​ជា​ស្រេច​ទៅ​ហើយ ចុះ​ទម្រាំ​ដល់​ពេល​ឈូស​កម្ទេច​ផ្ទះ​របស់​ពួក​គាត់​ឲ្យ​រាប​ដល់​ដី​អស់ ហើយ​យក​ពួក​គាត់​ទៅ​ដាក់​ចោល​នៅ​កណ្តាល​វាល​ស្រែ​ សូម្បី​តែ​​ធុង​សម្រាប់​ដង​ទឹក​មួយ​ក៏​គ្មាន​ផង តើ​ជីវិត​ពួក​គាត់ ជា​ពិសេស​កូន​តូច​ៗ​របស់​ពួក​គាត់ នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា? តើ​អ្នក​ដែល​ជា​អ្នក​សម្រេច​ឲ្យ​មាន​ការ​បណ្តេញ​ចេញ​មាន​គិត​ពី​បញ្ហា​នេះ​ ទេ? រដ្ឋាភិបាល​គួរ​តែ​ផ្តល់​អាទិភាព​ ទៅ​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ ភាគ​ច្រើន ដែល​ពួក​គាត់​ត្រូវ​ការ​ផ្ទះ​ជា​ចាំបាច់​ដើម្បី​ជ្រក​ ជា​ជាង​ការ​ផ្តល់​ដី​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ភាគ​តិច ដែល​គ្រាន់​តែ​យក​ដី​ទៅ​លក់​ ឬ​សង់​ផ្ទះ​លក់​ ដើម្បី​កើប​ប្រមូល​ប្រាក់​ឲ្យ​កាន់​តែ​មាន​ស្តុក​ស្តម្ភ​ខ្លាំង​ឡើង​ថែម​ ទៀត​នោះ​! មួយ​វិញ​ទៀត សម្រាប់​អ្នក​មាន​ស្តុកស្តម្ភ​ទាំង​ឡាយ​អើយ...សូម​ទុក​ការ​រស់​នៅ​លើ​គំនរ​ ទ្រព្យ​សម្បត្តិ​សុខស្រួល​របស់​អ្នក​មួយ​អន្លើ ហើយ​គិត​បន្តិច​មើល​មើល៍...ប្រសិន​បើ​​រូប​អ្នក​ គឺជា​អ្នក​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ផ្ទះ​ ហើយ​យក​ទៅ​ដាក់​ចោល​នៅ​កណ្តាល​វាល​ស្រែ​ តើ​អ្នក​អាច​នឹង​ឈឺ​ចាប់​ទេ?

5 comments:

Anonymous said...

Where is the Lotus Revolution?

Anonymous said...

អាច់ក្ត អា សូ វិសាល! ជយោ! អា សម រង្ស៊ី កឹម សុខា! ពួកហ្ហែងគ្មានបានការអីទេ បានតែ ស្រែកលូដូចសត្វឆ្កែ គ្មានទិសតំបន់ឡើយ! ច្រៀង ខុសពេលហើយលោកម្សៀរអើយ។ ពួកហ្ហែងហ្នឹង សុទ្ធតែអ្នកញុះញុងគេហើយ ប្រយ័ត្នដេកព្រៃស អេះពងក្តលេង តិចថា សូមសម្តេចយើងជួយ! ជួយមិនបានទេ ដូចអាម្សៀ សម រង្ស៊ី នៅក្រៅស្រុក ចង់ចូលមកវិញបានតើ ទ្វារគុកព្រៃសនៅរង់ចាំ។

Anonymous said...

យ៉ាងហោចណាស់ ក៏ពួកគាត់នៅបានស្រែកបង្អើល
និងឱ្យពួកអាក្បត់ជាតិរញើតភ័យខ្លះដែរ វាជាជាង
នៅស្ងៀមសម្ងំសុខយករួចអត្មា ។

Anonymous said...

ម្តេចក៏ក្រេវក្រោធ ខ្លាំងម្ល៉េះលោកអានាមិក4:45 PM
ឬមួយខ្លាចការវិភាគរបស់លោក សូ​ វិសាល
ក្លាយជាកាពឹត?
តាមពឹតរឿងនេះគូរតែពិចារណា
ហើយជួយឲ្យយោបល់ទៅចៅហ្វាយទើប
សមជាអ្នកចង់លើកមុខចៅហ្វាយ

Anonymous said...

How do you feel sir, do you like it?