Sunday, September 16, 2012

The National Election Cheating (NEC) still a target in the fight for democracy in Cambodia

Im Suosdey
គ.ជ.ប នៅ​តែ​ជា​ផ្ទាំង​ស៊ីប​ក្នុង​សង្គ្រាម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា 

សៅរ៍ 15 កញ្ញា 2012
ដោយ ប៉ែន បូណា
Radio France Internationale

គណបក្ស​បក្សប្រឆាំង​បានបង្ហាញ​ពី​ភាពស្វិតស្វាញ​យ៉ាងខ្លាំង​ក្នុងការ​តស៊ូ​ឲ្យ​មានការ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។ ទោះបីជា​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​មិន​ធ្វើតាម​សំណើ​ជា​លាយលក្ខណ៍អក្សរ​របស់​ខ្លួន​ក៏ដោយ ក៏ប៉ុន្តែ គណបក្ស​បក្សប្រឆាំង​នៅតែ​ទទូច​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដោយផ្ទាល់​ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ឲ្យ​មានការ​កែទម្រង់ គ.ជ.ប ឲ្យ​ទាល់តែ​បាន។ ប៉ុន្តែ គេ​គ្មាន​រំពឹង​ឡើយ​ថា គណបក្ស​កាន់អំណាច​នឹង​ធ្វើតាម​ការទាមទារ​របស់​គណបក្ស​ប្រឆាំង។ ដូច្នេះ គ.ជ.ប ច្បាស់​ជា​នឹង​ក្លាយ​ទៅ​ជា​ផ្ទាំង​ស៊ីប​ក្នុង​សង្គ្រាម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៣ ខាងមុខ

អំណឹះតទៅ គណបក្ស​ប្រឆាំង​មាន​គោលដៅ​ពីរ​សំខាន់​គឺ ទី១៖ ការវិលត្រឡប់​ចូល​ស្រុក​វិញ​របស់លោក​សម រង្ស៊ី និង​ទី២ ការកែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។ ដើម្បី​សម្រេច​គោលដៅ​នេះ គណបក្ស​ប្រឆាំង​បានធ្វើ​សកម្មភាព​យ៉ាង​ខ្លាំង​ក្លា​ទាំង​នៅក្នុង​ និង​នៅក្រៅ​ប្រទេស។

ទោះជា​វា​មិនមែន​រឿង​ថ្មី ប៉ុន្តែ ការទាមទារ​ឲ្យ​មាន​កំណែទម្រង់ គ.ជ.ប នឹង​នៅតែ​ជា​ផ្ទាំង​ស៊ីប​របស់​គណបក្ស​ប្រឆាំង ហើយ​កាន់តែ​ក្លាយជា​ប្រធានបទ​ក្តៅគគុក​ជាង​ពេល​ណាៗ​ទាំងអស់​សម្រាប់​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ ខាងមុខ ពីព្រោះ​នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​ដែល​បក្សប្រឆាំង​ត្រូវតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​សន្ទុះ​ថ្មី​មួយ​នៅក្នុង​ឆាកនយោបាយ។ ការ​ស្រូតរូត​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ឧទាហរណ៍​ជាក់ស្តែង។ បន្ទាប់ពីនោះ បក្សប្រឆាំង នឹង​តម្រង់ទិស​ទៅរក​ស្ថាប័ន​រៀបចំ​បោះឆ្នោត​ដែល​ពួកគេ​ចាត់ទុកថា​មិន​ឯករាជ្យ។

ការមន្ទិលសង្ស័យ​អំពី​ ភាពឯករាជ្យ ​របស់ គ.ជ.ប តែងតែ​ក្លាយជា​ទឡ្ហីករណ៍​សម្រាប់​ការបដិសេធ​មិន​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ជា​រៀងរាល់​លើក ចាប់តាំងពី​ប្រទេស​កម្ពុជា​បាន​ប្តូរ​ពី​ការដណ្តើម​អំណាច​ដោយ​ចុង​កាណុង មកជា​ការប្រកួត​តាមរយៈ​ការបោះឆ្នោត​វិញ​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ។ ដូច្នេះ សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៣ ស្នូល​នៃ​បញ្ហា​នៅតែ​ដដែល​ទេ នោះ​គឺ​ភាពឯករាជ្យ​របស់ គ.ជ.ប ។


