កញ្ញា ស៊ិន ច័ន្ទពៅរ៉ហ្សែត បេក្ខជនចៅសង្កាត់អូចារ មកពីគណបក្ស សម រង្ស៊ី។ រូបថត ផា លីណា |
មេឃុំដុះស្លែ៖ លោក គីម ឈងអាយុ ៧៨ ឆ្នាំ បេក្ខជនគណបក្សប្រជាជនសង្កាត់អូចារ។ រូបថត លីណា |
កញ្ញា ស៊ិន ច័ន្ទពៅរ៉ហ្សែត ពេលចុះឃោសនា ក្នុងសង្កាត់អូចារ កាលពីថ្ងៃព្រហស្បតិ៍។ រូបថត ផា លីណា |
ស្ត្រីវ័យក្មេងចូលប្រកួតដណ្តើមតំណែងចៅសង្កាត់អូចារជាមួយបេក្ខជនវ័យចាស់កាន់អំណាចយូរឆ្នាំ
Monday, 28 May 2012 12:04
មាស សុខជា និង David Boyle
The Phnom Penh Post
បាត់ដំបងៈ ក្នុងវ័យ ២៥ ឆ្នាំ នាង ស៊ិន ចន្ទពៅរ៉ហ្សែត ជាបេក្ខជនក្មេងបំផុត ដែលឈរឈ្មោះដើម្បីតំណែងចៅសង្កាត់ ក្នុងការបោះឆ្នោតខាងមុខនេះ ហើយនាងមានអាយុតិចជាងគូប្រជែងមកពីគណបក្សកាន់អំណាចដល់ទៅជាង កន្លះសតវត្សរ៍។
យុវតីពោរពេញទៅដោយក្តីសង្ឃឹម មកពីគណបក្ស សម រង្ស៊ី រូបនេះ ត្រូវប្រកួតជាមួយនឹងលោក គីម ឈង អាយុ ៧៨ ឆ្នាំ មកពីគណបក្សប្រជាជន ដែលបានធ្វើជាចៅសង្កាត់អូចារ ក្នុងក្រុងបាត់ដំបង ចាប់តាំងពីខ្មែរក្រហមដួលរលំក្នុងឆ្នាំ ១៩៧៩ មក។
ការងារពេលថ្ងៃរបស់កញ្ញា ស៊ិន ចន្ទពៅរ៉ហ្សែត គឺលក់សត្វក្រួច នៅក្នុងក្រុងបាត់ដំបង ជាកន្លែងដែលនាងធំដឹងក្តី ជាមួយម្តាយ ដែលជាអ្នកលក់បន្លែ និងរស់នៅទីស្នាក់ការគណបក្ស សម រង្ស៊ី។ ប៉ុន្តែ សម្រាប់រយៈពេល ១ សប្តាហ៍មុន កញ្ញាបានលក់របស់អរូបីយ៉ាងខ្លាំងក្លា គឺសារយុទ្ធនាការឃោសនា បញ្ចប់អំពើពុករលួយក្នុងសង្កាត់ កសាងមណ្ឌលថែទាំសុខភាព និងកសាងប្រព័ន្ធលូ ដើម្បីបញ្ឈប់កុំឲ្យមានទឹកជំនន់បន្តទៀត។
កញ្ញាបាននិយាយថា៖ «បើទោះបីជាគូប្រជែងខ្ញុំ មានវ័យចំណាស់ និងមានបទពិសោធក៏ដោយ ក៏ប៉ុន្តែ ខ្ញុំនៅតែសង្ឃឹមថា ខ្ញុំនឹងឈ្នះគាត់ ព្រោះក្នុងរយៈពេល ២០ ឆ្នាំដែលគាត់បានធ្វើជាចៅសង្កាត់ គាត់មិនដែលបម្រើប្រជាជនបានល្អទេ ប៉ុន្តែគិតតែអំពីប្រាក់គឺគ្មានការអភិវឌ្ឍសម្រាប់ប្រជាជនឡើយ»។
បេក្ខជនឈរឈ្មោះលើកទី ១ ដែលបានគាំទ្រគណបក្ស សម រង្ស៊ី យ៉ាងសកម្មតាំងពីកញ្ញាមានអាយុ ១១ ឆ្នាំមកនេះ បានថ្លែងថា វាគឺជាឆន្ទៈអភិវឌ្ឍន៍ដែលមានសារៈសំខាន់ មិនមែនបទសោធ និងយេនឌ័រនោះទេ។
