លោក ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានី រងរបួសដោយអ្នកភូមិគប់។ រូបថត ជីវ័ន A bleeding pig? |
សូ វិសាល
The Phnom Penh Post
ការបណ្តេញប្រជាពលរដ្ឋប្រមាណ ជាង ២០០ គ្រួសារ ចេញពីប្លុកបុរីកីឡា ដោយហិង្សា កាលពីថ្ងៃទី ៣ មករា ដែលបណ្តាលឲ្យរងរបួសទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ ដោយសារតែការគប់ដុំថ្មដាក់គ្នាទៅវិញទៅមក ដូចគេបាចលាជ ដែលហាក់បីដូចជាប្រទេសពុំមានច្បាប់ទម្លាប់អ្វីសោះនោះ អាចនិយាយបានថា ជាការចាប់ផ្តើមនៃការបណ្តេញចេញថ្មីមួយ ក្នុងឆ្នាំ ២០១២ ខណៈក្រុមការងារពិសេស សិទ្ធិលំនៅដ្ឋាន បានចេញរបាយការណ៍មួយកាលពីខែមុនថា នៅមានប្រជាពលរដ្ឋ ចំនួន ៣២០០០ នាក់ទៀត ក្នុងសហគមន៍ចំនួន ៧៤ កំពុងប្រឈមនឹងការគំរាមកំហែងបណ្តេញចេញ។
ការផ្ទុះអំពើហិង្សា ក្នុងការបណ្តេញចេញនៅបុរីកីឡា ដែលប្រជាពលរដ្ឋ មានកំហឹងពុះកញ្ជ្រោលយ៉ាងខ្លាំង រហូតដល់ទៅហ៊ានប្រើដុំថ្ម គប់តតាំងជាមួយសមត្ថកិច្ច នៅចំកណ្តាលទីក្រុង រហូតដល់បែកក្បាលលោកស្នងការរងម្នាក់ មេបញ្ជាការកងរាជអាវុធហត្ថម្នាក់ និងអភិបាលរងខណ្ឌម្នាក់ ព្រមទាំងកម្លាំងសមត្ថកិច្ចជាច្រើននាក់ រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងនោះ វាបានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ការបណ្តេញចេញដោយបង្ខំ មានសភាពកាន់តែអាក្រក់ទៅៗហើយ។ នេះនៅក្នុងកាលៈទេសៈ ដែលប្រជាពលរដ្ឋខ្មែរ មិនទាន់ចេះរួមសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក ពីសហគមន៍មួយទៅសហគមន៍មួយផង។ ចុះបើនៅថ្ងៃណាមួយ នៅពេលដែលពលរដ្ឋ ដែលមានការឈឺចាប់ ដោយសារតែការបណ្តេញចេញ មានចំនួនកាន់តែច្រើនឡើង ហើយពួកគាត់ ចេះរួមសាមគ្គីគ្នា ឧទាហរណ៍ នៅពេលសមត្ថកិច្ច ធ្វើការបណ្តេញអ្នកបុរីកីឡា អ្នកបឹងកក់ និងអ្នកសហគមន៍ផ្សេងទៀត លើកគ្នាមកជួយ តើអំពើហិង្សា និងកើតឡើងធំប៉ុនណា? ហើយតើអ្នកណាគឺជាអ្នករងគ្រោះពិតប្រាកដ? គឺប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលសុទ្ធតែជាខ្មែរដូចគ្នា។
ចម្បាំងរាំងជល់រវាងខ្មែរ និងខ្មែរ ដោយបរទេសជាអ្នកចាំទទួលផល នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍មកដែលធ្វើឲ្យខ្មែរស្ទើរស្លាប់ ផុតពូជ វាគួរតែជាបទពិសោធ និងជាមេរៀនគ្រប់គ្រាន់ហើយ សម្រាប់ខ្មែរទាំងអស់ ជាពិសេសមេដឹកនាំបច្ចុប្បន្ន។ តើវាចាំបាច់អី ដែលត្រូវប្រើកម្លាំងសមត្ថកិច្ចដែលជាកូនចៅរបស់ប្រជាពលរដ្ឋ មានតួនាទីបម្រើ និងការពារប្រជាពលរដ្ឋឲ្យទៅវាយបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ដើម្បីយកដីទៅឲ្យក្រុមឈ្មួញមួយក្តាប់តូចនោះ? ឬមួយក៏ការបណ្តេញចេញ វាជាមោទនភាព របស់រដ្ឋាភិបាល? ទើបការបណ្តេញចេញនេះ ចេះតែបន្តកើតឡើងឥតឈប់ឈររកទីបញ្ចប់គ្មាន?