តើ​អ្វី​ទៅជា គ.ជ.ប ឯករាជ្យ? នេះ​ជា​សំណួរ​ដែល​ពិបាក​នឹង​រក​ចម្លើយ។ ឯករាជ្យភាព​ក្នុងន័យ​របស់​បក្សប្រឆាំង​គឺ អ្នកដឹកនាំ​ស្ថាប័ន​នេះ​ត្រូវតែ​ជា​មនុស្ស​ឯករាជ្យ និង​ជ្រើសរើស​ដោយ​យន្តការ​ឯករាជ្យ។ រីឯ​មន្ត្រី​ថ្នាក់មូលដ្ឋាន​វិញ​ត្រូវ​ចេញពី​កូតា​គណបក្សនយោបាយ។ ប៉ុន្តែ ក្រសួងមហាផ្ទៃ​បាន​មើលឃើញថា រូបមន្ត​របស់​បក្សប្រឆាំង​មិនអាច​ទៅរួច​ឡើយ។ ទៅ​មិន​រួច​ពីព្រោះថា វា​នឹងធ្វើ​ឲ្យ​ការបង្កើត គ.ជ.ប ជាប់គាំង​ដោយសារ​តែ​ទស្សនៈ​យល់ឃើញ​ខុសគ្នា​អំពី​ថា តើ​អ្នកណា​ជា«មនុស្ស​ឯករាជ្យ» ?

ជាការ​ពិត ទាំង​សំណើ​របស់​បក្សប្រឆាំង ទាំង​ចម្លើយ​របស់​ក្រសួងមហាផ្ទៃ​សុទ្ធ​តែមាន​ហេតុផល​សមរម្យ។ ប៉ុន្តែ វា​គឺជា​ភាពសមរម្យ​ដែល​មិនអាច​រលាយ​ចូលគ្នា​បាន​ដោយសារតែ​រនាំង​នយោបាយ។ ដូច្នេះ គេ​រំពឹងថា ពីនេះ​ទៅ​ការបោះឆ្នោត​ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខ ស្ថាប័ន គ.ជ.ប ទំនងជា​នឹង​គ្មានអ្វី​កែប្រែ​ខុសពី​សព្វថ្ងៃ​នេះឡើយ។

យ៉ាងណាក៏ដោយ សម្រាប់​ក្រុមអ្នកវិភាគ នៅក្នុង​បរិបទ​ដែល​គេ​មិនអាច​រកឃើញ​និយមន័យ​រួមមួយ​ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​អំពី​ឯករាជ្យ​ភាព​របស់ គ.ជ.ប ការវាយតម្លៃ​អំពី​ការងារ​របស់​ស្ថាប័ន​នេះ​គួរតែ​ត្រូវផ្តោត​ទៅលើ​យន្តការ​ជាជាង​ទៅលើ​មនុស្ស​ដែល​បម្រើការ​នៅក្នុង​ស្ថាប័ន។ មានន័យថា ទោះជា​មនុស្ស​នោះ​ចេញ​មកពី​ប្រភព​ណាក៏ដោយ ប៉ុន្តែ ពួកគេ​មាន​កាតព្វកិច្ច​បំពេញការងារ​ដោយ​គោរព​តាមច្បាប់​ដែល​បានកំណត់។

ប្រសិនបើ​មន្ត្រី គ.ជ.ប ណា​ម្នាក់​មិន​គោរព​ច្បាប់​និង​បំពេញការងារ​ដោយ​លម្អៀង ពួកគេ​គួរតែ​ត្រូវបាន​ចង្អុលមុខចំៗ និង​ទទួល​ទណ្ឌកម្ម​ជា​កំហិត។ នេះ​គឺជា​គោលការណ៍​គ្រឹះ​សម្រាប់​វាស់​ស្ទង់​សមត្ថភាព និង​អព្យាក្រឹតភាព​របស់ គ.ជ.ប ដែល​គេ​គួរ​នាំគ្នា​ផ្តោត​ការយកចិត្តទុកដាក់​ជាជាង​ការស្វែងរក​មនុស្ស​ឯក​រាជ្យ​នៅក្នុង​ស្ថានភាព«មុជទឹក​រាវរក​ម្ជុល​នៅក្នុង​មហាសមុទ្រ»។