កញ្ញាបន្ថែមថា៖ «ក្នុងប្រទេសថៃ គេបោះឆ្នោតឲ្យស្រ្តីដឹកនាំប្រទេស។ ហេតុអ្វីក្នុងសង្កាត់អូចាររបស់យើង ប្រជាជនមិនអាចបោះឆ្នោតឲ្យស្រ្តីដឹកនាំ?»។
លោក គីម ឈង បេក្ខជនរបស់គណបក្សប្រជាជាន បានថ្លែងថា ការសន្យារបស់នាងជាការសន្យាខ្យល់ ហើយលោកចង់ដឹងថា តើនាងបានប្រាក់មកពីណា ដើម្បីសាងសង់គម្រោងដែលសន្យាទាំងនោះ នៅពេលដែលថវិកាជាតិផ្តល់ឲ្យឃុំសង្កាត់មានចំនួនតិចតួចនោះ? លោកបន្ថែមទៀតថា៖ «អ្វីដែលនាងនិយាយគឺគ្រាន់តែដើម្បីទាក់ទាញ ដើម្បីកិតិ្តយសរបស់ខ្លួន។ នាងស្អាត នាងក្មេង តែនាងគ្មានបទពិសោធ ហើយនាងមិនអាចធ្វើបានទេ។ នាងមិនធ្លាប់ដែលបានធ្វើជាមេឃុំ/ចៅសង្កាត់ឡើយ»។ លោកបញ្ជាក់ថា៖ «តាំងពីឆ្នាំ ១៩៧៩ មក ខ្ញុំមិនដែលចាញ់ក្នុងការបោះឆ្នោតឃុំសង្កាត់ម្តងណាទេ រហូតមកដល់ពេលនេះ។ ប្រសិនបើខ្ញុំគំរាមយកប្រាក់ពីប្រជាជន ប្រជាជននឹងមិនបោះឆ្នោតឲ្យខ្ញុំទេ»។
លោកបន្ថែមថា លោកមានវ័យចាស់ហើយយល់ព្រមចាកចេញពីឆាកនយោបាយ ប្រសិនបើលោកចាញ់ ប៉ុន្តែលោកមានទំនុកចិត្ត ១០០ ភាគរយថា លោកនឹងឈ្នះទៀត និងថា គណបក្សប្រជាជននឹងទទួលបានអាសនៈសមាជិកក្រុមប្រឹក្សា ២ បន្ថែមទៀត ក្នុងសង្កាត់អូចារ។
បច្ចុប្បន្ននេះ គណបក្សប្រជាជនមានសមាជិកក្រុមប្រឹក្សា ៧ នាក់ ក្នុងសង្កាត់អូចារ ហើយគណបក្ស សម រង្ស៊ី មានសមាជិកក្រុមប្រឹក្សាចំនួន ៤។
ក្នុងយុទ្ធនាការឃោសនា កញ្ញា ស៊ិន ចន្ទពៅរ៉ហ្សែត កំពុងទទួលបានអ្នកគាំទ្រគ្រន់បើដែរ នេះបើមើលពីខាងក្រៅ ដែលរាប់បញ្ចូលទាំងលោក អំ ហេប អាយុ ៩០ ឆ្នាំ ដែលបានធានាកញ្ញាថា គាត់នឹងបោះឆ្នោតឲ្យគណបក្ស សម រង្ស៊ី នៅថ្ងៃទី ៣ ខែមិថុនា។
បន្ទាប់ពីឮយុទ្ធនាការឃោសនាដែលពោរពេញទៅដោយជំនឿទុកចិត្តរបស់ កញ្ញា ស៊ិន ចន្ទពៅរ៉ូហ្សែត លោកតា បានថ្លែងថា៖ «ស្រ្តីធ្វើការបានល្អ។ ខ្ញុំសាកបោះឲ្យនាងម្តង។ បុរស[មមាញឹកណាស់] ក្នុងការមើលផ្លូវ»។
គណបក្សប្រជាជនកម្ពុជាកំពុងប្រើប្រាស់វិធីសាស្រ្តមិនមានលក្ខណៈផ្ទាល់នោះទេ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងក្រុងបាត់ដំបង ដោយគណបក្សបើករថយន្ត និងម៉ូតូជាក្រុមធំឆ្លងកាត់ទីក្រុង ដោយផ្សព្វផ្សាយឃោសនាពីឧបករណ៍បំពងសំឡេង។