ការមានលំនៅដ្ឋានសមរម្យ វាជាសិទ្ធិជាមូលដ្ឋានចម្បងមួយ របស់មនុស្សក្នុងចំណោមសិទ្ធិជាមូលដ្ឋានចម្បងៗជាច្រើនទៀត ហើយរដ្ឋាភិបាល ត្រូវមានតួនាទី ការពារ និងលើកស្ទួយសិទ្ធិទាំងនេះ។
ក្នុងករណីនៅបុរីកីឡា វាដូចជាគ្មានអ្វីដែលត្រូវស្មុគស្មាញខ្លាំង រហូតដល់ទៅមិនអាចដោះស្រាយចេញនោះទេ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមានចេតនាពិតប្រាកដចង់ដោះស្រាយ ពីព្រោះកាលពីឆ្នាំ ២០០៤ រដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិទៅឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច ធ្វើការអភិវឌ្ឍលើផ្ទៃដីទំហំជាង ៤ ហិកតា ដោយត្រូវសាងសង់អគារចំនួន ១០ ក្នុងតំបន់នោះ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ១៧៧៦ គ្រួសារ ជាការដោះដូរ។ ប៉ុន្តែក្រុមហ៊ុនផានអ៊ីម៉ិច ទើបតែសាងសង់បាន ៨ អគារប៉ុណ្ណោះ ក៏ឈប់សង់ នៅពេលដែលប្រជាពលរដ្ឋប្រមាណជាង ២០០ គ្រួសារ នៅពុំទាន់ទទួលបានផ្ទះ នៅក្នុងគម្រោងនោះនៅឡើយ។
សំណួរសួរថា ហេតុអ្វីបានជាប្រជាពលរដ្ឋជាង ២០០ គ្រួសារ មិនព្រមសុខចិត្តរើផ្ទះចេញ? និងហេតុអ្វីបានជាក្រុមហ៊ុន មិនព្រមសង់ឲ្យគ្រប់ចំនួន ១០ អគារទៅតាមកិច្ចសន្យា? ចម្លើយនៃសំណួរទាំងពីរនេះ វាទំនងជារឿងអយុត្តិធម៌ ដែលធ្វើឲ្យអ្នកភូមិបុរីកីឡា អត់ទ្រាំមិនបាន រហូតដល់ទៅផ្ទុះកំហឹង ហ៊ានប្រើដុំថ្ម គប់តបតជាមួយសមត្ថកិច្ច។
បើតាមគណៈកម្មាធិការប្រព្រឹត្តិកម្ម ដែលបណ្តុំទៅដោយអង្គការសង្គមស៊ីវិលចំនួន ២៣ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃ ៤ មករា ក្នុងបញ្ហា (បុរីកីឡា) នេះ រដ្ឋាភិបាលកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ទៅលើក្រុមហ៊ុន ដែលរំលោភកិច្ចសន្យា ហើយបែរជាតម្រូវឲ្យប្រជាពលរដ្ឋដែលនៅសេសសល់ ប្រមាណជាង ២០០ គ្រួសារ ដែលមិនទាន់ទទួលបានលំនៅដ្ឋាន ទៅនៅតំបន់ផ្សេងឯជាយក្រុងទៅវិញ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមិនព្រមទទួលយកគោលការណ៍នេះ។