ម្យ៉ាងទៀត ការផ្តោត​ទៅលើ​តែ គ.ជ.ប មួយ​មុខ​ក៏​នៅ​មិនទាន់​គ្រប់គ្រាន់​ដែរ ដើម្បី​ធានា​ឲ្យ​ដំណើរការ​បោះឆ្នោត​ទាំងមូល​ប្រព្រឹត្តទៅបាន​រលូន​នោះ។ នៅមាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ត្រូវ​យកចិត្តទុកដាក់៖ ទី១ ការមិន​អើពើ​របស់​ពលរដ្ឋ​ក្នុង​ការបំពេញ​កាតព្វកិច្ច​នយោបាយ- ទី២ គឺ​ការមិន​ព្រម​ទទួលយក​វប្បធម៌​ប្រជាធិបតេយ្យ​ឲ្យ​បាន​ទូលំទូលាយ​របស់​អ្នកនយោបាយ, ទី៣ ការធ្វើ​បុរេវិនិច្ឆ័យ​មួយចំនួន​ដែល​តែងតែ​ដិតដាម​ជាប់​ក្នុង​អារម្មណ៍​មិន​ព្រម​កែប្រែ និង​ទី៤ ការសន្និដ្ឋាន​ខ្លះ​ដែល​ឈរ​តែ​លើ​ទិដ្ឋភាព​នយោបាយ​ដោយ​មិន​ព្រម​ទទួលយក​ការពិត។

នៅពេលដែល​កត្តា​ទាំងនេះ​ត្រូវបាន​ដោះស្រាយ គ.ជ.ប នឹង​លែង​ជា​រឿង​សំខាន់​ទៀតហើយ ពីព្រោះ ការបោះឆ្នោត​ជា​រឿង​សម្ងាត់ និង​ជា​សិទ្ធិផ្តាច់មុខ​របស់​បុគ្គ​លម្នាក់ៗក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​ដោយ​ខ្លួនឯង គឺ​មិនមែន​អាស្រ័យ​លើ គ.ជ.ប ទេ៕

3 comments:

Anonymous said...

we have the best leaders we can have
now but we have to participate if we do not want to lose country like jampa or chochinchina.

nec and sen are traitors.

Anonymous said...

This is a real Youn agent who is in charge of Cambodia National Election. He is not Cambodian. He speaks and write Khmer fluently. He is the one Hanoi sent to take care Cambodia. He changed his name to Im Suosdey. Don't let him fool you. Cambodia is full of Youn Agents in every sector of the government.

Erase him from Cambodia if you could.

Anonymous said...

វាក៏អាច្កលាយទៅជាការពិតដែរថា អាមួយនេះវា
ជាអ្នកបំរើប្រយោលឱ្យអាយួនហាណូយ បើយួន
បដិសេធ រឿងផ្លាស់ប្ដូរ គ.ជ.ប យើងក៏គ្មានអ្វី
យកឈ្នះពួកអាចោរហារយបានដែរ។មិនថាឡើយ
ខ្មែរគ្មានសមត្ថភាព ចុះលោកដំណាងអង្គការ
សហប្រជាជាតិអីគេនោះ មេចមិនជួយធ្វើ
អន្តរាគមន៍ខ្មែរផង?​ឬក៏វាត្រូវគ្នានឹងអាយួនហាណូយ
រួចជាស្រេចហើយ? កោតពួកវាចេះស្រែកទៅរួច
ថានៅកម្ពុជា ត្រូវបានគេអនុវត្តលទ្ធិប្រជាធិបតេយ្យ!
ពួកអាអ្នកម្ចាស់ជំនួយខ្លះពិតជាខ្វាក់ភ្នែកម្ខាងមែន
ទើបមើលមិនឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ
ខ្មែរស្លូតត្រង់?ខ្មែរក្នុងក្រៅឈឺចាប់អួលណែនណាស់
តើយើងត្រូវធ្វើយ៉ាងណាកុំឱ្យហួសពេល៕