ដោយ ៖ ស៊ន សុភក្ត្រ
DAP-News
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ បានឃាត់ខ្លួនលោក ម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំ និងជាប្រធាន សមាគមអ្នកប្រជាធិបតេយ្យ នៅទីស្នាក់ការរបស់លោក ដោយជាប់ពាក់ព័ន្ធនឹងបទល្មើសធំៗចំនួន ៤ ដែលប្រឆាំងជាមួយរដ្ឋាភិបាល ជាពិសេសជាប់ពាក់ព័ន្ធរឿងរ៉ាវ ជាមួយឈ្មោះ ប៊ុន រដ្ឋា ដែលធ្វើអប្បគមន៍ទឹកដី នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីពេលកន្លងទៅនោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា ពិតជាមានការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ដោយជាប់ពាក់ព័ន្ធ ជាមួយបទល្មើសធំៗ ចំនួន ៤ ហើយធ្វើឡើងតាមដីកាបញ្ជាឲ្យចាប់ខ្លួន របស់ចៅក្រមសាលាដំបូង ខេត្តក្រចេះ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ ។
លោក ខៀវ សុភ័គ បានបន្តទៀតថា បទល្មើសចំនួន៤ នោះ រួមមាន
- ទី១ -ជាអ្នកផ្តួមផ្តើមគំនិត ប្រឆាំងអ្នករាជការសាធារណៈ
- ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ របស់អាជ្ញាធរ
- ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និង
- ទី៤ -ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។