នៅឯភូមិទួលសំបួរ ជាយទីក្រុងភ្នំពេញ ជាទីដែលអ្នកភូមិបុរីកីឡា ត្រូវបានសមត្ថកិច្ច បង្ខំឲ្យឡើងឡាន ដឹកទៅតាំងទីលំនៅថ្មីនៅទីនោះ គឺពុំទាន់មានសង់ផ្ទះនៅឡើយទេ គឺដឹកយកទៅដាក់នៅកណ្តាលវាលស្រែ។ អ្នកភូមិមួយចំនួន ដែលកាសែតភ្នំពេញ ប៉ុស្តិ៍ បានទៅជួបសម្ភាសកាលពីថ្ងៃពុធ បាននិយាយថា ក្រុមហ៊ុន មិនបានចែកតង់កៅស៊ូ ឬសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ សូម្បីតែធុងទឹក សម្រាប់ពួកគាត់ប្រើប្រាស់ឡើយ ខណៈដែលសម្ភារប្រើប្រាស់របស់ពួកគាត់ភាគច្រើន ត្រូវបានគ្រឿងចក្រឈូសកម្ទេច នៅបុរីកីឡាអស់ទៅហើយនោះ។
នៅពេលដែលអ្នកភូមិបុរីកីឡា ធ្លាប់តែមានផ្ទះស្នាក់នៅ ពួកគាត់នៅតែរស់នៅក្នុងស្ថានភាពយ៉ាងលំបាក ខាងជីវភាពរួចជាស្រេចទៅហើយ ចុះទម្រាំដល់ពេលឈូសកម្ទេចផ្ទះរបស់ពួកគាត់ឲ្យរាបដល់ដីអស់ ហើយយកពួកគាត់ទៅដាក់ចោលនៅកណ្តាលវាលស្រែ សូម្បីតែធុងសម្រាប់ដងទឹកមួយក៏គ្មានផង តើជីវិតពួកគាត់ ជាពិសេសកូនតូចៗរបស់ពួកគាត់ នឹងក្លាយទៅជាយ៉ាងណា? តើអ្នកដែលជាអ្នកសម្រេចឲ្យមានការបណ្តេញចេញមានគិតពីបញ្ហានេះ ទេ? រដ្ឋាភិបាលគួរតែផ្តល់អាទិភាព ទៅដល់ប្រជាពលរដ្ឋក្រីក្រ ភាគច្រើន ដែលពួកគាត់ត្រូវការផ្ទះជាចាំបាច់ដើម្បីជ្រក ជាជាងការផ្តល់ដីទៅឲ្យក្រុមហ៊ុនភាគតិច ដែលគ្រាន់តែយកដីទៅលក់ ឬសង់ផ្ទះលក់ ដើម្បីកើបប្រមូលប្រាក់ឲ្យកាន់តែមានស្តុកស្តម្ភខ្លាំងឡើងថែម ទៀតនោះ! មួយវិញទៀត សម្រាប់អ្នកមានស្តុកស្តម្ភទាំងឡាយអើយ...សូមទុកការរស់នៅលើគំនរ ទ្រព្យសម្បត្តិសុខស្រួលរបស់អ្នកមួយអន្លើ ហើយគិតបន្តិចមើលមើល៍...ប្រសិនបើរូបអ្នក គឺជាអ្នកដែលត្រូវគេបណ្តេញចេញពីផ្ទះ ហើយយកទៅដាក់ចោលនៅកណ្តាលវាលស្រែ តើអ្នកអាចនឹងឈឺចាប់ទេ?
5 comments:
Where is the Lotus Revolution?
អាច់ក្ត អា សូ វិសាល! ជយោ! អា សម រង្ស៊ី កឹម សុខា! ពួកហ្ហែងគ្មានបានការអីទេ បានតែ ស្រែកលូដូចសត្វឆ្កែ គ្មានទិសតំបន់ឡើយ! ច្រៀង ខុសពេលហើយលោកម្សៀរអើយ។ ពួកហ្ហែងហ្នឹង សុទ្ធតែអ្នកញុះញុងគេហើយ ប្រយ័ត្នដេកព្រៃស អេះពងក្តលេង តិចថា សូមសម្តេចយើងជួយ! ជួយមិនបានទេ ដូចអាម្សៀ សម រង្ស៊ី នៅក្រៅស្រុក ចង់ចូលមកវិញបានតើ ទ្វារគុកព្រៃសនៅរង់ចាំ។
យ៉ាងហោចណាស់ ក៏ពួកគាត់នៅបានស្រែកបង្អើល
និងឱ្យពួកអាក្បត់ជាតិរញើតភ័យខ្លះដែរ វាជាជាង
នៅស្ងៀមសម្ងំសុខយករួចអត្មា ។
ម្តេចក៏ក្រេវក្រោធ ខ្លាំងម្ល៉េះលោកអានាមិក4:45 PM
ឬមួយខ្លាចការវិភាគរបស់លោក សូ វិសាល
ក្លាយជាកាពឹត?
តាមពឹតរឿងនេះគូរតែពិចារណា
ហើយជួយឲ្យយោបល់ទៅចៅហ្វាយទើប
សមជាអ្នកចង់លើកមុខចៅហ្វាយ
How do you feel sir, do you like it?
Post a Comment