កញ្ញា ស៊ិន ចន្ទពៅរ៉ហ្សែត ប្រឈមនឹងសមរភូមិដ៏ធំមួយប្រឆាំងនឹងកម្លាំងដ៏ខ្លាំងពីគណបក្ស ប្រជាជនកម្ពុជានេះ ហើយជាថ្មីម្តងទៀត ក្នុងយុទ្ធនាការឃោសនានេះ មានការចោទប្រកាន់ជាច្រើនពីករណីបំភិតបំភ័យផ្នែកនយោបាយ។
កាលពីចុងសប្តាហ៍មុន គណបក្ស សម រង្ស៊ី បានប្រកាសថា គណបក្សនឹងដាក់ពាក្យបណ្តឹងពីបទបង្ករបួសស្នាមមកលើលោក ឃី ម៉េងលីន សមាជិកក្រុមប្រឹក្សាខណ្ឌបាត់ដំបង ដែលគេចោទថា បានប្រព្រឹត្តឡើងដោយសមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់។
លោក សឺន ស៊ូប៊ែរ្តិ៍ អ្នកអង្កេតនយោបាយ បានថ្លែងថា បញ្ហាមួយទៀត គឺការបែងចែករវាងគណបក្ស សម រង្ស៊ី និងគណបក្សប្រឆាំងតូចៗផ្សេងទៀត ដូចជាគណបក្សសិទិ្ធមនុស្ស និងគណបក្ស នរោត្តម រណឫទិ្ធ ដែលបានប្រកាសថា គណបក្ស នរោត្តម រណឫទ្ធិ នឹងបញ្ចូលគ្នាជាមួយនឹងគណបក្សហ៊្វុនស៊ិនប៉ិច។
លោកបានលើកឡើងថា៖ «ខ្ញុំសង្ឃឹមថា ពួកគេនឹងទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែខ្ញុំមានមន្ទិលសង្ស័យ ព្រោះនៅពេលគណបក្សប្រឆាំងមិនរួបរួមគ្នា ប្រជាជននឹងត្រូវបានបែងចែក ហើយអ្នកខ្លះទៅគណបក្ស សម រង្ស៊ី និងអ្នកខ្លះទៀតទៅគណបក្ស សិទិ្ធមនុស្ស»។
ក្នុងសង្កាត់អូចារ គណបក្ស សម រង្ស៊ី ក៏កំពុងតែប្រកួតប្រជែងជាមួយនឹងគណបក្ស នរោត្តម រណឫទ្ធិ និងគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលនឹងត្រូវរួមបញ្ចូលគ្នាផងដែរក្នុងពេលខាងមុខ។
លោក សឺន ស៊ូប៊ែរ្តិ៍ បានបន្តថា សំខាន់ជាងនេះទៅទៀតនោះគឺ ក្មេងជំនាន់ថ្មី ដែលយល់ដឹងពីបញ្ហានយោបាយ នឹងមានប្រតិកម្មចំពោះបញ្ហាជម្លោះដីធ្លីដែលកំពុងកើនឡើង នៅប្រអប់បោះឆ្នោត ដែលនេះនៅតែជាការពិបាកក្នុងការស្ទាបស្ទង់។ មានកត្តាមួយទៀត ដែលអាចប៉ះពាល់ដល់យុទ្ធនាការរបស់កញ្ញា ស៊ិន ចន្ទពៅរ៉ហ្សែត គឺប្រជាជនវ័យក្មេងក្នុងតំបន់នោះជាច្រើននាក់បានធ្វើចំណាក ស្រុកទៅស្វែងរកការងារនៅក្នុងប្រទេសថៃ ដែលកើនឡើងក្នុងពេលដែលរដ្ឋាភិបាលថៃបានសន្យាថា នឹងបង្កើនប្រាក់ឈ្នួលប្រចាំខែអប្បបរមាឡើងដល់ ៣០០ បាត។
ប្រជាជនភាគច្រើនក្នុងក្រុងបាត់ដំបងមានការស្ទាក់ស្ទើរក្នុង ការនិយាយថា តើពួកគេនឹងគាំទ្របេក្ខជនណា ក្នុងការបោះឆ្នោត ប៉ុន្តែពួកគេឯកភាពជាឯកច្ឆន្ទថា យ៉ាងហោចណាស់ មានសញ្ញាលទ្ធិប្រជាធិបតេយ្យវិជ្ជមានមួយគឺ មានការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងខ្លាំងក្លា ពីគ្រប់គណបក្សនយោបាយ។
ការបោះឆ្នោតឃុំសង្កាត់នេះពុំមានអ្វីទេ បើធៀបនឹងការបោះឆ្នោតតំណាងរាស្រ្ត ប៉ុន្តែការបោះឆ្នោតនេះកំណត់សមរភូមិសំខាន់ៗ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាឆ្នាំក្រោយ។ ការបោះឆ្នោតឃុំ-សង្កាត់នេះ នឹងផ្តល់សញ្ញាបង្ហាញសំខាន់មួយថា តើប្រជាជនកម្ពុជាចង់ពិចារណាផ្លាស់ប្តូរឬមិនផ្លាស់ប្តូរ?
ដោយលោកស្រី មូរ សុខហួរ តំណាងរាស្រ្តលេចធ្លោពីគណបក្ស សម រង្ស៊ី នឹងត្រូវប្រកួតផ្ទាល់ជាមួយនឹងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងខេត្តបាត់ដំបង នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខនេះ លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់នេះនឹងឆ្លុះបញ្ចាំង ពីសមរភូមិខ្លាំងក្លា ក្នុងការបោះឆ្នោតជាតិ ឆ្នាំក្រោយនេះ៕
4 comments:
That damn odl goat no longer to go
to see an devil soon .Why he still
want his position untill he sllep in wood coffin ?maybe the corrupp-
tion habit ,So he thinking when he
dies might be take with him all the corruption money with him. Ah
prett kanh chass preas thor ny tor
thlay heuy nov te pleu tiet .
work with age of 78, No he must change, his brain don't work well that why the people are poor. Send him to Cham Cham kar, let young generation work is better. Go a way
ប្រសិនបើខ្ញុំកំពុងមានលំនៅក្នុងសង្កាត់អូរចារ ខ្ញុំនិងបោះឲ្យបេក្ខភាពកញ្ញារ៉ូហ្សេត។
យើងត្រូវផ្តល់ឪកាសដល់ក្មេងជំនានក្រោយដើម្បីគ្នាបានបញ្ចេញសមត្តភាពនិងជាការលើកទឹក
ចិត្តស្រ្តីក្នុងភាពជាអ្នកដឹកនាំ។
We support MS. Sin Rozeth 100%
Post a Comment